April 29, 2021

មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​គ្រួសារ​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​បុរស​ម្នាក់​រិះ​គន់​ជំងឺ​កូវីដ១៩ តាម​បណ្ដាញ​សង្គម ទីក តុក (Tik Tok)

​លោក ភឹម ផាយផាត់ (កណ្ដាល) ​ត្រូវ​បាន​​នគរបាលខេត្ត​កំពង់ឆ្នាំង​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០២១ បន្ទាប់​ពី​លោក​ផ្សាយ​បន្ត​ឃ្លីប​វីដេអូ​របស់​លោក ហ៊ុន សែន នៅ​ក្នុង​បណ្ដាញ​សង្គម ទីក តុក (Tik Tok)។  រូប៖ ហ្វេសប៊ុកការិយាល័យផ្សព្វផ្សាយអប់រំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង


ដោយ ហេង រស្មី RFA 2021-04-28

មន្ត្រី​សង្គម​ស៊ីវិល​ និង​ក្រុម​គ្រួសារ​អំពាវនាវ​ឱ្យ​តុលាការ​ដោះ​លែង លោក ភឹម ផាយផាត់ ឱ្យ​មាន​សេរីភាព​វិញ​ក្រោយ​ពី​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ពី​បទ​ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​ចលាចល​ក្នុង​សង្គម​ ក្រោយ​ពី​បាន​បង្ហោះ​សារ​សំឡេង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ តាម​បណ្ដាញ​សង្គម ទីក តុក (Tik Tok)។

មន្ត្រី​សង្គម​ស៊ីវិល​ និង​ក្រុម​គ្រួសារ​ ស្នើសុំ​ឱ្យ​តុលាការ​ពិចារណា ដោះ​លែង​លោក ភឹម ផាយផាត់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​លោក​ផ្សាយ​បន្ត​ឃ្លីប​វីដេអូ​របស់​លោក ហ៊ុន សែន នៅ​ក្នុង​បណ្ដាញ​សង្គម ទីក តុក (Tik Tok)។

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា តុលាការ​គួរ​ពិចារណា​ឱ្យ​ល្អិតល្អន់​មុន​សម្រេច​ចោទ​ប្រកាន់ និង​ចាប់​មនុស្ស​ដាក់គុក៖ «បើ​យើង​ស្អី​ក៏​វឹកវរ​ដល់​សង្គមៗ យើង​ឃើញ​ថា​ ពលរដ្ឋ​គេ​ នឹង​លែង​ហ៊ាន​បញ្ចេញ​មតិ​យោបល់​ អំពី​ភាព​ខ្វះ​ចន្លោះ​ ខ្វះខាត​ ដែល​អាជ្ញាធរ​ ឬ​ ក៏​សមត្ថកិច្ច​ នៅ​ថ្នាក់​ក្រោម​ បាន​អនុវត្ត​។​ នេះ​ហើយ​ធ្វើ​ឱ្យ​អន់​ថយ​ដល់​សង្គម​វិញ​ទេ»។

សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ទៀត​ក្រោយ​ពី​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ ទីក តុក (Tik Tok) ដោយ​សមត្ថកិច្ច​ចោទ​ថា បាន​កាត់​ត​វីដេអូ​ ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ថា ខ្លឹម​សារ​នៃ​ការ​បង្ហោះ​នោះ មាន​អត្ថន័យ​យ៉ាង​ណា​នោះ​ទេ។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​លោក​ ឆាយ គឹមខឿន បញ្ជាក់​ថា លោក ភឹម ផាយផាត់ អាយុ ៣៩ឆ្នាំ រស់​នៅ​ស្រុក រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ ក្រោយ​ពី​បាន​យក​សារ​សំឡេង​របស់​លោក ហ៊ុន សែន ដោយ​ភ្ជាប់​ជា​មួយ​ការ​អត្ថាធិប្បាយ​បន្ថែម ខុស​ពី​ការ​ពិត ហើយ​តុលាការ​បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ នៅ​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង៖ «ចាប់​ខ្លួន​គាត់​ពី​បទ​កាត់​ត​ សំឡេង​ថ្នាក់​ដឹក​នាំ​ ហើយ​បង្ក​ឱ្យ​មាន​ភាព​ញុះញង់​ បង្ក​ឱ្យ​មាន​ភាព​ចលាចល​ក្នុង​សង្គម។ ឥឡូវ​នេះ​តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​ដីកា​សម្រេច​ឃុំ​ខ្លួន​ហើយ»។

នៅ​ក្នុង​បណ្ដាញ​សង្គម ទីក តុក (Tik Tok) របស់​លោក ភឹម ផាយផាត់ ដោយ​ប្រើ​គណនី​ឈ្មោះ «មនុស្ស​ល្អ​គឺ​បង» បាន​ផ្សាយ​បន្ត​ឃ្លីប​វីដេអូ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន ថ្លែង នៅ​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត ព្រីនស៍ម៉ាណ័រ ( Prinmanor Center) ដែល​ស្ថិត​នៅ​ឃុំ​ដី​ឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី៦ ខែតុលា ឆ្នាំ២០២០។ ខ្លឹមសារ​ក្នុង​វីដេអូ​នោះ លោក ហ៊ុន សែន បាន​សន្យា​ជា​ឱឡារិក​ថា​ រដ្ឋាភិបាល​នឹង​បន្ត​ផ្ដល់​ជំនួយ​ឧបត្ថម្ភ ជា​ថវិកា​ដល់​ជន​ក្រីក្រ កម្មករ​រោងចក្រ និង​វិស័យ​ទេសចរណ៍​រាប់​លាន​នាក់ រហូត​ដល់​ចុង​ឆ្នាំ៖ «ខ្ញុំ​សូម​ប្រកាស​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជ្រាប រាជរដ្ឋាភិបាល នឹង​បន្ត​ក្នុង​រយៈ​ពេល ៣ខែ​ត​ទៅ​ទៀត។ អ្នក​ដែល​បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​ដែល​គ្រួសារ​ក្រីក្រ ប្រមាណ ៦០ម៉ឺន​គ្រួសារ ជា​មួយ​នឹង​មនុស្ស​ជិត ៣លាន​នាក់​ រាជរដ្ឋាភិបាល​នឹង​បន្ត​ជំនួយ​ឧបត្ថម្ភ​ នេះ​ រហូត​ទៅ​ដល់​ខែ​ធ្នូ ដែល​ជា​ជុំ​ទី៦ នៃ​អន្តរាគមន៍»។

ទោះ​ជា​បាន​សន្យា​បែប​នេះ​ក្ដី តាម​ការ​ជាក់​ស្ដែង​វិញ រដ្ឋាភិបាល លោក​ហ៊ុន សែន មិនបាន បំពេញ តាម​ការ​ប្ដេជ្ញា​ទាំង​អស់​នោះ​ទេ។ ប៉ុន្តែ សមត្ថកិច្ច​ប៉ូលិស​បាន​ចោទ​លោក ភឹម ផាយផាត់ ថា​បាន​កែច្នៃ និង​ប្រឌិត​វីដេអូ​នោះ​ទៅ​វិញ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ម្ដាយ​បង្កើត​​លោក​ ភឹម ផាយ​ផាត់​​ គឺ​លោក​ស្រី​ កែវ ភើ​ ប្រាប់​អាស៊ីសេរី​ថា​ កូន​លោក​ស្រី​មិន​បាន​ដឹង​ថា​ ការ​បង្ហោះ​នោះ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ទេ​ ដោយសារ​តែ​កូន​លោក​ស្រី​ជា​អ្នក​ប្រកប​មុខ​របរ​ ជាង​ជួសជុល កង់ និង​ម៉ូតូ នៅ​តាម​ចិញ្ចើម​ថ្នល់។ លោក​ស្រី​ស្នើ​ដល់​តុលាការ​ឱ្យ​ដោះ​លែង​កូន​លោក​ស្រី​ឱ្យ​មាន​សេរីភាព​វិញ៖ «ដោយ​មូលហេតុ​កូន ហ្នឹង​មិន​ជា​ខុស​ប៉ុន្មាន ដោយ​សារ​កូន​វា​បាន​ឆែក​មើល​ហើយ​ពាក្យ​សំដី​ហ្នឹង វា​អត់​ធ្ងន់ធ្ងរ​ប៉ុន្មាន​ដែរ​ ហើយ​ដល់​គេ​ចាប់​ គេ​ចង​អីចឹង​ទៅ សង្គម​ហ្នឹង​ទៅ​ជា​យ៉ាង​ណា?​ គ្រាន់​តែ​ពាក្យ​ប៉ុន្មាន​ម៉ាត់​សោះ​ បែរ​ជា​ឱ្យ​គ្នា​ខុស»។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន​ ពន្យល់​ថា កន្លង​មក​សមត្ថកិច្ច​ធ្លាប់​អោយ​ធ្វើ​កិច្ច​សន្យា​ដើម្បី​បញ្ឈប់​ការ​រិះគន់​ទាំង​ឡាយ​មក​លើ​រដ្ឋាភិបាល តែ​មិន​មាន​ប្រសិទ្ធភាព ទើប​សមត្ថកិច្ច​តម្រូវ​ឱ្យ​អនុវត្ត​ច្បាប់ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​ក្នុង​សង្គម៖ «ដូច្នេះ​សង្គម​ស៊ីវិល​គួរ​តែ​យក​ទិស​មួយ​ផ្សេង​ទៅ​វិញ ជា​ជាង​មក​ដាក់​កំហុស​លើ​រដ្ឋាភិបាល​ ដែល​អនុវត្ត​ច្បាប់​ និង​ការ​ទទួល​ខុស​ត្រូវ​រក្សា​សណ្ដាប់ធ្នាប់​សង្គម ហើយ​ថ្នាក់ថ្នម​សភាពការណ៍​ក្នុង​សម័យ​កូវីដ១៩។ គួរ​តែ​អ្នក​ទាំង​អស់​ហ្នឹង​នាំ​គ្នា​ចូល​រួម​ពន្យល់ ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ស្ដាប់​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​ព្រោះ​នេះ​ជា​ផល​ប្រយោជន៍​ទាំង​អស់​គ្នា​ទេ»។

អនុប្រធាន​​អង្គការ​លីកាដូ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ លោក​ អំ សំអាត​ មានប្រសាសន៍ថា ក្នុង​អំឡុង​ពេល​បញ្ហា​កូវីដ១៩ កំពុង​រីក​រាលដាល​ និង​វិធានការណ៍​របស់​រដ្ឋាភិបាល​កំពុង​បិទ​ខ្ទប់​ការ​ធ្វើ​ដំណើរ​នេះ អ្នក​រិះគន់​តាម​បណ្ដាញ​សង្គម​ជា​ច្រើន​ត្រូវ​ចាប់​ខ្លួន​ ដែល​គូរ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ៕

No comments: