April 29, 2021

តុលាការ​​ចេញ​​ដីកា​​​ចាប់​ខ្លួន​លោក សម រង្ស៊ី ​ក្រោយ​​​​​ពេល​​លោក​​អំពាវនាវ​​ឲ្យ​​ពលរដ្ឋ​ចេញ​​​មក​​ប្រកប​របរ​​រក​ស៊ី​តាម​​​ធម្មតា​​ឡើង​​​វិញ​

លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ រូប៖ ហ្វេសប៊ុក


ដោយ សុជីវី RFA 2021-04-28

តុលាការ​​​ក្រុង​​ភ្នំពេញ​ចេញ​​ដីកា​​​​បង្គាប់​​ឲ្យ​​ចាប់​​ខ្លួនលោក សម រង្ស៊ី ប្រធាន​​ស្ដីទី​​គណ​បក្ស​​សង្គ្រោះ​ជាតិ​ ពី​បទ​​រារាំង​​​ការ​​អនុវត្ត​​វិធានការ និង​​បទ​​ញុះញង់​​បង្ក​​ឱ្យ​​មាន​​ភាព​​វឹកវរ​​ធ្ងន់ធ្ងរ​​ដល់​​សន្តិសុខ​​សង្គម ពាក់ព័ន្ធ​នឹង​​​​ការ​អំពាវនាវ​​ឲ្យ​​ពលរដ្ឋចេញ​​​មក​​ប្រកប​របរ​រកស៊ីតាម​​ធម្មតា​​ឡើង​​​វិញ។

ចៅក្រម​ស៊ើបសួរ​សាលា​​ដំបូង​​រាជធានី​ភ្នំពេញ​លោក ពេជ្រ វិជ្ជាធរ ចេញ​​ដីកា​​បង្គាប់​​នៅ​​ថ្ងៃ​ទី​២៨ ខែមេសា ឲ្យ​​សមត្ថកិច្ច​ស្រាវជ្រាវ​​ចាប់​ខ្លួន​លោក សម រង្ស៊ី បញ្ជូន​​ទៅ​​តុលាការ និង​​បង្គាប់​​ឲ្យ​​ខាង​​ពន្ធនាគារ​​ត្រូវ​​នាំ​ខ្លួន​លោក សម រង្ស៊ី ទៅ​​​បង្ហាញ​​ចៅក្រម​​ស៊ើបសួរ​ក្នុង​រយៈ​ពេល​​ខ្លី​​បំផុត។

ដីកា​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ក្រោយ​​ពេល​លោក សម រង្ស៊ី បាន​ថ្លែង​​តាម​​ហ្វេសប៊ុក (Facebook) ជា​បន្តបន្ទាប់ ដោយរិះគន់​​វិធានការ​​បិទ​ខ្ទប់​​រាជធានី​ភ្នំពេញ និង​​ក្រុង​​តាខ្មៅ​​ដែល​ដាក់​​ចេញ​ដោយ​របបលោក ហ៊ុន សែន។ លោកបានអំពាវនាវ​ឲ្យ​​ពលរដ្ឋ​ណាត់​​គ្នា​ចេញ​​ប្រកប​មុខ​របរ​​រកស៊ី​ឡើង​វិញ ​ព្រោះ​​ប្រសិន​​បើ​​ពលរដ្ឋ​​នាំ​​គ្នា​​អនុវត្ត​​​​បម្រាម​​បិទ​​ខ្ទប់​​​ត​ទៅ​ទៀត នឹង​​ប្រឈម​​​ការ​ស្លាប់​ ដោយសារ​​គ្មាន​​អាហារ​​បរិភោគ។ លោក សម រង្ស៊ី ក៏​​បាន​​រិះគន់​​​ ចំណាត់​ការ​​​ហិង្សា​​របស់​​អាជ្ញាធរ​​របប​​ក្រុង​​ភ្នំ​ពេញ​ក្នុង​ការ​​​បិទ​ខ្ទប់ ហើយ​​ដេញ​វាយ​ពល​រដ្ឋ​​​ទុក​​ឲ្យពលរដ្ឋ​ស៊ូ​ទ្រាំ​​ភាព​​អត់​ឃ្លាន​​នៅ​​តាម​​ផ្ទះ​ដែរ។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​​​ក្រសួង​យុត្តិធម៌លោក គឹម សន្តិភាព អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ថ្ងៃ​ទី​២៨ ខែមេសា​​ថា ការ​អំពាវនាវ​របស់លោក សម រង្ស៊ី នេះ គឺ​ជា​ការ​ប្រឆាំង​នឹង​ច្បាប់​៖ «សូម​អំពាវនាវ​ដល់​បង​ប្អូន​ទាំង​អស់​ មេត្តា​ចូល​រួម​រាជ​រដ្ឋាភិបាល កុំ​ជឿ​តាម​របស់​ឧក្រិដ្ឋជន​ ដែល​ជា​អ្នក​ញៀន​ក្នុង​ប្រព្រឹត្ត​បទ​ល្មើស​គ្មាន​ខ្លាច​រអា​គ្រប់​បទ​ល្មើស​ទាំងអស់​កន្លង​មក។ សូម​បង​ប្អូន​រក្សា​ភាព​ស្ងប់ស្ងៀម​ អនុវត្ត​នូវ​រាល់​វិធានការ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចូល​រួម ដើម្បី​ភាព​សុខសាន្ត​របស់​បង​ប្អូន។ ដើម្បី​យើង​ឈាន​ទៅ​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​ក្នុង​រយៈពេល​ខ្លី​ ហើយ​បង​ប្អូន​នឹង​បាន​វិល​ត្រឡប់​ទៅ​នៅ​ក្នុង​ជីវភាព​ធម្មតា »។

បច្ចុប្បន្ន លោក សម រង្ស៊ី កំពុង​រស់​នៅ​ប្រទេស​បារាំង ខណៈតុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​លោក ហ៊ុន សែន បាន​កាត់​ទោស​ និង​បញ្ជា​ឱ្យ​តាម​ចាប់ខ្លួន​លោក​ជាច្រើន​ករណី។ លោក សម រង្ស៊ី ធ្លាប់​លើក​ឡើងថា ក្នុងរយៈពេល ​២០ ឆ្នាំ​កន្លងទៅនេះ តុលាការ​បាន​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ ៤៧ ឆ្នាំ បើ​បូក​សរុប​សាលក្រម​ទាំងអស់ ក្នុងឋានៈលោកជាមេដឹកនាំបក្ស​ប្រឆាំង។ លោកបាន​គូស​បញ្ជាក់ថា លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វីឡើយ ប៉ុន្តែ​ទោស​ទណ្ឌទាំងនេះ កើត​ឡើង​ដោយសារ​​តែលោក​បាន​ផ្តល់​សំឡេង​ការពារ​ជន​រងគ្រោះរាប់លាន​នាក់ ប្រឆាំង​នឹងភាពអយុត្តិធម៌នៅគ្រប់ទីកន្លែង ក្រោម​របបដឹកនាំ​ដ៏​ពុក​រលួយ ផ្តាច់ការ និង​អមនុស្សធម៌របស់​លោក ហ៊ុន សែន​៕​

No comments: