May 3, 2021

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​សម្រេច​បណ្ដេញ​ជនជាតិ​វៀតណាម​ពីរ​នាក់​ ចេញ​ពី​កម្ពុជា

ជនជាតិ​វៀតណាម​ ២នាក់​ ​ល្មើស​នឹង​បម្រាម​ណែនាំ លួច​គេច​ចេញ​ពី​តំបន់​បិទ​ខ្ទប់​ក្រុង​ព្រះសីហនុ និង​ជនជាតិខ្មែរ​ជា​អ្នក​ឌុប​ម៉ូតូ​ ត្រូវបាន​អាជ្ញាធរ​ឃាត់​ខ្លួន។  រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ


ដោយ ហេង រស្មី RFA 2021-04-30

សមត្ថកិច្ច​ខេត្ត​ព្រះ​សីហនុ​បាន​សម្រេច​បណ្ដេញ​ជនជាតិ​វៀតណាម​ចំនួន​ ២​នាក់​ចេញ​ពី​កម្ពុជា​បន្ទាប់​ពី​បាន​បំពាន​បម្រាម​ធ្វើ​ដំណើរ​របស់​រដ្ឋាភិបាល។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ​ លោក​ ឃាង ភារម្យ​ ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣០ មេសា​ថា អភិបាល​ខេត្ត​លោក​ គួច ចំរើន បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​រៀបចំ​នីតិវិធី​ស្នើសុំ​បណ្ដេញ​ចេញ​ជនជាតិ​វៀតណាម ២នាក់ និង​មិន​អនុញ្ញាត​ឱ្យ​ចូល​ទឹកដី​កម្ពុជា​ជា​រៀង​រហូត ដោយសារ​តែ​ជន​ជាតិ​វៀតណាម​ទាំង ២នាក់​នេះ ផ្គើន​នឹង​បម្រាម​ណែនាំ និង​បាន​លួច​គេច​ចេញ​ពី​តំបន់​បិទ​ខ្ទប់​ក្រុង​ព្រះ​សីហនុ។ ចំណែក​ឯ​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត ដែល​ជា​អ្នក​បើកបរ​ម៉ូតូ​ដឹក​ជន​ជាតិ​វៀតណាម​ទាំង ២នាក់​នេះ សមត្ថកិច្ច​នឹង​កសាង​សំណុំ​រឿង​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ដោយ​គ្មាន​ការ​លើកលែង។

ទាក់​ទិន​នឹង​ជនជាតិ​វៀតណាម​នេះ​ផង​ដែរ អាជ្ញាធរ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី២៩ មេសា បាន​ចាប់​ឃាត់​ខ្លួន​ជន​ជាតិ​វៀតណាម និង​ជន​ជាតិ​ចិន​ចំនួន ១៣០នាក់ ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​ដំណើរ​ឆ្លង​ដែន​ពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រំដែន បាវិត ខេត្ត​ស្វាយរៀង។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ លោក កែវ វណ្ណថន បញ្ជាក់​ថា ចាប់​តាំង​ពី​រដ្ឋាភិបាល​ដាក់​បម្រាម​កាល​ពី​ថ្ងៃ​ទី១៥ មេសា មក​នាយកដ្ឋាន​ជន​បរទេស​បាន​ទទួល​ជន​បរទេស ដែល​ល្មើស​នឹង​បម្រាម​រដ្ឋាភិបាល​ចំនួន ២០នាក់ ក្នុង​នោះ​មាន​ជន​ជាតិ​ចិន ៤នាក់ ជនជាតិ​ឥណ្ឌូណេស៊ី ១៦នាក់ ហើយ​កំពុង​រៀបចំ​នីតិវិធី​បណ្ដេញ​ពី​កម្ពុជា។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​ ជន​បរទេស​ទាំង​នោះ នឹង​បណ្ដេញ​ចេញ​ពី​កម្ពុជា​នៅ​ពេល​ណា​ទេ៕

ជនជាតិ​វៀតណាម​ទាំង ២នាក់​នេះ​ល្មើស​នឹង​បម្រាម​ណែនាំ បាន​លួច​គេច​ចេញ​ពី​តំបន់​បិទ​ខ្ទប់​ក្រុង​ព្រះសីហនុ និង​ជន​ជាតិ​ខ្មែរ​ម្នាក់​ជា​អ្នក​ឌុប​វៀតណាម​ទាំង ២នាក់ ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឃាត់​ខ្លួន។ រូប៖ ហ្វេសប៊ុក​រដ្ឋបាលខេត្តព្រះសីហនុ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១



No comments: