August 30, 2021

អ្នក​ជំងឺ​​កូវីដ ១១​​នាក់​​ទៀត​​បាន​​ស្លាប់ និង​​ឆ្លង​​ថ្មី​ជាង ៤រយ​នាក់

ក្រុមគ្រូពេទ្យយកសាកសពរបស់ជនរងគ្រោះដែលស្លាប់ដោយសារជំងឺកូវីដ១៩ទៅបូជាកាលពីអំឡុងខែមេសា ឆ្នាំ២០២១។  រូប៖ ហ្វេសប៊ុក នាយកដ្ឋានចត្តាឡីស័ក


ដោយ មាន ឫទ្ធិ RFA 2021-08-29

អ្នក​​ជំងឺ​កូវីដ-១៩ចំនួន ​១១នាក់​ទៀត​​បាន​​ស្លាប់ ​ដែល​​ធ្វើ​ឱ្យ​ករណី​ស្លាប់​​ដោយ​​សារ​​ជំងឺ​នេះ​កើន​ឡើង​​ដល់​​ជិត ១ពាន់ ៩រយ (១.៨៨១)នាក់​ហើយ ​គិតត្រឹម​ថ្ងៃទី២៩ ​ខែសីហា​។ ចំពោះ​​ករណី​ឆ្លង​ថ្មី​វិញ​ មាន​ជាង​៤រយ(៤៣៨) ​នាក់ ក្នុង​នោះ​ជាង១រយ​(១១៥)​នាក់  ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី២៩ ខែសីហា​ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង៩ម៉ឺន​(៩២.២០៨)​​ នាក់​ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង ៨ម៉ឺន ៨ពាន់(៨៨.១១៩)​នាក់។

នៅថ្ងៃ​ដដែលនេះ​ រដ្ឋាភិបាល ​បានចេញ​សេចក្តី​ណែនាំមួយ​ស្តីពី​ការពង្រឹង​ការអនុវត្ត​យុទ្ធ នាការ​ជាតិ​ចាក់វ៉ាក់​សាំង​កូវីដ-១៩​ ជុំទី១។ រដ្ឋាភិបាល​បញ្ជាក់ថា ​គិតមក​ទល់​ពេល​នេះ កម្ពុជា​សម្រេច​បានការ​ចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ ​ដែល​មានអាយុ​ចាប់ពី១២ឆ្នាំ​ឡើង បាន​ប្រមាណ ​៨៩ ​ភាគរយ ​ធៀបនឹង​គោលដៅ​ប្រមាណ​១២លាន​នាក់។

រដ្ឋាភិ​បាល​ រំពឹងថា​ យុទ្ធនាការ​ចាក់វ៉ាក់​សាំង​ជុំទី១​ នឹង​អាចបញ្ចប់​នៅចុង​ខែ​តុលា ឬ​ដើម​ខែវិច្ឆិកា​ខាងមុខ។ បន្ថែម​ពីលើ​នេះ ​រដ្ឋាភិបាល ​ក៏បាន​ដាក់ចេញ​គោល​នយោបាយ​ចាក់វ៉ាក់​សាំង​កូវីដ​​​​ដូស​ជំរុញ​​ជូនប្រជាជន​ដើម្បីធានា​ឲ្យបាន​នូវ ''​ភាពស៊ាំ​សហគម៍រឹង​មាំ​ពិតប្រាកដ​មួយ'' ​ដើម្បី​ឈាន​ទៅបើក​ដំណើការ​ប្រទេស​ពេញលេញ​លើ​គ្រប់វិស័យ​ឡើង​វិញ៕

No comments: