August 25, 2021

លោក សម រង្ស៊ី បំពេញ​ទស្សន​កិច្ច​នៅ​អាមេរិក ដើម្បី​ជំរុញ​ការ​ស្តារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា

រូបឯកសារ៖ ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន ក្រោយ​ទៅ​ដល់​ ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។ 


ស៊ុន ណារិន VOA Khmer, 23 សីហា 2021

ភ្នំពេញ — មេដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៊ី កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​សហរដ្ឋ​អាមេរិក ដែល​មន្រ្តី​បក្ស​ប្រឆាំង​អះអាង​ថា​លោក​នឹង​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​មួយ​ចំនួន​នៃ​ក្រសួង​ការបរទេស​អាមេរិក។

ដំណើរ​ទស្សន​កិច្ច​របស់​មេដឹកនាំ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដែលត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​២៥​ឆ្នាំ និង​កំពុង​ជាប់​បណ្តឹង​ជា​ច្រើន​នៅ​កម្ពុជា ធ្វើ​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២២។

លោក អេង ឆៃអ៊ាង​អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ បាន​ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​លោក សម រង្ស៊ី នឹង​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​គណ​បក្ស និង​សហគមន៍​ខ្មែរ​នៅ​តាម​បណ្តា​រដ្ឋ​នានា ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​អាមេរិក។ លោក​ក៏​ជួប​ជាមួយ​តំណាង​រាស្រ្ត​អាមេរិក និង​មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​ផង​ដែរ។

លោក​ អេង ឆៃអ៊ាង បន្ថែម​រដ្ឋាភិបាល​អាមេរិក​បាន​«យក​ចិត្ត​ទុក​ដាក់​ខ្លាំង»​ចំពោះ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៧។ លោក​បញ្ជាក់​ថា​ប្រធាន​បទ​នៃ​ការ​ធ្លាក់​ចុះ​ដំណើរ​ការ​ប្រជាធិប​តេយ្យ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស នឹង​ត្រូវ​ពិភាក្សា។

លោក​ថ្លែង​ថា៖ «អញ្ចឹង​ក្នុង​នាម​យើង​តំណាង​ឲ្យ​គណ​បក្ស​ប្រឆាំង យើង​ចាំបាច់​ត្រូវ​តែ​ជជែក សុំ​ឲ្យ​សហរដ្ឋ​អាមេរិ​ក​គិត​គូរ​ថែម​ទៀត​អំពី​បញ្ហា​សិទ្ធិ​មនុស្ស និង​បញ្ហា​ប្រជាធិប​តេយ្យ​ដែល​លោក ហ៊ុន សែន កំពុង​តែ​សម្លាប់ ហើយ​កំពុង​តែ​រំលោភ​បំពាន»។


វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក សម រង្ស៊ី តាម​សារ​អ៊ីមែល​បាន​នៅ​ឡើយ​ទេ។ ហ្វេស​ប៊ុក​របស់​លោក សម រង្ស៊ី បាន​បង្ហាញ​ថា​លោក​បាន​មក​ដល់​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា។

គួរ​បញ្ជាក់​ថា​តំណាងរាស្រ្ត​៣រូប​របស់​អាមេរិក​បាន​ធ្វើសេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​«លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា» ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ​លើ​មន្ត្រី​កម្ពុជា​ដែល​បំផ្លាញ​លទ្ធិ​ប្រជា​ធិប​តេយ្យ​សិទ្ធិ​មនុស្ស និង​ការ​មិន​ផ្តល់​ទិដ្ឋាការ​ឬ​វីហ្សា​ចូល​ទឹក​ដី​សហរដ្ឋ​អាមេរិក ប្រសិន​បើ​សេចក្តី​ស្នើ​ច្បាប់​នេះ​ក្លាយ​ជា​ច្បាប់។

សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី «លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា» (Cambodia Democracy Act) ដែល​សំដៅ​លើ​ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ ដោយ​គណៈ​កម្មាធិការ​កិច្ច​ការ​បរទេស​នៃ​សភា​អាមេរិក កាល​ពី​ចុង​ខែ​កក្កដា។​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា សមាជិក​ព្រឹទ្ធសភា​៣​រូប រួម​មាន លោក Edward J. Markey លោក Marco Rubio និង​លោក​Dick Durbin បាន​បង្ហាញ​ការ​គាំទ្រ​លើ​សេចក្តី​ស្នើ​ច្បាប់​នេះ និង​ថា​ពួកគេ​នឹង​ដាក់​សេចក្តី​ស្នើ​ច្បាប់​នេះ​ទៅ​ព្រឹទ្ធ​សភា​អាមេរិក ដើម្បី​អនុម័ត៕

No comments: