April 23, 2021

អ្នក​ឆ្លង​កូវីដ-១៩ ក្នុង​សហគមន៍ កើន​ដល់​ជាង ៨​ពាន់​នាក់ និង​ស្លាប់​៦១​នាក់

សកម្មភាព​ធ្វើតេស្ត​រក​អ្នក​កើត​ជំងឺ​កូវីដ១៩ នា​ពេល​កន្លង​ទៅ។  រូប​ពី​ហ្វេសប៊ុក


ដោយ យន់ សាមៀន RFA 2021-04-23

ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍ បាន​កើន​ឡើង​ដល់​ជាង ៨ ពាន់​នាក់ (៨.៣០១) ហើយ បន្ទាប់ពី​ក្រសួងសុខាភិបាល​រក​ឃើញ​ករណី​ឆ្លង​ទ្រង់ទ្រាយ​ធំ​ជាង ៦ រយ​នាក់ (៦៥៤)​បន្ថែម​ទៀត នៅ​ថ្ងៃទី​២២ មេសា។

អ្នក​ឆ្លង​ថ្មី​ទាំង​ជាង ៦ រយ​នាក់​នោះ មាន​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ កណ្តាល កំពង់ចាម និង​ខេត្ត​មួយ​ចំនួន​ទៀត​។ ប៉ុន្តែ​រាជធានី​ភ្នំពេញ​មាន​អ្នក​ឆ្លង​ច្រើន​ជាងគេ គឺ​ជាង ៥ រយ​នាក់ (៥២២)​។​

ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ដដែល​នេះ មាន​អ្នកជំងឺ​០២ នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​។ ករណី​ស្លាប់​ថ្មី​ពីរ​នាក់​នេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ដល់ ៦១​នាក់​ហើយ។

ទាក់ទង​នឹង​ករណី​ជាសះស្បើយ​វិញ ក្រសួងសុខាភិបាល​ឱ្យដឹង​ថា មាន​អ្នក​ជំងឺ​ជាង ២​រយ​នាក់ (២២៤) បានជា​សះស្បើយ ដោយ​ពួកគាត់​គឺជា​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៣ មេសា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជិត ៩ ពាន់​នាក់ (៨.៨៤៨)​។ ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ជាង ៣​ពាន់​នាក់ (៣.១៤៨) និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជាង ៥​ពាន់ ៦​រយ​នាក់ (៥.៦៣៣)៕

No comments: