August 30, 2021

អ្នក​វិភាគ​​​និង​​ឃ្លាំមើល​​សង្គម​​ភ្ញាក់​​ផ្អើល​​ដែល​​លោក​ ​ហ៊ុន​ ​សែន​ ​នៅ​តែ​​ខ្វះ​ភាព​​ចាស់​ទុំ​ផ្នែក​​នយោបាយ​​ការទូត​​ជាមួយ​​ប្រទេស​​មហាអំណាច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ ហ្វេសប៊ុក SPM


ដោយ មួង ណារ៉េត RFA 2021-08-29

អ្នកវិភាគ​គោល​នយោបាយ​ ​និង​​អ្នកឃ្លាំមើល​សង្គម​ ​ភ្ញាក់ផ្អើល​​ដែល​​លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​នៅតែ​ខ្វះ​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ​ការទូត​​ជាមួយ​​ប្រទេស​​មហា​អំណាច​ ​ក្រោយ​​លោក​​សរសេរ​សារ​​ឌឺដង​​ដាក់​​សហរដ្ឋអាមេរិក​ ​និង​​សម្ព័ន្ធមិត្ត​ ​រឿង​​ដក​​កងទ័ព​​ចេញ​ពី​​ប្រទេស​​អាហ្វហ្គានីស្ថាន​។​

អ្នក​សិក្សា​និង​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​យល់ថា​ ​ទោះ​ប្រមុខរដ្ឋាភិបាល​នៃ​ប្រទេស​ណា​ក៏ដោយ​ ​ក៏​មិនគួរ​សរសេរ​សារ​ឌឺដង​បែប​នោះ​ដែរ​ ​ព្រោះ​វា​មានផល​អាក្រក់​ច្រើន​​ដល់​​ជាតិ​។​

លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​បាន​ឡើង​កាន់អំណាច​ជាង​ ​៤០​​ឆ្នាំ​មក​ហើយ​ ​ប៉ុន្តែ​អ្នក​សិក្សា​និង​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត​ ​សេង​ ​សារី​ ​ថា​ការ​សរសេរ​សារ​បែប​នេះ​ ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ក្មេងខ្ចី​របស់​មេដឹកនាំ​កម្ពុជា​ ​ក្នុង​ការ​​​ដឹកនាំ​រដ្ឋ​ ​និង​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​ ​និង​សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​។​ ​មិនតែប៉ុណ្ណោះ​លោក​ថា​ ​សារ​នេះ​ ​ផ្ទុយ​ទៅ​នឹង​ការ​អះអាង​របស់​លោក​ ​ហ៊ុន​ ​សែន​ ​អំពី​ភាព​ចម្រុះ​នៃ​ទំនាក់ទំនង​កម្ពុជា​នឹង​សហគមន៍​អន្តរជាតិ​។​ ​លោក​ថា​ ​ជំហរ​បែប​នេះ​ ​គឺ​ប្រាសចាក​ទៅ​នឹង​អ្វី​ដែល​លោកនាយក​រដ្ឋ​មន្រ្តី​ធ្លាប់​លើកឡើង​ ​ថា​ទំនាក់ទំនង​ការទូត​កម្ពុជា​ ​គឺជា​ទំនាក់ទំនង​បែប​ផ្កា​ចម្រុះ​ពណ៌​។

លោក​បណ្ឌិត​ ​សេង​ ​សេរី​ ​យល់ថា​ ​ដំណាក់កាល​នេះ​ ​មិនមែន​ជា​ពេល​ឌឺដង​ឡ​ង​សម្ដី​ ​ឬ​ចម្អក​ដាក់​ប្រទេស​មហាអំណាច​នោះ​ទេ​។​ ​លោក​បន្ត​ទៀត​ថា​ ​កម្ពុជា​ជួប​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ ​ដោយសារតែ​បញ្ហា​ជំងឺកូវីដ​-​១៩​ ​ដែល​គួរតែ​កម្ពុជា​ត្រៀម​ខ្លួន​ដើម្បី​សម្រួល​ស្ថានការណ៍​ ​ដើម្បី​ប្រយោជន៍ជាតិ​ ​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ​មិន​ត្រូវ​បញ្ចេញ​សារ​ទាំងឡាយ​ណា​ ​ដែល​ធ្វើឲ្យ​ខាត​ប្រយោជន៍ជាតិ​បែប​នេះ​នោះ​ឡើយ​៖ «ការ​ស្ដារសេដ្ឋកិច្ច​នៅ​ក្រោយកូវីដ​-​១៩​ ​នៅពេលដែល​បាត់​ការ​គាំទ្រ​ពី​ប្រទេស​មហាអំណាច​ ​ដូច​សហរដ្ឋអាមេរិក​បែប​នេះ​ ​គឺជា​រឿង​មួយ​ដែល​លំបាក​មែនទែន»។

លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន​ ​សែន​ ​កាលពី​ថ្ងៃ​ទី​​២៩​ ​ខែ​​សីហា​ ​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ​ដោយ​ភ្ជាប់​រូបថត​ពីរ​សន្លឹក​នៃ​កុមារា​តូច​ល្អិត​ម្នាក់​ ​ដែល​ជា​ចៅ​ទី​ ​២​០​ ​របស់​លោក​ស្លៀក​សម្លៀក​បំពាក់​ ​និង​មួក​យោធា​ ​និង​មាន​កាន់​កាំភ្លើង​ជ័រ​វែង​មួយ​ដើម​ផង​។​ ​លោក​ ​ហ៊ុន​ ​សែន​ ​សរសេរ​សារ​អម​រូបថត​ទាំងនេះ​ថា​ ​ចៅ​លោក​ជា​អ្នក​ផ្ញើ​រូប​នេះ​ជូន​លោក​ ​និង​ផ្ញើ​ជា​សារ​សំឡេង​បន្ថែម​ផង​។​ ​លោក​ថា​ ​លោក​សួរ​ទៅ​ចៅប្រុស​នោះ​វិញ​ ​ថា​ស្លៀកពាក់​ទាហាន​បែប​នេះ​ ​ត្រៀម​ចេញទៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ឬ​អី​? ​លោក​ហាម​ចៅ​កុំឲ្យ​ទៅ​ ​ព្រោះ​មហាអំណាច​កំពុង​រត់ចោល​អាហ្វហ្គានីស្ថាន​ ​ហើយ​ថា​ ​បើ​ចៅ​ទៅ​ជួយ​អាហ្វហ្គានីស្ថាន​ ​ក៏​ជួយ​មិន​បាន​​ដែរ​ ​ព្រោះ​ប្រទេស​មហាអំណាច​កំពុង​ចាញ់​ ​រត់​ទៅផ្ទះ​គេ​អស់ទៅហើយ​។​

ទោះបីជា​លោក​ ​ហ៊ុន​ ​សែន​ ​មិន​ហៅឈ្មោះ​ប្រទេស​មហាអំណាច​ទាំងនោះ​ចំ​ៗ​ ថា​ជា​ប្រទេស​ណា​ ​ក៏​គេ​អាច​កាត់យល់​បាន​ថា​ ​លោក​ចង់​សំដៅ​ទៅលើ​សហរដ្ឋអាមេរិក​ ​និង​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​ ​ដែល​កំពុង​ដកទ័ព​ចេញ​ប្រទេស​នេះ​ ​ក្រោយ​ដាក់​ទ័ព​នៅ​ទីនោះ​អស់​រយៈពេល​ជាង​ ​២០​ ​ឆ្នាំ​។

សារ​ឌឺដង​ ​និង​ចម្អក​ដាក់​ប្រទេស​មហាអំណាច​ ​រឿង​អាហ្វហ្គានីស្ថាន​នេះ​ ​ធ្វើឲ្យ​អ្នកវិភាគ​គោល​នយោបាយ​ ​និង​សា​ស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ​មួយ​ ​នៅ​សហរដ្ឋ​អាមេរិក​ ​ចាត់​ទុក​លោក​ ​ហ៊ុន​ ​សែន​ ​ថា​ជា​មេដឹកនាំ​បែប​ឱកាស​និយម​ ​ដោយ​យក​បញ្ហា​ដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​នេះ​ ​ជា​ឱកាស​វាយប្រហារ​សហរដ្ឋ​អាមេរិក​។

លោក​បណ្ឌិត​ ​អៀ​ ​សុផល​ ​ដែល​ជា​ព្រឹទ្ធបុរស​រង​ផ្នែក​អភិវឌ្ឍ​សាកល​ ​និង​ជា​សា​ស្រ្តាចារ្យ​ជំនួយ​នៃ​សាលា​សាន់ឌើប៊ើ​ត​ (​Thunder​bird​) ​ផ្នែក​គ្រប់គ្រង​សាកល​ ​នៃ​សាកលវិទ្យាល័យ​រដ្ឋ​អារីហ្សូណា​ ​សហរដ្ឋអាមេរិក​ ​ថា​លោក​ ​ហ៊ុន​ ​សែន​ ​រម្លេច​ព្រឹត្តិការណ៍​នេះ​ ​ដើម្បី​បង្ហាញ​ភាពជា​ជនរងគ្រោះ​របស់​លោក​ ​និង​ផ្គាប់ចិត្ត​ចៅហ្វាយនាយ​ចិន​ប៉េកាំង​របស់​លោក​ដែរ​។​

ទោះ​ជា​យ៉ាងនេះ​ក្ដី​បណ្ឌិត​ ​អៀ​ ​សុផល​ ​ថា​លោក​ ​ហ៊ុន​ ​សែន​ ​ហាក់ដូចជា​ខ្វះ​ភាព​សមហេតុសមផល​ ​ក្នុង​ការរិះគន់​សហរដ្ឋអាមេរិក​ ​ដែល​ដក​កងទ័ព​ចេញពី​ប្រទេស​អាហ្វហ្គានីស្ថាន​ ​ព្រោះ​បើ​អាមេរិក​មិន​ដកទ័ព​ចេញ​ ​លោក​ ​ហ៊ុន​ ​សែន​ ​អាច​រិះគន់​ថា​ ​អាមេរិក​មិនគួរ​ពង្រាយ​ទ័ព​នៅ​ក្នុង​រដ្ឋ​បរទេស​នោះ​ទេ​។​ ​ប៉ុន្តែ​ ​នៅ​ពេលនេះ​អាមេរិក​ដកទ័ព​ចេញពី​អាហ្វកានីស្ថាន​ ​លោក​ ​ហ៊ុន​ ​សែន​ ​ក៏​រិះគន់​ដែរ​។​ ​លោក​ថា​ការ​បញ្ចេញ​សារ​បែប​នេះ​ ​គឺជា​ឥរិយា​បទ​ខ្វះ​គោលការណ៍​ក្នុង​ការ​​​ដឹកនាំ​។

បណ្ឌិត​ ​អៀ​ ​សុផល​ ​ចោទ​ជា​សំណួរ​ថា​ ​តើ​រឿង​នេះ​​មាន​ខុស​អ្វី​ពី​ការ​ដក​កងទ័ព​អាមេរិក​ ​ចេញពី​តំបន់​អាស៊ី​អាគ្នេយ៍​ ​កាលពី​អតីតកាល​? ​លោក​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​កាលណោះ​ ​ជា​មេបញ្ជាការ​កងទ័ព​ខ្មែរក្រហម​ ​ប្រហែលជា​គ្មាន​ឱកាស​បាន​ក្លាយ​ជានា​យក​រដ្ឋ​មន្រ្តី​កម្ពុជា​ដូច​បច្ចុប្បន្ននេះ​ទេ​ ​បើ​អាមេរិក​មិន​ដកទ័ព​ចេញ​នៅ​ពេល​នោះ​។

វិទ្យុ​អាស៊ី​សេរី​ ​មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ ​ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​គឺ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​និង​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​បរទេស​លោក​ ​កុយ​ គួង​ ​បាន​នៅឡើយ​ទេ​។

ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​ការ​បញ្ចេញ​សារ​តាម​ការប្រើប្រាស់​អារម្មណ៍​ផ្ទាល់ខ្លួន​របស់​លោក​ ​ហ៊ុន​ ​សែន​ ​បែប​នេះ​ ​លោក​បណ្ឌិត​ ​សេង​ ​សារី​ ​ថា​លោក​ ​ហ៊ុន​ ​សែន​ ​គួរ​រង់ចាំ​ដល់ពេល​លោក​អស់​តួនាទី​ ​ឬ​តំណែង​ជានា​យក​រដ្ឋ​មន្រ្តី​សិន​ ​ពោល​គឺ​នៅ​ពេល​ក្លាយ​ខ្លួន​ជា​ពលរដ្ឋ​សាមញ្ញ​ម្នាក់​ ​ទើប​លោក​អាច​បង្ហោះ​បាន​តាមចិត្ត​បាន​ ​ព្រោះ​នៅ​ពេល​នោះ​លោក​ ​ហ៊ុន​ ​សែន​ ​លែង​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ដូច​ពេលនេះ​ហើយ​។​

លោក​ថា​ការប្រើប្រាស់​អារម្មណ៍​ខ្លួនឯង​តែម្នាក់​ ​ដើម្បី​សម្តែង​បង្ហាញ​ឲ្យ​ឃើញ​អំពី​ទំនាក់ទំនង​ការទូត​បែប​អារម្មណ៍​បែប​នេះ​ ​គឺ​វា​មានតែ​ខាត​អត់មាន​ចំណេញ​អ្វី​ទៅដល់​ប្រទេសជាតិ​ទាល់តែសោះ​៕

No comments: