April 29, 2021

អាជ្ញាធរ​​ខេត្ត​​កណ្ដាល​​​យក​​​ទីតាំង​​រោងចក្រ​ធ្វើ​ជា​​មណ្ឌល​ចត្តាឡីស័ក និង​​​ព្យាបាល​​​កម្មករ​​​ឆ្លង​​​ជំងឺ​កូវីដ​១៩កម្រិតស្រាល

រោងចក្រមួយស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានរៀបចំធ្វើជាទីកន្លែងសម្រាប់ព្យាបាលជំងឺកូវីដ១៩កម្រិតស្រាលៗ។  រូប៖ ហ្វេសប៊ុក រដ្ឋបាលខេត្តកណ្តាល។


ដោយ មួង ណារ៉េត RFA 2021-04-27

អាជ្ញាធរ​​ខេត្ត​​កណ្ដាល​​បាន​យក​​​ទីតាំង​​រោងចក្រ​​ដែល​​មាន​​​កម្មករ​​ឆ្លង​​ជំងឺ​​កូវីដ​១៩ ​(Covid-19)​ ធ្វើ​​ជា​​មណ្ឌល​​ចត្តាឡីស័ក និង​​ជា​​កន្លែ​ង​​ព្យាបាល​​កម្មករ​​ដែល​​មាន​​ជំងឺ​​ស្រាល​ៗ។ ​សហ​ជីព​គាំទ្រ​ការ​​រៀបចំ​​នេះ​តែ​​ជំរុញ​​​ឲ្យ​​​មាន​​ការ​​ផ្គត់ផ្គង់​​​តម្រូវ​​ការ​​ចាំបាច់​​ក្នុង​​ពេល​​ព្យាបាល​​ឲ្យ​​បាន​​គ្រប់គ្រាន់​។​

​ការ​រៀបចំ​​ឲ្យ​មាន​​ការ​​ព្យាបាល​​ជំងឺ​កូវីដ​១៩ ​នៅ​​តាម​​រោងចក្រ គឺ​​ជា​​ជម្រើស​​ល្អ​។ នេះ​ជា​​យល់​​ឃើញ​​របស់​​កម្មករ និង​​សហជីព​​មួយ​​ចំនួន។ កម្មករ​​និង​​ជា​​ប្រធាន​​សហជីព​​កម្ពុជា​​ប្រចាំ​​រោងចក្រ​​​ប៊ូវឃើរ​​ (Bowker) នៅ​​ស្រុក​​អង្គ​ស្នួល​​លោក ឡឹក សុភ័គ ឲ្យ​ដឹង​​ថា អាជ្ញាធរ​​បាន​​រៀបចំ​​ឲ្យ​​កម្មករ​​​​ឆ្លង​​ជំងឺ​​កូវីដ​១៩​ចំនួន​​ ១២ នាក់​ ទទួល​​ការ​​ព្យាបាល​​នៅ​​ក្នុង​​រោងចក្រ​​​ផ្ទាល់ ក្រោយ​​ពី​​ធ្វើតេស្ត​​រក​​ឃើញ​​​មាន​​ផ្ទុក​​ជំងឺ​​កូវីដ​១៩​។

លោក​យល់​ថា ​​ការ​រៀបចំ​​នេះ​​ គឺ​​ជា​វិធី​ល្អ​ដើម្បី​​កាត់​បន្ថយ​​​ការ​​ចម្លង​​ជំងឺ​កូវីដ​១៩ ​ព្រោះរោងចក្រ​​​នេះ​​មាន​​ទីធ្លា​ធំ​និង​​​អាច​​ឲ្យ​អ្នក​ជំងឺ​មាន​​អារម្មណ៍​ល្អ​ជាង​​​ការ​​ព្យាបាល​​នៅ​​មន្ទីរ​ពេទ្យ ឬ នៅ​​​តាម​​បន្ទប់​ជួល​។ តែ​​យ៉ាង​​ណា​លោក​ជំរុញ​​ឲ្យ​​​អាជ្ញាធរ​រៀបចំ​​ម្ហូប​​អាហារ ​​ការ​ផ្គត់ផ្គង់​ទឹក​​ភ្លើង និង​​ថែរក្សា​​អនាម័យ ក្នុង​​រោងចក្រ​ ​ឲ្យ​​បាន​​ដិត​​ដល់៖ «គាត់​ (អាជ្ញាធរ) ធ្វើ​អ៊ីចឹង ក៏​ល្អ​ដែរ​​បង​​ព្រោះ​​មាន​​ពេទ្យ មាន​​អ្វី​ ចុះ​មក​​ពិនិត្យ​​អ៊ីចឹង ស្រួល​​ដែរ​​បង។ ណា​មួយពួក​គាត់ ផ្ទះ​សុទ្ធ​​តែ​​នៅ​​ម្ដុំ​ៗ ហ្នឹង​​ទាំង​​អស់។ តែ​ម៉ាស្ទ័រ​ទេ គាត់​​​ច្រើន​​តែ​​នៅ​​ឆ្ងាយ។ បើ​ខាង​ប៊ូវឃើរ ខ្ញុំ​សុទ្ធ​តែ​​អ្នក​​នៅ​​ជុំវិញ​​ជិត​ៗ​​ហ្នឹង​ទេ។ បន់​​ឲ្យ​តែ​ប៊ូវឃើរ​ហ្នឹង​ឲ្យ​អ្នក​​ពាក់ព័ន្ធ​​ល្មមៗ ធ្វើ​ចត្តាឡីស័ក​​ក្នុង​​ហ្នឹង​​ទៀត កម្មករ​​ខ្លះគាត់​​ចង់​​នៅក្នុង​​ទៀត​​ណា ព្រោះ​គាត់​​ចង់​​ដាច់​​ដោយ​​ឡែក​​អ៊ីចឹ​ង​​ណា​​បង»។ 

មក​ដល់​​ពេល​​នេះ មាន​ទីតាំង​​រោងចក្រ​​​​ចំនួន​ ​​៣ ​កន្លែង​ហើយ ត្រូវ​បាន​​អាជ្ញាធរ​ខេត្តកណ្តាល ​រៀបចំ​​ធ្វើ​ជា​​មណ្ឌល​ចត្តាឡីស័ក និង​​​ជា​ទី​កន្លែង​​សម្រាប់​​ព្យាបាល​​កម្មករ​​ មាន​​ផ្ទុក​​ជំងឺ​​កូវីដ​១៩ស្រាលៗ​។ ទីតាំង​​ទាំង​​នោះ ដូចជា  ក្នុង​តំបន់​​​សេដ្ឋកិច្ច​ពិសេស ​សេវេន​អែន​ជី (7NG)  ស្ថិត​នៅ​​​ខ្សាច់​កណ្ដាល រោងចក្រ​ប៊ូវឃ័រ​​​(Bokwer) និង ​​​រោង​ចក្រ​​​ស្តាម៉ាស្ទ័រ &​ ​ហ្វ្រែង ​(Star​Master ​&​Freng Cambodia​) ស្ថិត​​​នៅ​​ស្រុក​​អង្គស្នួល។ អាជ្ញាធរក៏​បាន​​រៀបចំ​​ប្រព័ន្ធ ទឹក ភ្លើង  សម្អាត​​​មេរោគ​ ធ្វើ​​អនាម័យ​​ក្នុង​​រោងចក្រ​ ​រៀប​ចំ​​​បន្ទប់​​ទឹក បន្ទប់​អ​នាម័យ​​​បណ្ដោះអាសន្ន​ជាច្រើន និង​​បាន​​​ដាក់​​កង​កម្លាំង​​​ប្រចាំការ​​តាម​វេន​ជា​ដើម។ ក្រៅពី​​នេះ អាជ្ញាធរ​​ ក៏​​អះអាង​​​​ពី​​ការ​​រៀបចំ​​​អាហារ​​ជូន​​អ្នក​​ជំងឺ​​ក្នុង​​រោងចក្រ​​ផង​ដែរ។

ពាក់ព័ន្ធ​រឿង​នេះ អាស៊ី​សេរី មិន​អាច​​សុំ​ការ​បញ្ជាក់​បន្ថែម​​ពី​​អភិបាល​ខេត្ត​​កណ្ដាលលោក គង់ សោភ័ណ្ឌ បាន​​ទេ នៅ​ថ្ងៃ​ទី​២៧ ខែមេសា។


អភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ ចុះពិនិត្យមើលការរៀបចំរោងចក្រដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក និងទីកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល កាលពីយប់ថ្ងៃទី២៦ ខែមេសា។
ប្រធាន​​សហព័ន្ធ​​សហជីព​​កម្មករ​​ខ្មែរ​​ជួយ​​ខ្មែរ ​(UFWHK) លោក ញ៉ាំង សំបូរ ស្វាគមន៍​​ចំពោះ​ការ​​ព្យាបាល​​​កម្មករ​​នៅ​នឹង​ក្នុង​​រោងចក្រ។ លោកយល់​ថា វិធី​​នេះ នឹង​​កាត់​​បន្ថយ​​​ហានិភ័យ​​​ដល់​​កម្មករ​​ផ្សេង​​ទៀត ដែល​​ស្នាក់​​នៅ​​តាម​​បន្ទប់​​ជួល​។ តែ​យ៉ាង​ណា សហជីព​​រូប​​នេះ​ ជំរុញ​ឲ្យ​ថៅកែ​​រោងចក្រ​ គិតគូរ​​ជួយ​​​ឧបត្ថម្ភ​​បន្ថែម​​ទៀត​​​ ដល់​​កម្មករ ក្នុង​​ពេល​​បិទ​ខ្ទប់ និង​​មិន​​អាច​​ទៅ​ធ្វើការ​បាន៖ «ព្រោះ​អ្វី កម្មករ​ភាគច្រើនគាត់​រអ៊ូ​រទាំ បាត់​បង់​ការងារ​វែង​អ៊ីចឹង​ណា។ ណាមួយ​ប្រាក់​ខែ​អ្វី​ហ្នឹង វា​មិន​ដឹង​ថា បាន​យ៉ាង​ម្ដេច​? ចាំ​មើល​ប្រកាស​របស់​ខាង​ក្រសួង​សិន ឬ​មួយ​ក៏​សមាគម​កាត់ដេរ ចាំ​មើល​គេ​ប្រកាស​ជួយ​អ្វី​បានក្នុង​ពេល​សម្រាកពេល​ Lock Down ហ្នឹង»។

មកទល់ពេល​នេះ កម្មកររោងចក្រ​នៅក្នុង​ខេ​ត្តកណ្តាល បាន​ឆ្លង​ជំងឺកូវីដ​កើនឡើង​ជា​បន្តបន្ទាប់។ អភិបាល​ខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ ប្រាប់​កាសែត​​ក្នុង​ស្រុក​ថា គិត​​ត្រឹម​​យប់​​ឈាន​​ចូល​​ថ្ងៃ​ទី​២៧ ខែមេសា អាជ្ញាធរ​​រក​​ឃើញ មាន​កម្មករ-កម្មការិនី ធ្វើការ​​នៅ​​រោងចក្រ​ស្តារម៉ាស្ទ័រ & ហ្វ្រែង ​(Star​Master ​&​Freng Cambodia​) នៅ​ស្រុក​អង្គស្នួល ​ជាង​ពីរ​រយ (២៣២) នាក់បន្ថែមទៀត ​មានវិជ្ជមានជំងឺកូវីដ១៩។

សេចក្តីជូនដំណឹងរបស់រដ្ឋបាល​សាលារាជធានី​ភ្នំពេញបង្ហាញ​ថា គិត​ត្រឹម​ថ្ងៃទី២៦ ខែមេសា ​ដដែល​ មាន​​រោងចក្រ​ជាង​​ពីរ​រយ (២២៩) ​​​រង​ផល​ប៉ះ​ពាល់​​ពី​​​វិបត្តិ​ឆ្លង​​រាល​​ដាល​​ជំងឺ​​កូវីដ​១៩ ក្នុង​​សហគមន៍​​។ ចំណែអ្នកនាំពា​ក្យក្រសួង​ការងារលោក ហេង សួរ វិញអះអាងប្រាប់កាសែត​ក្នុង​ស្រុកថា ការបិទខ្ទប់​រាជធានីភ្នំពេញ ​និង​ក្រុង​តាខ្មៅ​នៃ​​ខេត្តកណ្តាល​នេះ​ បាន​ប៉ះពាល់​​កម្មករ និយោជិត ​​ជាង​មួយ​លាន (​​ប្រមាណ​១​លាន​២​សែន​) ​នាក់​ ក្នុង​នោះ​ក​ម្មករ​រោងចក្រ ៤ សែន នាក់៕

No comments: