April 30, 2021

បទ​វិភាគ៖ អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជួប​បញ្ហា​អ្វី​ខ្លះ​បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាន់កាប់​អាសនៈ​សភា​ទាំង​មូល?

Photo: RFA


ដោយ ជុន ច័ន្ទបុត្រ RFA 2021-04-29

គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់កាប់​កៅអី​សភា និង​ប្រទេស​ជាតិ​ទាំង​មូល​តែ​ម្នាក់​ឯង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៨។ ជ័យ​ជម្នះ​​នេះ ​កើត​ឡើង​ដោយសារ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់​រូបភាព​ទៅ​លើ​ក្រុម​មនុស្ស ដែល​មាន​និន្នាការ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ។

ជា​បន្ត​ទៅ​ទៀត​នេះ លោក ជុន ច័ន្ទបុត្រ សូម​ជូន​បទ​វិភាគ​មួយ ពិនិត្យ​មើល​ថា តើ​បច្ចុប្បន្ន​នេះ  អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជួប​បញ្ហា​អ្វី​ខ្លះ បន្ទាប់​ពី​ប្រទេស​កម្ពុជា គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​កាន់កាប់​គ្រប់​ស្ថាប័ន​ជាតិ​តែ​ម្នាក់​ឯង​នោះ?

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រើ​យុទ្ធសាស្ត្រ​គ្រប់​យ៉ាង ដើម្បី​បំបាក់​សំឡេង​ជំទាស់ ​បន្ទាប់​​ពី​សង្កេត​ឃើញ​លទ្ធផល​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ២០១៧ បង្ហាញ​ថា សំឡេង​គាំទ្រ​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន​បាន​កើន​ឡើង​ខ្លាំង មិន​ធ្លាប់​មាន​ពី​មុន​មក។

ដំបូង​ឡើយ លោក ហ៊ុន សែន ប្រហែល​ជា​ចង់​ឱ្យ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ ហើយ​សុំ​ធ្វើ​នយោបាយ​ឡើង​វិញ ក្រោម​រូបភាព​បក្ស​ផ្សេង​ក្រៅពី​បក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ ឬ​បំបែក​សម្ពន្ធភាព សម រង្ស៊ី និង កឹម សុខា នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ២០១៨ ។ ប៉ុន្តែ​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​មិន​ព្រម​បែក​គ្នា និង​មិន​ព្រម​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា​បាន​កាន់កាប់​អាសនៈ​សភា​ទាំង​អស់​តែ​ម្ដង ហើយ​បន្ត​ធ្វើ​បាប​ក្រុម​អ្នក​ប្រជាធិបតេយ្យ កាន់​តែ​ខ្លាំង​ឡើង។

អ្នក​ប្រជាធិបតេយ្យ សំដៅ​ដល់​ក្រុម​មនុស្ស​ដែល​បាន​តស៊ូ​មតិ ឬ​គាំទ្រ​ឱ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​​។​​ យ៉ាងហោចណាស់មានមនុស្ស៣ក្រុម ដែល​ធ្វើ​ការងារ​ដោយ​ផ្ទាល់​ និង​សកម្ម ដើម្បី​បុព្វហេតុ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មនុស្ស​ទាំង​នោះ​មក​ពី​គណ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល​នានា និង​អ្នក​សារ​ព័ត៌មាន​វិជ្ជាជីវៈ​មិន​ធ្វើ​ការ​ក្រោម​បង្គាប់​រដ្ឋាភិបាល។

ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​រំលាយ ហើយ​បក្ស​កាន់​អំណាច​ក្ដោបក្ដាប់​សភា​ទាំង​មូល​រួច​មក សមាជិក ឬ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ត្រូវ​រង​នូវ​សម្ពាធ​ជា​ខ្លាំង រាប់​ទាំង​ជាប់​គុក រង​ការ​រឹតត្បិត​សេរីភាព និង​គំរាម​កំហែង​ជា​ដើម។

ថ្នាក់​ដឹកនាំ​សំខាន់ៗ របស់​បក្ស​នេះ ១១៨នាក់ ត្រូវ​បាន​គេ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ក្នុង​រយៈ​ពេល ៥ឆ្នាំ។ អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់ខ្លួន លោក កឹម សុខា ដាក់​គុក​ជាង ១ឆ្នាំ និង​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ រហូត​មក​ដល់​សព្វថ្ងៃ។

ចំណែក​លោក សម រង្ស៊ី និង​សមាជិក​អចិន្ត្រៃយ៍​បក្ស​ជាង ១០នាក់​ផ្សេង​ទៀត សុទ្ធតែ​ជាប់​ទោស​ក្បត់​ជាតិ ហើយ​មិន​អាច​ត្រលប់​មក​ប្រទេស​វិញ​បាន។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ចំនួន ១២០នាក់ ក្នុង​បទ​ចោទ ​រួម​គំនិត​ក្បត់ និង​ញុះញង់ ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ សមាជិក​​បក្ស​ជាង ១០នាក់​កំពុង​ជាប់​ពន្ធនាគារ និង​រាប់​សិប​នាក់​បាន​ភៀសខ្លួន​ចោល​ផ្ទះ​សម្បែង​គេចវេះ​ពី​ការ​ចាប់​ខ្លួន។

មន្ត្រី​មូលដ្ឋាន​គណបក្ស​រាប់​សិប​នាក់ ត្រូវ​គេ​វាយ​ដំ​បង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ ដែល​ទម្រង់​ហិង្សា​ស្រដៀង​គ្នា ហាក់​ដូច​ជា​មាន​ការ​រៀបចំ​ជា​ប្រព័ន្ធ។ សូម្បី​តែ​កូន​ចៅ​របស់​សកម្មជន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​ធំ​ពេញ​វ័យ​នៅ​ឡើយ ក៏​រង​ការ​លួច​វាយ​ធ្វើ​បាប និង​ចាប់​ចង​ដែរ។

សមាជិក​រស់​នៅ​ក្នុង​ប្រទេស ជ្រើសរើស​ការ​កំហិត​ខ្លួន​ឯង​មិន​ហ៊ាន​និយាយ​ស្ដី​មិន​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ហើយ​ត្រូវ​បាន​អាជ្ញាធរ​តាម​ឃ្លាំមើល​ស្ទើរ​គ្រប់​ពេល​វេលា។ ពួក​គេ​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​គ្រប់​ពេល បើ​សិន​ជា​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល។

រចនាសម្ព័ន្ធ​របស់​គណបក្ស​តាំងពី​ថ្នាក់​ជាតិ​ដល់​មូលដ្ឋាន ត្រូវ​ខ្ទាំ​ខ្ទេច​ដោយសារ​ចលនា​បំបែក​​ខ្លួន​បង្កើត​ជា​គណបក្ស​តូចៗ។ សមាជិក​ជាន់​ខ្ពស់​មួយ​ចំនួន បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ។ អ្នក​ខ្លះ​ទៀត បែប​រង​ការ​គាប​សង្កត់​មិន​បាន​ក៏​ព្រម​ចុះ​ចូល​ជាមួយ​បក្ស​ប្រជាជន​តែ​ម្ដង។

ចំណែក​ឯ​អ្នក​បោះ​ឆ្នោត​ឱ្យ​បក្ស​នេះ​រាប់​លាន​នាក់​ផ្សេង​ទៀត កំពុង​តាម​ដាន​សភាព​ការណ៍​នយោបាយ។ អ្នក​ខ្លះ​ទំនង​ជា​អស់​សង្ឃឹម​មិន​តិច​ទេ នៅ​ពេល​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង ៥ពាន់​នាក់ ដែល​ពួក​គាត់​បាន​បោះឆ្នោតជ្រើសរើស ត្រូវ​ជំនួស​ដោយ​មន្ត្រី​បក្ស​កាន់​អំណាច ដែល​ពួក​គាត់​ធ្លាប់​ជ្រេញ​មុខ​ស្រាប់​មក​នោះ។

មិន​ខុស​ពី​សមាជិក​នៃ​គណបក្ស​ប្រឆាំង ក្រុម​សង្គម​ស៊ីវិល ត្រូវ​ក្លាយ​ជា​គោលដៅ​សម្រាប់​គំរាម​កំហែង​ជា​ប្រចាំ។ របាយការណ៍​មួយ​របស់​អង្គការ​លីកាដូ ចេញ​ផ្សាយ​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​បង្ហាញ​ថា ចាប់​តាំង​ពី​បក្ស​កាន់​អំណាច​ក្ដោបក្ដាប់​សភា​ទាំង​មូល​មក អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​នោះ​បាន​ប្រឈម​នឹង​ការ​គំរាម​កំហែង ការ​វាយ​ដំ និង​វិធានការ​ផ្លូវ​ច្បាប់ ចំពោះ​ការងារ​របស់​ខ្លួន។ អ្នក​ខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ​អស់​ជា​ច្រើន​ខែ​ថែម​ទៀត។

សមាជិក​សង្គម​ស៊ីវិល​ទាំង​នេះ មិន​ថា​បង្រៀន​ពី​របៀប​ចិញ្ចឹម​សត្វ បង្រៀន​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ចេញ​ផ្សព្វផ្សាយ​សិទ្ធិ​មនុស្ស ឬ​ក៏​ចូល​ល្បាត​ព្រៃ​ឈើ ក៏​ត្រូវ​អាជ្ញាធរ​របប​លោក ហ៊ុន សែន សួរ​រក​លិខិត​អនុញ្ញាត ថតរូប និង​ស្ដាប់​យក​ការណ៍​គ្រប់​សកម្មភាព ។ មិន​តែ​ប៉ុណ្ណោះ ការ​តវ៉ា​នានា ត្រូវ​បាន​ចាត់​ទុក​ថា ខុស​ច្បាប់។ ក្រុម​អ្នក​មាន​បញ្ហា​ដីធ្លី សកម្មជន​បរិស្ថាន​សុទ្ធតែ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​ញុះញង់។

សូម្បី​តែ​បុណ្យ​រំលឹក​ខួប​ថ្ងៃ​ស្លាប់​របស់​វីរជន​ធ្វើ​ការងារ​សង្គម​ល្បីៗ ដូច​ករណី​រំលឹក​ខួប​លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​លោក កែម ឡី ក៏​ស្ថិត​ក្រោម​ការ​គាប​សង្កត់​រឹតត្បិត រហូត​មាន​ការ​ចាប់​ខ្លួន​អ្នក ដែល​ចូលរួម​រំលឹក​ខួប​ទៀត​ផង។

មិន​តែ​ប៉ុណ្ណោះ របប​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​មុន សម្រេច​លុប​ចោល​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ ចេញ​ពី​ប្រតិទិន​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ក្រោម​ហេតុផល​បង្កើន​ផលិតភាព​ការងារ។ តែ​សង្គម​ស៊ីវិល​យល់​ថា ការ​សម្រេច​នេះ ជា​សារ​មួយ​បង្ហាញ​ថា ​ការ​រំលឹក​ថា មនុស្ស​មាន​សិទ្ធិ មិន​មែន​ជា​អ្វី​ដែល​រដ្ឋ​អំណាច​នេះ​លើក​ទឹក​ចិត្ត​ឡើយ។

នា​ពេល​ថ្មីៗ នេះ លោក ហ៊ុន សែន​ ចាប់​ផ្ដើម​ផ្តល់​និយមន័យ​ថ្មី ដល់​បញ្ហា​សិទ្ធិ​មនុស្ស។ ជំហរ​ថ្មី​របស់​លោក ហ៊ុន សែន នេះ​ដូច​គ្នា​បេះ​បិទ​ទៅ​នឹង​ជំហរ​របស់​ចិន ដែល​ចាប់​ផ្តើម​យុទ្ធនាការ​ជា​លក្ខណៈ​អន្តរជាតិ ជំរុញ​ផ្តល់​និយមន័យ​ថ្មី ដល់​បញ្ហា​សិទ្ធិ​មនុស្ស។ ចិន​តែង​ព្យាយាម​លើក​ឡើង​ថា សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន គឺ​សិទ្ធិ​រស់រាន​មាន​ជីវិត និង​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍន៍។

នៅ​កម្ពុជា​លោក ហ៊ុន សែន ចាប់​ផ្ដើម​បន្ទរ​បទ​ចម្រៀង​សិទ្ធិ​មនុស្ស​របស់​ចិន​នេះ រាល់​ពេល​ដែល​លោក​មាន​ឱកាស តែ​លោក​ក៏​ឆ្លៀត​បន្ថែម​ល្បោយ​របស់​លោក​ខ្លះៗ លើស​ពី​គ្រូ​ដើម៖ «សិទ្ធិ​មនុស្ស​ត្រូវ​ចាប់​ផ្ដើម​ពី​សិទ្ធិ​រស់រាន​មាន​ជីវិត មិន​មែន​ចាប់​ផ្ដើម​ពី​សរសេរ​កាសែត​ទេ។ បើ​វា​ងាប់​ទៅ​ហើយ តើ​វា​សរសេរ​កាសែត​របៀប​ម៉េច? ដូច្នេះ​ហើយ​បាន​ជា​កម្ពុជា​មិន​​ព្រម​ឱន​ក្បាល​ជា​មួយ​នឹង​ការ​ប្រៀន​ប្រដៅ​របស់​អ្នក​ដទៃ»។

ដោយ​លោក​ផ្អែក​ទៅ​ទ្រឹស្ដី​សិទ្ធិ​មនុស្ស​តាម​ទម្រង់​ចិន​នេះ លោក ហ៊ុន សែន មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សិទ្ធិ​សារ​ព័ត៌មាន​ទេ។ ដូច​គ្នា​ទៅ​នឹង​ស្ថានភាព​របស់​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដទៃ​ទៀត​ដែរ ស្ថានភាព​សារ​ព័ត៌មាន រង​ការ​បៀតបៀន​យ៉ាង​ដំណំ។

ក្នុង​ឆ្នាំ២០១៧ បន្ទាប់ពី​ការ​បោះឆ្នោត​ជ្រើសតាំង​ឃុំ​សង្កាត់ គណបក្ស​ប្រជាជន​បាន​បាត់​អាសនៈ​មេឃុំ​ចំនួន​ជាង​៤០០ឃុំ​រួចមក ​រដ្ឋាភិបាល ចាប់​ផ្ដើម​ទារ​ពន្ធ​ពី​កាសែត ខេមបូឌ ដេលី បិទ​កម្មវិធី​ផ្សាយ​បន្ត​របស់​វីអូអេ អាស៊ី​សេរី ដែល​ផ្សាយ​តាម​ស្ថានីយ​វិទ្យុ Fmជាង ៣០ នៅ​ទូទាំង​ប្រទេស។

អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ក្នុង​បទ​ចោទ​ផ្សេងៗ ដូច​ជា បទ​ចោទ​ផ្ដល់​ព័ត៌មាន​ឱ្យ​បរទេស ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ បទ​ចោទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​ញុះញង់​ជា​ដើម។

ស្ថាប័ន​ដែល​ធ្វើ​ការងារ​ផ្នែក​ការពារ​អ្នក​កាសែត បាន​កត់​សម្គាល់​ឃើញ​ថា ចាប់​ពី​ខែ​មករា ដល់ខែតុលាឆ្នាំ២០២០ អ្នកសារព័ត៌មាន ៥៩នាក់ បាន​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្នុង​រូបភាព​ផ្សេងៗ រួម​មាន​ការ​ប្រើ​អំពើ​ហិង្សា ការ​ចាប់​ខ្លួន និង​ការ​រង​បណ្ដឹង​ពី​តុលាការ។ ក្នុង​នោះ មាន​អ្នក​សារ​ព័ត៌មាន​ចំនួន ២៧នាក់ ត្រូវ​បាន​ចាប់​ខ្លួន ៧នាក់​ជា​ជន​រង​គ្រោះ​នៃ​ការ​ប្រើ​អំពើ​ហិង្សា និង​ម្នាក់​បាន​ស្លាប់។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ក៏​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន បាន​ដើរ​តួនាទី ជា​អ្នក​លាត​ត្រដាង​អំពើ​ពុក​រលួយ និង​វប្បធម៌​និទណ្ឌភាព​ដដែល។ ចង់ ឬ​មិន​ចង់ ការ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ ឬ​ផ្សាយ​ពី​ចំណុច​អសកម្ម​របស់​រដ្ឋាភិបាល ​នាំ​ឱ្យ​គណបក្ស​កាន់​អំណាច​ខាត​សំឡេង​ឆ្នោត ប៉ុន្តែ​ប្រជាពលរដ្ឋ​ជា​ទូទៅ​បាន​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​សំណាក់​ព័ត៌មាន​ពិត។

ឧទាហរណ៍ ក្នុង​ករណី​ផ្ទុះ​ជំងឺ​កូវីដ១៩ នេះ បើ​សិន​ជា​គណ​បក្ស​ប្រឆាំង​នៅ​មាន​វត្តមាន​ក្នុង​ប្រទេស អ្នក​កាសែត​អាច​ធ្វើ​សម្ភាសន៍​ប្រមូល​ព័ត៌មាន​ពី​ចំណាប់​អារម្មណ៍​លើ​បញ្ហា​ប្រឈម​នានា​ពី​សំណាក់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជា​តំណាង​ឱ្យ​សំឡេង​ប្រជាពលរដ្ឋ ដោយ​ឆ្លុះ​បញ្ចាំង​​​​ពី​ចំណុច​អសកម្ម​នៃ​វិធានការ​នានា របស់​រដ្ឋាភិបាល​ធៀប​នឹង​តម្រូវ​ការ​ពិត​ប្រាកដ​របស់​ពលរដ្ឋ។

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ក៏​អាច​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​នានា មក​បំភ្លឺ​ផ្ដល់​ព័ត៌មាន​ជូន​ពលរដ្ឋ បាន​សកម្ម និង​ទូលំទូលាយ​ជាង​សព្វ​ថ្ងៃ ដែល​មាន​សភា​ឯក​បក្ស ចាំ​តែ​លើក​ដៃ​តាម​មេ​បក្ស​ខ្លួន និង​ចាំ​តែ​ប្រថាប់​ត្រា។

អ្នក​កាសែត​ក៏​អាច​សម្ភាសន៍​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។ រដ្ឋាភិបាល​ក៏​អាច​យក​មតិ​ពី​អ្នក​នយោបាយ​ជំទាស់ និង​មន្ត្រី​ស៊ីវិល​ទាំង​នោះ​ទៅ​ពិចារណា ស្នើសុំ​យោបល់​ពី​ពួក​គេ ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ជូន​ពលរដ្ឋ​ទាន់​ពេល​វេលា​ដែរ។

សរុប​សេចក្ដី​ទៅ គណបក្ស​ជំទាស់ អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន តែង​ធ្វើ​ការ​ដោយ​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ស្ថាប័ន​ទាំង​បី​ក្រុម​នេះ ប្រៀប​ដូច​ជា​មុំ​ចង្ក្រាន​ជើង​បី​ជួយ​ទ្រ​ឆ្នាំង​ដាំ​បាយ​ប្រជាធិបតេយ្យ​សម្រាប់​ឱ្យ​ពលរដ្ឋ​ទទួល​ទាន​ដូច្នោះ​ដែរ។

បើ​ជើង​ណា​មួយ​រលំ​នោះ ប្រជាពលរដ្ឋ​ប្រាកដ​ជា​មិន​បាន​ទទួល​ទាន​បាយ​ប្រជាធិបតេយ្យ​នោះ​ឡើយ។ បើ​កម្ពុជា​មាន​រដ្ឋាភិបាល​មួយ​បើក​ចំហ បក្ស​ប្រឆាំង​រឹងមាំ សង្គម​ស៊ីវិល​សកម្ម និង​សារ​ព័ត៌មាន​វិជ្ជាជីវៈ នោះ​ពលរដ្ឋ​ខ្មែរ​អាច​នឹង​រស់​នៅ​ដោយ​វឌ្ឍនភាព​ពិត​ប្រាកដ៕

1 comment:

Bextol said...

In Portugal, 100% of the population has access to electricity. Portugal has 64 airports nationwide. There are 3,748,000 internet hosts in Portugal. The number of road motor vehicles per 1000 inhabitants in Portugal is 18. http://www.confiduss.com/en/jurisdictions/portugal/infrastructure/