August 16, 2021

ព្រះមហាក្សត្រ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ដល់​មន្ត្រី​បក្ស​ប្រឆាំង​ពីរ​រូបទៀត

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo: RFA


ដោយ អាស៊ីសេរី RFA 2021-08-15

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​បន្ថែម​ទៀត ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ ឡើងវិញ បន្ទាប់​ពី​ដាក់​ពាក្យ​ស្នើសុំ​ទៅ​រដ្ឋាភិបាល លោក ហ៊ុន សែន។ អ្នក​ទាំងពីរ​នោះ រួម​មាន​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​តាកែវ លោក ម៉ៅ សុផល និង​សមាជិក​គណៈកម្មាធិការ​នាយក​និង​ជា​សមាជិក​ក្រុម​ការងារ​ខេត្ត​កណ្តាល លោក ឃឹម ឡាគី។

ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្ថ​លេខា​លើ​ព្រះរាជក្រឹត្យ​ចំនួន​២​ផ្សេងៗ​គ្នា កាលពី​ថ្ងៃទី​១៤ សីហា ផ្ដល់​នីតិសម្បទា​នយោបាយ​ឡើងវិញ ដល់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប ដែល​ត្រូវ​បាន​តុលាការ​របប​ក្រុងភ្នំពេញ ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​៥​ឆ្នាំ កាល​ពី​ចុងឆ្នាំ​២០១៧។

លោក ម៉ៅ សុផល ថ្លែងប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​១៥ សីហា ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ កាល​ពី​ថ្ងៃទី​៨ ខែ​សីហា ។ លោក​យល់​ថា ការ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​នៅ​ពេល​នេះ ទំនង​ដោយសារ​លោក រក្សា​ភាព​ស្ងៀមស្ងាត់ បិទមាត់ បិទ​ត្រចៀក និង​បិទ​ភ្នែក អស់​រយៈពេល​ជិត​៤​ឆ្នាំ​កន្លង​មក។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បន្ត​ថា ក្រោយ​ទទួល​បាន​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​នេះ លោក​អាច​បើក​មាត់ បើក​ត្រចៀក និង​បើកភ្នែក​វិញ​បាន ប៉ុន្តែ​លោក​មិនទាន់​សម្រេច​ចិត្ត​ថា នឹង​បន្តជីវិត​នយោបាយ​ជាមួយ​គណបក្ស​ណាមួយ​នៅឡើយ​ទេ៖ «ចាំ​មើល​សិន តើ​ខ្ញុំ​ត្រូវ​នៅ​ស្ងៀម ឬ​ខ្ញុំ​បន្ត​បម្រើ​នយោបាយ​នៅក្នុង​បក្ស​ណាមួយ​។ ឥឡូវ​នេះ ខ្ញុំ​នៅ​ស្ងៀម​សិន ខ្ញុំ​គិត​អំពី​បញ្ហា​សុខភាព គិត​អំពី​ការងារ​រដ្ឋ​របស់ខ្ញុំ ជា​មន្ត្រី​សុខាភិបាល​ខេត្ត និង​គិត​អំពី​បញ្ហា​គ្រួសារ​របស់ខ្ញុំ​សិន។ ចាំ ថ្ងៃ​ណាមួយ​ចាំ​យើង​គិតថា ត្រូវ​ដើរ​ទៅ​ណា ពោល​គឺ​ផ្លូវ​ណា​ល្អ​យើង​ដើរ​តាមផ្លូវ​ហ្នឹង»។

មក​ទល់​ពេល​នេះ មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​សរុប ២៦​នាក់​ហើយ ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ប៉ុន្តែ​មាន​មន្ត្រី​បក្ស​ប្រឆាំង​៣​រូប​ទៀត ត្រូវ​បាន​របប​ក្រុង ភ្នំពេញ បដិសេធ​សំណើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ក្នុង​នោះ​រួមមាន លោក​មេធាវី ជួង ជូងី លោក ញ៉ឹម គឹមញ៉ុល និង​លោក ស៊ុន ចន្ធី។

កាល​ពី​ថ្ងៃទី​១ សីហា មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា លោក នឹង​ចាប់ផ្តើម​រឹត​បន្តឹង​ការ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង​។ លោក​បញ្ជាក់​ថា នឹង​ផ្តល់​សិទ្ធិ​ឲ្យ​តែ​មន្ត្រី​បក្ស​ប្រឆាំង​រូប​ណា​ដែល​ធ្វើ​ឲ្យ​លោក​ពេញចិត្ត​ប៉ុណ្ណោះ ហើយ​មន្ត្រី​បក្ស​ប្រឆាំង​រូប​ណា ដែល​ធ្វើ​ឲ្យ​លោក​ទាស់ចិត្ត គឺ​លោក​មិន​ផ្តល់​សិទ្ធិ​ឲ្យ​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​រហូតដល់​ចុងឆ្នាំ​២០២២ ឬ​បំរាម​របស់​តុលាការ​ផុតរលត់។

ទោះជា​យ៉ាងណា អ្នកវិភាគ​នយោបាយ យល់​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន គឺជា​ការ​បំពានច្បាប់​ម្តង​ហើយ​ម្តង​ទៀត និង​បង្ហាញ​យ៉ាង​ច្បាស់​ថា មេ​បក្ស​កាន់អំណាច​រូប​នេះ មិន​ហ៊ាន​ផ្តល់​សិទ្ធិ​ដល់​អ្នកនយោបាយ​ណា​ដែល​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​លោក​បាត់បង់​អំណាច​តាមរយៈ​ការបោះឆ្នោត​នោះ​ទេ៕

No comments: