April 23, 2021

ក្រសួង​យុត្តិធម៌​កម្ពុជា និង​កាណាដា ពិភាក្សា​គ្នា ៤ចំណុច ស្ដីពី​ច្បាប់ និង​យុត្តិធម៌

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។  រូបពីវីឌអូ​របស់​អង្គភាពព័ត៌មាន និង​ប្រតិកម្មរហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី


ដោយ ម៉ៅ សុធានី RFA 2021-04-21

ក្រសួង​យុត្តិធម៌​កម្ពុជា និង​តំណាង​ក្រសួង​យុត្តិធម៌​កាណាដា ពិភាក្សា​គ្នា​លើ​ចំណុច​សំខាន់ៗ មួយ​ចំនួន ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ លើ​វិស័យ​ច្បាប់ និង​យុត្តិធម៌។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុម​ការងារ​ក្រសួង​យុត្តិធម៌ បាន​ជួប​ពិភាក្សា​គ្នា ជា​មួយ​តំណាង​ស្ថានទូត​កាណាដា ប្រចាំ​នៅ​កម្ពុជា និង​តំណាង​ក្រសួង​យុត្តិធម៌ នៅ​ប្រទេស​កាណាដា កាល​ពី​យប់​ថ្ងៃ​ទី១៩ ខែមេសា តាមរយៈ ប្រព័ន្ធ​អនឡាញ វីដេអូ ខន់ហ្វឺរិន្ស (Video Conference)។

លោក ជិន ម៉ាលីន ដែល​តំណាង​ឲ្យ​ភាគី​ក្រសួង​យុត្តិធម៌​កម្ពុជា ឲ្យ​ដឹង​ថា ចំណុច​ទាំង ៤សំខាន់ៗ ដែល​ពិភាក្សា​គ្នា​នោះ រួមមាន ទី១ ការ​រៀបចំ​ក្របខ័ណ្ឌ​គោល​នយោបាយ និង​ច្បាប់​ពាក់ព័ន្ធ​នឹង​ជំនួយ​ផ្នែក​ច្បាប់ និង​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា។ ទី២ ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​ក្រសួង​យុត្តិធម៌ និង​មន្ត្រី​នៅ​តាម​សាលា​ជម្រះ​ក្តី។ ចំណែកទី៣វិញ គឺ​ការ​ពង្រឹង​ស្ថាប័ន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ក្នុង​វិស័យ​ច្បាប់ និង​យុត្តិធម៌ និងចំណុចទី៤ គឺការ​ធ្វើ​ទំនើបកម្ម​រដ្ឋបាល​តុលាការ។

លោក ជិន ម៉ាលីន បន្ត​ថា ក្រុម​ការងារ​នៃ​ប្រទេស​ទាំង​ពីរ នឹង​បន្ត​ពិភាក្សា​គ្នា​បន្ថែម​ទៀត ដោយ​ធ្វើ​ការ​រួមគ្នា និង​ផ្លាស់ប្ដូរ​នូវ​ឯកសារ​ទៅ​វិញ​ទៅ​មក ដើម្បី​ឈាន​ទៅ​រក​កិច្ច​សហប្រតិបត្តិការ ក្នុង​ពេល​ឆាប់ៗ ខាង​មុខ៕

No comments: