May 3, 2021

សាច់​ញាតិ​និង​​សង្គម​ស៊ីវិល​បន្ត​​យុទ្ធនាការ​​​​ទាមទារ​​​​​ឲ្យ​​ដោះលែង​​អ្នក​​ជាប់​​ឃុំ​​ពាក់ព័ន្ធ​រឿង​​សង្គម​និង​​នយោបាយ​

សាច់​ញាតិ​និង​​សង្គម​ស៊ីវិល​បន្ត​​យុទ្ធនាការ​​​​ទាមទារ​​​​​ឲ្យ​​ដោះលែង​​អ្នក​​ជាប់​​ឃុំ​​ពាក់ព័ន្ធ​រឿង​​សង្គម​និង​​នយោបាយ​។  រូប៖ គេ​ផ្ដល់​ឱ្យ


ដោយ មាន ឫទ្ធិ RFA 2021-05-02

សាច់​ញាតិ និង​​អ្នក​ជិត​ស្និត​ជាមួយ​អ្នក​​កំពុង​​ជាប់​ឃុំ​ទាំង​នោះ​នាំ​គ្នា​​បង្ហោះ​សារ​​តាម​ហ្វេសប៊ុក​​រាប់​​ចំនួន​​ថ្ងៃ​ដែល​​ពួកគេ​​ត្រូវ​​ជាប់​ឃុំ និង​ការ​​ទាមទារ​​ឲ្យ​ដោះលែង​ ដោយ​​ឥត​​លក្ខខណ្ឌ។

កូន​ប្រុស​​របស់​​សមាជិក​​​ក្រុម​ប្រឹក្សា​​ជាប់​ឆ្នោត​ខេត្ត​​កំពង់ធំ​​លោក ស៊ុន ធន់ គឺលោក ធន់ ធានី ឲ្យ​ដឹង​ថា គ្រួសារ​របស់​លោក​តែងតែ​​នាំ​គ្នា​បង្ហោះ​សារ​អំពាវនាវ​​ឲ្យ​ដោះ​​លែង​​អ្នក​ជាប់​ឃុំ​​ ពាក់ព័ន្ធ​រឿង​នយោបាយ​​ទាំង​អស់​។ លោក​អះអាង​ថា ខាង​គ្រួសារ​អ្នក​ជាប់​ឃុំ​មិន​អាច​ចេញ​​តវ៉ា​បាន​​ទេ ចាប់​តាំង​ពី​មាន​​វិបត្តិ​ជំងឺ​កូវីដ​១៩ ឆ្លង​​ខ្លាំង​​មក​។ តែ​យ៉ាង​ណា ខាង​គ្រួសារ នឹង​បន្ត​ការ​តវ៉ា​ទៀត នៅ​ក្រោយ​ពេល​ជំងឺ​នេះថមថយ ដើម្បី​​ទាមទារ​ឲ្យ​ដោះលែង​លោក ស៊ុន ធន់ និង​អ្នក​​ជាប់​ឃុំ​ពាក់ព័ន្ធ​រឿង​​នយោបាយ​ផ្សេង​ទៀត៖ ​«ស្នើ​ឲ្យ​ខាង​មន្ត្រី​រដ្ឋាភិបាល ឬ​​ក៏​មន្ត្រី​តុលាការ​ហ្នឹង ធ្វើការ​ដោះលែង ហើយ​លុប​ចោល​ការ​ចោទ​ប្រកាន់។ ឲ្យ​គាត់​មាន​សេរីភាព​ បាន​នៅ​ខាង​ក្រៅ​មក ព្រោះ​ទី​១ អាយុ​ច្រើន​ៗ​ ចាស់​អស់​ហើយ ហើយ​បញ្ហា​សេដ្ឋកិច្ច​យើង​ក៏​យ៉ាប់​ដែរ»។​​

ចំណែក​ គ្រួសារ​របស់​​សកម្មជន​សង្គម​ និង បរិស្ថាន ដែល​​កំពុង​ជាប់​ឃុំ ក៏​នៅ​តែ​រក្សា​ជំហរ​ទាមទារ​​ឲ្យ​ដោះលែង​យុវជន​ទាំង​អស់​ដែរ។ ប្រពន្ធ​​របស់​សកម្មជន​បរិស្ថាន​លោក ថុន រដ្ឋា គឺ​ លោកស្រី ប៉ាត់ រស្មី ឲ្យ​ដឹង​ថា លោកស្រី មិន​សូវ​បាន​បង្ហោះ​សារ​ ទាមទារ​ដោះលែង​ប្ដី និង​សកម្មជន​ផ្សេង​ទៀត​ទេ ព្រោះ​ជាប់​រវល់​មើល​ថែ​កូន​តូច។ តែ​យ៉ាង​ណា លោក​ស្រីរំពឹង​ថា មន្ត្រី​តុលាការ នឹង​ដោះលែង​ប្ដី​របស់​លោកស្រី និង​សកម្មជន​សង្គម​ផ្សេង​ទៀតឲ្យ​ទទួល​បាន​យុត្តិធម៌​ឡើងវិញ៖ «ខ្ញុំ​មាន​តែ​ស្នើសុំ​ឲ្យ​ខាង​តុលាការ​ហ្នឹង ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទៅ ព្រោះ​អ្វី ប្ដី​ខ្ញុំ អត់​បាន​ធ្វើ​កំហុស​អ្វី​ផង។ គាត់​អត់​បាន​ប្រព្រឹត្តិ​អ្វី​ ដូច​តុលាការ​ ចោទ​ប្រកាន់​គាត់ ហើយ​សម​រដូវ​កូវីដ​ផង គួរ​តែ​ដោះលែង​គាត់​ទៅ។ គាត់​នៅ​ក្នុង​នោះ តាំង​ពី​កូវីដ​មក ហើយ​ការ​ហូប​ចុក​អ្វី អត់​បាន​គ្រប់គ្រាន់​ទេ»។

(ឆ្វេង) អ្នកនាង ប៉ាត រស្មី ភរិយាយុវជនបរិស្ថានលោក ថុន រដ្ឋា។


ជុំវិញ​ការ​បង្ហោះ​សារ​ និង​ការ​បន្ត​ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំពាក់ព័ន្ធ​​​នយោបាយ និង​សង្គម​នេះ អាស៊ី​​សេរី​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី​០២ ខែឧសភានេះ។

បន្ថែម​ពី​នេះ សាច់​ញាតិ​ អះអាង​ថា ពួកគេ មិន​​បាន​ដឹង​ពី​សុខ​ទុក្ខ​របស់​អ្នក​ជាប់​ឃុំនោះទេ ​ចាប់​តាំង​ពី​អាជ្ញាធរ​លែង​ឲ្យ​ពួកគាត់ចូល​សួរ​សុខ​ទុក្ខ​ ក្រោយផ្ទុះ​ជំងឹ​កូវីដ​ក្នុងសហគមន៍ជាលើកទី៣។

អ្នក​នាំ​ពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារលោក នុត សាវនា ប្រាប់​អាស៊ី​សេរីថា ស្ថានភាព​ជា​ទូទៅតាម​ពន្ធនាគារ​ទាំង​អស់ គឺមាន​សភាព​ធម្មតា​​​។ មន្ត្រី​នាំ​ពាក្យ​រូប​នេះឲ្យ​ដឹង​​ទៀត​ថា ​អាជ្ញាធរ​ពន្ធនាគារ បាន​ផ្អាក​​គម្រោង​ដាក់​ទូរស័ព្ទ ​ឲ្យ​អ្នក​ជាប់​ឃុំ​ អាច​ទូរស័ព្ទ​ជួប​សាច់​ញាតិ​ហើយ ដោយសារមន្ត្រីកំពុង​ជាប់​រវល់​ខ្លាំង ​ពី​ការ​យក​​ចិត្ត​ទុកដាក់​​ចំពោះ​បញ្ហា​សុខភាព​អ្នក​ជាប់​ឃុំ ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូវីដ​១៩ នេះ​៖ «កិច្ចការ​ហ្នឹង ខ្ញុំ​ប្រាប់​ហើយ​ថា ខាង​យើង​កំពុង​តែ​គិត​ ហើយ​បញ្ហា​សំខាន់​ គឺ​ការ​ទប់​ស្កាត់​កូវីដ​ឯ​នោះ​ទេ ព្រោះ​ឥឡូវ វា​កំពុង​រាលដាល​ឆ្លង​ខ្លាំង​​។ ម្នាក់ៗ គេ​កំពុង​តែ​មាន​វិធានការ​ គេ​កំពុង​តែ​អនុវត្ត​តាម​គោលការណ៍​​ណែនាំ​ផ្សេងៗ ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់ ហើយ​បើ​គិត​រឿង​ការ​ងារ​​​ហ្នឹង​ មួយ​ទៀត វា​ពិបាក​រឿង​រែកពុន​ដែរ​។ ក្នុង​ពេល​នេះ យើង​អត់​ទាន់​មាន​អ្វី​ប្រែប្រួល​ទេ»។​​

ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​ខក​ចិត្ត​ចំពោះ​ការ​​ផ្ដាច់​ទំនាក់​ទំនង​អ្នក​ជាប់​ឃុំ ​មិន​ឲ្យ​បាន​ជួប​​ក្រុម​គ្រួសារ​ទាំង​ស្រុង​បែប​នេះ។ ​​​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​កម្ពុជាអ្នកស្រី អ៊ុក ឆាយាវី អះអាង​​ថា ស្ថានភាព​នេះ សាច់​ញាតិ និង​អ្នក​ជិត​ស្និត ចង់​ដឹង​ពី​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ខ្លាំង​ណាស់។ សង្គម​ស៊ីវិល​រូប​នេះ នៅ​តែ​ទាមទារ​ឲ្យ​ តុលាការ​ដោះលែង​សកម្មជន​ព្រំដែន លោក រ៉ុង ឈុន និង​ ​អ្នក​ជាប់​ឃុំ ពាក់ព័ន្ធ​​​​រឿង​នយោបាយ និង​សង្គម ​ឲ្យ​មាន​សេរីភាព​ឡើងវិញ៖ «ស្ថានភាព​កូវីដ​បែប​នេះ គួរ​តែ​ឲ្យ​ពួក​យើង​ដឹង​សុខទុក្ខ​ អាច​ទំនាក់ទំនង​បាន​តាម​របៀប​ណា ដែល​អាច​ទាក់ទង​បាន។ ជា​ពិសេស​ទៀត ក៏​សុំ​ឲ្យ​រាជរដ្ឋាភិបាល ​គួរ​តែ​ដោះលែង​ពួកគាត់​​ទាំង​អស់​នោះ​ទៅ ព្រោះ​ទោះ​បី​ជា​លែង​ឲ្យ​ពួកគាត់​ នៅ​ក្រៅ​ឃុំ ក៏​ដូច​តែ​ជាប់​ឃុំ​ដែរ ព្រោះ​នៅ​តែ​ក្នុង​ផ្ទះ​អ៊ីចឹង​ណា។ គួរ​តែ​ដោះលែង​ឲ្យ​ពួកគាត់ មាន​សេរីភាព​»។

ចាប់​តាំង​ពី​ឆ្នាំ​២០២០​មក​ ចៅក្រម​​​បាន​​ចោទ​ប្រកាន់​​ ​និង​បញ្ជា​ឲ្យ​ឃុំ​ខ្លួន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​និង​សកម្មជន​សង្គមជាង​ចិត​សិប (៧០)នាក់​ហើយ ​ដោយ​​ភាគច្រើន​ចោទ​​ពួក​គេ​​ ពីបទ​ថា ​រួមគំនិត​ក្បត់​ជាតិ​ និង​​ញុះញង់​។ សកម្មជន​​ខ្លះ ត្រូវ​​ជាប់​​ក្នុង​ពន្ធនាគារ​ ជាង​មួយ​ឆ្នាំ​ហើយ ប៉ុន្តែ​ តុលាការមិនទាន់​រក​ឃើញ​កំហុស​របស់​ពួក​គេ​​នៅ​ឡើយ​ទេ។ ជាមួយ​គ្នា​នេះ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស និងសហគមន៍​​​អន្តរជាតិ ​ចាត់​ទុក​​ការ​បង្ក្រាប​សកម្មជន​ទាំង​អស់​​នេះ​ ថាជា​រឿង​នយោបាយ និងទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ ផ្ដល់​សេរីភាព​ និង​ត្រូវ​ដោះលែង​ ​សកម្មជន​ទាំង​អស់​នោះ ដោយ​គ្មាន​លក្ខខណ្ឌ​៕​

No comments: