April 23, 2021

មន្ត្រី​សង្គម​ស៊ីវិល​សាទរ​​ចំណាត់ការ​​របស់​រ​ដ្ឋាភិបាល​សហការ​ជាមួយ​ហាង​លក់​ទំនិញ​ធំៗ​​លក់​គ្រឿង​​ឧបភោគ​​បរិភោគ​​តាម​អនឡាញ​​ (Online) នៅ​តំបន់​ក្រហម​

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ​នៅ​កម្ពុជា លោក យង់ គិមអេង។  រូប៖ RFA and comfrel.org


ដោយ អាស៊ីសេរី RFA 2021-04-21

មន្ត្រីសង្គម​ស៊ីវិល​សាទរ ចំណាត់​ការ​របស់​រដ្ឋាភិបាល​ដែល​សហការ​ជាមួយ​ហាងលក់​ទំនិញ​ធំៗ ដើម្បី​លក់​គ្រឿង​ឧបភោគ​​បរិភោគ​តាម​អនឡាញ​ (Online) ​ដល់​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​តំបន់​ក្រហម និងតំបន់​បិទខ្ទប់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្ល​ង​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១៩។

នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍន៍​និង​សន្តិភាព​លោក យង់ គឹមអេង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា លោក​គាំទ្រ​ចំណាត់ការ​នេះ ​ក៏​ប៉ុន្តែ​ លោក​ថា ​រដ្ឋាភិបាល​ត្រូវ​គិតគូរ​ជួយ​ដល់​បុគ្គលិក​និង​កម្មករ ដែល​នៅ​មិន​ទាន់​បាន​បើក​ប្រាក់​ខែ​នៅ​ឡើយ ព្រោះ​ពួកគេ​គ្មាន​ប្រាក់ទៅ​ទិញ​ស្បៀង​អាហារ​នោះ​ទេ៖ «​ជាទូទៅ​ បើដាក់​លក់​ក្នុង​តម្លៃថោក​ សមរម្យ​ ជាការ​ល្អហើយ។​ ប៉ុន្តែ​ខ្ញុំ​បារម្ភ​ដែរ ឥឡូវ​នេះ​ស្ថាប័ន​មួយ​ចំនួន​ដែល​ចង់​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​​ថា​តើ​នឹង​សម្រួល​យ៉ាង​ម៉េច​ ដើម្បី​បើក​ប្រាក់​ខែ យក​លុយ​ទៅ​ទិញ​ស្បៀង។ យុទ្ធសាស្ត្រ​នេះ​សំខាន់​ណាស់​ព្រោះ​ហាង​ធំៗ គេ​មាន​មធ្យោបាយ​គ្រប់គ្រាន់​ក្នុង​ការ​ដឹក​ទំនិញ»។

ការលើក​ឡើងរ​បស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ក្រោយ​ពេល​ដែល​ក្រសួង​​ពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមេសា​នេះ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​ការ​បើក​ទីផ្សារ​អនឡាញ​ សម្រាប់​​លក់​​គ្រឿង​​ឧបភោគ​​បរិភោគ​​ចាំបាច់​ ដើម្បី​​បំពេញ​​តម្រូវ​​ការ​​របស់​​ប្រជាជន​​ក្នុង​​អំឡុង​​ពេល​​បិទ​​ខ្ទប់​​ទីក្រុង​​ភ្នំពេញ និង​​ក្រុង​​តាខ្មៅ ដោយ​ដឹក​ឲ្យដល់​ផ្ទះ ចាប់​ពីថ្ងៃ​ពុធ​នេះ​ត​ទៅ។

​កាលពី​ថ្ងៃទី២០​ ខែមេសា រដ្ឋលេខាធិការ និង​ជា​​នាំ​ពាក្យ​​ក្រសួង​​ពាណិជ្ជកម្ម​លោក ស៊ាង ថៃ បានជួ​ប​ពិភាក្សា​ជាមួយ​ម្ចាស់​និង​តំណាង​ផ្សារទំនើប​ចំនួន៧​ ដើម្បី​ចូល​រួម​សហការ​ជាមួយ​ក្រសួង ក្នុង​ការ​ដាក់​​លក់​​ទំនិញ​​របស់​​ខ្លួន​​ក្នុ​ង​​វេបសាយ​​របស់​​ក្រសួង​​ពាណិជ្ជកម្ម ឬ​​សហការ​​ដឹក​​ជញ្ជូន​​ទំនិញ​​ជូន​​ប្រជាពលរដ្ឋ​ដែល​​ស្ថិត​​នៅ​​ក្នុង​​តំបន់​​បិទ​ខ្ទប់ និង​​តំបន់​ក្រហម។

ក្រសួង​ពាណិជ្ជកម្មឲ្យដឹង​ថា គេហទំព័រ​សំរាប់​ទិញ​ស្បៀង​អាហារនោះ ​មានឈ្មោះ ​shop.moc.gov.kh ឬ ​តាម QR code។

បន្ថែ​ម​ពីនេះ ​ក្រសួង​ពាណិជ្ជកម្ម នៅថ្ងៃពុធនេះ​ដែរ ក៏​​បាន​​ដំឡើង​​ស្តង់​លក់​​គ្រឿង​​ឧបភោគ​​បរិភោគ​​ចាំបាច់​​មួយ​ចំនួន​​នៅ​​តំបន់​​ក្រហម​នេះ​ដែរ ដើម្បី​​សម្រួល​​ដល់​​ប្រជាពលរដ្ឋ​​ទទួល​​បាន​​ម្ហូប​អាហារ​​ចាំបាច់​មួយចំនួន។ ទីតាំងលក់​ក្នុង​តំបន់​​ក្រហម​​ទាំង ៧ ទីតាំង​នោះ ​រួមមាន​ នៅ​ក្នុង​​ខណ្ឌ​ចំនួន ៣ គឺ ​ខណ្ឌ​មានជ័យ ខណ្ឌ​ពោធិ៍សែនជ័យ និង​​ខណ្ឌ​ទួលគោក។ ក្រសួង​បន្ត​ថា ប្រជាពលរដ្ឋ អាច​​ទាក់ទង​​តាម​​អាជ្ញាធរ​មូលដ្ឋាន ពិសេស​​ក្រុម​​ល្បាត ប្រជាការពារ​​ដែល​​នៅ​​ជិតៗ​​ផ្ទះ​ ដើម្បី​​សុំ​​ឲ្យ​​ជួយ​​សម្របសម្រួល​​ដល់​​ការ​​ទិញ និង​ជញ្ជូន​​ដាក់​​ឲ្យ​​ដល់​ផ្ទះ។

ក្រសួង​ពាណិជ្ជកម្ម​ ​បន្តថា មាន​​បរិមាណ​ទំនិញ​គ្រប់គ្រាន់​ ​សម្រាប់​ផ្គត់ផ្គង់​​​ក្នុ​ង​​តំបន់​​ក្រហមនិងបិទខ្ទប់ ក្នុងនោះ ​រួមមាន​អង្ករ ទឹកត្រី ទឹក​ស៊ីអ៊ីវ ត្រីខ​កំប៉ុង និង​មី ជាដើម៕

No comments: