August 18, 2021

ប្រជា​សហគមន៍​ផ្លូវ​រថ​ភ្លើង​ប្រមាណ ១០០​នាក់​ប្ដូរ​វេន​គ្នា​ការពារ​ដីធ្លី ក្រោយ​អាជ្ញាធរ​ព្រមាន​រុះរើ​របង

ប្រជា​សហគមន៍​ផ្លូវ​រថ​ភ្លើង​ប្រមាណ ១០០​នាក់​ប្ដូរ​វេន​គ្នា​ការពារ​ដីធ្លី ក្រោយ​អាជ្ញាធរ​ព្រមាន​រុះរើ​របង
 រូប៖ ពលរដ្ឋផ្ដល់ឱ្យ


RFA 2021-08-17

ប្រជា​សហគមន៍​ផ្លូវ​រថ​ភ្លើង ៦០គ្រួសារ ក្នុង​តំបន់​បឹង​កក់ ប្រមូល​គ្នា​ការ​ពារ​ដី​ធ្លី របង និង​ផល​ដំណាំ​របស់​ពួកគាត់ ទាំង​យប់​ទាំង​ថ្ងៃ ក្រោយ​ពី​អាជ្ញាធរ​ព្រមាន​ពលរដ្ឋ​ឲ្យ​រុះរើ​ដោយ​ខ្លួន​ឯង ត្រឹម​ថ្ងៃ​ទី១៩ សីហា។

តំណាង​ពលរដ្ឋ​ លោកស្រី ស៊ុន ណារុំ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅថ្ងៃទី១៧ សីហា​ថា មក​ដល់​ដំណាក់​កាល​នេះ​ ប្រជាពលរដ្ឋ​ទាំង​អស់​ មាន​តែ​រួម​កម្លាំង​គ្នា​ ធ្វើ​ជា​ប្រជា​ការពារ​ដីធ្លី​ដោយ​ខ្លួន​ឯង ព្រោះ​អាជ្ញាធរ​ នៅ​តែ​ចង់​បាន​ដី​ពលរដ្ឋ ដែល​នៅ​សេស​សល់​ពី​ការ​អភិវឌ្ឍ ​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​យក​ទៅ​ពុះ​ចែក​ជា​ឡូត៍​​ឲ្យ​ពលរដ្ឋ​ផ្សេង​ទៀត។

លោកស្រី បន្ត​ថា អ្នក​ភូមិ​២៤​ ដែល​រស់​នៅ​តាម​បណ្ដោយ​ប្រឡាយ​ខាង​កើត មិន​ព្រម​ទទួល​យក​ក្បាល​ដី​៤​ម៉ែត្រ បណ្ដោយ ១០ម៉ែត្រ​នោះ​ទេ ព្រោះ​សាលា​ខណ្ឌ​និង​សាលា​សង្កាត់​ឯក​ភាព​​គ្នា​បែប​អត្តនោម័តិ​ ដោយ​គ្មាន​ហៅ​ពលរដ្ឋ​ឲ្យ​ចូល​រួម​ដឹង​ឮ​នោះ​ទេ។

តំណាង​ពលរដ្ឋ​រូប​នេះ បញ្ជាក់​ថា ដំណោះស្រាយ​តែ​មួយ​គត់ ​ដែល​ពលរដ្ឋ​ចង់​បាន​នោះ គឺ​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់​ចេញ​ដោយ​អាជ្ញាធរ ព្រោះ​គ្រួសារ​នីមួយៗ បាន​កាត់​ដី​ជាង​៣០​ម៉ែត្រ​ ជូន​រដ្ឋ​ដើម្បី​ពង្រីក​ប្រឡាយ​ទឹក ​រួច​រាល់​អស់​ហើយ​។

ក្រោយ​ពលរដ្ឋ​តវ៉ា​រឿង​នេះ សាលា​ខណ្ឌ​ទួលគោក​ បាន​ចេញ​លិខិត​អញ្ជើញ​តំណាង​ប្រជាពលរដ្ឋ​៤​នាក់ ទៅ​ជួប​និយាយ​​គ្នា​អំពី​ដំណោះស្រាយ​រឿង​នេះ នៅ​ថ្ងៃ​ទី១៨ សីហា ស្អែក​នេះ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខណ្ឌ​ទួលគោក លោក ឯក ឃុនដឿន បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ ចូល​តែ​ពុំ​មាន​អ្នក​ទទួល​។​

អង្គការ​សង្គម​ស៊ី​វិល​​ឃ្លាំមើល​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ដីធ្លី លើក​ឡើង​ថា អាជ្ញាធរ​គួរ​​ពិចារណា​ឡើង​វិញ ​អំពី​សំណើ​របស់​ពលរដ្ឋ​ រឿង​សុំ​ចេញ​ប្លង់​ដី​នេះ ព្រោះ​កន្លង​មក ពលរដ្ឋ​មិន​បាន​ជំទាស់​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋ​ទេ។

អង្គការសង្គម​ស៊ីវិល ស្នើ​សុំ​អាជ្ញាធរ​ពាក់​ព័ន្ធ​ ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​ជាមួយ​ប្រជាពលរដ្ឋ​ ដោយ​សន្តិវិធី ចៀសវាង​ការ​ប្រើ​កម្លាំង​ទៅ​គំរាមកំហែង​ប្រជា​ពលរដ្ឋ ដែល​អាច​បង្ក​ទៅ​ជា​អំពើ​ហិង្សា៕

No comments: