August 19, 2021

អតីត​តំណាង​រាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​កំពុង​សិក្សា​ផ្លូវ​ច្បាប់​ប្ដឹង​ក្រុម​លោក គឹម សន្តិភាព

(ឆ្វេង) លោក គឹម សន្តិភាព ​រដ្ឋលេខាធិកាការ​ក្រសួង​យុត្តិធម៌​ និងលោក ហុង លីម អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​។  រូប៖ RFA


ដោយ សេក បណ្ឌិត RFA 2021-08-18

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ កំពុង​សិក្សា​ផ្លូវ​ច្បាប់​ប្ដឹង​ក្រុម​លោក គឹម សន្តិភាព ដែល​យក​ឥទ្ធិពល​បក្សកាន់​អំណាច បង្ក​បញ្ហា​នៅប្រទេស​អូស្ត្រាលី​ និង​ធ្វើឲ្យខ្មែរ​នៅទីនោះ​បែក​បាក់​គ្នា។ ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​កាន់​អំណាច​ថា គណបក្សនេះ​មិន​បារម្ភ​នឹង​គម្រោង​ប្ដឹង​ផ្តល់​របស់​អតីត​សមាជិក​ប្រទេស​អូស្ត្រាលី​នោះ​ទេ។

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​លោក ហុង លីម ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ ដើម្បី​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​រឹងមាំ​ក្នុង​ការ​ចោទ​ប្រកាន់​ក្រុម​លោក គឹម សន្តិភាព​ ដែល​តំណាង​ឲ្យ​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ចាក់​ឬស​គល់​វប្បធម៌​នយោបាយ​ផ្ដាច់ការ​នៅ​ប្រទេស​អូស្ត្រាលី លោកបាន​ជជែក​ជាមួយ​អ្នក​ច្បាប់​ ហើយ​លោក​គ្រោង​នឹង​យក​បញ្ហា​នេះ​ទៅ​ប្រាប់​តំណាងរាស្ត្រ​អូស្ត្រាលី​ក្នុង​តំបន់​របស់​លោក​ឲ្យដឹង​ពី​រឿង​នេះ។

អតីត​តំណាងរាស្ត្រ​រូប​នេះ​ព្រួយ​បារម្ភ​ថា​ បើ​គ្មាន​ការ​ទប់​ស្កាត់​ក្រុម​ពង្រឹង​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​អូស្ត្រាលី​នេះ​ទេ នោះ​ក្រុមនេះ​នឹង​ធ្វើ​អោយ​សហគមន៍​​ខ្មែរ​​នៅ​ទីនោះ​បែកបាក់​ថែម​ទៀត ព្រោះ​ក្រុម​លោក គឹម សន្តិភាព​ ប្រើប្រាស់​លុយ​និង​ការ​ផ្ដល់​ប្រយោជន៍​ដើម្បី​ទិញ​ទឹក​ចិត្ត​ខ្មែរ​នៅ​អូស្ត្រាលី​ឲ្យ​គាំទ្រ​ខ្លួន៖ «រឿង​ប្ដឹង​​ចំពោះ​ខ្ញុំផ្ទាល់​ក្រុម​ខ្ញុំកំពុង​ពិនិត្យ​ហើយ​កំពុង​ស៊ើប​អង្កេត​ហើយ ហើយ​ពិសេសកំពុង​សាកល្បង​ថា​ តើ​ធ្វើយ៉ាង​ម៉េច​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ»។

ជំហរ​របស់​លោក ហុង​ លីម បែបនេះ​ ក្រោយ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រៀបចំ​រចនាសម្ព័ន្ធ​នៅ​ប្រទេស​អូស្ត្រាលី​តាម​រដ្ឋនានា​ដែល​មាន​ពលរដ្ឋខ្មែរ​រស់​នៅ​ច្រើន។ កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ជាប្រធាន​ ចំណែក​រដ្ឋលេខាធិកាការ​ក្រសួង​យុត្តិធម៌​លោក គឹម សន្តិភាព ដែល​ជា​មនុស្ស​ជំនិត​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​ចលនា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំប្រទេស​អូស្រ្តាលី​និង​ប្រទេស​ណូវែល​ហ្សេឡង។  

ជុំវិញ​គម្រោង​ប្ដឹង​ពី​អតីត​សមាជិក​សភា​អូស្ត្រាលី​បែបនេះ វិទ្យុអាស៊ីសេរី​មិនអាច​សុំការ​ឆ្លើយតប​ពី​លោក​ គឹម សន្តិភាព បាន​ទេ​នៅថ្ងៃទី១៨ ខែសីហា។ រីឯ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយថា​ គណបក្សប្រជាជន​កម្ពុជា​មិន​បារម្ភពី​គម្រោង​ប្ដឹង​នេះ​ទេ ​ព្រោះ​លោក​យល់​ថា គម្រោង​នេះ​នឹង​មិន​ទទួល​ជោគជ័យ​ឡើយ។ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូបនេះ ​ចោទ​សួរ​ទៅ​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​វិញ​ថា បក្សប្រឆាំង​ធ្វើសកម្មភាព​នយោបាយ​នៅ​អូស្ត្រាលី​បាន​ ហេតុអី​គណបក្ស​កាន់​អំណាច​ធ្វើមិន​បាន?៖ «សមាជិក​គណបក្ស​ប្រជាជន​ទៅ​ដើម្បី​សំណេះសំណាល​កសាង​មូលដ្ឋាន​ជា​យុវជន ជាអីមូលហេតុអី? កុំឲ្យ​គម្រាម​កំហែង​ខុស​ច្បាប់​អូស្ត្រាលី​ ហើយ​មិន​មែន​ខ្មែរ​នៅ​ហ្នឹង​អ្នក​និយាយ​ទេ វាត្រូវ​អាជ្ញាធរអូស្ត្រាលី​គេរក​រឿង​បាន​ត្រូវ»។

ឆ្លើយ​តបការ​លើកឡើង​នេះ ប្រធាន​គណបក្សសង្រ្គោះជាតិ​ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria)​ ប្រទេស​អូស្ត្រាលីលោក អ៊ិន ហេមរា (សូមអានថា​ អ៊ិន ហេមរ៉ា)​  អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹកនាំ​កម្ពុជា តាម​របៀប​ផ្តាច់ការ ហើយ​រង​ការ​ចោទ​ប្រកាន់​គ្រប់ទិស​ថា ជា​គណបក្ស​រំលោភ​សិទ្ធិ​មនុស្ស ដែល​ផ្ទុយ​ពី​គណបក្ស​សង្រ្គោះជាតិ​ជា​អ្នក​ប្រជាធិបតេយ្យ។ លោកអះអាង​ថា​ ប្រទេស​អូស្ត្រាលី​មាន​ច្បាប់​ហាម​រដ្ឋបរទេស​ជ្រៀតជ្រែក​នយោបាយ និង​សិទ្ធិរបស់​ពលរដ្ឋ​ប្រទេស​នេះ។ សកម្មជន​គណបក្ស​ប្រឆាំង​រូប​នេះគាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​អតីត​សមាជិក​សភា​អូស្ត្រាលី​លោក ហុង លីម ដែល​គ្រោង​ប្ដឹង​ក្រុម​លោក​ គឹម សន្តិភាព នេះ៖ «បើសិន​ជា​ជនណា​មក​រស់​នៅ​ជា​សញ្ជាតិ​អូស្ត្រាលី​ហើយ​ឃុបឃិត​ឬ​ក៏ចូលរួម​ធ្វើ​សកម្មភាព​រំលោភ​ច្បាប់​អូស្ត្រាលី​ឬ​ក៏គាំទ្រ​ជន​ផ្ដាច់​ការ​យើង​អាច​មើល​ជា​ផ្លូវ​ច្បាប់​ហើយ​ដាក់​ទៅ​អូស្ត្រាលី»។

ខ្មែរ​នៅ​អូស្ត្រាលី​ចោទ​គណបក្សប្រជាជនកម្ពុជា​​ធ្វើឱ្យ​មាន​ការ​បែកបាក់​ខ្មែរ​នៅ​​ប្រទេសនេះ។ សហគមន៍​ខ្មែរ​នៅ​​អូស្ត្រាលី​ឲ្យដឹង​ថា ក្រុម​លោក គឹម សន្តិភាព ​បាន​សហការ​គ្នា​ជាមួយ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅប្រទេស​នេះដើរ​ទិញទឹក​ចិត្ត​ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ហើយ​ជារៀងរាល់​ឆ្នាំពួកគេ​តែង​ធ្វើ​ពិធីដឹង​គុណ​ថ្ងៃ៧ មករា និង​ធ្វើឲ្យ​មាន​ជម្លោះ​ក្នុង​វត្តអារាម​ ជា​ដើម។ កាល​ពី​ដើម ខែ​មីនា ឆ្នាំ២០១៨ ជន​អនាមិក​ម្នាក់​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅកាន់ សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម​ក្នុង​រដ្ឋ​វីកតូរីយ៉ា (Victoria) ដោយ​គំរាម សម្លាប់​មនុស្ស​ លោក ហុង លីម និង​មនុស្ស​សំខាន់ៗ​៣​នាក់​ផ្សេង​ទៀត។

កាលពី​ពេលថ្មីៗ​នេះ​រដ្ឋាភិបាល​សហព័ន្ធអូស្ត្រាលី​កំពុង​រៀបចំ​កែប្រែ​ច្បាប់​ដាក់​ទណ្ឌកម្ម​របស់​ខ្លួន​​ឱ្យ​កាន់​តែមាន​ទម្ងន់លើ​ឆាក​អន្តរជាតិ។​​ ច្បាប់ថ្មីនេះ​នឹង​ធ្វើឲ្យ​អូស្ត្រាលី​មាន​សមត្ថភាព​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ ហាម​ឃាត់​បុគ្គល និង​អង្គភាព​ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម និង​ទុច្ចរិត​ទាំង​នោះ​មិន​ឲ្យជាន់​ទឹក​ដី​អូស្ត្រាលី​ទោះជន​នោះ​ប្រព្រឹត្ត​បទល្មើស​នៅទីណា​ក៏​ដោយ។ ខ្មែរ​នៅ​អូស្ត្រាលី​ថា មេដឹកនាំ​កម្ពុជា​ដែល​រំលោភ​សិទ្ធិមនុស្ស​នឹង​បាន​ភ្លក់​រសជាតិ​នៃ​ទណ្ឌកម្ម​ច្បាប់​អូស្ត្រាលី៕

No comments: