August 26, 2021

មន្រ្តី​កម្ពុជា និង​អ្នក​ជំនាញ​អ.ស.ប តទល់​គ្នា​ជុំវិញ​ក្តី​បារម្ភ​អំពីការ​កាត់​ទោស​លោក​ រ៉ុង ឈុន

រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។


ហ៊ុល រស្មី | VOA Khmer, 25 សីហា 2021

ភ្នំពេញ — ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​(អ.ស.ប)ចំនួន​៤រូប កាលពី​ពេល​ថ្មីៗ​នេះបាន​ថ្លែង​រិះគន់​ចំ​ៗ​ការ​ផ្តន្ទាទោស​លោក រ៉ុង ឈុន មេដឹកនាំ​សហជីព និង​អ្នកគាំទ្រ​របស់​លោក​ពីរ​នាក់​ទៀត​ពី​បទ​ញុះញង់នៃក្រម​ព្រហ្ម​ទណ្ឌ ដែលក្រុម​អ្នកជំនាញ​អះអាង​ថា​«ជាឧបករណ៍​កំណត់​គោលដៅ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស»។ ការ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​នេះ ក៏​រង​ការ​តប​ត​យ៉ាង​ខ្លាំង​ក្លា​ពី​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។

កាលពី​ថ្ងៃទី​១៨ ខែសីហា​ តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទាទោស​មេដឹកនាំ​សហភាព​សហជីព​កម្ពុជា​លោក​រ៉ុង ឈុន និង​អ្នក​តស៊ូ​មតិ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ឲ្យជាប់​ពន្ធនាគារ​២ឆ្នាំ​ ពី«បទ​ញុះញង់​បង្កឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់​ព័ន្ធនឹង​ការ​ចុះទៅពិនិត្យ​ព្រំដែន​ក្នុងខេត្ត​ត្បូងឃ្មុំ ដែល​ជាប់ប្រទេសវៀត​ណាម​។

ក្នុងសំណុំ​រឿង​ដដែល​នេះ​ ជន​ជាប់​ចោទ​២នាក់​ទៀត​ដែល​ជា​អតីត​សកម្មជន​គណ​បក្ស​ជំទាស់​គឺ​កញ្ញា​ ស កន្និកា​ និង​លោក​តុន​ និមល​ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ​២០ខែ​ក្នុងម្នាក់​ៗ។ ​

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អ.ស.ប​ ដែល​រួមមាន​លោក វិទិត ម៉ុន​តារបន(Vitit Muntarbhorn)​ អ្នករាយការណ៍​ពិសេសទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​ទើប​ចូល​បំពេញ​ការងារ​បាន​ប្រមាណ​៣​ខែ និង​អ្នកស្រី​ម៉ារី​ ឡល័រ​ (Mary Lawlor) អ្នករាយ​ការណ៍​ពិសេស​ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស បាន​ហៅ​ការ​ផ្តន្ទាទោសលោក រ៉ុង ឈុន​ និង​សកម្មជន​ពីរនាក់​ទៀត ជា​«ការ​បង្រ្កាប​ជាប្រព័ន្ធ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា»។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ។


លោក វិទិត ត្រូវបាន​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «ការ​ដាក់​ពន្ធនាគារ​ និង​ការពិន័យ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សកម្មជន​ទាំង​បី​រូបនេះ​ មាន​លក្ខណៈ​មិន​សមហេតុផល​ និង​មិនសមាមាត្រ​ឡើយ»។

លោក​បន្ថែម​ថា​៖ «ខ្ញុំមានការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ដែល​តុលាការ​ផ្តន្ទាទោស​អ្នកការពារសិទ្ធិ​មនុស្ស​ទាំងបី​រូបនេះ​ ចំពោះ​សកម្មភាព​ដែលត្រូវ​បាន​ការ​ពារ​ដោយ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ និង​សិទ្ធិជួបប្រជុំ​ដោយ​សន្តិវិធី​ ជា​សិទ្ធិដែល​ធានា​ការ​ពារ​ដោយ​ច្បាប់​កម្ពុជា​ និង​ច្បាប់​អន្តរជាតិ»។

ចំណែក​អ្នក​ស្រី​ម៉ារី​ ឡល័រ​ (Mary Lawlor) អ្នក​រាយការណ៍​ពិសេស​អ.ស.ប​ ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស បាន​លើក​ឡើងថា៖ «​អ្នកការពារ​សិទ្ធិមនុស្ស​មិនគួរ​ត្រូវបាន​ចាប់​ខ្លួន​ ឃុំខ្លួន​ ឬ​ផ្តន្ទាទោស​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ ដើម្បី​ការពារ​សិទ្ធិមនុស្ស​អ្នកដទៃ​ឡើយ»។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ទាំង​នោះ​បាន​បង្ហាញ​ក្តីបារម្ភ​ជាខ្លាំង​ផងដែរ​ចំពោះ​ព័ត៌មាន​ដែល​គួរ​ឲ្យ​ជឿ​ជាក់​ថា​ មាន​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​១៧​នាក់​ក្នុងចំណោម​អ្នកការពារ​សិទ្ធិមនុស្ស​ដទៃ​ទៀត​ ដែល​បច្ចុប្បន្ន​បាននិង​កំពុង​ជាប់​ឃុំ​ ត្រូវ​បាន​ចោទ​ប្រកាន់​ ឬផ្តន្ទាទោស​តាម​«មាត្រា​៤៩៤ និង​៤៩៥»។

ក្រុមអ្នកជំនាញ​សិទ្ធិមនុស្ស​បន្ថែម​ថា​៖«យើង​សូមអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើប្រាស់​ច្បាប់​ ដើម្បី​កំណត់​គោល​ដៅ​លើ​បុគ្គល​ទាំងឡាយ​ដែលកំពុង​ធ្វើ​ការដើម្បី​លើក​កម្ពស់​ និង​ការពារ​សិទ្ធិអ្នកដទៃ»។

ជា​ប្រតិកម្ម​តប​តវិញ ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជានៅ​ទីក្រុង​ហ្សឺណែវ បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​«បដិសេធ​ចោល​ទាំង​ស្រុង​»​នូវ​ការលើក​ឡើងរបស់​អ្នករាយការណ៍​ពិសេស ដោយ​ថា​«ពុំបាន​ផ្តល់ការ​យកចិត្ត​ទុក​ដាក់​ចំពោះ​សារៈ​សំខាន់​នៃ​ការ​អនុវត្ត​ច្បាប់ និង​ការប្រព្រឹត្ត​ដោយ​ភាព​ស្មើគ្នា​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​អស់​នៅក្នុង​ប្រទេសកម្ពុជា»។

តំណាង​កម្ពុជា​បញ្ជាក់​ទៀត​ថា​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​ព្រំដែន​«ដោយ​ប្រើប្រាស់​ព័ត៌មាន​បំភ្លៃ​ការ​ពិត​និង​បំផ្លើស​ ពុំមែន​ជា​ការអនុវត្ត​សេរីភាព​នៃ​ការ​បញ្ចេញមតិ​នោះ​ទេ​»។

ស្ថាន​បេសកកម្ម​អចិន្រ្តៃយ៍​កម្ពុជា​បានកត់សម្គាល់​ថា៖ «ដោយ​ស្រមៃ​ចង់​បាន​ជាប់​ជានិច្ច​នូវ​រូបភាព​សេរីភាព​បញ្ចេញ​មតិ​ជ្រុល​ហួស ក្រុមអ្នក​ជំនាញ​បាន​មើល​ស្រាល​ចំពោះ​ផលវិបាក​ដ៏​មហន្តរាយ​និង​មិន​អាច​វិល​ត្រទ្បប់​ទៅ​រក​សភាព​ដើម​បាន​នៃ​ព័ត៌មាន​ក្លែងក្លាយ នៅ​ពេល​ត្រូវ​បាន​សាយភាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម»។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ និង​ជាអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ លោក ជិន ម៉ាលីន​ ប្រាប់​វីអូអេ​នៅថ្ងៃពុធនេះថា​ ក្រុមអ្នកជំនាញ​កំពុង​បង្ហាញយោបល់​ក្នុងនាម​បុគ្គល ពោល​គឺមិនមែន​តំណាង​ឲ្យ​អង្គការ​សហប្រជាជាតិទេ ហើយ​ថា​ការថ្លែង​សារនយោបាយនេះមិនមាន​មូលដ្ឋានច្បាប់​នោះទេ។ ​

«វាដូច​ជាមិនមាន​អី​ថ្មី​ទេ ហើយ​នេះ​ គឺ​ជា​សម្តែង​នូវ​ទស្សនៈផ្ទាល់​ខ្លួន​របស់​គាត់ មិនមែន​ក្នុង​នាម​អង្គការ​សហ​ប្រជាជាតិ​ទេ​ ក្នុងនាម​ជាអ្នកជំនាញ​ការ។ ហើយ​វាជាទម្លាប់​របស់​គាត់​ហើយ​ ដែល​ធ្វើ​ការ​វាយតម្លៃ​ពីយន្តការ​ច្បាប់​របស់​កម្ពុជា​ហ្នឹង​ កាលណា​តែ​យើង​អនុវត្ត​ទៅលើ​សកម្មជន​នយោបាយ​ ឬក៏​សិទ្ធិមនុស្ស​អីគាត់​តែង​តែធ្វើការ​ចោទប្រកាន់​ថា អាហ្នឹង​ជា​ការរំលោភ​បំពានសិទ្ធិ​ ជាការរឹតត្បិត​សិទ្ធិសេរីភាព»។

ប្រតិកម្ម​ទៅ​នឹង​ការ​អះអាងរបស់​ក្រុម​អ្នកជំនាញ​ថា​កម្ពុជា​កំពុង​ប្រើប្រាស់​មាត្រា​ដែល​ចែង​អំពី​«ញុះញង់»​នៃ​ក្រម​ព្រហ្មទណ្ឌ មក​ធ្វើ​បាប​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ លោក​ ជិន ម៉ាលីន ​បញ្ជាក់​ថា​មាត្រាទាំង​២ បាន​មក​ពីក្រមព្រហ្មទណ្ឌ​ប្រទេស​បារំាង​ ហើយ​ដែលប្រទេស​ប្រជា​ធិប​តេយ្យ​ផ្សេង​ទៀត​ក៏បាន​ដាក់​ឲ្យប្រើប្រាស់​មាត្រាស្រដៀង​គ្នានេះ​ដែរ​។

បើតាម​សេចក្តីប្រកាស​របស់​ក្រុមអ្នកជំនាញ​សិទ្ធិមនុស្ស​អ.ស.ប​ ចេញ​ផ្សាយជា​សាធារណៈ​កាលពី​ថ្ងៃអង្គារ​ទី​២៤ ខែ​សីហា​ ក្រុម​អ្នកជំនាញ​បាន​លើក​ឡើង​ដោយ​ឡែក​ពីករណី​លោក​រ៉ុង ឈុន​ថា​ ខ្លួន​បាន​សរសេរ​ម្តង​ហើយ​ម្តងទៀត​ មក​រដ្ឋាភិបាល​កម្ពុជា​កាលពី​ឆ្នាំមុន​ ដោយ​បង្ហាញនូវ​កង្វល់​អំពី​ការគំរាម​កំហែង​ប្រឆាំង​នឹង​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​២៥​នាក់ ដែលត្រូវ​គេរាយការណ៍​ថា​ បាន​ និងកំពុង​ទទួល​រង​ការ​បំភិតបំភ័យ​អំពើ​ហិង្សា​ ឬការឃុំ​ខ្លួន។

សេចក្តីប្រកាស​បញ្ជាក់​ថា៖ «​ក្រុមអ្នកជំនាញ​បានរិះគន់​ដល់​ការ​បដិសេធ​ជាប្រព័ន្ធ​នូវ​ពាក្យ​សុំនៅក្រៅ​ឃុំ​ សូម្បី​តែ​ជាគោលការណ៍​ ក្រោម​ច្បាប់​កម្ពុជា​ ជនជាប់​ចោទ​គួរ​តែមាន​សេរីភាព​ក្នុង​ខណៈពេល​រង់ចាំ​ការ​ជំនុំ​ជម្រះ។ ការណ៍នេះ​រឹតតែ​សំខាន់​ថែម​ទៀត​ នៅពេលនេះ​ នៅពេល​ដែលប្រព័ន្ធ​ពន្ធនាគារ​មាន​មនុស្ស​ច្រើន​ចង្អៀត​ណែន ហើយ​មាន​ជនជាប់ឃុំ​ និង​អ្នកទោស​រាប់​រយ​នាក់​បាន​ធ្វើ​តេស្តវិជ្ជមាន​ជំងឺកូវីដ​១៩​»។

នាយករងទទួល​បន្ទុក​ឃ្លាំមើល​ និងការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកា​ដូ​ លោក​អំ សំអាត កត់សម្គាល់​ថា សំណុំ​រឿង​លោក​រ៉ុង ឈុន​ គ្មាន​ធាតុផ្សំនៃ​បទល្មើស​ដែល​ត្រូវទទួល​រងការ​ផ្តន្ទាទោស​ ហើយ​អ្វីដែល​មេដឹក​នាំ​សហជីព​នេះ​បាន​ធ្វើកន្លង​មកនោះ​ គ្រាន់​តែជា​ការប្រើប្រាស់​សិទ្ធិសេរីភាព​ក្នុងការ​សម្តែង​មតិ​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា​ ការអធិប្បាយ​របស់​ក្រុមអ្នកជំនាញ​អ.ស.ប​ ធ្វើ​ឡើង​នៅក្នុង​ក្រប​ខណ្ឌ​សិទ្ធិមនុស្ស​ និង​គ្មាន​បំណងកេងចំណេញ​នយោបាយ​ផងដែរ​។​

«ខ្ញុំយល់​ថា អ្នកទាំង​អស់​ហ្នឹង​គ្មានពាក់​ព័ន្ធ​អី​ជាមួយ​ រឿង​នយោ​បាយ​ហ្នុងទេ​ ហើយ​ការលើកឡើង​នេះ​ គឺ​ក្នុង​ក្របខណ្ឌ​មួយ​តាម​បែប​បទនៃ​អ្នកជំនាញសិទ្ធិមនុស្ស​តែប៉ុណ្ណោះ​... ហើយ​ចឹង​ ជាធម្មតា​មន្ត្រីរដ្ឋាភិបាល​ ឬក៏តំណាង​រដ្ឋាភិបាល រឿង​លោក​មាន​តួនាទី​ភារកិច្ច​ការពារ​រដ្ឋាភិបាល​អាហ្នឹង​ ជារឿង​ធម្មតា​ទេ​ ប៉ុន្តែ​គ្រាន់​យើង​ជាអង្គការ​សង្គម​ស៊ីវិល​ចង់​ឃើញ​ធ្វើ​ម៉េច​កុំ​ឲ្យ​ខ្វែង​គំនិត​គ្នា​ ហើយ​យើង​ជ្រើសរើសនូវ​ការ​អនុវត្ត​សិទ្ធិ​ ក៏ដូច​ជា​ការ​គោរពសិទ្ធិ»។

ស្ថានទូតប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​ប្រចាំ​កម្ពុជា​ បាន​ប្រតិកម្ម​ជាបន្តបន្ទាប់​ទៅនឹង​ការ​ផ្តន្ទាទោស​លោក​រ៉ុង ឈុន។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក W. Patrick Murphy បាន​ថ្លែង​កាល​ពី​កន្លង​ទៅ​ថា៖​ «ការ​ផ្តន្ទាទោស​ដោយ​តុលាការ​លើ​លោក​រ៉ុង ឈុន​ដែល​ជាមេដឹកនាំសហជីព​ដ៏គួរឲ្យ​គោរព​...​ ធ្វើ​ឲ្យ​មានការ​ចោទ​សួរ​យ៉ាងខ្លាំង​ទៅ​លើ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ ដែលត្រូវ​បានការពារ​ដោយ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា និង​សារៈសំខាន់​នៃ​ដំណើរការលទ្ធិប្រជា​ធិប​តេយ្យ​។ ប្រព័ន្ធ​តុលាការ​មិន​គួរ​ត្រូវបាន​គេរំលោភ​បំពាន​ដើម្បី​បំបិទ​សំឡេង​សកម្មជន​សន្តិភាព​ទេ»។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​ហ្វេសប៊ុក​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​។

ចំណែក​ស្ថានបេសកកម្មការទូត​សហភាព​អឺរ៉ុប​ប្រចាំកម្ពុជាក៏​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​បាន​ប្រតិកម្ម​ថា៖ ​«សាលក្រម​ផ្តន្ទាទោសលោក រ៉ុង ឈុន រួម​ទាំងសកម្មជន​ពីររូប​ទៀត នាំឲ្យ​សហ​ភាពអឺរ៉ុបមានក្តីបារម្ភ ដោយ​សារ​នេះ​គឺជាការផ្តន្ទាទោស​ចំពោះ​ការ​សម្តែង​ការ​រិះគន់​ជា​សាធារណៈ ឬ​ការ​មិន​យល់​ស្រប​ផ្នែក​នយោបាយ ហើយ​បានបង្កឲ្យ​មាន​សំណួរ​អំពី​ឯករាជ្យភាពនៃ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​»៕

No comments: