April 4, 2021

មន្ត្រី​សិទ្ធិមនុស្ស​មិន​រំពឹង​ថា វិធីសាស្ត្រ​បែប​ត្រជាក់​របស់​មន្ត្រី​UN​ថ្មី​អាច​ផ្លាស់ប្ដូរ​ឥរិយាបថ​រដ្ឋាភិបាល​មក​គោរព​សិទ្ធិមនុស្ស

លោក វិទិត ម៉ុនតារប៊ន (Vitit MUNTARBHORN) នឹង​ក្លាយ​ទៅ​ជា​អ្នករាយការណ៍​ពិសេស ឬ​អ្នកស៊ើប​អង្កេត​ពិសេស ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា របស់​អង្គការ​សហប្រជាជាតិ។  Photo courtesy of United Nations Free & Equal


ដោយ មាន ឫទ្ធិ RFA 2021-04-03

មន្ត្រី​សិទ្ធិមនុស្ស​មិន​រំពឹង​ថា វិធីសាស្ត្រ​បែប​ត្រជាក់​របស់​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា អាច​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​រដ្ឋាភិបាល​ឲ្យ​ងាក​មក​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​បាន​នោះ​ទេ​។ ពួកគេ យល់​ថា អ្នករាយការណ៍​ពិសេស​គួរ​ប្រើ​ប្រាស់​ទាំង​វិធីសាស្ត្រ​ក្តៅ និង​ត្រជាក់ និង​ចេះ​បត់បែន​តាម​កាលៈទេសៈ ទើប​អាច​អនុវត្ត​ការងារ​នៅ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​បាន។

វិធីសាស្ត្រ​បែប​ត្រជាក់​នេះ ត្រូវ​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការសហប្រជាជាតិ លោក វីទិត ម៉ុនតារប៊ន (Vitit Muntarbhorn) គូសបញ្ជាក់​នៅ​ពេលដែល​លោក​ដាក់​ពាក្យសុំ​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដើម្បី​ឈរឈ្មោះ​ជា​អ្នករាយការណ៍​ពិសេស​ថ្មី​នៅ​កម្ពុជា បន្ត​អាណត្តិ​ពី​អ្នកស្រី រ៉ូ​ណា ស្មីត (Rhona Smith)​។ នៅក្នុង​លិខិតបញ្ជាក់​គោលជំហរ​នោះ កាលណោះ លោក វីទិត ម៉ុនតារប៊ន សរសេរ​ថា លោក​មាន​ផែនការ​ជួយ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដោយ​ផ្តោត​លើ​បញ្ហា​អាទិភាព​ចំនួន ៨ ដោយ​ផ្អែកលើ​វិធីសាស្ត្រ​បែប​រិះគន់​ស្ថាបនា គោរព​គ្នា​ទៅវិញទៅមក ដែល​លោក​ហៅថា មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ និង​ធ្វើឡើង​ព្រមៗ​គ្នា។

បើទោះបីជា នៅ​ពេល​នេះ លោក​នៅ​មិន​ទាន់​ចូល​បំពេញការងារ​ផ្លូវការ​ជា​អ្នករាយការណ៍​ពិសេស​ថ្មី​ក៏ដោយ មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក មើល​ឃើញ​ថា វិធីសាស្ត្រ​បែប​ត្រជាក់​នេះ ក្នុង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​បែបនេះ អាច​នឹង​មិន​មាន​ប្រសិទ្ធភាព ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ ស្រប​ពេល​ដែល​រដ្ឋាភិបាល និង​អាជ្ញាធរ​រដ្ឋាភិបាល​ខ្លួនឯង​ជា​អ្នក​រំលោភ​សិទ្ធិមនុស្ស។

អ្នកជំនាញ​សិទ្ធិ​ការងារ និង​នាយក​អង្គការ​សង់ត្រាល់ (CENTRAL) លោក មឿន តុលា និយាយ​ថា លោក​មិន​រំពឹង​ថា អ្នករាយការណ៍​ពិសេស​ថ្មី​ដែល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ទើបនឹង​តែងតាំង​រូប​នេះ អាច​នឹង​ដោះស្រាយ​បញ្ហា​វិបត្តិ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​នោះ​ទេ ប្រសិនបើ​លោក​ជ្រើស​រើស​យក​វិធី​ទន់ភ្លន់​ពេក ដើម្បី​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​។ លោក​ថា ការ​រក្សា​ទំនាក់​ទំនងជា​រឿង​មួយ ក៏ប៉ុន្តែ អ្នករាយការណ៍​ពិសេស​ត្រូវ​ថ្លឹងថ្លែង​បញ្ហា​នេះ ជាមួយនឹង​ស្ថានភាព​ពិត​នៃ​ការរំលោភ​សិទ្ធិមនុស្ស ហើយ​ហ៊ាន​ឆ្លុះបញ្ចាំង​ពី​ការពិត​អស់​ទាំង​នោះ នៅក្នុង​របាយការណ៍​របស់​ខ្លួន​៖ «​ខ្ញុំ​មិន​រំពឹង​ថា គាត់​មក​ដោះ​បាន​ទាំងស្រុង​ទេ ក៏ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​គាត់​ឈរ​លើ​ការពិត ឈរ​លើ​វិជ្ជាជីវៈ​របស់​គាត់​ក្នុង​អាណត្តិ​ជា​អ្នករាយការណ៍​ពិសេស​ហ្នឹង ហើយ​រាយការណ៍​នូវ​ព័ត៌មាន​ដែល​កើតមាន​ជាក់ស្តែង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ហ្នឹង។ រឿង​ទំនាក់ទំនង​គឺជា​រឿង​មួយ​ដែល​គាត់​ក៏​ត្រូវ​ថ្លឹងថ្លែង​ដែរ​។ ក៏ប៉ុន្តែ បើសិនជា​ដើម្បី​រក្សា​ទំនាក់ទំនង ហើយ​របាយការណ៍​មិន​បង្ហាញ​ពី​ការពិត អាហ្នឹង​ក៏​វា​អត់​មាន​អាច​ដោះ​អី​បាន​ដែរ»។

លោក មឿន តុលា បន្ត​ថា ប្រសិនបើ​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​រូប​នោះ ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ជាក់ស្តែង នោះ អ្នករាយការណ៍​ពិសេស​រូប​នោះ ទំនង​ជា​នឹង​ពិបាក​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ខាង​រដ្ឋាភិបាល​៖ «​នៅ​ជំនាន់​លោក​បណ្ឌិត ឬ​សាស្ត្រាចារ្យ សូរិយា ស៊ូបេឌី គឺ​លោក​ព្យាយាម​ធ្វើ​ទន់​ណាស់ កាលពី​ជំនាន់​ហ្នឹង។ លោក​ព្យាយាម​ធ្វើ​ទន់​មែនទែន​។ ប៉ុន្តែ ធម្មតា​ទេ ការ​ទន់​ដើម្បី​ឲ្យ​បាន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ បើសិនជា បើកាលណា​កាន់តែ​ទន់​ហើយ​ដើរ​ឆ្ងាយ​ចេញពី​វិជ្ជាជីវៈ​របស់​គាត់ ដើរ​ឆ្ងាយ​ពី​ការពិត នោះ​វា​អាច​រក្សា​ទំនាក់ទំនង។ ប៉ុន្តែ បើសិនជា​គាត់​ឈរ​លើ​ការពិត ហើយ​គាត់​សរសេរ​របាយការណ៍​របស់​គាត់​ផ្អែក​ទៅ​លើ​ការពិត ដែល​គាត់​មើលឃើញ​ជាក់ស្តែង អាហ្នឹង​គឺ​ប្រាកដ​ណាស់​ត្រូវតែ​មាន​ទំនាក់ទំនង​មិនល្អ​ជាមួយនឹង​ខាង​រដ្ឋាភិបាល​ហើយ»។

រីឯ នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត លោក​មើលឃើញ​ថា ផ្អែក​តាម​ព័ត៌មាន និង​បទពិសោធន៍​ការងារ​កន្លងមក លោក​ដឹងថា អ្នករាយការណ៍​ពិសេស​ថ្មី លោក វីទិត ម៉ុនតារប៊ន ចូលចិត្ត​ធ្វើការ​ងារ​តាមរបៀប​ត្រជាក់ ដូចជា តាមរយៈ​កិច្ច​សន្ទនា ការរិះគន់​បែប​ស្ថាបនា និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការចរចា ឬ​ជួប​ជជែក​គ្នា​ជាដើម​។ ក៏ប៉ុន្តែ លោក​ថា ការប្រើប្រាស់​វិធីសាស្ត្រ​បែបនេះ ពេលខ្លះ​អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​៖ «យើង​ឃើញថា ស្ទីល​របស់​អ្នករាយការណ៍​ពិសេស​ថ្មី​នេះ វា​ហាក់បីដូចជា​ប្លែក​ពី​គេ​បន្តិច ដោយ​គាត់​យក ឬ​ប្រកាន់​នូវ​គោលការណ៍​នៃ​ការ​ដោះស្រាយ​ដោយ​ការសន្ទនា ការ​ចរចា ការ​ជជែក និង​ការរិះគន់​ស្ថាបនា​ទៅវិញទៅមក​។ ប៉ុន្តែ បើសិនជា​ខ្ញុំ​មើល​នៅ​កម្ពុជា​យើង នេះ​គាត់​អត់​ទាន់​ចូលកាន់​ការងារ​ទេ ក៏ប៉ុន្តែ យើង​ឃើញ​ឃើញថា ស្ទីល​នៃ​យុទ្ធសាស្ត្រ​ក្នុង​ការ​ដោះស្រាយ ឬក៏​យន្តការ​នៃ​ការ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហាក់ដូចជា​ប្លែក​ពី​អ្នករាយការណ៍​ពិសេស​មុនៗ​ទៀត​។ យើង​ឃើញ​ហើយ​ថា នៅ​កម្ពុជា​យើង ជួនកាល​បញ្ហា​រឿង​ចរចា រឿង​សន្ទនា​គ្នា វា​អាច​មាន​ប្រសិទ្ធភាព ប៉ុន្តែ ពេលខ្លះ​ក៏​ទាមទារ​ឲ្យ​មានការ​ប្រើ​វិធាន​រិះគន់ ឬក៏​វិធានការ​នៃ​ការ​ក្តៅ​ដែរ ដើម្បី​ឲ្យ​មានការ​កែ​លម្អ»។

លោក អំ សំអាត ចង់​ឃើញ​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការសហប្រជាជាតិ​រូប​នេះ អនុវត្ត​តាម​គោលការណ៍​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ និង​ប្រើប្រាស់​យុទ្ធវិធី​តាម​កាលៈទេសៈ ទើប​អាច​ចូលរួម​ចំណែក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កែប្រែ​ឥរិយាបថ ងាក​មក​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​៖ «​ខ្ញុំ​គិតថា​យន្តការ​ដែល​ធ្វើ​បាន​គឺ​ការអនុវត្ត​ទៅតាម​គោលការណ៍​នៃ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ហើយនិង​យន្តការ ឬក៏​យុទ្ធវិធី​ដែល​ទៅតាម​កាលៈទេសៈ តាមរយៈ​នៃ​កិច្ចចរចា ឬក៏​តាមរយៈ​ការប្រើប្រាស់​សមត្ថភាព​របស់​គាត់​ដែល​លើកឡើង​អំពី​បញ្ហា​នៃ​បទដ្ឋាន​សិទ្ធិមនុស្ស​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​កម្ពុជា​យើង​អាច​នឹង​មាន​ការ​កែប្រែ​ទៅជា​ការគោរព​សិទ្ធិមនុស្ស»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​លោក វីទិត ម៉ុនតារប៊ន ដើម្បី​សម្ភាស​លោក​ជុំវិញ​ទស្សនៈ និង​វិធីសាស្ត្រ​របស់​លោក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក៏ប៉ុន្តែ លោក​បដិសេធ​សុំ​មិន​ទាន់​និយាយ​ក្នុងពេលដែល​លោក​ពុំ​ទាន់​ចូល​បំពេញការងារ​នេះ​ជា​ផ្លូវការ​នៅ​ឡើយ​។ លោក​នឹង​ចូល​បំពេញ​ការងារ​ផ្លូវការ​ក្រោម​អាណត្តិ​ជា​អ្នករាយការណ៍​ពិសេស​បន្តវេន​ពី​អ្នកស្រី រ៉ូណា ស្មីត ចាប់ពី​ថ្ងៃទី១ ខែ​ក្រោយ​តទៅ។

យ៉ាងណា ផ្អែក​តាម​ពាក្យ​សុំ និង​លិខិតបញ្ជាក់​គោលជំហរ​ដែល​លោក​បាន​ដាក់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ដើម្បី​ឈរឈ្មោះ​ជា​អ្នករាយការណ៍​ពិសេស​ថ្មី​នៅ​កម្ពុជា លោក វីទិត ម៉ុនតារប៊ន សរសេរ​ថា លោក​មាន​ផែនការ​ផ្តោត​លើ​គោលដៅ​អាទិភាព​ចំនួន ៨​ចំណុច ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ លោក​ថា លោក​នឹង​បំពេញការងារ​របស់​លោក​ដោយ​ផ្អែកលើ​វិធីសាស្ត្រ​បែប​ស្ថាបនា គោរព​គ្នា​ទៅវិញទៅមក​ប្រកបដោយ​គោលការណ៍​ត្រឹមត្រូវ​។ លោក​ថា លោក​នឹង​អនុវត្ត​វិធីសាស្ត្រ​នេះ ជា​លក្ខណៈ​យុទ្ធសាស្ត្រ​ធ្វើឡើង​ព្រមៗ​គ្នា​ក្នុង​​ពេល​តែមួយ​។ លោក វីទិត ម៉ុនតារប៊ន សរសេរ​បញ្ជាក់​បន្ត​ថា ចំណុច​អាទិភាព​ទាំង​៨ ដែល​លោក​នឹង​ផ្ដោត​ក្នុង​ពេល​បំពេញការងារ​នៅ​កម្ពុជា​នោះ​រួមមាន បញ្ហា​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ-១៩ និង​ការ​រឹតត្បិត​សិទ្ធិមនុស្ស បញ្ហា​លំហ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បញ្ហា​តុល្យភាព​អំណាច​នៃ​ស្ថាប័នរដ្ឋ និង​ភាព​ចាំបាច់​តម្រូវ​ឲ្យ​មាន​នូវ​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​ឯករាជ្យ និង​មានការ​ចូលរួម​ចម្រុះ ព្រមទាំង​លំហ​សង្គម​ស៊ីវិល ជាដើម​។ ក្រៅពីនោះ លោក​ក៏​នឹង​ពិនិត្យមើល​បញ្ហា​ភាព​ងាយ​រងគ្រោះ ពី​សំណាក់​ក្រុម​មនុស្ស​ផ្សេងៗ ដូចជា ស្ត្រី កុមារ ជនជាតិភាគតិច ជនជាតិ​ដើម អ្នកជា​ឃុំ បញ្ហា​សិទ្ធិ​ដីធ្លី បរិស្ថាន និង​ការ​អភិរក្ស​ធនធានធម្មជាតិ ជាដើម​។ លោក​សង្ឃឹមថា អាណត្តិ​របស់​លោក​នឹង​ធ្វើ​ឲ្យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ សន្តិភាព និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នឹង​ចាក់គ្រឹះ​កាន់តែ​រឹងមាំ​ក្នុង​សង្គម​កម្ពុជា។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​គូស​បញ្ជាក់​ថា កម្ពុជា​សង្ឃឹម​ថា អ្នករាយការណ៍​ពិសេស​ថ្មី​នេះ នឹង​បំពេញ​ការងារ​ស្របតាម​ក្រមសីលធម៌ និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ​សម្រាប់​នីតិវិធី​ពិសេស បាន​យ៉ាង​ខ្ជាប់ខ្ជួន និង​ថា​កម្ពុជា​នឹង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អ្នករាយការណ៍​ពិសេស​ថ្មី លោក​សាស្ត្រាចារ្យ វីទិត ម៉ុនតារប៊ន។ ក៏ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ក៏​មិន​ភ្លេច​ក្រើន​រំឭក​លោក វីទិត ម៉ុនតារប៊ន ឲ្យ​យល់​ពី​សារសំខាន់​នៃ​ការ​បំពេញ​ការងារ​ផ្អែកលើ​អ្វីមួយ​ដែល​លោក​ហៅថា «​ការពិត ព័ត៌មាន​គួរ​ឲ្យ​ទុក​ចិត្ត​បាន​» ដែល​ទទួល​បាន​មក​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ គួរ​ឲ្យ​ទុក​ចិត្ត​បាន និង​ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​ថ្មី ត្រូវ​គោរព​តាមច្បាប់​កម្ពុជា និង​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ។

យ៉ាងណា ជារឿយៗ នៅ​សឹងតែ​គ្រប់​អាណត្តិ ភាព​រកាំរកូស​រវាង​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា តែងតែ​កើតមាន​ឡើងជា​ហូរហែ​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​។ មាន​ពេល​ខ្លះ រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថែមទាំង​ចង់​បណ្ដេញ​ចេញ មិន​ស្វាគមន៍​អ្នករាយការណ៍​ពិសេស​ទាំងនោះ ដោយ​ហៅ​ពួកគេ​ថា​ជា «​អ្នក​ទេសចរណ៍​តាម​រដូវ​កាល» ឬក៏​ថែមទាំង​ឈាន​ទៅ​គំរាម​បិទ​ចោល​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ឲ្យ​លែង​មាន​ស្រមោល​នៅ​កម្ពុជា​ទៀត​ផង​។ ភាព​រកាំរកូស​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នេះ កើតមានឡើង​ដោយសារតែ​អាជ្ញាធរ​រដ្ឋាភិបាល​ជា​អ្នក​រំលោភ​សិទ្ធិមនុស្ស ហើយ​ព្យាយាម​បិទបាំង​ការពិត​ទាំងនេះ​ជាមួយ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​នៅ​គ្រប់​អាណត្តិ​។ ជាក់ស្តែង ទាំង​សហរដ្ឋអាមេរិក ទាំង​សហភាព​អឺរ៉ុប និង​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​មុនៗ សុទ្ធតែ​រក​ឃើញ​ថា មានការ​រំលោភ​សិទ្ធិមនុស្ស​គួរ​ឲ្យ​កត់សម្គាល់​នៅ​កម្ពុជា​។ គឺ​ដោយសារ​ការ​រក​ឃើញថា កម្ពុជា​មានការ​រំលោភ​សិទ្ធិមនុស្ស «​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​» នេះ​ហើយ ទើប​បាន​ជា​គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា​។ បច្ចុប្បន្ន សភា​អឺរ៉ុប កំពុង​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​អឺរ៉ុប​ដាក់ទណ្ឌកម្ម​ជាក់លាក់​មក​លើ​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​យោធា​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​រម្លាយ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ទាំង​នេះ៕

No comments: