April 23, 2021

ក្រសួង​សុខាភិបាល​អនុញ្ញាត​ឱ្យ​មន្ទីរពេទ្យ​ឯកជន​ប្រើ​ឧបករណ៍​ធ្វើ​តេស្ត​រហ័ស​រក​មេរោគ​ជំងឺ​កូវីដ

ឧបករណ៍​តេស្តរហ័សសម្រាប់​រក​មើល​អ្នក​កើត​ជំងឺ​កូវីដ១៩។  រូប​ពី​ហ្វេសប៊ុក


ដោយ មួង ណារ៉េត RFA 2021-04-23

ក្រសួង​សុខាភិបាល នៅ​ថ្ងៃទី​២២ ខែ​មេសា​នេះ អនុញ្ញាត​ឱ្យ​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់ ប្រើ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​មេរោគ​ជំងឺ​កូវីដ-១៩ (Rapid Artigen Test Covid-19)​។ សេវា​សុខាភិបាល​ឯកជន​ទាំងនោះ រួមមាន មន្ទីរពេទ្យ​ឯកជន មន្ទីរ​ពហុ​ព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព នៅ​ទូទាំង​ប្រទេស។

អ្នកជំនាញ​វេជ្ជសាស្ត្រ ថា​ឧបករណ៍​ធ្វើតេស្ត​រហ័ស​នេះ អាច​ធ្វើ​តេស្ដ​រក​មេរោគ​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ភ្លាមៗ ក្នុង​រយៈ​ត្រឹមតែ ១០ ទៅ ១៥ នាទី​ប៉ុណ្ណោះ​។ ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា (CVMA) លោក​វេជ្ជបណ្ឌិត អ៊ូច វុឌ្ឍី ស្វាគមន៍​ក្រសួង ដែល​អនុញ្ញាត​ឱ្យ​ប្រើ​ឧបករណ៍​នេះ​។ ប៉ុន្តែ លោក​ខកចិត្ត ដោយសារ​ការ​អនុញ្ញាត​នេះ រាង​យឺត​ពេល​បន្តិច​ទៅ​ហើយ ព្រោះ​លោក​ថា​ឧបករណ៍​នេះ គេ​ប្រើ​នៅ​ទូទាំង​ពិភពលោក តាំងពី​យូរយារ​ណាស់​មក​ហើយ៖ «រ៉ាពីត​តេស្ត​នេះ ប្រទេស​ធំៗ​គេ​បាន​រក​ឃើញ​យូរហើយ​។ ប៉ុន្តែ ខ្ញុំ​មិនទាន់​ដឹង​ថា ប្រមុខ​រដ្ឋាភិបាល​គាត់​ដឹង ឬ​គេ​លាក់​គាត់​។ រក​ឃើញ​តាំង​ពី​កូ​វីដ​កើត​ដំបូង​ម្ល៉េះ ហើយ​រហូត​ក្រសួង​សុខាភិបាល មិន​ឱ្យ​ប្រើ ហើយ​មាន​វិធានការ​ចាប់​អ្នក​ដែល​ប្រើ​តេស្ដ​ផ្ទាល់​ហ្នឹង​ទៀត​។ ពិន័យ​ប៉ុន្មាន​លាន ហើយ​ជាប់គុក​ជាប់​អី​ទៀត​។ កន្លែង​ហ្នឹង​ហើយ ដែល​យើង​មិន​អាច​នេះ​បាន ហើយ​ខ្ញុំ​ក៏បាន​លើក​បញ្ហា​ហ្នឹង ចម្ងល់​ហ្នឹង​ទៅ​ក្រុម​វេជ្ជបណ្ឌិត​ល្អៗ ដើម្បី​ឱ្យ​ជួយ​ប្រើ​រ៉ាពីត​តេស្ត​ហ្នឹង ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ នៅ​តាម​ជនបទ​ដាច់ស្រយាល នៅ​តាម​ខេត្ត​នានា ឱ្យ​គាត់​បាន​ដឹង​ថា​គាត់​មាន ឬ​មិន​មាន​កូវីដ»។

ក្រសួង​សុខាភិបាល កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០២០ បាន​ហាម​ប្រើ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​នេះ ដោយ​លើកឡើង​ថា ពេលនោះ មានការ​ផលិត​ឧបករណ៍​ធ្វើតេស្ត​រហ័ស​(rapid test) រក​មេរោគ​កូ​វីដ​-១៩​ច្រើន តែ នៅ​មិន​ទាន់​មាន​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​វីរុស​កូ​វីដ​-១៩​ណាមួយ ដែល​មាន​ការ​បញ្ជាក់​ទទួល​ស្គាល់ ពី​អង្គការ​សុខភាព​ពិភពលោក (WHO) នូវ​ភាព​ត្រឹមត្រូវ និង​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​តេស្ត​រហ័ស​រក​វីរុស​កូវីដ-១៩​នេះ​នៅឡើយ​ទេ។

ទោះបីជា​យ៉ាងណា អ្នកជំនាញ​វេជ្ជសាស្ត្រ​លើកឡើង ការ​ធ្វើ​តេស្ដ​រហ័ស​នេះ នឹង​ជួយ​ឱ្យ​មន្ត្រី​សុខាភិបាល រក​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ បាន​រហ័ស និង​អាច​ចាត់ចែង​ដាក់​អ្នកជំងឺ​ឱ្យ​ធ្វើ​ចត្តាឡីស័ក និង​ព្យាបាល​បាន​ទាន់​ពេល​វេលា ដែល​អាច​ជួយ​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ៕

No comments: