April 29, 2021

ក្រុម​គ្រួសារ​សកម្មជន​បក្សប្រឆាំង​ស្នើ​សុំ​អាជ្ញាធរ​​ឱ្យ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ ​ជុំវិញ​ការ​ចាប់ខ្លួន​សមាជិក​គ្រួសារ​របស់​ពួកគេ​ម្នាក់

លោក ម៉ៅ សារិទ្ធ ​ជាសកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​ជា​អតីត​អ្នក​បើក​រថយន្ត​ឱ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ម្នាក់​ទៀត លោក សាន សាង។ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល កាល​ពី​រសៀល​ថ្ងៃ​ទី១១ ខែ​មេសា ឆ្នាំ២០២១។  រូប៖ ហ្វេសប៊ុកលោក អ៊ុំ សំអាន


ដោយ សេក បណ្ឌិត RFA 2021-04-28

ក្រុម​គ្រួសារ​សកម្មជន​គណបក្ស​ប្រឆាំង​ស្នើ​ឱ្យ​អាជ្ញាធរ​ផ្តល់​ព័ត៌មាន​ជាក់លាក់ ជុំវិញ​ការ​ចាប់ខ្លួន​សមាជិក​គ្រួសារ​របស់​ពួកគេ​ម្នាក់​ដើម្បី​ឱ្យ​ពួកគេ​ងាយស្រួល​ស្វែងរក​ការ​ជួយជ្រោមជ្រែង​ផ្នែក​ច្បាប់​ពី​មន្ត្រី​សង្គម​ស៊ីវិល និង​មេធាវី។ ពួក​គេ​ស្នើសុំ​ដូច្នេះ គឺ​ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​កណ្ដាល​បាន​ចាប់ខ្លួន​សកម្មជន​គណបក្សប្រឆាំង​ម្នាក់ គឺ​លោក ម៉ៅ សារិទ្ធ ដោយ​មិនបាន​ផ្តល់​ដំណឹង​ច្បាស់លាស់​ទៅ​ក្រុម​គ្រួសារ។

កូនស្រី​លោក ម៉ៅ សារិទ្ធ កញ្ញា ម៉ៅ គឹមស្រីលាង ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៨ មេសា​ថា ក្នុង​ពេល​អាជ្ញាធរ​ចាប់ខ្លួន​ឪពុក​នាង​បាន​ទូរស័ព្ទ​ប្រាប់​ក្រុម​គ្រួសារ​តែ​ម្ដង​គត់ នៅ​វេលា​ម៉ោង​ជិត ២រសៀល​កាល​ពី​ថ្ងៃ​ទី១១ មេសា។ ជាង​នេះ​ទៀត នៅ​ថ្ងៃ​បន្ទាប់​ពី​មាន​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ទូរស័ព្ទ​ប្រាប់​ក្រុម​គ្រួសារ​របស់​នាង​យ៉ាង​ខ្លី​ថា​ ​សមត្ថកិច្ច​បាន​បញ្ជូន​លោក​ ​ម៉ៅ​ ​សារិន ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នាគា​រ​ខេត្ត​កណ្ដាល​ហើយ​រួច​ក៏​ផ្ដាច់​ទូរស័ព្ទ​ទៅ​វិញ៖ «គេ​ចាប់​ខ្លួន​គាត់​នៅ​ថ្ងៃ​ទី១១ គាត់​ប្រាប់​ខ្ញុំ​ថា​ ​លាង​គេ​ចាប់​ប៉ា​ហើយ​ ​នៅ​ប៉ុស្តិ៍​ទឹកខ្មៅ​ ​ហើយ​ខ្ញុំ​ក៏​សួរ​គាត់​ថា​ ​មូលហេតុ​អី​ប៉ា​? ​គាត់​ថា អត់​ដឹង​ទេ? មក​សិន​មក​ ​ហើយ​ខ្ញុំ​ក៏​ជិះ​ដល់​ប៉ុស្តិ៍​ហ្នឹងហើយ​ ​ក៏​ទាក់ទង​គាត់​អត់​ចូល​រហូត​ ​មកដល់​ថ្ងៃ​ហ្នឹង​បង។ ខ្ញុំ​ចង់​ឱ្យ​គេ​រក​យុត្តិធម៌​ ឱ្យ​ប៉ា​ខ្ញុំ​អ៊ីចឹង​ ​ព្រោះអី​រាល់ថ្ងៃ​ ​ខ្ញុំ​មាន​បងប្អូន​ច្រើន​ ​យាយ​គាត់​ចាស់​ហើយ​ខ្ញុំ​រំពឹង​លើ​ប៉ា​ខ្ញុំ​អ៊ីចឹង»។

លោក ម៉ៅ សារិទ្ធ គឺ​ជាសកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​ជា​អតីត​អ្នក​បើក​រថយន្ត​ឱ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ម្នាក់​ទៀត លោក សាន សាង។ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល កាល​ពី​រសៀល​ថ្ងៃ​ទី១១ ខែ​មេសា ដោយ​ពុំ​បង្ហាញ​មូលហេតុ និង​ដីកា​ពី​តុលាការ​ឡើយ។ ក្រុម​គ្រួសារ​ទើប​តែ​ផ្តល់​ព័ត៌​មាន​ពី​បញ្ហា​នេះ ដោយសារ​ភ័យ​ខ្លាច​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ។

​ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ លោកស្រី យ៉ាន់ ផាន់នី ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ប្តី​យ៉ាង​ខ្លាំង​ព្រោះ​តាំងពី​អាជ្ញាធរ​ចាប់​ខ្លួន គ្រួសារ​លោកស្រី​ពុំទាន់​ទទួល​ដំណឹង​ទាល់​តែ​សោះ។ លោកស្រី​ថា អាជ្ញាធរ​គួរតែ​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​មិន​គួរ​លាក់បាំង​ដូច្នោះ​ទេ។ លោកស្រី​ចាត់​ទុក​ការ​ចាប់ខ្លួន​នេះ ជា​ការធ្វើបាប​គ្រួសារ​លោកស្រី​ទាំង​ផ្លូវ​កាយ និង​ចិត្ត​យ៉ាង​អយុត្តិធម៌៖ «អត់ពី​គាត់​ទៅ​ពិបាក​ហ្មង​កាលពីមុន​ភ្លើង​ឆេះ​ផ្ទះ ដល់​ពេល​អ៊ីចឹង បង​អត់មាន​លុយ​មាន​កាក់​រហូត​ដែរ។ អត់ពី​គាត់​ទៅ​ពិបាក​មែនទែន​កូន​តូចៗ»។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ ​លោក​ ​ឆាយ​ ​គឹម​ខឿន​ ​បដិសេធ​ផ្តល់​បទ​សម្ភាស​ឱ្យ​អាស៊ី​សេរី ព្រោះ​លោក​កំពុង​ជាប់​រវល់។ រីឯ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក ឈឿន សុចិត្រ និង​អ្នកនាំពាក្យ​តុលាការ​ខេត្ត​កណ្ដាល លោក សូ សារិន ក៏​អាស៊ី​សេរី​មិនទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ទី២៨ មេសា ព្រោះ​ពួក​លោក​មិន​លើក​ទូរស័ព្ទ។

ចំណែក​អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា វិញ ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ដឹងរឿង​នេះ​ទេ។ លោក​ពន្យល់​ថា ប្រសិន​បើ​មាន​ដីកា​ចាប់​ខ្លួន និង​ឃាត់​ខ្លួន​ពី​តុលាការ​នគរបាល​មិន​ចាំបាច់​ផ្តល់​ដំណឹង​ទៅ​ក្រុម​គ្រួសារ​នោះ​ទេ៖ «បើ​មាន​ដីកា​ចាប់​ខ្លួន និង​ដីកា​ឃាត់ខ្លួន​មិន​ចាំបាច់​ផ្តល់​ដំណឹង​ជូន​ទេ លើកលែង​តែ​គេ​មាន​សេចក្ដី​ជូន​ដំណឹង​អី។ អា​ហ្នឹង​វា​អាច​ម្ដង​ពីរ​ដង​ ​បី​ដង»។

ជុំវិញ​រឿង​នេះ​ ​មន្ត្រី​សង្គម​ស៊ីវិល​ពន្យល់​ថា សមត្ថកិច្ច​ចាប់ខ្លួន​ជន​សង្ស័យ​ណា​មួយ ទោះបីជា​បទល្មើស​ជាក់ស្ដែង និង​មាន​ដីកា​ពី​តុលាការ​ក្ដី ចាំបាច់​ត្រូវ​ផ្តល់​ដំណឹង​ទៅ​ក្រុម​គ្រួសារ​ជន​សង្ស័យ។

នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ពន្យល់​ថា ក្រុម​គ្រួសារ​អ្នក​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​មាន​សិទ្ធិ​ដឹងឮ​ពី​កំហុស​ឆ្គង និង​កន្លែង​ដែល​បញ្ជូន​ទៅ​ឃុំ​ខ្លួន ដើម្បី​ងាយស្រួល​ពឹង​មេធាវី​ការពារ​ក្តី។ លោក​បញ្ជាក់​ថា ផ្អែក​តាម​ច្បាប់ អាជ្ញាធរ​ត្រូវ​ផ្តល់​ដំណឹង ទៅ​ក្រុម​គ្រួសារ​ជន​សង្ស័យ​ជាបន្ទាន់​ ​ក្រោយ​ពី​ចាប់ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន៖ «កន្លងទៅ​នេះ យើង​ឃើញ​ថា ការ​ចាប់ខ្លួន​នេះ​ ​វា​មាន​ច្រើន​ ​ដែល​យើង​គួរ​ឱ្យ​ព្រួយ​បារម្ភ ក៏​ប៉ុន្តែ​ទោះ​យ៉ាងណាក៏ដោយ​ ​ការ​ចាប់ខ្លួន​ទាំងឡាយ​ ​ក៏​គួរ​ឱ្យ​ក្រុម​គ្រួសារ​គ​ដឹង​ ​ពី​ការ​ចាប់ខ្លួន​ហ្នឹង​ ​ដោយ​មូលហេតុ​អី​ ​ហើយ​គេ​អាច​​​រក​មេធាវី​ ​ដើម្បី​ធ្វើការ​ការពារ​សិទ្ធិ​ដល់​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​»។

ជុំវិញ​រឿង​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ​អ៊ុំ​ ​សំ​អាន​ ​ចាត់​ទុក​ការ​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ថា ជា​ការ​គំរាម​កំហែង និង​បំបាក់​ស្មារតី​ ​មិន​ឱ្យ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ តែងតែ​ទាមទារ​ ​និង​តវ៉ា​ ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​លែង​អ្នក​ទោស​មនសិការ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធ​នាគា​រយ៉ា​ង​អយុត្តិធម៌៖ «ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ធ្វើ​យ៉ាង​ម៉េច​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅ​លើ​របប​ក្រុងភ្នំពេញ​ ឱ្យ​មានការ​ដោះ​លែង លោក ម៉ៅ សារិទ្ធ និង​អ្នកទោស​នយោបាយ​ដទៃ​ទៀត ដែល​កំពុង​ជាប់ឃុំ​យ៉ាង​អយុត្តិធម៌»។

គិត​មកទល់​ពេល​នេះ មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​ជាង ៨០នាក់​ហើយ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយ​ពួកគេ​ភាគ​ច្រើន​ជាប់​ចោទ​ពី​បទ​រួម​គំនិត​ក្បត់ និង​បទ​ញុះញង់។ សកម្មជន​គណបក្សប្រឆាំង​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​ហើយ ប៉ុន្តែ​តុលាការ​មិនទាន់​រក​ឃើញ​កំហុស​របស់​ពួកគេ​បែប​ណា​នៅ​ឡើយ​ទេ ខណៈ​សហគមន៍​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ករណី​ទាំងនេះ​ថា ជា​រឿង​នយោបាយ និង​ជា​ការ​ចាប់​ខ្លួន​ពលរដ្ឋ​តាម​ទំនើង​ចិត្ត៕

No comments: