April 30, 2021

អ្នក​ប្រើ​ហ្វេសប៊ុក​រិះគន់​ជំនួយការ​លោក ហ៊ុន សែន ដែល​ថា ខ្លួន​លំបាក​ជាង​ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់

សារ​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​លោក ដួង តារា ជំនួយការ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី​។  Screenshot


ដោយ សេក បណ្ឌិត RFA 2021-04-30

ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម បញ្ចេញ​មតិ ឬ​សរសេរ Comments តប​នឹង​ជំនួយការ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី​លោក ដួង តារា ដែល​បាន​ត្អួ​ញ​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ខ្លួន​លំបាក​ជាង​ពលរដ្ឋ​រស់នៅ​តំបន់​បិទ​ខ្ទប់ ឬ​តំបន់​ក្រហម​នោះ​ទៅទៀត។

សារ​ត្អូញត្អែរ​របស់​ជំនួយការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី​លោក ដួង តារា ដែល​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាលពី​ថ្ងៃទី​២៦ ខែមេសា​នោះ មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​គួរ​ឱ្យ​កត់សម្គាល់។

អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ខ្លះ Comments យល់ស្រប និង​ហាក់​ជឿ​ថា ពិតជា​មាន​ការ​លំបាក និង​គួរ​ឱ្យ​អាណិត​សូរ បើ​ទោះបី​លោក​ជា​មន្ត្រី​ធំ មានមុខ​មាន​មាន​មាត់​ក្នុង​សង្គម រស់​ក្រោម​ដំបូលផ្ទះ​ធំ ទ្រនំ​ខ្ពស់ ស្ទើរ​ប៉ុន​វាំង​ស្តេច​ក៏ដោយ ក៏​មាន​ការ​លំបាក​ដូច​ពលរដ្ឋ​ក្រីក្រ​ដែល​រកមួយ​ថ្លៃ​ហូប​មួយថ្ងៃ ហើយ​ថែមទាំង​ជាប់​ក្នុង​ដំបន់​ក្រហម មិន​អាច​ចេញទៅ​ណា​រួច ដោយសារ​កូវីដ១៩។

សារ​ត្អូញត្អែរ​របស់លោក ដួង តារា ដែល​បាន​ផ្សព្វ ផ្សាយ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ បាន​ភ្ជាប់​មក​ជា​មួយ​នូវ​រូបថត​ពាក់​អាវធំ ហឺហា និង​ពាក់​ម៉ាស់​ផង។ លោក​សរសេរ​ផ្ដើម​ដោយ​ឃ្លា​ថា​៖ «​អ្នក​ភ្នំពេញ​រស់នៅ​ក្នុងផ្ទះ​ក្នុង​តំបន់​បិទ​ខ្ទប់ ល្អ​ប្រសើរ​ជាង​ខ្ញុំ​ខ្លាំង»។

លោក​បន្ត​ថា ស្ថានភាព​ពលរដ្ឋ​ប្រសើរ​ជាង​លោក ព្រោះ​ពលរដ្ឋ​បាន​ជុំគ្នា​ក្នុងផ្ទះ ខណៈ​ដែល​លោក​ត្រូវធ្វើ​ចត្តាឡីស័ក មិន​បាន​ជួប​កូនស្រី ក្នុង​ថ្ងៃ​ខួបកំណើត​របស់​នាង​។ លោក​សរសេរ​ក្នុង​ន័យ​ដើម​ថា​៖ «​បងប្អូន​អ្នក​រស់នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ក្នុង​ភ្នំពេញ​ពិតជា​សំណាង​ជាង​ខ្ញុំ​ខ្លាំង​ណាស់ ក្នុង​កំឡុង​ពេល​នេះ ព្រោះ​បងប្អូន​នៅ​មាន​សេរីភាព​ដើរហើរ​ក្នុងផ្ទះ​ជួប​សមាជិក​ក្រុម​គ្រួសារ​ណា​ក៏បាន […..]​។ ចំណែក​ខ្ញុំ​ក្រោយពី​វិលត្រឡប់​ពី​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃទី​២៤ ខែមេសា គឺ​បាន​យក​សំណាក​ពិនិត្យ​កូវីដ-១៩ សាជាថ្មី ហើយ​ត្រូវ​នៅ​ធ្វើ​ចត្តាឡីស័ក​ក្នុង​បន្ទប់​ម្នាក់ឯង មិន​បាន​ជួប​ក្រុម​គ្រួសារ ជាពិសេស​កូនស្រី​ដែល​នឹង​គម្រប់ ២​ខួប នៅ​ថ្ងៃទី​២៨ ខែមេសា​ខាងមុខនេះ។

លោក ដូង តារា ជា​មន្ត្រី​ម្នាក់​ដែល​នៅ​កៀក​នឹង​លោក ហ៊ុន សែន​។ លោក​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ពាក់​នាឡិកា​តម្លៃ​រាប់ពាន់​ដុល្លារ ចិញ្ចៀនពេជ្រ និង​រស់នៅ​ក្នុង​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​នៅ​រាជធានី​ភ្នំពេញ។

សារ​ទួញ​ទុក្ខ របស់​លោក ដួង តារា​នេះ​ធ្វើឡើង ខណៈ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​រស់នៅ​តំបន់​បិទ​ខ្ទប់ កំពុង​ស្វែងរក​អាហារ​ហូបចុក ទឹកដោះគោ​ឱ្យ​កូន​បៅ ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ ខ្វះ​ទាំង​ថាមពល ហ្គាស ឬ ធ្យូង​សម្រាប់​ចំអិន​ម្ហូប​ផង​ប្រចាំ​សឹង​មិនបាន។

ទាក់ទង​នឹង​រឿង​នេះ ម្ចាស់​គណនី ហ្វេសប៊ុក ឈ្មោះ សី ហូ (Sey Hu) និង​អ្នក​ដទៃទៀត​ជាច្រើន បាន​ចូល​Comment តប​ជា​បន្តបន្ទាប់។ សី ហូ (Sey Hu) បាន​សរសេរ​ថា៖ «ទៅ​ជា​អ្នក​រស់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​មាន​សំណាង​ជាង ឯកឧត្តម វិញ ពួក​យើង​ខ្លះ ដាច់​លុយ ខ្លះ​ដល់​ថ្ងៃ​បង់​ធនាគារ ខ្លះ​ដល់​ថ្ងៃ​បង់​បន្ទប់​ជួល​ខ្លះ​ស្ទើរ​ដាច់​បាយ​ហើយ​…!!»។

ចំណែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ (ខេលី សំ) Kailly Som បាន​ដាក់​ជា​សំណួរ​ថា៖ «បង នៅ​៥​ស្តារ ហើយ មិច​ទៀត​…? ថែ​សុខភាព បង​…!»។

ដោយ​ឡែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ប៉ា យូសូហ្វ (Pa Yusof) ក៏​បាន​ចូល Comment តប​ដែរ​ថា​៖ «​សូម​គោរព​ឯកឧត្តម​! បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​​ក្នុង​តំបន់​ក្រហម​ដែល​បាន​ធ្វើ​ចត្តាឡីស័ក​ជិត ១​ខែ​ហើយ អំណោយ​ក៏​មិន​បាន ស្នាក់​នៅក្នុង​បន្ទប់​ជួល ផ្ទះ​លេខ 31 ផ្លូវ44 ជាប់​របង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្ទឹងមានជ័យ​១ ដាច់​ស្បៀងអាហារ !!»។

ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​បាន​សរសេរ​បន្ត​ទៀត​ថា៖ សូម​ឯកឧត្តម​មេត្តា​ជួយ​ដល់​ប្រជាពលរដ្ឋ​ផង រស់នៅ​ក្រោម​ដំបូល​សន្តិភាព របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ប្រជាពលរដ្ឋ តែ​ផ្ទុយទៅវិញ​មន្ត្រី​គ្រាប់​ល្ពៅ​ថ្នាក់ក្រោម​ជាតិ​ឃុបឃិត​កេង​បន្លំ​អំណោយ ដើម្បី​ក្រុម​គ្រួសារ​និង​បក្ខពួក​តែប៉ុណ្ណោះ។

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ដុល្លា ជាយដែន Comment តប​ដែរ​ថា​៖ មិន​ស្រួល​នោះ​ទេ ខ្ញុំ​រស់នៅ​ក្រុង​តាខ្មៅ​ពីរ​ឆ្នាំ​ហើយ មិន​បាន​ទៅ​ស្រុកកំណើត​ក៏​ពីរ​ឆ្នាំ​ដែរ ដោយ​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង ឥឡូវ​ត្រូវ​ជាប់​ក្នុង​បន្ទប់​ជួល​រយះពេល ១១​ថ្ងៃ​ហើយ គ្មាន​លុយ​ទិញ​ស្បៀង​ដូច​គេ​ទេ ត្រូវ​ដេក​អត់បាយ គ្មាន​មន្ត្រី​ណា​ចុះ​សួរនាំ​អី​តិច នេះ​ហើយ​ឬ​មន្ត្រី​ល្អ​នោះ​…?

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ហ្គេក ឆីម ( Kek ChieM) ថា​៖ រាស្ត្រ​នៅ​ដាច់​បាយ លុយ​ចាយ​ក៏​អស់ ពោះ​ក៏​ឃ្លាន ចំណែក លោក​វិញ​មាន រស់នៅ​ចត្តាឡីសក្កិ​យ៉ាង​ស្រួល​ក្នុង​បន្ទប់​ដូច​វិមាន ហើយ​ពិសារ​អី​តាមចិត្ត​ឃ្លាន​។ នៅ​ហ៊ាន​និយាយ​ថា រាស្ត្រ​សំណាង​ជាង​ខ្ញុំ​ទៀត​ព្រះ​អើយ។

ដោយ ឡែក ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ហាំ ហ៊ីម (Ham Hym) ក៏​តប​ជា​សំណួរ​ត្រឡប់​ទៅវិញ​ថា​៖ ល្អ​សម្រាប់​តែ​អ្នក​មានផ្ទះ​ស្រាប់ តែ​គ្នា​នៅ​បន្ទប់​ជួល​អារម្មណ៍​យ៉ាង​ណា​ដែរ​គាត់​រស់​ពឹង​លើ​ការងារ ម្យ៉ាង​គ្រួសារ​នៅ​ស្រុក​ដែល​ពឹង​លើ​គាត់​គិត​យ៉ាងណា​វិញ​…?

ដំណាលគ្នា​នឹង​ពេល​ដែល​លោក ដួង តារា ផុស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ​ដែរ ក្នុង​ក្រុម ឬ គ្រុប​តេឡេក្រាម (Telegram) របស់​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​ដឹកនាំ​វិធានការ​បិទ​ខ្ទប់ គឺ​មាន​ពលរដ្ឋ​ជាច្រើន​នាក់ ផ្ញើ​សារ​សុំ​ជំនួយ​ស្បៀងអាហារ។

ពលរដ្ឋ​ម្នាក់​ឈ្មោះ ផុន រតនា បាន​ផ្ញើ​សារ​សុំ​ជំនួយ​យ៉ាង​ដូច្នេះ​ថា​៖ «​នាង​ខ្ញុំ ឈ្មោះ ផុន រតនា អាយុ ២៩​ឆ្នាំ ជា​កម្មករ​រោងចក្រ ពេលនេះ​រោងចក្រ​ត្រូវ​ផ្អាក​។ ពេល​នេះ​នាង​ខ្ញុំ ពិបាក​ខ្លាំង​ដោយសារ​ខ្វះ​ស្បៀង និង​ថវិកា ព្រោះ​កំពុង​មាន​ផ្ទៃពោះ ហើយ​រស់នៅ​បន្ទប់​ជួល​តែម្នាក​ឯង គ្មាន​អី​ហូប​។ ដូច្នេះ​សូម​ស្នើ​ដល់​លោក​ប្រធាន​មេត្តា​ជួយ​ដល់​ខ្ញុំ​ផង»។

យ៉ាងហោចណាស់​មាន​សារ​សុំ​ជំនួយ​ជា​ស្បៀងអាហារ ប្រមាណ​ជាង ៤​ម៉ឺន​សារ ដែល​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​សរសេរ​នៅក្នុង​គ្រុប​តេឡេក្រាម​របស់​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​ដឹកនាំ​វិធានការ​បិទ​ខ្ទប់​។ កាលពី​ថ្ងៃទី​២៦ ខែមេសា ស្ទើរ​ជា​រៀងរាល់​នាទី​មាន​ពលរដ្ឋ​ផ្ញើ​សារ​ចូល​ក្រុម​តេឡេក្រាម​របស់​អាជ្ញាធរ ហើយ​ប្រាប់​ថា ខ្លួន​ដាច់​ស្បៀង និង​សុំ​ជំនួយ​ជាបន្ទាន់៕

No comments: