April 23, 2021

ពលរដ្ឋ​ថា មន្ទីរពេទ្យ​រុស្ស៊ី​និង​ឡាន​សង្គ្រោះបន្ទាន់​មិន​អើពើ​នឹង​ពលរដ្ឋ ដែល​សង្ស័យ​កើត​ជំងឺ​កូវីដ

​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ឬ​ពេទ្យ​រុស្ស៊ី។  RFA


ដោយ សន ចាន់រដ្ឋា RFA 2021-04-23

ពល​រដ្ឋ​រស់នៅ​ខណ្ឌ​មានជ័យ ក្រុងភ្នំពេញ ថា គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ឬ​ពេទ្យ​រុស្ស៊ី និង​ឡានពេទ្យ​សង្គ្រោះបន្ទាន់​មិន​អើពើ​នឹង​ពលរដ្ឋ​ដែល​មាន​អាការៈ​សង្ស័យ​កើត​ជំងឺ​កូ​វីដ​១៩​។ ការ​លើក​ឡើង​នេះ ក្រោយពេល​ពលរដ្ឋ​ម្នាក់​អាការៈ​ក្ដៅខ្លួន និង​ពិបាក​ដង្ហើម បាន​សុំ​ជំនួយ​ពី​ក្រុម​គ្រូពេទ្យ​ប៉ុន្តែ​មិន​ឃើញ​ពេទ្យ​មក​យក​អ្នក​ជំងឺ។

ពលរដ្ឋ​រស់នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹងទំពុន លោកស្រី ប្រាក់ ច័ន្ទ​ថុល ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃទី​២២ ខែ​មេសា ថា ក្មួយ​ស្រី​លោកស្រី​មាន​អាការៈសង្ស័យ​កើត​ជំងឺ​កូវីដ​១៩​ពីរ​ថ្ងៃ​ហើយ ដោយ​ថ្ងៃ​ដំបូង​មាន​អាការៈ​ក្ដៅខ្លួន និង​ពិបាក​ដង្ហើម​។ លោកស្រី ប្រាក់ ច័ន្ទថុល ឱ្យ​ដឹង​ទៀត​ថា លោកស្រី​បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​ខាង​សង្គ្រោះ​បន្ទាន់​លេខ ១១៥ និង​លេខ​១១៩ ដើម្បី​ប្រាប់​ពី​បញ្ហា​និង​ស្នើ​សុំ​ឱ្យ​ឡានពេទ្យ​មក​ដឹក​ក្មួយ​លោកស្រី ប៉ុន្តែ​រយៈពេល​ពីរ​ថ្ងៃ​ទៅ​ហើយ មិនឃើញ​ពួកគេ​មក​ទទួល​ទេ​។ លោកស្រី​ឱ្យ​ដឹង​ទៀត​ថា លោកស្រី​និង​ប្ដី​បាន​ជិះ​ម៉ូតូ​ដឹក​ក្មួយ​ទៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ប៉ុន្តែ​គ្រូពេទ្យ​បដិសេធ​មិន​ទទួល៖ «ខ្ញុំ​អត់​មាន​ដំណោះស្រាយ​ខ្ញុំ​ក៏​តេ​(​ហៅ​ទូរស័ព្ទ) គាត់​ក៏​និយាយ​យើង​គួរតែ​ធ្វើ​អញ្ចេះៗ​ព្រោះ​យើង​អត់​អាច​សង្ស័យ​ទៅ​កូវីដ១០០​ភាគរយ​ទេ ហើយ​គាត់​ឱ្យ​ខ្ញុំ​ទៅ​ពេទ្យ​រុស្ស៊ី​ពេល​ទៅ​ដល់​ពេទ្យ​រុស្ស៊ី​គាត់​អត់ឱ្យ​អ្នក​ជំងឺ​ចុះ​ពីលើ​ម៉ូតូ​ទេ គាត់​ថា កន្លែង​ហ្នឹង​សង្គ្រោះ​បន្ទាន់​ពេល​យប់​ទេ បើ​ចង់​មក​ធ្វើតេស្ត​កូវីដ ទាល់តែ​ស្អែក​ហើយ​គាត់​ឱ្យទៅ​ទិញ​ថ្នាំ»។

លោកស្រី​បន្ត​ថា លោកស្រី​ក៏​ព្យាយាម​ទូរស័ព្ទ​ទៅ​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​អាជ្ញាធរ​បាន​ត្រឹម​និយាយ​សុំ​ទោស​លោកស្រី​ដោយ​បញ្ជាក់​ថា ពួកគេ​មិន​ដឹង​ត្រូវ​ជួយ​របៀប​ណា​ទេ និង​ជំរុញ​ឱ្យ​លោកស្រី​ទាក់ទង​ទៅ​ខាង​ក្រុមគ្រូពេទ្យ​។ លោកស្រី ប្រាក់ ច័ន្ទថុល បន្ត​ថា ថ្ងៃទី​២​នេះ​ក្មួយ​លោកស្រី​កាន់តែ​មាន​អាការៈ​ធ្ងន់ធ្ងរ​ដោយ​លែង​ចាំ​មុខ​សាច់ញាតិ មិន​ព្រម​ពិសា​អាហារ និង​នៅតែ​ពិបាក​ដក​ដង្ហើម​ដដែល៖ «វា (ក្មួយ​ស្រី​)​អត់​និយាយ​ជាមួយ​ខ្ញុំ​វា​បើកភ្នែក​ព្រឹមៗ​ដូច​រាង​ហត់​ហើយ​អត់​និយាយ​ស្ដី​វា​ដេក​និយាយ​ទៅ​ស្ថានភាព​ពិបាក​មើល​ខ្លាំង ប៉ុន្តែ​ខ្ញុំ​អត់​ហ៊ាន​ចូល​ព្រោះ​ខ្ញុំ​មាន​តែ​នៅ​ចាំ​ឡានពេទ្យ​តែ​ប៉ុណ្ណឹង»។

ជុំវិញ​ករណី​នេះ អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​សង្កាត់​សន្សំ​កុសល និង​ប្រធាន​មន្ទីរពេទ្យ​រុស្ស៊ី​លោក​វេជ្ជបណ្ឌិត ងី ម៉េង បាន​ទេ នៅ​ថ្ងៃទី​២២ ខែ​មេសា។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ក៏​មិនអាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​មិន​ទទួល​ការ​ហៅ​ចូល។

កន្លង​មក រដ្ឋាភិបាល ធ្លាប់​លើកឡើង​ថា ខ្វះ​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩ និង​ធ្លាប់​ណែនាំ​ពលរដ្ឋ​ដែល​ឈឺ​តិចតួច​ឱ្យ​ព្យាបាល​នៅ​ផ្ទះ​។ ប៉ុន្តែ លោកស្រី ប្រាក់ ច័ន្ទថុល ពេល​នេះ​ក្មួយ​ស្រី​លោកស្រី​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ។ លោកស្រី​ឱ្យ​ដឹង​ថា ពេលនេះ​ក្រុម​សាច់ញាតិ​លែង​ហ៊ាន​ប៉ះពាល់​ក្មួយ​ស្រី​ដែល​សង្ស័យ​កើត​ជំងឺ​កូវីដ១៩​ហើយ ដោយសារ​មាន​ការ​ភ័យខ្លាច​ចំពោះ​ជំងឺ​នេះ​។ ស្ត្រី​រូប​នេះ បារម្ភ​ថា បើ​គ្មាន​គ្រូពេទ្យ​មក​ជួយ​សង្គ្រោះ​ទេ នឹង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ក្មួយ​លោកស្រី៕

No comments: