April 23, 2021

មនុស្ស​ជាង ១០០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្រោយ​ពី​ការ​បិទ​ខ្ទប់​ភ្នំពេញ និង​តាខ្មៅ​ជាង​១​សប្ដាហ៍

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជូនលោក អ៊ុន ចាន់ធួក និងបុរស២នាក់ទៀតទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២១។  រូប៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ


ដោយ មួង ណារ៉េត RFA 2021-04-22

ត្រឹម​មួយ​សប្តាហ៍​ក្រោយ​ចេញ​បម្រាម​បិទ​ខ្ទប់​ទីក្រុង អាជ្ញាធរ​ក្រុងភ្នំពេញ ឃាត់ខ្លួន​មនុស្ស​ជាង ១០០ នាក់ ដោយ​ភាគច្រើន អ្នក​ទាំងនោះ រង​ការ​ពិន័យ​ជា​ប្រាក់ និង​មួយចំនួន ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ និង​ខ្លះទៀត​ត្រូវ​បញ្ជូន​ទៅ​តុលាការ​។ ក្នុង​ពេល​ជាមួយគ្នា​នេះ អំពើ​ហិង្សា​ដោយ​ការ​វាយដំ​ដោយ​ដំបង ពី​សំណាក់​កម្លាំង​សមត្ថកិច្ច ទៅលើ​ប្រជាពលរដ្ឋ កើត​មាន​ឡើង​រាល់ថ្ងៃ។

រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​យ៉ាង​តក់​ក្រហល កាល​ពី​យប់​ថ្ងៃទី​១៤ ខែ មេសា ចំ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា សភាពការណ៍​រាលដាល​ជំងឺ​កូវីដ-១៩ ទ្រាំទ្រ​លែង​បាន​ហើយ​។ រាល់​ការ​ធ្វើ​ដំណើរ​ចេញពីផ្ទះ ឬ​ទី​សំណាក់​បច្ចុប្បន្ន​របស់​ពលរដ្ឋ​ក្នុង​តំបន់​ទាំងពីរ​នេះ ក្នុង​អំឡុង​ពេល​នេះ ត្រូវ​បាន​ហាមឃាត់​ទាំងស្រុង លើកលែងតែ​មានការ​ចាំបាច់​បំផុត។

បម្រាម​លើក​នេះ ក៏​មិន​ខុសពី​បម្រាម​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លងខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស កាល​ពី ថ្ងៃទី៧ ខែ មេសានោះ​ដែរ គឺ​រដ្ឋាភិបាល​ចេញប្រកាស​ភ្លាម អនុវត្ត​ភ្លាម ដោយ​ឥត​បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ពួកគាត់ មាន​ពេល​វេលា​សមស្រប ក្នុង​ការ​ត្រៀមខ្លួន​មុន​នោះ​ឡើយ។

ជា​លទ្ធផល​ប្រជាពលរដ្ឋ​ជាច្រើន ជ្រួលច្របល់ ចលាចល និង​ប្រវេប្រវា​ចេញ​ក្រៅ​ផ្ទះ ដើម្បី​រក​ស្បៀង​អាហារ និង​គ្រឿង​ផ្គត់ផ្គង់​ផ្សេងៗ ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​គ្រាអាសន្ន​នេះ​។ ពលរដ្ឋ​ដែល​មាន​ជីវភាព​ធូរធារ ពួកគាត់​អាច​ទិញ​ស្បៀង​ម្តង ស្តុក​ទុក​បាន​យូរថ្ងៃ។ ប៉ុន្តែ ពលរដ្ឋ​ភាគច្រើន មាន​ជីវភាព​ខ្វះខាត រក​ព្រឹក​ខ្វះ​ល្ងាច រក​មួយ​ពេល​ហូប​មួយ​ពេល គ្មាន​លទ្ធភាព​ឯណា ដើម្បី​ទិញ​ស្បៀង​ស្តុក​ទុក​បាន​យូរថ្ងៃ​នោះ​ឡើយ។

ពួកគាត់​នៅតែ​ចេញ​ក្រៅ​ផ្ទះ ដើម្បី​រក​ស្បៀង ឬ​បន្ត​ប្រកប​របរ​ចិញ្ចឹម​ជីវិត ក្នុង​ស្ថានភាព​ហាមឃាត់​ការ​ធ្វើ​ដំណើរ​នេះ​។ ទោះជា​យ៉ាងនេះ​ក្ដី នៅ​មាន​មនុស្ស​មួយចំនួន​ទៀត បំពាន​បម្រាម ឬ​វិធានការ​រដ្ឋបាល ដោយ​ជួបជុំគ្នា​ផឹកស៊ី ឬ​ច្រៀង​ខារ៉ាអូខេ ឬ​ប្រមូល​ផ្តុំគ្នា​ក្នុង​ពេល​ហាមឃាត់​នេះ​ជាដើម។

ជា​លទ្ធផល មាន​មនុស្ស​ជិត ១៣០ (១២៧) នាក់​ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ឃាត់ខ្លួន ផ្ដន្ទាទោស​កសាង​សំណុំរឿង​ទៅ​តុលាការ អប់រំ និង​ពិន័យ​ជា​ប្រាក់​។ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី២១ ខែ​មេសា ថា អ្នក​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំងនោះ ប្រព្រឹត្ត​ល្មើស​បម្រាម​បិទ​ខ្ទប់​របស់​រដ្ឋាភិបាល​នោះ​ឯង៖ «រហូតដល់​ថ្ងៃ​ហ្នឹង យើង​មិនទាន់​បូក​ល្ងាច​នេះ​ទេ សរុបទៅ​យើង​ឃាត់ខ្លួន​មនុស្ស​បាន ១២៧ នាក់ តាំងពី​ថ្ងៃទី​១៥ ដែល​យើង​ចាប់ផ្តើម​អនុវត្ត​វិធានការ​បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​ហ្នឹង ហើយ​តុលាការ​បាន ចេញ​ដីកា​ឃុំខ្លួន​ទៅ​ដាក់​ពន្ធនាគារ ៦ នាក់ ហើយ​យើង​បាន​បញ្ជូន​ទៅ​តុលាការ ៥ នាក់​ទៀត ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ចំនួន​ពីរ​នាក់ អប់រំ​ណែនាំ​ប្រាំពីរ​នាក់ និង​ចាប់​មក​ដាក់​ពិន័យ​អន្តរការណ៍​ចំនួន ១០៧ នាក់»។

ពលរដ្ឋ​ដែល​បំពាន​បម្រាម ឬ​វិធានការ​រដ្ឋបាល ក្នុង​ការ​បង្ការ​ជំងឺ​កូវីដ-១៩ ជា​ពិសេស​ការ​បំពាន​បម្រាម ក្នុង​ការ​បិទ​ខ្ទប់​ទីក្រុង​នេះ ត្រូវ​បង់​ពិន័យ​ជា​ប្រាក់​ចាប់ពី ២​លាន​រៀល ដល់​៥​លាន​រៀល និង​ត្រូវ​ជាប់​ពន្ធនាគារ​ថែម​ទៀត​ផង បើ​បទល្មើស​នោះ ជា​ការ​រារាំង​ដល់​ការ​អនុវត្ត​កិច្ចការ​របស់​សមត្ថកិច្ច ឬ​នាំ​ឱ្យ​ចម្លងជំងឺ​កូវីដ​-១៩ ដល់​អ្នក​ដទៃ។

ជុំវិញ​ករណី​ចាប់ខ្លួន​ចុង​ក្រោយ គឺ​សមត្ថកិច្ច​ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់ ដែល​បម្រើការ​នៅ​ក្រសួង​ការពារជាតិ ឈ្មោះ​លោក ខៀវ ចាន់សុភក្ត្រា វ័យ ៣១ ឆ្នាំ កាលពី​ថ្ងៃទី ២០ ខែ មេសា រួច​បញ្ជូន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយ​ចង្វារ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការក្រុង​ភ្នំពេញ​។ ការ​ចាប់ខ្លួន​នេះ ធ្វើឡើង ក្រោយពី​បុរស​រូប​នោះ ជិះ​ម៉ូតូ​ទៅ​បុក​រនាំង​ដែក ដែល​អាជ្ញាធរ​ដាក់​បិទផ្លូវ​ហាម​ពលរដ្ឋ មិន​ឱ្យ​ធ្វើដំណើរ និង​ថែមទាំង​ប្រើ​អំពើ​ហិង្សា​ដាក់​មន្ត្រី​នគរបាល​យាម​ប្រចាំការ​នៅ​គោលដៅ​នោះ​ទៀត​ផង។

មុន​នេះ​មួយ​ថ្ងៃ អាជ្ញាធរ​ចាប់​យុវជន ៦​នាក់ នៅ​ខណ្ឌ​ឫស្សីកែវ នៅ​ពេល​ពួកគាត់​កំពុង​ជួបជុំគ្នា​សេព​គ្រឿង​ស្រវឹង ក្នុង​ពេល​ហាមឃាត់​នេះ។

ក្រៅ​ពី​ការ​ចាប់ខ្លួន​ទាំងនេះ កង​កម្លាំង​សមត្ថកិច្ច ចាប់ផ្តើម​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ ដែល​ចេញ​ពី​ផ្ទះ​។ សមត្ថកិច្ច​វាយ​ពួកគាត់​នឹង​ដំបង​ដែក ឬ​ដំបង​ឫស្សី​។ រូបភាព​នៃ​ការ​វាយដំ ពី​សំណាក់​សមត្ថកិច្ច ទៅលើ​ពលរដ្ឋ​នៅ​ទីតាំង​ផ្សេងៗ​គ្នា នៅក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ចែក​ផ្សាយ​យ៉ាង​ទូលំទូលាយ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ រូបភាព​ទាំងនោះ រួម​មាន​ទាំង​រូប​ដំបង​ឫស្សី​ទាំង​បាច់ ដែល​មន្ត្រី​សមត្ថកិច្ច បាន​ត្រៀម​ទុកជា​ស្រេច ដើម្បី​វាយ​ប្រជាពលរដ្ឋ ដែល​ល្មើស​បម្រាម។

ការ​វាយដំ​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ពួកគាត់​ចេញពីផ្ទះ​នេះ ធ្លាប់​អនុវត្ត​ដោយ​សមត្ថកិច្ច​នៅ​ប្រទេស​ឥណ្ឌា​។ ប៉ុន្តែ វិធានការ​នេះ មិន​ទទួល​បាន​ផល​នោះ​ទេ ដោយសារតែ​ប្រជាពលរដ្ឋ​ឥណ្ឌា​ខឹង​នឹង​សមត្ថកិច្ច រួច​នាំគ្នា​ទាំង​សង្កាត់ ក្រោក​តវ៉ា​ប្រឆាំង​នឹង​វិធានការ​ហិង្សា​បែបនេះ​។ ប្រទេស​ឥណ្ឌា​នៅ​តែ​ក្លាយជា​ប្រទេស ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​នេះ ច្រើន​ជាងគេ​មួយ​នៅ​លើ​ពិភពលោក​ដដែល។

រូបភាព​នៃ​អំពើ​ហិង្សា​ដូច្នេះ​គ្នា​នេះ ធ្វើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រង​ការរិះគន់ ថា​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ លើស​អ្វី​ដែល​មាន​ចែង​ក្នុង​ច្បាប់​។ អ្នកឃ្លាំមើល​សង្គម មន្ត្រី​សិទ្ធិមនុស្ស និង​ប្រជាពលរដ្ឋ​ទូទៅ ថ្កោលទោស​ការប្រើ​អំពើ​ហិង្សា​នេះ ព្រោះ​វា​ជា​អំពើ​ខុសច្បាប់​។ ពួកគាត់​លើកឡើង​ថា បើ​ពលរដ្ឋ​ល្មើស​បម្រាម អាជ្ញាធរ​គួរ​អប់រំ ណែនាំ ឬ​ពិន័យ​ទៅ​តាម​ច្បាប់ មិនមែន​វាយដំ​បែបនេះ​នោះ​ទេ។

ទោះជា​យ៉ាងនេះ​ក្ដី អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក សាន សុខសីហា មិន​ថ្កោលទោស​ទង្វើ​ខុសឆ្គង​របស់​សមត្ថកិច្ច​នោះ​ទេ លោក​បែរជា​យល់​ស្រប​ថា ការ​ដេញ​វាយ​ពលរដ្ឋ​នេះ គឺ​ដោយសារ​ពលរដ្ឋ​ទាំងនោះ ប្រព្រឹត្ត​ល្មើស​បម្រាម​របស់​រដ្ឋាភិបាល​ទៅវិញ។

ផ្ទុយ​ពី​ការយល់ឃើញ​របស់​មន្ត្រី​ថ្នាក់​ក្រោម មន្ត្រី​ថ្នាក់​កំពូល​នៃ​ក្រសួងមហាផ្ទៃ ចាត់ទុក​អំពើ​ហិង្សា​នេះ ជា​រឿង​មិន​ត្រឹមត្រូវ និង​ស្នើ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​បញ្ឈប់​ធ្វើ​ដូច្នេះ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង កាល​ពី​ថ្ងៃទី​២១ ខែ មេសា បាន​អំពាវនាវ​ឱ្យ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ កុំ​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ ដែល​ល្មើស​បម្រាម។

តាមរយៈ​សារ​ផ្ញើ​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​កង​កម្លាំង​អនុវត្ត​ច្បាប់ លោក ស ខេង ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​កងកម្លាំង​អនុវត្ត​ច្បាប់​ទាំងអស់ ឱ្យ​អត់ធ្មត់ ប្រកាន់​ខ្ជាប់​នូវ​វិន័យ អាកប្បកិរិយា​ថ្លៃថ្នូរ ម៉ឺងម៉ាត់ និង​ត្រូវ​គោរព​គោលការណ៍​នៃ​ក្រមសីលធម៌​វិជ្ជាជីវៈ ឱ្យ​បានជា​ដាច់ខាត ជា​ពិសេស ត្រូវ​ចៀសវាង​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ការ​ដោះស្រាយ​បញ្ហា នៅពេល​អនុវត្ត​រាល់​បទបញ្ជា ឬ​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល។

លោក ស ខេង បញ្ជាក់​ថា មាន​តែ​ប្រកាន់​ខ្ជាប់​នូវ​ការ​អត់ធ្មត់​ខ្ពស់​ប៉ុណ្ណោះ ទើប​ទទួល​បាន​ការ​គាំទ្រ និង​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ក្នុង​ការ​បំពេញ​បេសកកម្ម​នេះ​។ ទន្ទឹម​នេះ លោក ស ខេង ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​ចូលរួម​អនុវត្ត​វិធានការ​នានា​របស់​រដ្ឋាភិបាល និង​សហការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច ដើម្បី​កាត់ផ្ដាច់ និង​ឈាន​ទៅ​បញ្ចប់​ការ​រាលដាល​ក្នុង​សហគមន៍​នៃ​ជំងឺ​កូវីដ-១៩ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ។

ទោះបី​ជា​មាន​សារ​ក្រើន​រម្លឹក​ពី​មន្ត្រី​កំពូល​នៃ​ក្រសួងមហាផ្ទៃ​បែបនេះ​ក្ដី ក៏​កន្លងមក​អំពើ​ហិង្សា ដែល​ប្រព្រឹត្ត​ពី​សំណាក់​កងកម្លាំង​សន្តិសុខ និង​កងកម្លាំង​មាន​សមត្ថកិច្ច ទៅលើ​ប្រជាពលរដ្ឋ តែងតែ​កើត​មាន​ជាប្រចាំ ហើយ​គេ​កម្រ​ឃើញ​មាន​ការ​ដាក់​ទោស​ទណ្ឌ ឬ​ពិន័យ​មន្ត្រី ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ទាំងនោះ​ណាស់។

ពេល​នេះ ត្រឹមតែ ៧ ថ្ងៃ​សោះ នៃ​ការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដែល​ការ​ចាប់ខ្លួន​ពលរដ្ឋ មាន​រហូតដល់​ជិត ១៣០ នាក់ និង​អំពើ​ហិង្សា​កើតឡើង​ស្ទើរ​គ្រប់ទិសទី​។ ប៉ុន្តែ​អ្នកឃ្លាំមើល​សង្គម ថា ការចែក​ស្បៀង​ជូន​ពលរដ្ឋ​ដល់​មូលដ្ឋាន និង​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ពួកគាត់​ទាន់​ពេល​វេលា អាច​ជា​មធ្យោបាយ​ល្អ​មួយ ដើម្បី​កាត់បន្ថយ​ចំនួន​ពលរដ្ឋ ក្នុង​ការ​ចេញ​ក្រៅ​ផ្ទះ និង​អាច​កាត់​បន្ថយ​ចំនួន​មនុស្ស ដែល​ត្រូវ​អាជ្ញាធរ​វាយដំ៕

No comments: