June 4, 2021

អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​សង្ឃឹម​ថា​កម្ពុជា​នឹង​កែប្រែ​ស្ថានភាព​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​

អ្នកស្រីអនុរដ្ឋមន្ត្រីការបរទេស Wendy R. Sherman និង​លោកឯកអគ្គរដ្ឋទូត W. Patrick Murphy ជួបជាមួយតំណាងអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ក្នុង​អំឡុង​ទស្សនកិច្ច​របស់​អ្នកស្រី​អនុរដ្ឋមន្ត្រី​នៅ​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១។ (Facebook/US Embassy Phnom Penh)


វីអូអេខ្មែរ 02 មិថុនា 2021

អ្នក​ការទូត​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​ថ្នាក់​ដឹកនាំ​ប្រទេស​កម្ពុជា​នឹង​យកចិត្ត​ទុកដាក់​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​និង​បើក​ចំហ​សិទ្ធិ​សេរីភាព​នយោបាយ​និង​សិទ្ធិ​ពលរដ្ឋ​ក្រោយពី​បាន​ធ្លាក់ចុះ​ជាខ្លាំង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មកនេះ។

អ្នកស្រី Wendy Sherman​ អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ដូចនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​ថ្ងៃពុធ​គឺ​ក្នុង​ពេល​ធ្វើទស្សនកិច្ច​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដោយ​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ​ហើយអ្នកស្រី​បាន​ជួប​ពិភាក្សាការងារ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

ឆ្លើយតប​នឹង​សំណួរ​របស់ VOA ខេមរភាសា អ្នកស្រី Sherman បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​សិទ្ធិមនុស្ស​និង​ការការពារ​សេរីភាព​ជាមូលដ្ឋាន​ថា​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង»។

ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​ក្នុង​ខណៈ​ពេល​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​សេរីភាព​សហជីព​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដោយ​រដ្ឋាភិបាល​បាន​ធ្វើ​ទុកបុក្ខម្នេញ​អ្នករិះគន់​និង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់​អ្នក​នយោបាយ​ប្រឆាំង​ក្នុង​នោះ​មាន​លោក កឹម​ សុខា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​និង​មេដឹកនាំ​សហជីព។

អ្នកស្រី Sherman​ បាន​ថ្លែង​បន្ថែម​ថា​អ្នកស្រីក៏​បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី​ឲ្យ​ទម្លាក់​ឲ្យ​បាន​ឆាប់​នូវ​ការចោទ​ប្រកាន់​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​អ្នកនយោបាយ​ប្រឆាំង​អ្នក​សារព័ត៌មាន​និង​សកម្មជន​ព្រម​ទាំង​បើក​ចំហរឡើង​វិញ​នូវលំហ​នយោបាយ​និង​សង្គម​ស៊ីវិល​ឲ្យ​បាន​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ ២០២២ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣។

អ្នកស្រី Sherman បាន​បន្ថែម​ថា៖ «ដូច្នេះ​សារ​របស់​ខ្ញុំ​ច្បាស់​ពី​សហរដ្ឋ​អាមេរិក​ហើយ​ខ្ញុំ​សង្ឃឹម​ថា​លោក​នាយករដ្ឋមន្ត្រី​ស្តាប់​ដោយ​យកចិត្ត​ទុកដាក់​ហើយ​លោក​ហាក់​ដូច​ជា​យក​ចិត្ត​ទុកដាក់»។

No comments: