April 29, 2021

ក្រុមអ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​​ អ.ស.ប ជំរុញ​​ឲ្យ​​រដ្ឋាភិបាល​​កែ​លម្អ​​សេចក្តី​ព្រាង​​ច្បាប់​​ស្តីពី​​ជន​​មាន​​ពិការភាព​ឲ្យ​ស្រប​តាម​​ច្បាប់​​អន្តរជាតិ

(ឆ្វេង) លោក ភុន យុទ្ធ ជនពិការពីកំណើត និងអ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នក​រាយការណ៍​ពិសេស​​ទទួល​បន្ទុក​​បញ្ហា​សិទ្ធិ​​មនុស្ស​​នៅ​​​កម្ពុជា​។  រូប៖ RFA


ដោយ មាន ឫទ្ធិ RFA 2021-04-28

​ការជំរុញ​​នេះ ធ្វើឡើង​ដោយ​​អ្នកជំនាញ​​សិទ្ធិ​មនុស្ស​​ពីររូប​​របស់​​អង្គការ​​សហប្រជាជាតិ​ក្នុងនោះ​​រួមមាន ​អ្នក​រាយការណ៍​ពិសេស​​ទទួល​បន្ទុក​​បញ្ហា​សិទ្ធិ​​មនុស្ស​​នៅ​​​កម្ពុជា​អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) និង​​អ្នករាយការណ៍​​ពិសេស​​ស្តីពី​​សិទ្ធិ​ជន​មាន​ពិការភាពលោក ហ្សេរ៉ាដ ឃ្វីន (Gerard Quinn)។

ក្នុងលិខិត​​មួយ​ច្បាប់​​ចុះថ្ងៃទី២២ ខែមេសា ផ្ញើ​ទៅ​​ភាគី​​រដ្ឋាភិបាល​​កម្ពុជា អ្ន​ក​ជំនាញ​​សិទ្ធិ​មនុស្ស​​ពីររូប​​របស់​​អង្គការ​សហប្រជាជាតិ​ បានស្នើសុំសេចក្ដី​​ពន្យល់ និង​ផ្តល់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការធ្វើ​សេចក្តីព្រាង​ច្បាប់​នេះ។ ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បង្ហាញ​កង្វល់​ថា សេចក្តីព្រាង​ច្បាប់​នេះ អាច​នឹង​បង្ក​ឲ្យ​មាន​ផល​អវិជ្ជមាន​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ជន​មាន​ពិការភាព ប្រសិន​បើ​គ្មាន​ការពិនិត្យ​មើល​ឡើង​វិញ​នោះទេ។ ពួកគេ​លើកឡើង​ថា ពួកគេ​មាន​កង្វល់​ថា បទប្បញ្ញត្តិ​មួយ​ចំនួន​ចែង​ក្នុង​សេចក្តីព្រាង​ច្បាប់​នេះ នៅ​មិនទាន់​ស្រប​តាម​បទដ្ឋាន និង​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ជា​ពិសេស​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ជន​មាន​ពិការភាព ​ទាំងស្រុង​នៅឡើយទេ។

ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​ដដែល កត់សម្គាល់​ពី​ចំណុច​សំខាន់៣ ដែល​ជាក្តីកង្វល់​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​សេចក្តីព្រាង​ច្បាប់​នេះ។ ចំណុចទី១ ពួកគេ​ថា សេចក្តីព្រាង​ច្បាប់​នេះ ​ពុំបាន​ដាក់​បញ្ចូល​នូវ​សិទ្ធិ​សំខាន់ៗ​មួយ​ចំនួន​ដូចដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អនុសញ្ញា​អន្តរជាតិ។ ចំណុច​ទី២ ពួកគេ​លើកឡើងថា​ សេចក្តីព្រាង​ច្បាប់​នេះ ពុំ​បាន​ពន្យល់​ច្បាស់លាស់​អំពី​ការទទួលខុសត្រូវ​របស់​រដ្ឋ​ក្នុងការ​ធានា​ឲ្យបាន​នូវការ​អនុវត្ត​សិទ្ធិ​របស់​ជន​មាន​ពិការភាព។ ចុងក្រោយ ពួកគេ​កត់សម្គាល់​ថា សេចក្តីព្រាង​ច្បាប់​នេះ មាន​បញ្ញត្តិ​ដាក់​ទោសទណ្ឌ​មួយ​ចំនួន​មិនស្រប​តាម​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ជាក់ស្តែង មាត្រា១ នៃ​សេចក្តីព្រាង​ច្បាប់​នេះ មិន​បាន​ដាក់​បញ្ចូល​នូវ​គោលការណ៍​នៃការចូលរួម​ដោយ​សកម្ម ការផ្តល់​សេវា​ជូន​ជន​មាន​ពិការភាព​ដោយ​គ្មាន​ការរើសអើង ឬ​ដោយ​សមស្រប​ដូចតាម​អនុសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិជន​មាន​ពិការភាព​នោះទេ។ រីឯ មាត្រា៣ នៃ​សេចក្តីព្រាង​ច្បាប់​នេះ ក៏​ពុំ​បាន​កំណត់​និយមន័យ​នៃ​ពាក្យថា «ពិការភាព» ឲ្យ​ដូច​នឹង​និយមន័យ​កំណត់​ក្នុង​អនុសញ្ញា​អន្តរជាតិ​នោះទេ។ បន្ថែមពីនេះ​ទៀត មាត្រា​ដដែល​ក៏ពុំ​បាន​ដាក់​បញ្ចូល​នូវ​គោលការណ៍​គោរព​សេចក្តីថ្លៃថ្នូរ​ពី​កំណើត គោលការណ៍​ស្វ័យភាព​បុគ្គល និង​ឯករាជ្យ​របស់​បុគ្គល​មាន​ពិការភាព គោលការណ៍​សមភាព និង​ការមិនរើសអើង ព្រមទាំង​គោលការណ៍​ចូលរួម​ពេញលេញ​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​រាប់​បញ្ចូល​ទាំងអស់​គ្នា​នៅ​ក្នុង​សង្គមជាដើម។

សំខាន់​ជាង​នេះ​ទៀត ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ កត់សម្គាល់​ថា សេចក្តីព្រាង​ច្បាប់​នេះ បង្កើត​ឲ្យ​មាន​ជា​ក្រុមប្រឹក្សា​ជាតិ​កម្ពុជាដើម្បី​ជន​មាន​ពិការភាព ដែល​មាន​មុខងារ​តាមដាន​ទទួល និង​កាត់សេចក្តី​រាល់​ពាក្យ​បណ្តឹង​នានា​ពាក់ព័ន្ធ​នឹង​ជន​មាន​ពិការភាព។ ពួកគេ​លើកឡើង​ថា ស្ថាប័ន​ដែល​បង្កើត​ថ្មីនេះ មិន​ឯករាជ្យ​ពី​រដ្ឋាភិបាល ហើយ​មិន​អាច​ជំនួស​ឲ្យ​ស្ថាប័ន​តាមដាន​ដោយ​ឯករាជ្យ​ណាមួយ​ ដូចដែល​មាន​កំណត់​នៅ​ក្នុង​អនុសញ្ញា​អន្តរជាតិ ​ស្តីពី​ សិទ្ធិ​ជន​មាន​ពិការភាព​បាន​ឡើយ។

ឆ្លើយតប​នឹង​បញ្ហា​នេះ តំណាង​រដ្ឋាភិបាល​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland)​ លោក អាន សុខឿន គូសបញ្ជាក់​ក្នុង​លិខិត​ឆ្លើយតប​កាលពី​ថ្ងៃទី២៣ ខែមេសាថា កម្ពុជា​នៅតែ​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​សិទ្ធិ​របស់​ជន​មាន​ពិការភាព​តាមរយៈការ​លុបចោល​ឥរិយាបថ​អវិជ្ជមាន​ និង​ការផាត់​ចោល​ក្នុង​សង្គម​ប្រឆាំងនឹង​ពិការភាព។ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​ក៏​ផ្តល់​នូវ​សិទ្ធិ​អំណាច​ដល់​ជន​មាន​ពិការភាព ​ដើម្បី​ឲ្យ​ពួកគេ​អាច​ចូលរួម​បាន​ទាំងអស់​គ្នា​នៅ​ក្នុង​ការអភិវឌ្ឍ​ប្រកប​ដោយ​សមភាព និង​ចេរភាព។ លោក អាន សុខឿន ថា​សេចក្តីព្រាង​ច្បាប់​នេះ​លើកទឹក​ចិត្ត​ឲ្យ​មាន​ការចូលរួម​ប្រកប​ដោយ​ការទទួលខុសត្រូវ និង​ពីគ្រប់ភាគី​ដើម្បី​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​របស់​ជន​មាន​ពិការភាព​ និង​កែលម្អ​គុណភាព​នៃ​ជីវិត​របស់​ពួកគេ។ លោក​លើក​ឧទាហរណ៍​ថា ក្នុង​អំឡុង​ពេល​វិបត្តិ​ជំងឺកូវីដ១៩ រដ្ឋាភិបាល​បាន​អនុវត្ត​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ និង​ងាយរងគ្រោះ​ដោយសារ​ជំងឺនេះ ដល់​គ្រួសារ​ក្រីក្រ​ជាង៧សែន​ខ្នងផ្ទះ ក្នុង​នោះ​មាន​ជន​មាន​ពិការភាព​ប្រមាណ ៦ម៉ឺន​នាក់ ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​តម្រូវការ​ចាំបាច់​នានា ដូចជា​ស្បៀងអាហារ ទឹក និង​សេវា​ថែទាំ​សុខភាព​ជាដើម។ តំណាង​កម្ពុជា​ដដែល​ពន្យល់​ថា សេចក្តីព្រាង​ច្បាប់​ថ្មីនេះ នឹង​ត្រូវ​លើក​យក​ទៅ​ពិគ្រោះយោបល់​ជាមួយ​ក្រសួង​យុត្តិធម៌​ និង​ពិនិត្យ​មើលឡើង​វិញ​ដោយ​គណៈរដ្ឋមន្ត្រីបន្ថែម​ទៀត មុន​នឹង​សម្រេច​បញ្ជូន​ឲ្យ​រដ្ឋសភា និង​ព្រឹទ្ធសភា​ជជែក​ដេញដោល និង​អនុម័ត។ ក៏ប៉ុន្តែ លោក​ពុំ​បាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​នៃ​ការឈាន​ទៅ​អនុម័ត​សេចក្តីព្រាងច្បាប់​នេះឡើយ។

កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្តី​ពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​ពិការ ជាលើក​ដំបូង​កាលពី​ខែឧសភា ឆ្នាំ២០០៩ មុន​នឹង​ឈាន​ទៅ​ផ្តល់​សច្ចាប័ន​ដល់​អនុសញ្ញា​អន្តរជាតិ​ ស្តីពី ​សិទ្ធិ​ជន​មាន​ពិការភាព​ កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២។ នៅឆ្នាំ២០២០ រដ្ឋាភិបាល​បាន​សម្រេច​តាក់តែង​ច្បាប់ ​ស្តីពី​ ជន​មាន​ពិការភាព​នេះ​ឡើងវិញ ដើម្បី​ធានា​ថា ច្បាប់​របស់​កម្ពុជា​ស្របតាម​បទដ្ឋាន​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ជន​មាន​ពិការភាព៕

No comments: