April 23, 2021

សមត្ថកិច្ច​ចាប់​ខ្លួន​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់​ទៀត​ដោយសារ​នាំ​ជនជាតិ​ចិន ២៨​នាក់​បំពាន​បម្រាម​រដ្ឋាភិបាល

ទិដ្ឋភាព​សមត្ថកិច្ច​ខេត្ត​ស្វាយរៀង ចាប់​ខ្លួន​លោក ស៊ុំ ពៅ មន្ត្រី​យោធា​ផ្កាយ​ពីរ​ម្នាក់​នៅ​ក្នុង​ក្រសួង​ការពារជាតិ ដែល​នាំ​ជនជាតិ​ចិន ២៨​នាក់​បំពាន​បម្រាម​រដ្ឋាភិបាល។  រូប​ពី​ហ្វេសប៊ុក ខៀវ កាញារីទ្ធ


ដោយ ហេង រស្មី RFA 2021-04-23

សមត្ថកិច្ច​ចាប់ខ្លួន​មន្ត្រី​យោធា​ជាន់ខ្ពស់​ម្នាក់ទៀត​ក្រោយ​ពី​បាន​ដឹក​ជនជាតិ​ចិន​ចំនួន ២៨នាក់​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ព្រំដែន​បាវិត ខេត្ត​ស្វាយរៀង បំពាន​ទៅ​នឹង​បម្រាម​របស់​រដ្ឋាភិបាល​ក្នុង​ខណៈ​ដែល​ជំងឺ​កូវីដ​១៩ កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​សហគមន៍។

សមត្ថកិច្ច​ចាប់​ខ្លួន​លោក ស៊ុំ ពៅ មន្ត្រី​យោធា​ផ្កាយ​ពីរ​ម្នាក់​នៅ​ក្នុង​ក្រសួង​ការពារជាតិ​ដោយ​ចោទ​ប្រកាន់​ពី​បទ​រត់ពន្ធ​មនុស្ស​ក្រោយ​ពី​រដ្ឋាភិបាល​បាន​ដាក់​បម្រាម​មិន​ឱ្យ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩។

អគ្គ​ស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមឃឿន ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃទី​២២ មេសា​ថា សមត្ថកិច្ច​កំពុង​សាកសួរ​លោក ស៊ុំ ពៅ បញ្ជូន​ខ្លួន​ទៅ​តុលាការ។

ចំណែក​ជនជាតិ​ចិន​ទាំង ២៨ នាក់​សមត្ថកិច្ច​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក ចំនួន​១៤ ថ្ងៃ​សិន​នៅ​មុន​នឹង​សម្រេច​ថា តើ​ពួកគេ​នឹង​ត្រូវ​ទទួលទោស​បែប​ណា៖ «យើង​អត់​ទាន់​ចោទ​ថា ម៉េច​នៅឡើយ​ទេ កំពុង​ប្រមូល​ភស្តុតាង ប្រមូល​សាក្សី និង​ប្រមូល​ព័ត៌មាន​បន្ថែម»។

ពាក់ព័ន្ធ នឹង​រឿង​ជនជាតិ​ចិន​នេះ​ផង​ដែរ តុលាការ​ខេត្ត​កំពត កាលពី​ថ្ងៃទី​២២ មេសា បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនជាតិ​ចិន​ចំនួន ១៤​នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ មក​ទីក្រុង​ភ្នំពេញ​ដោយ​ឆ្លងកាត់​ខេត្ត​កំពត។

ដោយឡែក​សមត្ថកិច្ច​ខេត្ត​ចំនួន​ពីរ​ខេត្ត​ផ្សេងទៀត គឺ​ខេត្ត​កែប និង ខេត្តកំពង់ស្ពឺ ក៏​ឃាត់ខ្លួន​មនុស្ស បំពាន បំរាម​រាំង​ខ្ទប់​រដ្ឋាភិបាល​ដែរ។

សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ៧​នាក់ និង​ខ្មែរ​ម្នាក់​បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ប្រទេស​វៀតណាម ដោយ​ឆ្លងកាត់​ខេត្ត​កែប។ ចំណែក ខេត្តកំពង់ស្ពឺ​ឯណោះ​វិញ​សមត្ថកិច្ច បាន​ចាប់​ខ្លួន​ជនជាតិ​ឥណ្ឌូណេស៊ី ១៦​នាក់ និង​ជនជាតិ​ខ្មែរ​ចំនួន ២​នាក់ បន្ទាប់ពី​ពួកគេ​ធ្វើដំណើរ​ពី ខេត្ត​បន្ទាយមានជ័យ ឆ្ពោះ​មក​ទីក្រុង​ភ្នំពេញ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា មនុស្ស​ទាំង ១៦​នាក់​នេះ​កំពុង​ដាក់​ឱ្យ​នៅ​ធ្វើ​ចត្តាឡីស័ក​ចំនួន ១៤​ថ្ងៃ​សិន មុន​នឹង​សម្រេច​បញ្ជូន​ទៅ​តុលាការ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដ (Adhoc) លោក សឹង សែនករុណា ស្វាគមន៍​អាជ្ញាធរ​ចាត់​វិធានការ​លើ​មន្ត្រី​យោធា​ប្រើ​អំណាច​រំលោភ​បំរាម៖ «ពីព្រោះ​គាត់​ជា​មន្ត្រីជាន់ខ្ពស់​គាត់​គួរតែ​ដឹង​ពី​វិធានការ​រដ្ឋបាល​របស់​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ មិន​គួរ​ណា​គាត់​ទៅ​ប្រើ​ប្រាស់​តួនាទី​ខ្លួនឯង​ដើម្បី​រក​ប្រយោជន៍​នៅ​ក្នុង​បរិបទ​ដែល​គេ​កំពុងតែ​មានការ​ភ័យខ្លាច​រាត​ត្បាត​ជំងឺ​នេះ​ជាច្រើន»។

គិត​ចាប់ពី​ថ្ងៃទី​១៥ មេសា មក​ដល់​ថ្ងៃ​ទី​២២ មេសា ក្រោយ​ចេញ​បម្រាម​បិទ​ខ្ទប់​ទីក្រុង អាជ្ញាធរ​ក្រុង​ភ្នំពេញ ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ និង​បរទេស​ប្រមាណ​ជិត ២០០​នាក់ ដោយ​ភាគច្រើន អ្នក​ទាំងនោះ រង​ការ​ពិន័យ​ជា​ប្រាក់ និង​មួយចំនួន ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ និង​ខ្លះទៀត​ត្រូវ​បញ្ជូន​ទៅ​តុលាការ៕

No comments: