May 30, 2021

អ្នកវិភាគ និង​សង្គម​ស៊ីវិល​សង្ឃឹម​​ថា មន្ត្រីជាន់ខ្ពស់​​អាមេរិក​​នឹង​លើកយក​បញ្ហាសិទ្ធិមនុស្ស​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​

អ្នកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​សហរដ្ឋ​អាមេរិក។  រូប៖ @DeputySecState


ដោយ សេក បណ្ឌិត RFA 2021-05-29

អ្នក​វិភាគ និង​សង្គម​ស៊ីវិល​​លើក​​​ឡើង​​ថា រដ្ឋា​ភិបាល​កម្ពុជា​​គួរ​​បង្ហាញ​​ជំហរ​របស់​ខ្លួន​ឱ្យ​ច្បាស់​លាស់​ជុំវិញ​រឿង​​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ទៅ​កាន់​អនុ​រដ្ឋ​មន្រ្តី​ការ​​បរទេស​​សហរដ្ឋ​អាមេរិកអ្នកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman)  បើ​មិន​​​ដូច្នេះ​​ទេ​​ កម្ពុជា​​អាច​​​នឹង​​​រង​វិធាន​ការ​​​មួយ​ចំនួន​​ទៀត​​ពី​សហរដ្ឋ​​អាមេរិក ដែល​នាំ​ឱ្យ​​កម្ពុជា​​ខាត​​បង់។

អ្នក​ជំនាញ​​វិទ្យា​សាស្រ្ត​​នយោបាយលោក ឯម សុវណ្ណារ៉ា យល់​ថា ​ដំណើរទស្សន​កិច្ច​​របស់​​អនុ​រដ្ឋ​មន្ត្រី​ការ​​បរទេសសហរដ្ឋ​អាមេរិកនេះ ទំនង​ជា​អាមេរិក​ចង់​ដឹង​ពី​ជំហរ​​អព្យាក្រឹត​របស់​​កម្ពុជា​​នៅ​​ចំពោះ​​មុខ​​​ប្រទេស​​លោក​​​សេរី និង​​ប្រទេស​​​ចិន​​​កុម្មុយនីស្ត។

លោក​ជឿ​ថា មន្ត្រី​ជាន់​ខ្ពស់​​ការ​​បរទេស​សហរដ្ឋ​អាមេរិក​​នឹង​​លើក​​ពី​​បញ្ហា​​ប្រជាធិបតេយ្យ និង​​ការ​​គោរព​​សិទ្ធិ​មនុស្ស​យក​​មក​​ជជែក​​ជា​​មួយ​​រដ្ឋា​ភិបាល​​កម្ពុជា ព្រោះ​គោល​​នយោបាយ​​ការ​បរ​ទេស​របស់​​អាមេរិក​​បច្ចុប្បន្ន​នេះ គឺ​​ផ្តោត​​លើការ​ពង្រឹង​​និង​​លើក​ស្ទួយ​​លទ្ធិ​ប្រជា​ធិបតេយ្យ ហើយ​​ករណី​​​កម្ពុជា សហរដ្ឋ​​អាមេរិក​​ចង់​​​បាន​​​ស្ថាន​​​ការណ៍​ដូច​​មុន​​ការ​​បោះ​ឆ្នោត​​ឆ្នាំ​២០១៧៖ «​យន្ត​ការ ដែល​គេ​ហៅ​ថា​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្សដែល​សហរដ្ឋ​អាមេរិក​កំពុង​តែ​ដាក់​ជា​ចំណុច​នៃ​គោល​នយោបាយ​​ការ​បរទេសក្នុង​​អាណត្តិ​របស់​លោក ចូ បៃឌិន ហ្នឹង ពង្រឹ​ងនិង​ជា​​ចលករ​នៃ​ការ​ឱ្យ​មាន​​ការលើក​ស្ទួយ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​​នៅ​​ទូទាំង​​សកល​លោក​​តែ​ម្តង ជា​ចរន្ត​មួយ​គេ​បារម្ភ​​ដែរ សហរដ្ឋ​អាមេរិក​​និង​​សហគមន៍​តែង​តែ​​លើកឡើង​ឱ្យ​ភាគីកម្ពុជា​​ងាក​មក​រក្សា​ជំហរ»។ 

ស្រដៀង​គ្នា​នេះ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត យល់​ថា មន្ត្រី​ជាន់​ខ្ព​ស់​​​សហរដ្ឋ​អាមេរិក​​នឹង​​និយាយ​អំពី​​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជា​ធិបតេយ្យ ដូច​ជា​​គោល​ការណ៍​បោះឆ្នោត​​ដោយ​​សេរី ត្រឹមត្រូវ និងយុត្តិ​ធម៌ រួម​ទាំង​​បញ្ហា​គណបក្ស​​នយោបាយ​​ជា​ដើម ជាមួយ​​​រដ្ឋា​ភិបាល​​​កម្ពុជា។ លោក​ថា រដ្ឋា​ភិបាល​​កម្ពុជា​​គួរ​​ពិនិត្យ​​ពិចារណា​ផង​ដែរ​​ជុំ​វិ​ញ​​​សំណើ​​​របស់​​​សហរដ្ឋ​​អាមេរិក​ ដើម្បី​ឱ្យ​​កម្ពុជា​បន្ត​​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ទូទៅ ឬ GSP ពីសហរដ្ឋ​មេរិក ដើម្បី​ផល​ប្រយោជន៍​ផ្សេង​ទៀត​សម្រាប់​ប្រជា​ពលរដ្ឋ៖ «ចង់​ឃើញ​នូវ​ប្រទេស​កម្ពុជា​​ដែល​ដើរ​ស្រប​តាម​គន្លង​លទ្ធិប្រជា​ធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ ទី​មួយ​ដែល​ខ្ញុំ​គិត ហើយ​ទីពីរ​ សហរដ្ឋ​អាមេរិក​ក៏​និយាយ​ទ្វេភាគី​ជា​មួយ​កម្ពុជា​ពី​រឿង​នយោ​បាយការបរទេស​ផ្សេង​ទៀត​ដែល​អាច​នឹង​ពាក់​ព័ន្ធ»។ 

រីឯ​មន្ត្រី​ជាន់​ខ្ពស់ និង​​ជា​កូន​ស្រី​របស់​​ប្រធាន​គណបក្ស​សង្គ្រោះជាតិលោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា វិញសង្ឃឹម​ថា អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​នឹង​លើក​ឡើង​ទៅ​កាន់​​របប​ក្រុង​​ភ្នំពេញ​​អំពី​ភាព​ចាំបាច់​​នៃ​​ការគោរព​សិទ្ធិ​របស់​​ពលរដ្ឋ​​ក្នុង​​ការ​​ជ្រើស​​រើស​មេ​ដឹក​នាំ​ដែល​​​ខ្លួន​​ពេញ​ចិត្ត ដូច​ដែល​​មាន​​ចែង​ក្នុង​​រដ្ឋ​ធម្មនុញ្ញ។ កញ្ញា​​គូស​​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​​ធ្វីត​ធ័រ​ថា សិទ្ធិ​នេះ​​ត្រូវ​បាន​របប​ក្រុង​​ភ្នំពេញ​​​ដក​ហូត​យក​​ពី​​ពលរដ្ឋ​​ពាក់​​កណ្តាល​ប្រទេស​កាល​​ពី​​ឆ្នាំ​២០១៧ ពេល​​ដែល​​​គណបក្ស​​​សង្គ្រោះជាតិ​​ត្រូវ​​បាន​​រំលាយ ហើយ​​លោក កឹម សុខា ត្រូវ​បាន​​ចាប់​​ខ្លួន និង​​បំបិទ​​សិទ្ធិ​​ធ្វើ​នយោ​បាយ។

អនុ​រដ្ឋ​មន្ត្រី​ការបរ​ទេស​សហរដ្ឋ​អាមេរិកអ្នកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) នឹង​បំពេញ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ចំនួ​ន៥ នៅ​ក្នុង​​ទ្វីប​អឺរ៉ុប និង​អាស៊ី​អាគ្នេយ៍ ដែល​​ក្នុង​នោះ​ក៏​រួម​មាន​​ទាំង​​កម្ពុជា​​ផង​ដែរ ចាប់​ពី​ថ្ងៃ​ទី​២៥ ខែឧសភា ដល់​ថ្ងៃ​ទី​៤ មិថុនា។  សេចក្តី​ប្រកាស​​ព័ត៌​មាន​​របស់​​ក្រសួង​​ការបរ​ទេស​​អាមេរិក​កាល​​​​ពី​​សប្តាហ៍​មុន​ឱ្យ​ដឹង​ថា ក្នុង​ដំណើរ​​ទស្សន​កិច្ច​​របស់​​​អ្នក​ស្រី​​​មក​​​កាន់​​​តំបន់​​អាស៊ី​អាគ្នេយ៍ អ្នក​ស្រី​នឹង​​បញ្ជាក់​អំពី​ការ​​ប្តេជ្ញា​ចិត្ត​របស់​​សហរដ្ឋ​អាមេរិក​​ចំពោះ​អព្យា​ក្រឹត​របស់​​​អាស៊ាន និង​​ពិភាក្សា​​​អំពី​​បញ្ហា​​នានា​ ទាំងបញ្ហា​​​​ទ្វេ​ភាគី​​ជាមួយ​​​សហរដ្ឋ​អាមេរិក និង​​​បញ្ហា​ក្នុង​​​តំបន់ រួម​​ទាំង​​ករណី​​នៅ​​ប្រទេស​​ភូមា​​ផង​ដែរ។ ដោយ​​ឡែក​​​នៅ​​កម្ពុជា​​​វិញ អ្នក​ស្រី​​​នឹង​​​មាន​​​ជំនួប​​​មួយចំនួន​ ប៉ុន្តែ​​ក្រសួង​​​ការ​បរ​ទេស​​​អាមេរិក​​​មិន​​​បាន​​​ទម្លា​យ​​​ឱ្យ​ដឹង​​ថា តើ​​អ្នក​ស្រី​​​នឹង​​ជួប​​​ឥស្សរជន​​​នយោ​បាយ​​ណា​​​ខ្លះ ហើយ​​​និង​​​លើក​​​យក​​​បញ្ហា​​អ្វី​​ទៅ​​ជជែក​ជាមួយ​​​មន្ត្រី​រដ្ឋា​ភិបាល​​កម្ពុជា​​​នោះ​ទេ។ ស្ថាន​ទូត​​​សហរដ្ឋ​​អាមេរិក​​​ប្រចាំ​កម្ពុជា ក៏​​សុំ​មិន​​​ធ្វើ​​អត្ថា​ធិប្បាយ​​​រឿង​​នេះ​​ដែរ។

អាស៊ីសេរី​​​មិន​​​អាច​​​ទាក់​ទង​​ប្រធាន​​​អង្គភាព​​​អ្នក​​នាំ​ពាក្យ​​​រដ្ឋា​ភិបាលលោក ផៃ ស៊ីផាន និង​​​អ្នក​​​នាំ​​​ពាក្យ​​​​ក្រសួង​ការបរទេសលោក កុយ គួង​ ដើម្បី​សាក​សួរ​​​អំពីដំណើរ​​​ទស្សន​កិច្ច​​របស់​​អនុ​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​សហរដ្ឋ​អាមេរិកអ្នកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) បាន​​ទេ នៅ​​ថ្ងៃ​​ទី២៩ ខែឧសភា​ ដោយ​​​​ទូរ​ស័ព្ទ​​ចូល​​​​ពុំ​​មាន​​​​អ្នក​​​​ទទួល។ ប៉ុន្តែ​លោក កុយ គួង បាន​​ប្រាប់​​​ប្រព័ន្ធ​ឃោសនា​​របបក្រុង​​ភ្នំពេញ​​ថា អ្នកស្រី​​​នឹង​​​ជួប​​​ពិភាក្សា​ជាមួយ​​លោក​​នាយក​រដ្ឋ​​មន្ត្រី ហ៊ុន សែន និង​​​រដ្ឋ​មន្ត្រី​​ក្រសួង​​ការបរ​ទេស​​កម្ពុជាលោក ប្រាក់ សុខុន នៅ​ថ្ងៃទី១ ខែមិថុនា ដើម្បី​ពិភាក្សា​​​អំពី​ការ​​​ពង្រឹង​​​ទំនាក់​​ទំនង​​ទ្វេភាគី​​​រវាង​​​ប្រទេស​​​ទាំង​ពីរ។

ទំនាក់​​ទំនង​​កម្ពុជា​​និង​​សហរដ្ឋ​​អាមេរិក មាន​​ភាព​​​រកាំរកូស​​​ច្រើន​​ក្នុង​​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​​​នេះ បន្ទាប់​​ពី​​​កម្ពុជា​​​ក្រោម​​ការ​​ដឹកនាំ​​របស់​​​លោក ហ៊ុន សែន បាន​​បង្ហាញ​​​ជំហរ​​​លម្អៀង​​ខ្លាំង​​​ទៅ​រក​​​ប្រទេស​ចិន​​​កុម្មុយនីស្ត។ ម្យ៉ាង​​វិញ​ទៀត របប​ក្រុង​ភ្នំពេញ​បាន​​​គាស់​​រំលើង​​គ្រឹះ​ប្រជាធិបតេយ្យ​​នៅ​​កម្ពុជា តាម​​យៈការ​​​រំលាយ​​បក្ស​​​សង្គ្រោះជាតិ​ ដែល​​ជា​​បក្ស​​​ប្រឆាំង​​​ធំ​ជាង​គេ​​នៅ​​កម្ពុជា  ព្រម​ទាំង​បិទ​​​សិទ្ធិ​​ធ្វើ​​នយោ​បាយ​​របស់​​​មន្ត្រី​បក្ស​​ប្រឆាំង​​​ចំនួន​​​១១៨ នាក់​ថែម​​​ទៀត។ កាន់​​តែ​​​ធ្ងន់ធ្ងរ​​ជាង​​នេះ​​ទៀត​​នោះ គឺ​​លោក​ ហ៊ុន សែន ខ្លួន​​​ឯង​​​ផ្ទាល់ បាន​​ចោទ​​ប្រកាន់​​​ជា​​ចំហរ ដោយ​​​មិន​​បង្ហាញ​ភស្តុតាង​​ថា សហរដ្ឋ​​អាមេរិក​​​ជា​​អ្នក​​នៅ​​​ពី​ក្រោយ​​​ខ្នង​​​នៃ​​​អ្វី​​ដែល​​លោក​​​ហៅ​ថា ជា​ផែន​​ការ​​​បដិវត្តន៍​​ពណ៌​​​របស់​​លោក កឹម សុខា។

សហរដ្ឋ​​អាមេរិក​​​តាម​​រយៈ​មន្ត្រី​ទូត​​​នៅ​​​ភ្នំពេញ តែង​ច្រាន​​ចោល​​​ការ​​ចោទ​​ប្រកាន់​​​គ្មាន​​មូល​ដ្ឋាន​​​របស់​​​លោក ហ៊ុន សែន និង​​មន្ត្រី​​រដ្ឋា​ភិបាល​​​កម្ពុជា។ ជាងនេះ​ទៅ​​ទៀត សហរដ្ឋ​អាមេរិក​​​ក្នុង​​នាម​​​ជា​​​ប្រទេស​​ហត្ថ​លេខី​នៃ​​​កិច្ច​​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​​​ប៉ារីស និង​​​​ជា​​​ប្រទេស​​​​ប្រជា​ធិបតេយ្យ​គំរូ បាន​​​ដាស់​តឿន​​​របប​លោក ហ៊ុន សែន ម្តង​​ហើយ​​​ម្តង​​ទៀត​​ឱ្យ​​ស្តារ​ស្ថាន​ការណ៍​​​សិទ្ធិ​មនុស្ស និង​​ប្រជា​ធិបតេយ្យ​ឡើង​​វិញ។

នាយក​​រង​​ទទួល​​​បន្ទុក​​កិច្ច​ការ​​តំបន់​​អាស៊ី​នៃ​អង្គការ​​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បាន​​សរសេរ​នៅ​​លើ​​បណ្តាញ​​សង្គម​​ធ្វីតធ័រ (Twitter)ថា ជា​រឿងសំខាន់​​ខ្លាំង​​ណាស់​​​ដែល​​អនុរដ្ឋ​មន្ត្រី​ការ​បរ​ទេស​​​សហរដ្ឋ​​អាមេរិកអ្នកស្រី វិនឌី ហ្សឺម៉ាន់ (Wendy R.Sherman) ត្រូវ​និយាយ​​​ឱ្យ​​បាន​​​ម៉ឺងម៉ាត់​​​​អំពី​​បញ្ហា​​សិទ្ធិមនុស្ស និង​​ការ​​បំផ្លាញ​​​ប្រជា​ធិបតេយ្យ​​ប្រព្រឹត្ត​​ដោយ​​​​រដ្ឋា​ភិបាល​​​លោក ហ៊ុន សែន។ លោក​​សង្កត់​ធ្ងន់​ថា ដល់​​ពេល​​ហើយ​​​ដែល​​​សហរដ្ឋ​​អាមេរិក​​​ត្រូវ​​និយាយ​​​ដោយ​​​បើក​​​ចំហរ និង​​​ម៉ឺង​ម៉ាត់​ ដើម្បី​​បុព្វ​ហេតុ​​សិទ្ធិ​​មនុស្ស៕

No comments: