May 3, 2021

តុលាការ​កាត់​ទោស​ឧត្ដមសេនីយ៍​ផ្កាយ​២​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ពី​បទ​ល្មើស​បម្រាម​ជួបជុំគ្នា

ឧត្ដមសេនីយ៍​ផ្កាយ​២ លោក អ៊ុក ចាន់ធួក ដែល​ត្រូវ​តុលាការ​កាត់​ទោសករណី​បម្រាបបិទខ្ទប់​រាជធានី​ភ្នំពេញ។  រូប​ពី​ហ្វេសប៊ុក


ដោយ ម៉ៅ សុធានី RFA 2021-05-01
តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឧត្ដមសេនីយ៍​ផ្កាយ​២​ម្នាក់ និង​បក្ខពួក​២​នាក់​ផ្សេងទៀត ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ១​ឆ្នាំ ទៅ​១​ឆ្នាំ​កន្លះ ពី​បទ​ល្មើស​បម្រាប​ជួបជុំគ្នា​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក គុជ គឹមឡុង ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​៣០ ខែ​មេសា ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែមេសា បាន​កាត់ទោស​ឱ្យ​ឧត្ដមសេនីយ៍​ផ្កាយ​២ លោក អ៊ុក ចាន់ធួក ជាប់គុក​១​ឆ្នាំ និង​បក្ខពួក​២​នាក់​ទៀត ឱ្យ​ជាប់គុក​ក្នុង​ម្នាក់ៗ​ចំនួន ១៨​ខែ​។ បន្ថែម​ពី​នេះ តុលាការ​ក៏បាន​ផាកពិន័យ​ជា​ប្រាក់ ក្នុង​ម្នាក់ៗ ចំនួន ២.១៥០​ដុល្លារ​ផង​ដែរ។

នគរបាល​រាជធានី​ភ្នំពេញ​ចាប់​បញ្ជូន​ឧត្ដមសេនីយ៍​ពាក់​ផ្កាយ​២​ម្នាក់ និង​ពលរដ្ឋ ២ នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ភ្លាមៗ ក្រោយ​ដែល​នគរបាល​ខណ្ឌមានជ័យ​បាន​ឃាត់ខ្លួន លោក អ៊ុង ចាន់ធួក និង​មនុស្ស ២ នាក់ ទៀត កាលពី​យប់​ថ្ងៃទី​១៦ ខែមេសា ក្រោយពី​បាន​នាំ​គ្នីគ្នា​ជាច្រើន​នាក់ រៀបចំ​កម្មវិធី​ជួបជុំគ្នា ពិសា​អាហារ ច្រៀង​រាំ និង​លេង​ប៉ាត​ម្សៅ ជាមួយ​អ្នក​ស្នាក់​នៅ​តាម​បន្ទប់​ជួល​។ ការ​បញ្ជូន​ឧត្ដមសេនីយ៍​ពាក់​ផ្កាយ ២​រូប​នេះ​ទៅ​តុលាការ គឺ​ក្រោយ​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខឹង​សម្បារ​ជា​ខ្លាំង ដែល​មន្ត្រីជាន់ខ្ពស់​រូប​នេះ បំពាន​បម្រាប​បិទ​ខ្ទប់​ដែល​លោក​បាន​ដាក់ចេញ​យ៉ាង​តក់ក្រហល់។

កាល​ពី​ថ្ងៃទី១៧ ខែ​មេសា ព្រះមហាក្សត្រ​ក៏បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ដកហូត​ឋានន្តរ​ស័ក​ផ្កាយ​២ និង​បណ្ដេញ​លោក អ៊ុង ចាន់ធួក ដែល​មាន​តួនាទី ជា​អនុប្រធាន​សេនាធិការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចេញពី​ក្របខណ្ឌ តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

No comments: