April 30, 2021

មន្ត្រី​សង្គម​ស៊ីវិល ថា រដ្ឋ​មិន​គួរ​ឱ្យ​ពលរដ្ឋ​បង់ថ្លៃ​ព្យាបាល​ជំងឺ​កូវីដ ទោះ​ព្យាបាល​នៅ​ពេទ្យ​ឯកជន

មន្ត្រី​សង្គម​ស៊ីវិល ថា រដ្ឋ​មិន​គួរ​ឱ្យ​ពលរដ្ឋ​បង់ថ្លៃ​ព្យាបាល​ជំងឺ​កូវីដ ទោះ​ព្យាបាល​នៅ​ពេទ្យ​ឯកជន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី១០ ខែ​កុម្ភៈ ឆ្នាំ​២០២១។  រូប​ពី​ហ្វេសប៊ុក


ដោយ មួង ណារ៉េត RFA 2021-04-29

មន្ត្រី​សង្គម​ស៊ីវិល ថា រដ្ឋ​មិន​គួរ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួនឯង​បង់ថ្លៃ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នោះ​ទេ ទោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ក៏ដោយ ព្រោះ​វិបត្តិ​ដោយសារ​ជំងឺ​កូវីដ-១៩ ជា​វិបត្តិ​សុខភាព​សាធារណៈ ដែល​ជា​បន្ទុក​របស់​រដ្ឋ។

មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​បែប​នេះ ក្រោយ​ក្រសួង​សុខាភិបាល បោះដៃ​ទៅ​ឱ្យ​មន្ទីរពេទ្យ​ឯកជន ជួយ​សម្រាល​បន្ទុក​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩ ព្រោះ​ពេទ្យ​រដ្ឋ​អស់​លទ្ធភាព​ទទួល​យក​អ្នក​ជំងឺ ដែល​កើន​ឡើង​យ៉ាង​គំហុក​ជា​រៀងរាល់ថ្ងៃ។

ជំងឺ​កូវីដ-១៩ ត្រូវ​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​តាំងពី​ដើម​ឆ្នាំ ២០២០ ថា ជា​ជំងឺឆ្លង​រាលដាល​ជា​សាកល និង​ជា​វិបត្តិ​រួម​របស់​ពិភពលោក​។ ដូច្នេះ ការ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ គឺជា​បន្ទុក​រួម​របស់​រដ្ឋ​នីមួយៗ ចំពោះ​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ បន្ទុក​នេះ មាន​ទាំង​កិច្ច​ខិតខំ​ប្រឹងប្រែង ធ្វើ​យ៉ាងណា​ទប់ស្កាត់ និង​បង្ការ​ជំងឺ​នេះ កុំ​ឱ្យ​រីក​រាលដាល​កាន់តែ​ធំ និង​បន្ទុក​ព្យាបាល​ជំងឺ​ប្រជា​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ​ផង។

ប៉ុន្តែ នៅ​ពេល​នេះ​បន្ទុក​នៃ​ការ​ព្យាបាល​នេះ បែរជា​ធ្លាក់​ទៅលើ​ប្រជាពលរដ្ឋ ដែល​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ជា​អ្នក​ដោះស្រាយ​ទៅវិញ ប្រសិនបើ​ពេទ្យ​រដ្ឋ​គ្មាន​លទ្ធភាព​ទទួល​អ្នកជំងឺ ហើយ​ឱ្យ​អ្នកជំងឺ​នោះ ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថា រដ្ឋ​មិន​គួរ​ទម្លាក់​បន្ទុក​ថ្លៃ​ព្យាបាល​ជំងឺ​កូវីដ​-១៩ នេះ​ទៅ​ឱ្យ​ពលរដ្ឋ​នោះ​ទេ ព្រោះ​បញ្ហា​កូវីដ​-១៩ មិនមែន​ជា​បញ្ហា​ផ្ទាល់ខ្លួន របស់​បុគ្គល​ណា​ម្នាក់ ប៉ុន្តែ​វា​ជា​បញ្ហា​រួម ព្រោះ​រដ្ឋ​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ រដ្ឋ​ព្យាបាល​ជំងឺ​នេះ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥតគិតថ្លៃ​ដែរ ដូច្នេះ​មិន​គួរ​មាន​ស្តង់ដារ​ពីរ​នោះ​ទេ៖ «ដូច្នេះ​កាលណា​ជា​បន្ទុក​របស់​រដ្ឋ អ្វី​ដែល​វិស័យ​ឯកជន​ទទួលខុសត្រូវ​នោះ គ្រាន់តែ​ទទួល​ខុសត្រូវ ក្នុង​នាម​ដូចជា​អ្នកម៉ៅការ ឬក៏​អ្នក​រួមចំណែក​ផ្តល់​សេវា​ក្នុងនាម​រដ្ឋាភិបាល​ដែរ​ទេ»។

មតិ​របស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ធ្វើឡើង​ក្រោយ​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី២៥ ខែ​មេសា ផ្តល់​ការ​អនុញ្ញាត​ឱ្យ​មន្ទីរពេទ្យ និង​សម្ភព​ឯកជន​ស្របច្បាប់ ក្នុង​ក្រុងភ្នំពេញ​ទាំងអស់ អាច​ទទួល​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩ បាន។ ការ​អនុញ្ញាត​នេះ គឺ​ផ្ទុយគ្នា​ស្រឡះ​ទៅ​នឹង​ជំហរ​របស់​ក្រសួង​សុខាភិបាល ដែល​កាល​ពី​ចុង​ឆ្នាំ ២០២០ ព្រមាន​ចាត់ការ​រាល់​មន្ទីរពេទ្យ​ឯកជន​ណា ដែល​ហ៊ាន​ទទួល​ព្យាបាល​អ្នកជំងឺ​នេះ។

ប៉ុន្តែ តាំង​ពី​ផ្ទុះ​ព្រឹត្តិការណ៍​ចម្លង​ក្នុង​សហគមន៍ ថ្ងៃ​ទី​២០ ខែ​កុម្ភៈ អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ កើនឡើង​យ៉ាង​គំហុក រហូតដល់​ជាង ១​ម៉ឺន​នាក់ មន្ទីរពេទ្យ​រដ្ឋ​ដែល​ខ្វះខាត​ស្រាប់ អស់​លទ្ធភាព​ក្នុង​ការ​ទទួល​អ្នកជំងឺ​។ កន្លង​មក​រដ្ឋ​ត្រូវ​ប្រើ​សណ្ឋាគារ អគារ​រោងការ និង​រោងចក្រ​ផង ដើម្បី​ធ្វើជា​កន្លែង​សម្រាក​ព្យាបាល​ជំងឺ​នេះ។

ក្រសួង​សុខាភិបាល អះអាង​នៅក្នុង​សេចក្តី​អនុញ្ញាត​ឱ្យ​ពេទ្យ​ឯកជន​ជួយ​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ នោះ​ថា ធ្វើ​នេះ​គឺ​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​មន្ទីរពេទ្យ​រដ្ឋ​។ ប៉ុន្តែ​បន្ទុក​នេះ បែរជា​ធ្លាក់​ទៅ​លើ​អ្នក​ជំងឺ​ទៅវិញ ព្រោះ​ពួកគាត់​ត្រូវ​ចេញ​ប្រាក់​ខ្លួនឯង ដើម្បី​បង់​ថ្លៃ​ព្យាបាល។

ទោះ​ជា​យ៉ាងនេះ​ក្ដី អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួងសុខាភិបាល​លោក ហុក គឹមចេង អំពាវនាវ​តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក ឱ្យ​ឯកជន​យក​ថ្លៃ​សេវា​យ៉ាងណា ឱ្យ​សមស្រប ដោយ​មិន​ត្រូវ​គិត​តែ​លើ​ផល​ចំណេញ​នោះ​ទេ។

បើ​ទោះ​បី​ជា​មានការ​ស្នើ​ឱ្យ​ពេទ្យ​ឯកជន​យក​ថ្លៃ​សេវា​ព្យាបាល​សមរម្យ​ពី​អ្នកជំងឺ​កូ​វីដ​-១៩​ក្ដី ក៏​មន្ត្រី​សង្គម​ស៊ីវិល​ថា នេះ​ជា​បន្ទុក​ធ្ងន់​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ដែល​កំពុង​រងគ្រោះ​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ​។ លោក សន ជ័យ ថា​ពលរដ្ឋ​ខ្សោះ​ខ្យល់​ស្ទើរ​គ្រប់គ្នា អ្នកខ្លះ​រកតែ​អង្ករ​ច្រក​ឆ្នាំ​លែង​បាន អ្នកខ្លះ​ដាច់​ស្បៀង​ដង្ហោយ​ឱ្យ​រដ្ឋាភិបាល​ជួយ​រាល់ថ្ងៃ​។ ជាង​នេះ​ទៅ​ទៀត ក្នុង​គ្រួសារ​ខ្លះ មាន​សមាជិក​កើត​ជំងឺ​នេះ​ស្ទើរ​ទាំងអស់គ្នា​។ បើ​ឱ្យ​ពួកគាត់​ចេញ​លុយ​ព្យាបាល​ជំងឺ​នេះ​ដោយ​ខ្លួនឯង តើ​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​មកពីណា​?៖ «ប៉ុន្តែ​រឿង​នេះ ខ្ញុំ​គិត​ថា រឿង​នេះ នឹង​មាន​ការ​លំបាក​ដែរ ដោយសារ​ផ្ទះ​ខ្លះ​ដូច​នៅក្នុង​តំបន់​ខ្ញុំ មាន​អ្នក​ឈឺ​ដល់​ទៅ ៧ ឬ​៨ នាក់ ក្នុង​សមាជិក ១០​នាក់​។ របៀប​នេះ​ហើយ ដែល​ជា​បន្ទុក​! មិនមែន​សុទ្ធតែ​អ្នកមាន​ផ្ទះសម្បែង មាន​មធ្យោបាយ​ប្រើប្រាស់​គ្រប់គ្រាន់​ហ្នឹង សុទ្ធ​តែ​ជា​អ្នក​ដែល​មាន​លទ្ធភាព​ព្យាបាល​ខ្លួនឯង​ទេ​។ យើង​ដឹង​ហើយ​ថា រយៈពេល​ទៅ​ព្យាបាល​មិនមែន​មួយថ្ងៃ​ទេ​។ យ៉ាងតិច​ក៏ ១៤ ថ្ងៃ​ដែរ ទៅ​រាប់​ខែ។ ចុះបើ​ទៅ​ពេទ្យ​ឯកជន គេ​យក​ថ្លៃ​ថ្លៃ​ព្យាបាល​ផង ហើយ​យើង​ដឹង​ថា ពេទ្យ​ឯកជន ល្បី​ខាង​កាប់​រឿង​តម្លៃ​នេះ​ឥត​អាសូរ»។

បន្ទុក​នៃ​ការ​ព្យាបាល​ជំងឺ​រីក​រាលដាល​ជា​សាកល ដែល​ជា​កង្វល់​រួម​នេះ គឺជា​ការទទួលខុសត្រូវ​របស់​រដ្ឋ និង​មាន​ចែង​នៅក្នុង​ច្បាប់​កំពូល​របស់​ជាតិ​ថែម​ទៀត​ផង​។ មាត្រា ៥២ និង ៧២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែងថា រដ្ឋ​យកចិត្តទុកដាក់​ជា​អាទិភាព​ចំពោះ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។ សុខភាព​របស់​ប្រជារាស្ត្រ​ត្រូវ​បាន​ធានា ហើយ​រដ្ឋ​យកចិត្តទុកដាក់​ដល់​ការ​ការពារ​ជំងឺ និង​ព្យាបាល​ជំងឺ។

ការ​តម្រូវ​ឱ្យ​ពលរដ្ឋ​ខ្លួនឯង​បង់ថ្លៃ​ព្យាបាល​ជំងឺ​កូវីដ-១៩​នេះ ក៏​ផ្ទុយ​ទៅ​នឹង​ជំហរ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាល​ពី​ដើម​ឆ្នាំ ២០២០ ធ្លាប់​អះអាង​យ៉ាង​ឱឡារិក​ថា កុំ​ថា​ឡើយ​ពលរដ្ឋ​ខ្មែរ ដែល​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​នេះ​ដោយ​ឥតគិតថ្លៃ សូម្បីតែ​ជនបរទេស​ទាំងអស់​ដែល​កើត​ជំងឺ​នេះ ក៏​លោក​ឱ្យ​ព្យាបាល​ដោយ​មិន​យក​ប្រាក់​ដែរ៖ «ខ្ញុំ​សុំ​ប្រកាស យើង​ក្រ​តែ​យើង​ចិត្តធំ​! អ្នកណា​កើត​ជំងឺ​លើ​ដី​យើង យើង​ចេញ​លុយ​ព្យាបាល​! នយោបាយ​នេះ​គឺ​ប្លែក​ពី​វៀតណាម​។ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​ប្រកាស​ថា ជនជាតិ​បរទេស ដែល​កើត​ជំងឺ​នេះ​ត្រូវ​ចេញ​លុយ​ព្យាបាល​ខ្លួនឯង​។ កម្ពុជា​ជា​ប្រទេស​មួយ​ក្រ សូម​ប្រកាស​ថា ជនជាតិ​បរទេស​ដែល​ឈឺ​នៅក្នុង​ទឹកដី​កម្ពុជា ត្រូវ​ទទួល​បាន​ការ​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ​កម្ពុជា​ដោយ​មិន​បង់ថ្លៃ»។

លោក​បន្ថែម​ថា ការ​មិន​យក​ប្រាក់​នេះ គឺជា​កាតព្វកិច្ច​របស់​កម្ពុជា ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ។

មន្ត្រី​សុខភាព​សាធារណៈ​នៃ​អង្គការ​សង្គម​ស៊ីវិល ហួស​ចិត្តនឹង​ការ​តម្រូវ​ឱ្យ​ពលរដ្ឋ​ខ្លួនឯង បង់ប្រាក់​ថ្លៃ​ព្យាបាល​នេះ​ដែរ​។ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា (CVMA) លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី ថា បើ​កម្ពុជា​ចិត្តល្អ​រហូត​ហ៊ាន​ព្យាបាល​ជនបរទេស​ដោយ​ឥត​យក​ប្រាក់ ហេតុអ្វី​មិន​ជួយ​សម្រួល​ជនជាតិ​ខ្មែរ​គ្នាឯង​ដែរ​ទៅ​?៖ «គួរ​ណាស់​ខាង​រដ្ឋ​ហ្នឹង មេត្តា​ជួយ​ដល់​គ្លីនិក​ឯកជន ដោយ​ចំណែក​ណាខ្លះ ដើម្បី​ឱ្យ​គាត់​ជួយ​រក​អ្នក​កើត​កូវីដ​តាម​ស្រុក​តាម​ភូមិ ហើយ​វា​អាច​កាត់បន្ថយ​ការ​ឆ្លង​តាម​ភូមិ​តាម​ស្រុក​បែបនេះ»។

លោក ហ៊ុន សែន រង​ការ​រិះគន់​ថា ធ្វើ​នយោបាយ​ប្រជាភិថុតិ គឺ​រដ្ឋ​គ្មាន​ប្រាក់​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​លោក​តែងតែ​សន្យា​ថា រដ្ឋ​មិន​ខ្វះ​ប្រាក់​នោះ​ឡើយ ដូចជា​សន្យា​កាល​ពី​ដើម​ឆ្នាំ ២០២០ ថាបើ​ស្ថានភាព​កូវីដ អូសបន្លាយ​លើស​មួយឆ្នាំ រដ្ឋ​គ្រោង​ត្រៀម​ថវិកា ២​ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​។ ប៉ុន្តែ ស្ថានភាព​នេះ បាន​អូស​បន្លាយ​ជាង​មួយឆ្នាំ​ទៅ​ហើយ ពលរដ្ឋ​ដែល​រងគ្រោះ​បាន​ទទួល​ប្រាក់ឧបត្ថម្ភ និង​ជំនួយ​តិចតួច​ណាស់​ពី​រដ្ឋ។ ជាង​នេះ​ទៅ​ទៀត សូម្បីតែ​ប្រាក់​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ ក៏​រដ្ឋ​ត្រូវ​អង្គាស​ពី​ប្រជាជន​ដែរ​។ ថ្មីៗ​នេះ​ទៀត​សោត ក្រសួង​សេដ្ឋកិច្ច​ប្រកាស​ថា នឹង​ផ្តល់​ប្រាក់​ឧបត្ថម្ភ ៣​សែន​រៀល ដល់​អ្នក​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​នៃ​ជំងឺ​នេះ​។ ប៉ុន្តែ ប្រកាស​បាន​ពីរ​ថ្ងៃ ក៏​លុបចោល​វិញ ដោយ​លោក ហ៊ុន សែន ថា មិនដឹង​ចែក​លុយ​ពលរដ្ឋ​ដោយ​របៀប​ណា និង​អង្វរ​ឱ្យ​អ្នក​ខ្វះខាត កុំ​ប្រឹង​ទាមទារ​ពេក រដ្ឋ​ក៏​លំបាក​ដែរ៖ «ប្រសិនបើ​ម្នាក់ៗ​គិតតែ​ទាមទារ យើង​ពុំ​មាន​របស់របរ​ប្រាក់​គ្រប់គ្រាន់​។ យើង​មាន​ប្រាក់​តែ​មិនដឹង​យើង​ចែក​របៀប​ណា​? យន្តការ​ចែក​របៀប​ណា?»។

តាំងពី​ក្រសួង​ប្រកាស​ឱ្យ​មន្ទីរពេទ្យ​ឯកជន​ជួយ​ទទួល​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩ និង​តាំង​ពី​ដឹង​ថា​អ្នកជំងឺ​ជា​អ្នក​ចេញថ្លៃ​ព្យាបាល​នេះ មាន​មន្ទីរពេទ្យ​ឯកជន​តិចតួច​ណាស់ ដែល​ទទួល​ព្យាបាល​ជំងឺ​នេះ​។ អាស៊ីសេរី ទាក់ទង​មន្ទីរពេទ្យ​ឯកជន​ធំៗ​ជាច្រើន នៅ​ទីក្រុង​ភ្នំពេញ រួម​ទាំង​មន្ទីរពេទ្យ ជោរៃ ភ្នំពេញ ពេទ្យ Sun Rise និង មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​ជាដើម ពុំ​មាន​មន្ទីរពេទ្យ​ណាមួយ បាន​ដាក់​ពាក្យ​ទៅ​ក្រសួង ដើម្បី​ទទួល​ព្យាបាល​ជំងឺ​នេះ​នៅឡើយ​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​តម្រូវ​ឱ្យ​អ្នកជំងឺ​បង់ថ្លៃ​ព្យាបាល​ជំងឺ​នេះ និង​ការណ៍​ដែល​រដ្ឋ​មិន​ជួយ​បន្ទុក​ថ្លៃ​ព្យាបាល​នេះ នឹង​ធ្វើ​ឱ្យ​មន្ទីរពេទ្យ​ឯកជន​អល់អែក និង​រារែក​ក្នុង​ការ​ទទួលយក​អ្នកជំងឺ​កូវីដ-១៩។ ម្យ៉ាងទៀត​ពួកគាត់​ថា ពេទ្យ​ឯកជន​មួយចំនួន ខ្លាច​បាត់​អតិថិជន​ទូទៅ​ផ្សេងទៀត បើ​ពួកគាត់​ទទួល​ព្យាបាល​ជំងឺ​កូវីដ-១៩​នេះ ព្រោះ​ពលរដ្ឋ​ភាគច្រើន រួម​ទាំង​មន្ត្រី​សុខាភិបាល​ផង សុទ្ធតែ​ភ័យខ្លាច​ជំងឺ​នេះ​។ នៅ​ទីបំផុត អ្នកជំងឺ​នឹង​រត់​ទៅ​រក​មន្ទីរពេទ្យ​រដ្ឋ ឬ​ជ្រើសរើស​វិធី​ព្យាបាល​ជំងឺ​ដោយ​ខ្លួនឯង​នៅ​តាម​ផ្ទះ ដែល​ប្រការ​នេះ អាច​នឹង​ធ្វើ​ឱ្យ​ការគ្រប់គ្រង​ការ​រីក​រាល​នៃ​ជំងឺ​នេះ នៅតែ​ជួប​ការ​លំបាក​យូរ​តទៅ​ទៀត៕

No comments: