April 27, 2021

កូនប្រុស​លោក ឈុត វុទ្ធី ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ជា​អ្នក​រៀបចំ​ផែនការ​សម្លាប់​ឪពុក​លោក

(ឆ្វេង) លោក ឆឺយ ឧត្ដម​រស្មី កូនប្រុស​លោក ឈុត វុទ្ធី (ស្ដាំ)។ លោក ឈុត វុទ្ធី អតីត​សកម្មជន​​ការពារ​ព្រៃឈើ ដែល​មន្ត្រី​កង​រាជ​អាវុធហត្ថ​បាញ់​សម្លាប់​ក្នុង​រថយន្ត​របស់​លោក កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០១២។  រូប៖ ហ្វេសប៊ុក Chut Wutty Son


ដោយ ហេង រស្មី RFA 2021-04-26

កូនប្រុស​របស់​លោក ឈុត វុទ្ធី សកម្មជន​ព្រៃ​ឈើ​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ចោទ​ប្រកាន់​ថា ឃាតកម្ម​លើ​ឪពុក​លោក​ជា​ការ​រៀបចំ​ដោយ​រដ្ឋាភិបាល។ ឆ្លើយ​តប​ចោទ​ប្រកាន់​នេះ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ព្រមាន​ថា លោក ឆឺយ ឧត្ដម​រស្មី បើ​មាន​ភស្តុតាង​ច្បាស់លាស់​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច​កុំ​ដើរ​និយាយ​ផ្ដេសផ្ដាស​អាច​នាំ​ទុក្ខ​ដល់​ខ្លួន។

អ្នក​ការពារ​ព្រៃឈើ មន្ត្រី​សង្គម​ស៊ីវិល និង​កូន​ប្រុស​លោក ឈុត វុទ្ធី នៅ​តែ​ទទូច​ទាមទារ​យុត្តិធម៌​ជូន​លោក ឈុត វុទ្ធី និង​ជំរុញ​បន្ត​ស្វែងរក​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

កូនប្រុស​លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្ដម​រស្មី ដែល​កំពុង​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​ថា ឃាតកម្ម​លើ​ឪពុក​លោក​ជា​ការរៀបចំ​ដោយ​រដ្ឋាភិបាល ព្រោះ​របាយការណ៍​សមត្ថកិច្ច​ធ្វើ​ឡើង​ចំនួន​បី​ខុសៗ គ្នា។ លោក​ថា រយៈ​ពេល ៩ឆ្នាំ​មិន​អាច​ទទួល​បាន​យុត្តិធម៌​បែប​នេះ ធ្វើ​ឱ្យ​លោក​គ្មាន​ជំនឿ​ថា រដ្ឋាភិបាល​អាច​​​រក​ឃើញ​ការពិត​នៃ​ករណី​ឃាតកម្ម​នេះ​នោះ​ទេ៖ «នេះ​ការ​ប្រឌិត​និង​ច្នៃប្រឌិត​រឿង​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​គឺជា​ឃាតកម្ម​ដោយចេតនា​មិនមែន​អចេតនា​ទេ»។

កូនប្រុស​លោក ឈុត វុទ្ធី បាន​លើកឡើង​បែប​នេះ​ក្នុង​ថ្ងៃ​រំឭក​ខួប​គម្រប់ ៩ឆ្នាំ​នៃ​មរណភាព​របស់​លោក ឈុត វុទ្ធី ថ្ងៃ​ទី២៦ ខែ​មេសា។ ការ​ប្រារព្ធ​ខួប​នៅ​ឆ្នាំ​នេះ ក្រុម​អង្គការ​សមាគម និង​អ្នក​ការពារ​ព្រៃ​ឈើ​មិនបាន​ជួបជុំគ្នា​ដូច​ឆ្នាំ​មុនៗ នោះ​ទេ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩។ ពួក​គេ​បាន​ប្រារព្ធ​ខួប​នេះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​អំពី​បញ្ហា​យុត្តិធម៌ និង​វីរភាព​ការងារ​របស់​លោក ឈុត វុទ្ធី។

តំណាង​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ លោក ហឿន សុភាព រម្លឹក​ថា លោក ឈុត វុទ្ធី មិន​ត្រឹម​ការពារ​ព្រៃ​ឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ លោក ឈុត វុទ្ធី ចេញមុខ​ការពារ​ក្រុម​ការងារ​នៅ​ពេល​ជួប​គ្រោះថ្នាក់ ឬ​ប៉ះ​ចំ​កន្លែង​ប្រឈម​ម្តងៗ ដោយ​លោក ឈុត វុទ្ធី សុខចិត្ត​ប្រឈម​មុខ​តែ​ឯង និង​ប្រាប់​ឱ្យ​ក្រុម​ការងារ​គេច​ខ្លួន។ សកម្មជន​ព្រៃ​ឈើ​រូប​នេះ ក្រៅ​ពី​ទាមទារ​យុត្តិធម៌​ជូន​លោក ឈុត វុទ្ធី លោក​ស្នើ​ទៅ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​តំណាង​សហគមន៍​ព្រៃ​ឡង់​អាច​ចូលរួម​ការពារ​ព្រៃ​ឈើ​ឡើង​វិញ៖ «ជា​សកម្មភាព​មួយ​ដែល​គាត់​ធ្វើ​នេះ​មិនមែន​ធ្វើ​ដើម្បី​បុគ្គល​ខ្លួន​គាត់​ទេ ធ្វើ​ដើម្បី​ប្រទេសជាតិ​ ជាពិសេស​ គឺ​កម្ពុជា​តែ​ម្ដង បើ​សិន​ការងារ​គាត់​ធ្វើ​ ដើម្បី​គឺ​មិន​ប្រឹងប្រែង​ដើម្បី​រហូតដល់​យក​អាយុជីវិត​ទៅ​ប្ដូរ​ជាមួយ​សកម្មភាព​ទាំង​អស់​នេះ​ទេ»។

ស្រដៀងគ្នា​នេះ​ដែរ​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​លោក អ៊ួន ឈិន ដែល​ធ្លាប់​បាន​ចុះ​យក​ព័ត៌មាន​តំបន់​ប្រឈម​មួយ​ចំនួនជា​មួយ​លោក ឈុត វុទ្ធី និយាយ​ថា លោក ឈុត វុទ្ធី ជួប​ការ​លំបាក​មិន​រុញរា​រហូត​លះបង់​ជីវិត​ដើម្បី​ការពារ​ព្រៃ​ឈើ ដូច្នេះ​គួរ​ណាស់​អាជ្ញាធរ ឬ​អ្នក​ពាក់ព័ន្ធ​ផ្ដល់​យុត្តិធម៌​ឱ្យ​សកម្មជន​ព្រៃឈើ​រូប​នេះ៖ «កាល់​គាត់ (លោក ឈុត វុទ្ធី) គាត់​វេទនា​ណាស់​ប្រឹងប្រែង​ដើម្បី​យើង ដើម្បី​មនុស្សជាតិ​ទាំង​អស់​គ្នា ខ្ញុំ​ស្រណោះ​ជីវិត​គាត់​ណាស់​អ៊ីចឹង​សុំ​ឱ្យ​មាន​យុត្តិធម៌​សម្រាប់​គាត់»។

ក្រៅពី​ការ​ជជែក​គ្នា​ទាមទារ​យុត្តិធម៌​នេះ ក៏​មាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ខ្លះ​ប្ដូរ​រូបភាព (Profile) និង​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​ទាមទារ​យុត្តិធម៌ និង​រំឭក​ឡើង​វិញ​នូវ​ការងារ និង​ការ​លះបង់​របស់​លោក ឈុត វុទ្ធី ក្នុង​កិច្ចការ​ការពារ​ព្រៃ​ឈើ។

សកម្មជន​បរិស្ថាន លោក សាន ម៉ាឡា ដែល​បាន​ប្ដូរ​រូបភាព (Profile) និង​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា ការ​បាត់​បង់​លោក ឈុត វុទ្ធី កាល​ពី ៩ឆ្នាំ​មុន​ជា​ការ​បាត់បង់​ធនធាន​ដ៏​សំខាន់​នៃ​អ្នក​ការពារ​ព្រៃ​ឈើ។ លោក​ស្នើ​ឱ្យ​ស្មារតី​រក្សា​ការពារ​ធនធាន​ធម្មជាតិ​ឋិត​នៅ​ក្នុង​ចិត្ត​ថ្លើម​មន្ត្រី​បរិស្ថាន​ពលរដ្ឋ​ខ្មែរ ជាពិសេស យុវជន។

ជុំវិញ​ការ​ទាមទារ​នេះ​អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី២៦ ខែមេសា។ ទោះ​យ៉ាង​ណា​ក្ដី លោក ផៃ ស៊ីផាន ឱ្យ​អាស៊ី​សេរី​ដឹង​កាលពី​ពេលថ្មីៗនេះ​ដោយ​អះអាង​ដដែល​ថា សំណុំរឿង​នេះ​បាន​បិទ​បញ្ចប់​និង​បាន​ផ្ដល់​យុត្តិធម៌​រួច​ហើយ។

ដោយឡែក​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​កូន​ប្រុស​លោក ឈុត វុទ្ធី ដែល​ថា ឃាតកម្ម​លើ​ឪពុក​លោក​ជា​ការ​រៀបចំ​របស់​រដ្ឋាភិបាល​នោះ​ត្រូវ​បាន​អ្នកនាំពាក្យ​កាន់​អំណាច លោក សុខ ឥសាន ច្រាន​ចោល។ លោក​ថា បើ​លោក ឆឺយ ឧត្ដម​រស្មី មាន​ភស្តុតាង​ច្បាស់លាស់​ត្រូវ​យក​ភស្តុតាង​ប្រគល់​ឱ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត។ អ្នក​នាំ​ពាក្យ​រូប​នេះ​ព្រមាន​ថា ប្រសិន​កូន​ប្រុស​លោក ឈុត វុទ្ធី ដើរ​និយាយ​ខុស​ពី​ការពិត​អាច​នាំ​ទុក្ខ​ដល់​ខ្លួន​ទៅវិញ​ទេ៖ «កុំ​ដើរ​និយាយ​តាពីស​តាពាស​ទេ មិន​ដឹង​ទេ​ទៅ​តាម​កម្រិត​របស់​គាត់ (លោក ឆឺយ ឧត្ដម​រស្មី) បើ​គាត់​ដើរ​បរិ​ហា​កេរ​អញ្ចឹង​បើកាលណា​ដើរ​និយាយ​តាពីស​តាពាស​ដាក់​កំហុស​របៀប​បរិហារកេរ្តិ៍»។

លោក ឈុត វុទ្ធី ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​បាញ់​សម្លាប់​ក្នុង​រថយន្ត​របស់​លោក។ ហេតុការណ៍​បាញ់​សម្លាប់​នេះ​បាន​កើត​ឡើង​ក្នុង​ពេល​លោក និង​អ្នក​កាសែត​ពីរ​រូប​ទៀត​បាន​ចូល​ទៅ​ស៊ើប​អង្កេត​និង​ថត​រូបភាព​គំនរ​ឈើ​របស់​ក្រុមហ៊ុន​កាប់​ឈើ ធីមប៊ើរ ហ្គ្រីន (Timber Green) ក្នុង​ទឹក​ដី​ខេត្ត​កោះកុង។ ម្ចាស់​ភាគ​ហ៊ុន​ធំ​របស់​ក្រុមហ៊ុន​រកស៊ី​កាប់​ឈើ​មួយ​នេះ​គឺ អ្នកស្រី ខៀវ ស​ស៊ីលាភ និង​ឈ្មួញ​ម្នាក់​ទៀត​មាន​ងារ​ជា​ឧកញ៉ា​ផង និង​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​ផង​គឺ លោក ហួរ ហាប់ ដែលគេ​ដឹង​ថា​អ្នក​ទាំង​ពីរ​នេះ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយ​មក ក៏​មាន​ការ​ចោទ​ប្រកាន់​ថា អ្នកស្រី ខៀវ ស​ស៊ីលាភ គឺជា​អ្នក​ឈរ​ឈ្មោះ​តំណាង​ឱ្យ​អ្នកស្រី ហ៊ុន ម៉ាណា ដែល​ជា​កូនស្រី​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ក្រុមហ៊ុន ធីមប៊ើរហ្គ្រីន នេះ​ទៀត​ផង។

៩ឆ្នាំ​ក្រោយ​ការ​បាញ់​សម្លាប់​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​រូប​នេះ​មាន​ពលរដ្ឋ និង​យុវជន​កាន់​តែ​ច្រើន​បាន​ស្ម័គ្រចិត្ត​ចូលរួម​ការពារ​ព្រៃ​ឈើ និង​បរិស្ថាន បើ​ទោះ​ជា​ពួក​គេ​រង​ការ​គំរាម​កំហែង​ពី​រដ្ឋាភិបាល​ឈ្មួញ​បំផ្លាញ​ព្រៃ និង​អ្នកខ្លះ​កំពុង​ជាប់​ពន្ធនាគារ​ក្ដី៕

No comments: