April 30, 2021

ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ជិត ៩​រយនាក់​បន្ថែម​ទៀត

ក្រុមគ្រូពេទ្យនៅក្នុងមណ្ឌលមួយនៃរាជធានីភ្នំពេញ។  រូប៖ គេ​ផ្ដល់​ឱ្យ


ដោយ អាស៊ីសេរី RFA 2021-04-29

អ្នក​ស្លាប់​ដោយ​សារ​តែ​ជំងឺកូវីដ-១៩ បាន​កើន​ឡើង​ដល់ ៩១នាក់ហើយ បន្ទាប់​ពី​អ្នក​ជំងឺ ៣នាក់​ទៀត បាន​ស្លាប់​បន្ត​បន្ទាប់​គ្នា នៅថ្ងៃទី២៦ ទី២៧ និងថ្ងៃទី២៩ ខែមេសា។

ចំណែក​ចំនួន​អ្នក​ឆ្លងក្នុង​សហគមន៍ បាន​កើន​ឡើង​ដល់ជាង ១ម៉ឺន ២ពាន់នាក់ (១២.០៩០) ហើយ បន្ទាប់​ពីក្រសួង​សុខាភិបាល​រក​ឃើញករណី​ឆ្លងថ្មីទ្រង់ទ្រាយ​ធំជិត ៩រយនាក់ (៨៨០) បន្ថែម​ទៀត នៅ​ថ្ងៃទី២៩ ខែមេសា។

អ្នក​ឆ្លង​ថ្មីជិត ៩រយនាក់​នោះ ជាអ្នក​រស់នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ កណ្តាល កំពង់​ចាម និង​ខេត្ត​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​​រាជធានី​ភ្នំពេញ​មាន​អ្នក​ឆ្លង​ច្រើន​ជាងគេ គឺជាង ៥រយនាក់ (៥១៨)។

ចំណែក​ករណី​ជាសះស្បើយ​វិញមាន ​ជិត ៣រយនាក់ (២៨៨)​ នៅថ្ងៃ​ដដែល​នេះ។

គិត​ត្រឹម​​ថ្ងៃទី២៩ មេសា កម្ពុជា​មាន​អ្នកកើត​ជំងឺកូវីដ-១៩ ជាង ១ម៉ឺន ២ពាន់នាក់ (១២.៦៤១) ក្នុងនោះ​ អ្នកជាសះស្បើយមាន​ជិត ៥ពាន់នាក់ (៤.៩៨៦) និង​អ្នក​កំពុងសម្រាក​ព្យាបាល​ជាង ៧ពាន់​នាក់ (៧.៥៥៧)៕

No comments: