August 27, 2021

រដ្ឋាភិបាល​មិន​ទាន់​បញ្ជាក់​ពី​វិធានការ​បែប​ណា​លើ​សកម្មជន​បក្ស​ប្រឆាំង​​កំពុង​ភៀសខ្លួន​នៅ​ឡើយ

ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ។ រូបថត​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។ AFP


ដោយ មាន ឫទ្ធិ RFA 2021-08-26

រដ្ឋាភិបាល​កម្ពុជា​មិនទាន់​បញ្ជាក់​ជំហរ​ថា នឹង​មាន​វិធានការ​បែប​ណា​លើ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​នោះ​ទេ បើ​ទោះ​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន ចោទ​ប្រកាន់​សកម្មជន​ទាំងនេះ​ថា ប្រើប្រាស់​បណ្ដាញ​សង្គម​វាយប្រហារ និង​ជេរ​ប្រមាថ​រដ្ឋាភិបាល​យ៉ាង​ណា​ក្តី​។ អ្នកវិភាគ​យល់​ថា ភាគី​កម្ពុជា​មាន​សិទ្ធិ​ស្នើ​បែប​នេះ ប៉ុន្តែ ទំនង​ភាគី​ថៃ​មិន​ធ្វើ​តាម​នោះ​ទេ។

រដ្ឋាភិបាល​កម្ពុជា​ហាក់​មិន​ទាន់​មាន​វិធានការ​ជាក់លាក់​ណាមួយ​ទាក់ទង​ករណី​ចោទ​ប្រកាន់​ថា សកម្មជន​គណបក្ស​សង្គ្រោះជាតិ បាន​យក​ទឹកដី​ថៃ​ធ្វើជា​មូលដ្ឋាន​នៃ​ការប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​វាយប្រហារ​និង​ជេរប្រមាថ​របប​ក្រុងភ្នំពេញ និង​លោក ហ៊ុន សែន នោះ​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​ណា តំណាង​រដ្ឋាភិបាល​ថា អាជ្ញាធរ​កម្ពុជា​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការ​ចាត់វិធានការ​លើ​សកម្មជន​ទាំងនោះ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និយាយ​ថា បើ​រដ្ឋាភិបាល​ចង់​ចាប់​ខ្លួន​អ្នក​ទាំងនោះ រដ្ឋាភិបាល​អាច​ប្រើ​មធ្យោបាយ​ពីរ​យ៉ាង​។ លោក​ថា អាជ្ញាធរ​កម្ពុជា​អាច​ប្រើ​ច្បាប់​បត្យាប័ន ដោយ​ស្នើ​ទៅ​ភាគី​ថៃ​ឲ្យ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​មក​កម្ពុជា​វិញ ដោយ​បង្ហាញ​ទៅ​ភាគី​ថៃ​ថា អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា និង​មាន​ដីកា​កាត់ទោស​ពី​តុលាការ។ លោក​បន្ត​ថា មធ្យោបាយ​មួយ​ទៀត​គឺ​ស្នើ​ទៅ​ប៉ូលិស​អន្តរជាតិ ឬ​អាំងទែប៉ូល (សមាគម​នគរបាល​សម្ងាត់) ឲ្យ​ចាប់​បញ្ជូន​ខ្លួន​អ្នកនោះ ឬ​មន្ត្រីជាន់ខ្ពស់​ណាមួយ​មក​កម្ពុជា​វិញ៖ «វិធានការ​មានតែ​អង្គភាព​ពីរ​អង្គភាព​ខាង​នគរបាល​ជាតិ​របស់​យើង​ជាមួយ​អង្គភាព​អាំងទែប៉ូល ចាប់​តាម​អាំងទែប៉ូល​ហ្នឹង​គឺ​ចាប់​ឆៅ»។

ទោះជា​យ៉ាងណាក៏ដោយ ការ​ចាត់​វិធានការ​បែប​ណា​នោះ លោក ផៃ ស៊ីផាន អះអាង​ថា ជា​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ ឬ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នកនាំពាក្យ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ សីហា។

កាល​ពី​ពេល​ថ្មីៗ​នេះ ទីប្រឹក្សា​ផ្ទាល់​លោក ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​លោក សុខ សុក្រឹត្យា បាន​ស្នើ​ទៅ​ភាគី​ថៃ ឱ្យ​ជួយ​ទប់ស្កាត់​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ចោទ​ថា បាន​យក​ទឹកដី​ថៃ​ធ្វើជា​មូលដ្ឋាន​នៃ​ការប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​វាយប្រហារ​និង​ជេរប្រមាថ របប​ក្រុងភ្នំពេញ និង លោក ហ៊ុន សែន។ លោក សុខ សុក្រឹត្យា ស្នើ​បែប​នេះ ក្នុង​ពេល​ជួប​ជជែក​ពង្រឹង​ផ្នែក​ពាណិជ្ជកម្ម​និង​វិស័យ​បច្ចេកវិទ្យា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ឌីជីថល​និង​សង្គម​ថៃ លោក ឆៃវុធ ថាណាកាណាសន (Chaiwut Thanakanusorn)។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ទៅ​ភាគី​ថៃ​ជួយ​ទប់ស្កាត់​អ្វីមួយ​ដែល​លោក​ហៅថា «​ព័ត៌មាន​ក្លែងក្លាយ​» ដែល​លោក​ថា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ។ ជំនួយ​ការ​លោក ហ៊ុន សែន រូប​នេះ​ក៏​ស្នើ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​លើ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដូចជា​ការ​បង្ក្រាប​ល្បែង​អនឡាញ ការ​បង្ក្រាប​ការ​ឆូត​កាត​ហិរញ្ញវត្ថុ​ជាដើម។

ជុំវិញ​សំណើ​របស់​មន្ត្រី​កម្ពុជា​បែប​នេះ វិទ្យុ​អាស៊ីសេរី​កំពុង​ព្យាយាម​ទាក់ទង​អាជ្ញាធរ​ថៃ​ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​២៦ សីហា។ កម្ពុជា​បាន​ចុះ​សន្ធិសញ្ញា​ស្ដីពី​បត្យាប័ន​ជាមួយ​ប្រទេស​ថៃ កាលពី​ឆ្នាំ​១៩៩៩ ហើយ​តាមរយៈ​សន្ធិសញ្ញា​នេះ ភាគី​ទាំងពីរ​អាច​ចាប់​បញ្ជូន​ជនល្មើស​ច្បាប់ ដើម្បី​យក​ទៅ​ចោទប្រកាន់​នៅ​ចំពោះមុខ​យុត្តាធិការ​របស់​ខ្លួន ឬ​យក​ទៅ​អនុវត្ត​ទោស។

ជុំវិញ​រឿង​នេះ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ និង​ជា​សមាជិក​គណៈកម្មការ​រដ្ឋបាល​គណបក្ស​សង្គ្រោះជាតិ​នៅ​ទីក្រុង​បាងកក លោក ដួង ចន្ត្រា ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ការ​ព្រមាន​បែបនេះ ថ្នាក់​ដឹកនាំ និង​សកម្មជន​មួយ​ចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ទៅ​តំណាង​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ប្រចាំ​នៅ​ប្រទេស​ថៃ ឲ្យ​បានដឹង​រឿង​នេះ។

ពេល​នេះ​សកម្មជន​គណបក្ស​នេះ​ជិត ៧០​នាក់​បាន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​របប​ឯក​បក្ស​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

ជុំវិញ​រឿង​នេះ អ្នកវិភាគ​នយោបាយ បណ្ឌិត សេង សារី យល់​ថា ភាគី​កម្ពុជា​មាន​សិទ្ធិ​ស្នើ​ទៅ​អាជ្ញាធរ​ថៃ​ឱ្យ​ចាត់វិធានការ​លើ​ក្រុម​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​លោក​យល់ថា ភាគី​ថៃ​ទំនងជា​មិន​ធ្វើតាម​សំណើ​នេះ​ទេ។ លោក​បញ្ជាក់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ភាគី​ថៃ​មិន​យល់​ព្រម​នោះ ព្រោះ​ថៃ​កំពុង​មាន​វិបត្តិ​នយោបាយ ហើយ​រដ្ឋាភិបាល​ថៃ​ក៏​ទំនងជា​មិន​ចង់​ប្រឈម​ជាមួយ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ដែរ ព្រោះ​ជនភៀសខ្លួន​ភាគច្រើន​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សហប្រជាជាតិ៖ «ខ្ញុំ​មើលឃើញ​ថៃ​ក៏​អត់​ចង់​ប្រឈម​ជាមួយ​គំនាប់​សង្កត់​អង្គការ​សហប្រជាជាតិ​មួយទៀត​ដែរ​ដោយសារ​ជនភៀសខ្លួន​នយោបាយ​ដែល​កំពុង​នៅ​ប្រទេស​ថៃ​ស្ថិត​ក្រោម​ការ​មើល​ថែ​របស់​អង្គការ​សហប្រជាជាតិ​ដូច្នេះ​បើ​ភាគី​ថៃ​ធ្វើ​រឿង​អី​មួយ​ឲ្យ​មាន​បញ្ហា​នោះ​ថៃ​ត្រូវ​ប្រឈម ការ​ឆ្លើយ ឬ​អត្ថាធិប្បាយ​ទៅលើ​ភាគី​មួយទៀត​ដែល​ជា​ភាគី​អង្គការ​សហប្រជាជាតិ»។

ទោះជា​យ៉ាងណា អ្នកវិភាគ​ដដែល​ថ្លែង​ថា លោក​មិន​គាំទ្រ​ឱ្យ សកម្មជន​នយោបាយ​គ្រប់​ភាគី​ប្រើប្រាស់​ពាក្យពេចន៍​អសុរោះ​ជេរប្រមាថ​គ្នា​តាម​បណ្ដាញ​សង្គម​នោះ​ទេ។ លោក សេង សារី លើកឡើង​ទៀត​ថា វិធី​គម្រាម​កំហែង ការ​បញ្ជូន​ចារកម្ម​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បក្ស​ប្រឆាំង ក៏​មិនមែន​ជា​ដំណោះស្រាយ​ត្រឹមត្រូវ​នោះ​ដែរ ប៉ុន្តែ ការ​ជជែក​គ្នា​ឡើងវិញ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ទើប​ជា​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៕

No comments: