August 28, 2021

ជំនួយការ​លោក ហ៊ុន សែន ១៥ នាក់​បន្ថែម​ទៀត ត្រូវ​បាន​តែងតាំង ក្នុង​ពេល​ដែល​រដ្ឋ​ខ្វះ​ថវិកា​ខ្លាំង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


ដោយ មួង ណារ៉េត RFA 2021-08-26

ជំនួយការ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ១៥នាក់​បន្ថែម​ទៀត ត្រូវ​បាន​គេ​តែងតាំង ក្នុង​ពេល​ដែល​រដ្ឋ​ខ្វះ​ថវិកា​ខ្លាំង នៅ​ចំពោះ​មុខ​វិបត្តិ​ដោយសារ​តែ​ជំងឺ​កូវីដ-១៩។

មន្រ្តី​ទាំង ១៥នាក់ ដែល ១១នាក់​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង ៥នាក់​ទៀត មាន​ឋានៈ​ស្មើ​អគ្គនាយក ត្រូវ​ប្រមុខ​រដ្ឋ​ស្ដីទី លោក សាយ ឈុំ ចុះ​ហត្ថលេខា​តែងតាំង កាល​ពី​ថ្ងៃ​ទី២៦ ខែ​សីហា។

ចាប់​តាំង​ពី​របប​ក្រុង​ភ្នំពេញ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បង្កើត​រដ្ឋាភិបាល​ឯក​បក្ស​ទីប្រឹក្សា និង​ជំនួយការ​របស់​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​នេះ ជាង ៦០០នាក់​មក​ហើយ ដែល​ត្រូវ​បាន​តែងតាំង​ជា​បន្តបន្ទាប់។ ក្នុង​នោះ​រួម​មាន​ការ​តែងតាំង​មន្ត្រី​ជិត ៣០០នាក់​ កាល​ពី​ពាក់​កណ្ដាល​ខែកញ្ញា ឆ្នាំ ២០១៨ និង​តែងតាំង​បន្ថែម​ជាង ២០០នាក់​ទៀត នៅ​មួយ​សប្ដាហ៍​បន្ទាប់ ហើយ​បន្ត​តែងតាំង ៨៤នាក់​ទៀត សម្រាប់​ជា​ជំនួយការ​អម​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ដើម​ខែតុលា ឆ្នាំ២០១៨។

ការ​តែងតាំង​ជំនួយការ​បន្ថែម​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាល​ពី​ថ្ងៃ​ទី១៨ ខែសីហា ប្រាប់​ឲ្យ​ផ្អាក​ការ​ជ្រើសរើស​មន្ត្រី​រាជការ​គ្រប់​ស្ថាប័ន​ទាំង​អស់​ នៅ​ឆ្នាំ២០២២។ បន្ថែម​ពី​នេះ លោក​បន្ថែម​ថា រដ្ឋាភិបាល​ក៏​នឹង​មិន​ដំឡើង​ប្រាក់​បៀវត្ស​ ឲ្យ​មន្ត្រី​រាជការ​នៅ​ឆ្នាំ​ក្រោយ​ដែរ ព្រោះ​រដ្ឋ​ខ្វះ​ថវិកា និង​ត្រូវ​ប្រមូល​ធនធាន​យក​ទៅ​ចំណាយ​លើ​តម្រូវ​ការ​អាទិភាព​​របស់​ជាតិ ដូចជា​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩ ជាដើម។

ការ​តែងតាំង​មន្រ្តី​ជំនួយការ និង​ទីប្រឹក្សា ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​គ្រា​ដែល​រដ្ឋ​កំពុង​ខ្វះ​ថវិកា​សម្រាប់​បញ្ហា​សង្គម និង​សេដ្ឋកិច្ច​បែប​នេះ រង​ការ​រិះគន់​ពី​អ្នក​ឃ្លាំមើល​សង្គម។

អតីត​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់​ថា ខុមហ្វ្រែល (CONFREL) លោក គល់ បញ្ញា ធ្លាប់​បង្ហាញ​ការ​ហួសចិត្ត និង​ចាត់​ទុក​ថា វា​ជា​រឿង​គួរ​ឲ្យ​ហួសហេតុ​ពេក​ណាស់ និង​បន្ត​គ្មាន​ប្រសិទ្ធភាព ដែល​ត្រូវ​តែងតាំង​មន្ត្រី​ទីប្រឹក្សា និង​ជំនួយ​ការ​ស្អេកស្កះ​បែប​នេះ។ លោក​ថា ការ​តែងតាំង​នេះ ជា​ការ​ប្រើ​អំណាច​រំលោភ និង​ប្រើប្រាស់​ថវិកា​ជាតិ ដើម្បី​តែ​ផល​ប្រយោជន៍​នយោបាយ​ និង​អំណាច​របស់​ខ្លួន៕

No comments: