April 23, 2021

អ្នក​ជំនាញ​កសិកម្ម​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​រៀបចំ​យុទ្ធសាស្ត្រ​ឱ្យ​កសិករ​ដាំ​បន្លែ ដើម្បី​កុំ​ឲ្យ​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង

បណ្ឌិត​ យ៉ង សាំង​កុមារ អ្នក​ជំនាញ​កសិកម្ម​ និង​ជា​ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។  រូប៖ ហ្វេសប៊ុកគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន


ដោយ ហេង រស្មី RFA 2021-04-21

អ្នក​ជំនាញ​កសិកម្ម​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​កំណត់​តំបន់​យុទ្ធសាស្ត្រ​សំខាន់ៗ សម្រាប់​ឱ្យ​កសិករ​បាន​ដាំ​បន្លែ​បាន​នៅ​ក្នុង​ស្រុក ប្រយោជន៍​ដើម្បី​កុំ​ឲ្យ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​មាន​វិបត្តិ​ជំងឺ​កូវីដ ១៩ និង​បិទ​ខ្ទប់​ក្រុង។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និយាយ​ថា ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​នេះ ក្រសួង​កំពុង​ខិតខំ​រក​មធ្យោបាយ​នានា ដើម្បី​ជួយ​អន្តរាគមន៍​ដល់​ពលរដ្ឋ។

អ្នក​ជំនាញ​កសិកម្ម​លើក​ឡើង​ថា ដើម្បី​ចៀសវាង​​កង្វះ​បន្លែ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​​នៅ​ក្នុង​ស្រុក​ រដ្ឋាភិបាល​គួរ​ត្រៀម​ដី​សម្រាប់​បម្រុង​ទុក ​ដើម្បី​ដាំ​បន្លែ​ នៅ​តាម​តំបន់​ជនបទ​ឱ្យ​បាន​ច្រើន​ពី​ព្រោះ​បន្លែ​ភាគ​ច្រើន​កន្លង​មក​បាន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង។

អ្នក​ជំនាញ​កសិកម្ម​ និង​ជា​​ស្ថាបនិក​មួយ​រូប​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បណ្ឌិត​ យ៉ង សាំង​កុមារ​ មាន​ប្រសាសន៍​ថា ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ បន្លែ​កំពុង​មាន​ការ​ខ្វះ​ខាត​សម្រាប់​ផ្គត់​ផ្គង់​ដល់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ បើ​ទោះ​បី​ជា​នៅ​តែ​មាន​ការ​ដឹក​បន្លែ​ខ្លះៗ ពី​ប្រទេស​ជិត​ខាង​ក៏​ដោយ។

ស្ត្រីរូបនេះកំពុងលក់បន្លែកញ្ឆែតក្នុងស្រុកបន្តិចបន្តួច នៅ​ស្ពាន​ស្ទឹងមានជ័យ នៅថ្ងៃ​ទី២០ ខែមេសា ឆ្នាំ២០២១ ពេលដែលអាជ្ញាធររដ្ឋាភិបាល​បិទខ្ទប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដោយសារ​ជំងឺ​កូវីដ១៩ ​ឆ្លងរាលដាល​​ខ្លាំង។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


លោក​បន្ត​ថា ការ​នាំចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង កំពុង​តែ​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ដឹក​ចូល​ទៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ និង​ការ​បែង​ចែក​ទៅ​កន្លែង​ផ្សេងៗ ទៀត ដោយ​សារ​តែ​បម្រាម​បិទ​ខ្ទប់​ក្រុង​របស់​រដ្ឋាភិបាល ហើយ​នេះ​ជា​មេរៀន​មួយ​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​មុខ។

លោក​និយាយ​ថា តាម​ការ​ពិត​ទី​តាំង​សម្រាប់​ប្រមូល​ស្តុក និង​ការ​បែង​ចែក​បន្លែ​ ហើយ​នៅ​ទី​ក្រុង​ភ្នំពេញ​គួរ​តែ​រៀបចំ​កន្លែង​ណា​មួយ ឱ្យ​បាន​សមរម្យ ដើម្បី​ងាយ​ស្រួល​ដល់ ដើម្បី​ងាយ​ស្រួល​សម្រាប់​ស្តុក​ និង​បែង​ចែក​ដល់​តំបន់​ផ្សេងៗ។

លោក​បញ្ជាក់​ទៀត​ថា ដើម្បី​ចៀស​វាង​កង្វះ​បន្លែ​នៅ​ថ្ងៃ​ក្រោយ​រដ្ឋាភិបាល គួរ​កំណត់​តំបន់​យុទ្ធសាស្ត្រ​សំខាន់ៗ សម្រាប់​ឱ្យ​កសិករ​អាច​ដាំ​បន្លែ​បាន​នៅ​ក្នុង​ស្រុក​ ប្រយោជន៍​ដើម្បី​ កុំ​ឲ្យ​ពឹង​ផ្អែក​ខ្លាំង​ពេក​លើ​ការ​នាំចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង​ ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ និង​ការ​បិទ​ខ្ទប់​ក្រុង៖ «គឺ​មក​ដល់​ពេល​នេះ​ យើង​មិន​ទាន់​រៀប​ចំ​នៅ​តំបន់​យុទ្ធសាស្ត្រ​សំខាន់ៗ សម្រាប់​ដាំ​បន្លែ សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក ការ​រៀបចំ​នៅ​មាន​ដំណើរ​ការ​យឺតយ៉ាវ។ អីចឹង​ការ​រៀបចំ​ តំបន់​ដាំ​ដុះ​បន្លែ​ ហើយ​ជា​ពិសេស​ទៅ​តាម​តំបន់​អាកាស​ធាតុ​ តំបន់​ណា​មាន​អាកាស​ធាតុ​ត្រជាក់​ដាំ​បន្លែ​អ្វី​ តំបន់​ណា​ដាំ​បន្លែ​នៅ​រដូវ​ទឹក​លិច​ និង​ទឹក​ស្រក​ជា​ដើម ហើយ​តំបន់​កំណត់​ប្រភេទ​បន្លែ កំណត់​នៅ​ពេល​វេលា​ពេល​ណា​មាន​អ្វី​ កន្លែង​ណា​សំបូរ​អ៊ីចឹង នោះ​យើង​អាច​ដោះស្រាយ​បាន​ច្រើន​ពី​បញ្ហា​បន្លែ​ ហើយ​ដោយ​ឡែក​ក្នុង​ប្រទេស​មាន​អាសន្នរោគ​អី ក៏​យើង​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​ដែរ»។

ចាប់​តាំង​ពី​ថ្ងៃ​ទី១៥ មេសា​កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​បម្រាម​យ៉ាង​តឹងរ៉ឹង មិន​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្ត​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ១៩ ចូល​ទៅ​ក្នុង​សហគមន៍។

ចាប់​តាំង​ពី​របប​ក្រុង​ភ្នំពេញ​ដាក់​ចេញ​នៅ​បម្រាម​នេះ មក​អាជ្ញាធរ​ក្រុង​ភ្នំពេញ សម្រេច​បិទ​ផ្សារ​មួយ​ចំនួន មាន​ផ្សារ​ដើម​គ ផ្សារ​អូរឫស្សី ផ្សារ​អូឡាំពិក ផ្សារ​កណ្ដាល​ និង​ផ្សារ​ទួល​សង្កែ ជា​បណ្ដោះ​អាសន្ន ដែល​ធ្វើ​ឱ្យ​អ្នក​លក់​បន្លែ​មួយ​ចំនួន ពិបាក​ក្នុង​ការ​ដឹក​បន្លែ​ដើម្បី​ចែក​ចាយ​ និង​លក់​បន្ត​ទៅ​ដល់​ប្រជាពលរដ្ឋ​។ ចំណែក​ឯ​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង​វិញ​ក៏​មាន​សកម្មភាព​មិន​សូវ​មមាញឹក​ដូច​មុន​ពេល​ដែល​កម្ពុជា​មាន​វិបត្តិ​កូវីដ១៩ នោះ​ទេ។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កណ្ដាល លោក អោម ប៊ុនធឿន ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​វៀតណាម​ មាន​ចំនួន​តិច​តួច​ បើ​ប្រៀបធៀប​កាល​ពី​លើក​មុនៗ។ ប៉ុន្តែ​លោក​មិន​បាន​អត្ថាធិប្បាយ​លម្អិត​ ដោយ​លោក​តម្រូវ​ឱ្យ​សួរ​អ្នក​គ្រប់​គ្រង​នៅ​តាម​ច្រក​ទ្វារ​វិញ៖ «ថយ​គឺ​ថយ​ហើយ​ ពេល​មាន​កូវីដ​ វា​ថយ​គឺ​ថយ​ហើយ។ ប៉ុន្តែ​ទាក់​ទង​ទៅ​ខាង​ច្រក​វិញ​ទៅ​បាន​ច្បាស់​ជាង​ខ្ញុំ»។

ពលរដ្ឋទាំងនេះកំពុងទិញលក់បន្លែ នៅ​ស្ពានស្ទឹងមានជ័យ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ពេលដែលអាជ្ញាធររដ្ឋាភិបាល​បិទខ្ទប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ដោយសារ​ជំងឺ​កូវីដ១៩ ​ឆ្លងរាលដាល​​ខ្លាំង។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


អាស៊ីសេរី​មិន​អាច​ទាក់​ទង​ប្រធាន​ច្រក​ទ្វារ​ជ្រៃ​ធំ​ ខេត្ត​កណ្ដាល លោក តែ ជុនទ្រី បាន​ទេ​កាល​ពី​ថ្ងៃ​ទី២១ មេសា។ ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក សៀង ថៃ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។ លោក​បាន​បង្វែរ​សំនួរ​នេះ​ទៅ​សួរ​ខាង​មន្ត្រី​គយ​ និង​រដ្ឋាករ​វិញ ពី​ព្រោះ​លោក​ថា​ ក្រសួង​ពាណិជ្ជកម្ម​ គ្មាន​មន្ត្រី​ណា​មួយ​ឈរ​ត្រួត​ពិនិត្យ​នៅ​តាម​ច្រក​ព្រំ​ដែន​ទេ។ ចំណែក​អគ្គនាយក​គយ និង​រដ្ឋាករ​ លោក គុណ ញឹម មិន​លើក​ទូរស័ព្ទ។

ក្រសួង​កសិកម្ម កាល​ពី​ថ្ងៃ​ទី២១ មេសា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​អ្នក​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​បាន​លើក​ឡើង​ថា​ ហេតុ​អ្វី​នៅ​តែ​នាំ​បន្លែ​ពី​ក្រៅ​ប្រទេស?។

ក្រសួង​កសិកម្ម​បាន​បញ្ជាក់​ថា កម្ពុជា​មិន​មែន​នាំ​ចូល​បន្លែ​គ្រប់​មុខ​ទេ ពោល​គឺ នាំ​ចូល​បន្លែ​តំបន់​ត្រជាក់​មួយ​ចំនួន ដែល​ពិបាក​ដាំ​នៅ​កម្ពុជា និង​មិន​មាន​លក្ខណៈ អំណោយ​ផល​សម្រាប់​ផលិត​កម្ម នៅ​រដូវ​វស្សា។

ក្រសួង​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ មិន​មែន​ខ្វះ​បន្លែ​ក្នុង​ស្រុក​ទេ ផ្ទុយ​ទៅ​វិញ​កសិករ​ដាំ​បន្លែ និង​បណ្ដុំ​កសិករ​ជា​ច្រើន​កំពុង​ប្រមូល​ផល​បន្លែ​ ប៉ុន្តែ​លំបាក​ក្នុង​ការ​ដឹក​មក​លក់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ដោយ​សារ​វិធានការ​បិទ​ខ្ទប់​ការ​រាល​ដាល​ជំងឺ​កូវីដ១៩។

ក្រសួង​កសិកម្ម​បាន​បញ្ជាក់​ថា​ តម្រូវ​ការ​បន្លែ​នៅ​ក្នុង​ស្រុក​ប្រចាំ​ឆ្នាំ មាន​ប្រមាណ ១លាន​តោន ប៉ុន្តែ​ការ​ផលិត​ និង​ការ​ផ្គត់ផ្គង់​នៅ​ក្នុង​ស្រុក​ប្រមាណ ៧៥ម៉ឺន​តោន ដូច្នេះ​កម្ពុជា​អាច​ផ្គត់ផ្គង់​តម្រូវ​ការ​ទីផ្សារ​ក្នុង​ស្រុក​បាន​ប្រហែល ៧៥ភាគ​រយ៕

No comments: