August 26, 2021

អ្នកភូមិ​ស្តាយ​ស្រណោះ​បឹង​សារាយ​​ក្នុង​ខេត្ត​កណ្តាល​​​ត្រូវ​​ក្រុម​​អ្នក​​មាន​​អំណាច​​ចាក់​​ដី​​លុប​​ដើម្បី​​យក​​ដី​សង់​​អគារ​លក់​

ស្ថានភាព​បឹងសារាយ រឺបឹងទទឹងថ្ងៃ ដែលស្ថិត​នៅ​ជាប់​ខណ្ឌជ្រោយចង្វា និងស្រុកមុខកំពូល ខេត្តកណ្តាល កំពុង​ប្រឈម​មុខ​ឈាន​​ដល់ការ​​បាត់បង់​​ទាំងស្រុង​ ក្រោម​ការ​​អភិវឌ្ឍន៍​ពុះចែក​គ្នា​ជាច្រើនហិចតា​កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។  រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


ដោយ ជាតិ ចំណាន RFA 2021-08-25

ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់​នៅ​ខេត្ត​កណ្ដាល ​ស្ដាយ​ស្រណោះ​បឹង​សារាយ​ កំពុង​ឈាន​ទៅ​រក​ការ​បាត់បង់​ស្ទើរ​ទាំង​ស្រុង ​ជំនួស​មក​វិញ​ដោយ​អគារ​ បុរី​ និង​ដី​ឡូត៍ ដែល​​គ្រប់គ្រង​​ដោយ​បុគ្គល​មាន​លុយ​មាន​អំណាច​។ ​ក្រុម​ពលរដ្ឋ​ទាំងនោះ ​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​សកម្មភាព​ចាក់​ដី​លុប​បឹង​នេះ ​ហើយ​កែច្នៃ​ផ្ទៃ​បឹង​ដែល​​នៅ​សេសសល់​ចុង​ក្រោយនេះ ​ធ្វើជា​តំបន់​ទេសចរណ៍​ធម្មជាតិ​វិញ។

បឹងសារាយ ​ដែល​មាន​ផ្ទៃដី​រាប់ពាន់​ហិកតារ​នៅ​ស្រុក​មុខ​កំពូល ​ខេត្តកណ្ដាល​ បាន​ក្លាយ​ជាដី​គោក​ស្ទើរតែ​ទាំង​ស្រុងនៅ​រយៈ​ពេល​ជាង​ ៣​ ឆ្នាំ​ចុង​ក្រោយ​នេះ។ បច្ចុប្បន្ន​ផ្ទៃ​ទឹក​ក្នុង​បឹង​ទាំងមូល​ នៅ​សល់​មិន​ដល់​ ១​ពាន់​ហិកតារ ​កំពុង​ទទួល​រង​ការ​ចាក់​ដី​លុប​ជា​បន្តបន្ទាប់​ ដើម្បី​សង់​សំណង់​អគារ​ ផ្ទះ​ និង​បុរី ​ជាដើម​។

អ្នក​ភូមិ​រស់​នៅ​ជុំវិញ​បឹង​នេះ ​ប្រាប់​អាស៊ីសេរី ​នៅ​ថ្ងៃ​ទី ​២៥ ​សីហា​ថា ​បឹង​ធម្មជាតិ​នេះ​ ត្រូវ​ក្រុម​អ្នក​មាន​អំណាច ​​ប៉ុន្តែ​ពួកគេ​មិន​ស្គាល់​ឈ្មោះ​​នោះ​ទេ បាន​ពុះ​ដី​ចែក​គ្នា​លក់​អស់​រាប់រយ​ហិកតារ​ ជា​បន្ត​បន្ទាប់​។ ​លើស​ពី​នេះ ​បច្ចុប្បន្ន​មាន​រថយន្ត ​និង​គ្រឿង​ចក្រ​រាប់​រយ​គ្រឿង​ បាន​ពង្រាយ​គ្នា​ចាក់​ដី​លុប​បឹង ​និង​ខ្សាច់ ​ឱ្យ​ក្លាយ​ជា​ដីគោក ​ដើម្បី​កាន់​កាប់​ជា​ទ្រព្យ​បុគ្គល ​ធ្វើ​ឱ្យ​ផ្ទៃ​បឹង​កាន់​តែ​រួម​តូច​។

ស្ថានភាពបឹងសារាយ រឺបឹងទទឹងថ្ងៃ ដែលស្ថិតនៅជាប់ខណ្ដជ្រោយចង្វា និងស្រុកមុខកំពូល ខេត្តកណ្តាល កំពុងប្រឈមមុខឈានដល់ការបាត់បង់ទាំងស្រុង ក្រោមការអភិវឌ្ឍន៍ពុះចែកគ្នាជាច្រើនហិចតា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ (រូបភាព ពលរដ្ឋផ្តល់ឱ្យ)


ពលរដ្ឋ​ដែល​អាស្រ័យផល​បឹង​នេះ​ រស់​នៅ​ឃុំ​សំបូរមាស​ ស្រុក​មុខ​កំពូល​ គឺ​លោកស្រី ​សៅ ​សុខរ៉ា​ ថ្លែងថា ​ជំហរ​របស់​អ្នកភូមិ​នៅ​តំបន់​នោះ​ចង់​អភិរក្ស​បឹង​នេះ ​ឱ្យ​គង់វង្ស​ ពី​ព្រោះ​វា​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ​ដូចជា ​នេសាទ​ត្រី ​ដាំឈូក ​និង​ផ្តល់​ទឹក​ស្រោច​ស្រព​ផល​ដំណាំ​ជាដើម។​ លោកស្រី​បារម្ភ​ថា ​បឹង​នេះ​​នឹង​​បាត់បង់​ទាំងស្រុង​នៅ​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​ ព្រោះ​បច្ចុប្បន្ន​មាន​រថយន្ត​ដឹក​ដី​រាប់​រយ​គ្រឿង ​សម្រុក​ចាក់​លុប​ហ៊ុមព័ទ្ធ​ជុំវិញ​បឹង​ ដោយ​គ្មាន​ស្ថាប័ន​ណា​មួយ​​ទប់ស្កាត់​នោះ​ទេ​៖ «ខ្ញុំ​ស្តាយ​ណាស់ ​បឹង​ពី​ដូនតា​អ៊ីចឹង​ អ្នកណា​ដែល​ចង់​បាត់បង់​។ អ្នកភូមិ​ហ្នឹង​ក៏​គេ​មិន​ចង់​ឱ្យ​លុប​បឹង​ហ្នឹង​ដែរ​ ព្រោះ​មាន​ប្រយោជន៍​ច្រើន​ដល់​អ្នកភូមិ​ដែរ។​ តែ​រាល់​ថ្ងៃ​ឃើញ​គេ​នៅ​តែ​ចាក់​លុប​រហូត​»។

​ស្ត្រី​ដដែល​បន្ថែម​ថា ​អ្នកភូមិ​បាន​ត្រឹមតែ​សោក​ស្តាយ ​មិន​ហ៊ាន​ងើប​តវ៉ា​ប្រឆាំង​ សកម្មភាព​ចាក់​លុប​បឹង​នេះ​ទេ ​ព្រោះ​ខ្លាច​អាជ្ញាធរ​ធ្វើ​បាប​។ ​ប្រជា​នេសាទ​ម្នាក់​ដែល​នេសាទ​ត្រី​ក្នុង​បឹង​នេះ ​គឺ​លោក​ អ៊ុន​ យ៉ាន និយាយថា​ ផ្ទៃ​បឹង​ជាង​ពាក់​កណ្តាលត្រូវ​គេ​យក​ខ្សាច់ ​និង​ដី​មក​ចាក់​លុប​ឱ្យ​គោក​រាក់​ ធ្វើ​ឱ្យ​ផ្ទៃ​ទឹក​ប្រែ​ជាល្អក់​ខ្លាំង​ ប៉ះ​ពាល់​ត្រី​ និង​មុខ​របរ​នេសាទ​របស់​អ្នកស្រុក​។​ លោកថា​ បឹង​នេះ​ជា​ប្រភព​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ ដែល​ពលរដ្ឋ​ក្រីក្រ​អាស្រ័យផល​ដូចជា ​ដាក់​មង​ចាប់​ត្រី ​និង​ចាប់​ក្តាម​ខ្យង​ធ្វើ​អាហារ​ ដូច្នេះ​ប្រសិន​បើ​បាត់បង់​ ពួកគាត់​នឹង​គ្មាន​ទី​កន្លែង​អាស្រ័យ​ផល​ទៀត​ទេ​៖ «មិន​ដឹង​បាត់​ត្រី​ទៅ​ណា ​ខ្សាច់​លុប​ឡើង​ពាក់​កណ្ដាល​បឹង​អស់​ហើយ​ បើ​អត់​បឹង​រក​ មាន​តែ​ធ្វើការ​សំណង់ ​កាល​នៅ​បឹង​ទៅ​ចេះ​ព្រលឹម​ល្ងាច​ឡើង​បាត់​ ព្រលប់​ឡើង​ចេញ​មក​រាយ​មង​ និង​សន្ទូច»។​

​បឹង​ធម្មជាតិ​សារាយ ​ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ​បឹង​ទទឹង​ថ្ងៃ​ មាន​ទំហំ​ទទឹង​ប្រមាណ ៥​គីឡូម៉ែត្រ និង​បណ្ដោយ​ប្រមាណ ១០ ​គីឡូម៉ែត្រ ជាប់​ស្រុក​មុខ​កំពូល ​ខេត្តកណ្តាល ​និងខណ្ឌ​ជ្រោយ​ចង្វា​រាជធានីភ្នំពេញ។​ កន្លង​ទៅ​រដ្ឋាភិបាល ​បាន​កាត់​ឆ្វៀល​ផ្ទៃ​បឹង​នេះ ​ទំហំ ​៨៥ ​ហិកតារ ​ដើម្បី​ធ្វើ​ជា​ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេជោ ​ឋិត​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពីអភិបាល​ខេត្ត​កណ្តាល​លោក ​គង់ សោភ័ណ្ឌ អ្នក​នាំពាក្យក្រសួងធនធានទឹកលោក ចាន់ យុត្ថា និង​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ​ផៃ ស៊ីផាន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៥ ខែសីហា ​ព្រោះ​ទូរស័ព្ទ​ហៅ​ចូលតែ​គ្មាន​អ្នក​លើក។

ស្ថានភាពបឹងសារាយ រឺបឹងទទឹងថ្ងៃ ដែលស្ថិតនៅជាប់ខណ្ដជ្រោយចង្វា និងស្រុកមុខកំពូល ខេត្តកណ្តាល កំពុងប្រឈមមុខឈានដល់ការបាត់បង់ទាំងស្រុង ក្រោមការអភិវឌ្ឍន៍ពុះចែកគ្នាជាច្រើនហិចតា។


ប៉ុន្តែកាលពីចុងឆ្នាំ ២០២០ កន្លងទៅ ក្រសួង​ធនធានទឹក បានស្នើ​ដល់​អាជ្ញាធរ​រាជធានី​-​ខេត្ត​ទាំងអស់ ទប់ស្កាត់​ការរំលោភ​ចាក់ដី​លុប​ចំណី​ច្រាំងទន្លេ ស្ទឹង ព្រែក និង​បឹងបួរ ដើម្បី​ជៀសវាង​ផល​លំបាក​ដល់​ការរំដោះ​ទឹក និង​បញ្ចៀស​គ្រោះ​មហន្តរាយ​ទឹកជំនន់​។​ ការស្នើនេះក្រោយពីក្រសួងសង្កេតឃើញថា កំណើតនៃការសាងសង់ បង្កើតឱ្យមានការរំលោភ​ចាក់ដី​លុប​ចំណី​មាត់ច្រាំង​ទន្លេ ស្ទឹង ព្រែក និង​បឹងបួរ ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។

​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​លោក លឹម គានហោ ​បានថ្លែងក្នុងលិខិតថា ​លោក​ព្រួយបារម្ភពីលទ្ធភាពរំដោះ​ទឹក និង​បង្ក​ជា​គ្រោះមហន្តរាយ​ទឹកជំនន់ ដោយសារ​ចំណី​មាត់ច្រាំង​ទន្លេ និង​បឹងបួរជាដើម ត្រូវចាក់ដី​លុប ​បំពានច្បាប់។

តែយ៉ាងណា​ មន្ត្រី​សង្គមស៊ីវិល​សង្កេតឃើញថា​ ចំណាត់ការ​របស់​ក្រសួង​ធនធានទឹក​ គ្មាន​ប្រសិទ្ធភាព​នោះទេ ​តែ​ផ្ទុយ​ទៅ​វិញ​សកម្មភាព​លុប​បឹង​ ព្រែក​ ប្រឡាយ ​និង​​អូរ​ជាដើម​ នៅតែ​កើត​មាន​ច្រើន​ទូទាំង​ប្រទេស​។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជាអ្នកស្រី​ ចក់ សុភាព ​សោក​ស្តាយ​បឹង​ធម្មជាតិ​ ដែល​ត្រូវ​ចាក់​លុប​ជា​បន្តបន្ទាប់​ ធ្វើឱ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​ធនធាន​ធម្មជាតិ​ ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​។​ អ្នកស្រី​ថា ​ប្រសិនបើ​សកម្មភាព​ចាក់​ដី​លុប​បឹង​នៅ​តែ​បន្ត​ ក្រុង​ភ្នំពេញ​នឹង​ប្រឈម​ការ​គំរាម​កំហែង​ដោយ​ទឹកជំនន់​កាន់​តែ​ខ្លាំង ​និង​បង្កើត​ឱ្យ​មាន​ផល​ប៉ះពាល់​ច្រើន​ដល់​បរិស្ថាន​ និង​សង្គម៖ «បឹង​សម្បត្តិ​របស់​រដ្ឋ​ត្រូវ​បាត់បង់​ផល​ប្រយោជន៍​សាធារណៈ​កម្រិត​ណា ​ព្រោះ​នៅ​ក្នុង​ច្បាប់​អនុប្បយោគ ​ក៏​ទាមទារ​ឱ្យ​មាន​ការ​បង្ហាញ​នូវការ​វាយ​តម្លៃ​ផល​ជះ​បរិស្ថាន​ និង​សង្គម​ជាតិ​ជាដើម​ ហើយ​នឹង​ត្រូវ​បង្ហាញ​ថា ​ទ្រព្យ​សម្បត្តិ​សាធារណៈ ​គឺ​លែង​មាន​ប្រយោជន៍​ដល់​សាធារណៈ​ជន​ទៀត​ហើយ។​ តើ​មាន​ការ​សិក្សា​បែប​ហ្នឹង​ហើយ​នៅ​? ​ហើយ​ទី​២ ​ហេតុ​អ្វី​បាន​ជា​បុគ្គល​ឯកជន​មួយ​ចំនួន ​គាត់​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ទាំង​អស់​ហ្នឹង?»។

អ្នក​ជំនាញ​បរិស្ថាន​ពន្យល់ថា ​បឹង​សារាយ ​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​ជួយ​រំដោះ​ទឹក​ជំនន់​ ធ្វើ​ឱ្យ​ទីក្រុង​ភ្នំពេញ​ត្រជាក់​ និង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ដើម។ លើសពីនេះ​ រដ្ឋាភិបាល​គួរ​តែ​ពិចារណា​ រក្សា​បឹង​នេះ​ អភិរក្ស​ជា​សម្បត្តិ​សាធារណៈ​ និង​កែច្នៃ​ឱ្យ​ទៅ​ជា​តំបន់​ទេសចរ​ធម្មជាតិ​បៃតង ​ដើម្បី​រក្សា​តុល្យ​ភាព​ធម្មជាតិ​នៅ​ថ្ងៃ​អនាគត​៕

No comments: