April 23, 2021

"សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ប្រឈម​ការ​រឹតត្បិត​ខ្លាំង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩"

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ។ RFA


ដោយ ទីន ហ្សាការីយា RFA 2021-04-23

គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) រក​ឃើញ​ថា អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ប្រឈម​ការ​គាបសង្កត់​កាន់តែ​ខ្លាំង​ឡើង អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ មន្ត្រី​សង្គម​ស៊ីវិល​ក្នុងស្រុក ជំរុញ​ឱ្យ​រដ្ឋាភិបាល​លើកកម្ពស់​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ។

គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) រកឃើញ​ថា ច្បាប់​មួយចំនួន​នៅ​កម្ពុជា​ដែល​មិន​ស្រប​ទៅ តាមច្បាប់ និង​បទដ្ឋាន​សិទ្ធិមនុស្ស បាន​ធ្វើ​ឱ្យ​លំហ​នៃ​សិទ្ធិ​សេរីភាព​ពលរដ្ឋ រួម​ទាំង​សេរីភាព​សារព័ត៌មាន​ដែរ​នោះ កាន់តែ​រួម​តូច។

អគ្គលេខាធិការ​នៃ​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) លោក សំ ហ្សារីហ្វី (Sam Zarifi) មាន​ប្រសាសន៍​ក្នុង​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២១ មេសា​ថា បញ្ហា​នេះ​កំពុង​ធ្វើ​ឱ្យ​អន្តរាយ ដល់​ការងារ​ដ៏​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុង​ការ​បំពេញមុខងារ​ស៊ើបអង្កេត និង​លទ្ធភាព​នៃ​ការ​ចែកចាយ​ព័ត៌មាន​ដល់​សាធារណជន។

គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) គូស​បញ្ជាក់​ថា ច្បាប់​ថ្មីៗ​មួយ​ចំនួន​ត្រូវ​បាន​អនុម័ត ក្រោម​ហេតុផល​ថា ឆ្លើយតប​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​តាមពិត​ច្បាប់​ទាំងនោះ មាន​គោលបំណង ឬ​អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អាជ្ញាធរ​ក្នុង​ការ​គ្រប់គ្រង​ព័ត៌មាន​អំពី​ជំងឺ​រាតត្បាត​ទៅវិញ​ទេ​។ ច្បាប់​ទាំងនេះ​មាន​បទប្បញ្ញត្តិ​មិន​សមស្រប​ទៅ​នឹង​ច្បាប់ ឬ​បទដ្ឋាន​សិទ្ធិមនុស្ស ដោយសារតែ​ការ​ប្រើប្រាស់​ពាក្យពេចន៍​មិន​ច្បាស់លាស់ ងាយ​នឹង​នាំមក​នូវ​កា​រំលោភបំពាន​។ លើស​ពី​នេះ អាជ្ញាធរ​បាន​ដាក់​ចេញ​នូវ ទោសទណ្ឌ​ធ្ងន់ធ្ងរ​ហួសហេតុ រួមទាំង​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ ដែល​មិន​ត្រូវ​នឹង​គោលការណ៍​នៃ​ភាព​ចាំបាច់ និង​ភាព​សមាមាត្រ​នោះ​ទេ។

គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) លើកឡើង​ទៀត​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​បន្ត​ប្រើប្រាស់​ច្បាប់​ដែល​មិន​ត្រឹមត្រូវ ដើម្បី​រឹតត្បិត​តាម​អំពើ​ចិត្ត​ទៅលើ​ការ​បញ្ចេញ​មតិ និង​លំហូរ​ព័ត៌មាន​នៅ​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩ តាមរយៈ​ការ​ដាក់​អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជា​មុខ​សញ្ញា។

ឆ្លើយ​តប​រឿង​នេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ថ្លែង​ថា ការ​លើកឡើង​របស់ គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព និង​បរិយាកាស​ពិតប្រាកដ​នៃ​សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា​ឡើយ។ លោក​អះអាង​ថា ការអនុវត្ត​ច្បាប់​ថ្មី និង​វិធានការ ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ នេះ ពុំ​មែន​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព អ្នកសារព័ត៌មាន​នោះ​ទេ តែ​ជា​ការ​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​ដើម្បី​ការពារ​ផលប្រយោជន៍​សាធារណៈ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ។ «»

ទោះជា​យ៉ាងណា អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សារព័ត៌មាន​យល់​ថា ការ​លើកឡើង​របស់​គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) គឺជា​ផ្នែក​មួយ​នៃ​ការ​ក្រើនរំលឹក​ដល់​រដ្ឋាភិបាល អំពី​ហានិភ័យ​របស់​អ្នកសារព័ត៌មាន ក្នុង​ស្ថានភាព​រីករាល​ដាល​ជំងឺ​កូវីដ១៩ ទៅ​វិញ​ទេ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJa) លោក ណុប វី មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ច្បាប់ និង​វិធានការ​រឹតត្បិត​ផ្សេងៗ ដោយ​ហេតុផល​សុវត្ថិភាព និង​ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ក៏​ត្រូវ​លើកកម្ពស់​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ដែរ។

លោក​ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ចោទប្រកាន់ ឬ​ចាប់​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ និង​បញ្ឈប់​ការ ធ្វើទុក្ខបុកម្នេញ​ទាំងឡាយ នៅពេល​ពួកគាត់​ចុះ​យក​ព័ត៌មាន​ជាដើម។ «»

ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ មក របប​លោក ហ៊ុន សែន បាន​បង្កើត​ក្របខណ្ឌ​ច្បាប់​ជាច្រើន ដូចជា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ច្បាប់​គ្រប់គ្រង​ជំងឺ​កូវីដ​-១៩ និង​អនុក្រឹត្យ​ជាច្រើន​ទៀត ក្រោម​ហេតុផល ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​ប្រើ​ក្នុង​ស្ថានភាព​ចាំបាច់​។ ប៉ុន្តែ​ក្របខណ្ឌ​ច្បាប់​ទាំងនោះ​ត្រូវ​បាន​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ​វាយតម្លៃ​ថា ធ្វើឡើង​មិន​ស្រប​ទៅ​តាម​គោលការណ៍​សិទ្ធិមនុស្ស និង​មាន​ចរិត​គាបសង្កត់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

ទោះជា​យ៉ាងណា ជុំវិញ​បញ្ហា​ប្រឈម និង​ការគាបសង្កត់​លើ​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) បាន​ដាក់​ជូន​របាយការណ៍​នេះ​ទៅ​ការិយាល័យ​ឧត្តមស្នងការ​ការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (OHCHR) ដើម្បី​រៀបចំ​របាយការណ៍​សម្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporter without border) បាន​ដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ថា មាន​ស្ថានភាព​សេរីភាព​សារព័ត៌មាន​អាក្រក់ ដោយ​ស្ថិតនៅ​លេខ​១៤៤ ក្នុងចំណោម​ប្រទេស​១៨០​។ អង្គការ​នេះ​រក​ឃើញ​ថា សេរីភាព​សារព័ត៌​មាននៅ​ឆ្នាំ​២០២០ នៅ​បន្ត​ស្ថិត​ក្រោម​ការ​រឹតត្បិត ការ​គំរាមកំហែង ការ​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ​ពី​បទ​ព្រហ្មទណ្ឌ និង​ការបង្កើត​ច្បាប់​ថ្មី ដែល​មាន​ចរិត​រឹតត្បិត​សេរីភាព​សារព័ត៌មាន ដូចជា ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន​ជាដើម៕

No comments: