April 30, 2021

មេឃុំ​តាឡាត​ខេត្ត​ស្ទឹង​ត្រែង​រង​ការ​ចោទ​ថា ប្រើ​ហិង្សា​វាយ​ស្ត្រី​ម្នាក់​បណ្ដាល​ឱ្យ​រលូត​កូន

ស្ត្រី​រង​គ្រោះ ឈ្មោះ វី ដួង ដែល​ប្ដី​របស់​គាត់​ចោទ​មេ​ឃុំ​តាឡាត ឈ្មោះ សឿង ខង ថា ប្រើ​ហិង្សា​បណ្ដាល​ឱ្យ​រលូត​កូន​របស់​គាត់។ រូប​ថត​នៅ​ថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០២១។  រូប៖ ពលរដ្ឋ​ផ្តល់​ឱ្យ


ដោយ ម៉ៅ សុធានី RFA 2021-04-29

មេឃុំ​តា​ឡាត ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង រង​ការ​ចោទ​ថា បាន​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី ២នាក់ ហើយ​ក្នុង​នោះ​មាន​ម្នាក់​រង​របួស​រហូតដល់​រលូត​កូន។ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​អះអាង​ថា ពួក​គេ​បាន​ប្ដឹង​ឱ្យ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ដោះ​ស្រាយ​ករណី​នេះ​ហើយ ប៉ុន្តែ​សមត្ថកិច្ច​បែរ​ជា​មិន​ហ៊ាន​អនុវត្ត​ច្បាប់​លើ​មេឃុំ​រូប​នេះ។ ប៉ុន្តែ​មេ​ឃុំ​តា​ឡាត បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ពលរដ្ឋ​មួយ​គ្រួសារ​រស់​ភូមិ​ក្រឡា​ពស់ ឃុំ​តា​ឡាត ស្រុក​សេសាន ចោទប្រកាន់​មេឃុំ​តា​ឡាត លោក សឿន ខង ថា ជា​មេខ្លោង​បញ្ជា​ឱ្យ​កូនចៅ និង​សាច់ញាតិ​ជាច្រើន​នាក់​ព្រួត​គ្នា​វាយ​ទាត់​ធាក់​លើ​ស្ត្រី ២នាក់​បណ្ដាល​ឱ្យ​រង​របួស​ក្នុង​នោះ​មាន​ម្នាក់ បាន​រលូត​កូន​មួយ​រយៈ​ពេល​ក្រោយ​ហេតុការណ៍​នេះ។ អំពើ​ហិង្សា​នេះ កើត​ឡើង​កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​កន្លង​ទៅ ប៉ុន្តែ​រហូត​ដល់​ពេល​រលូត​កូន ទើប​ជន​រង​គ្រោះ​ស្វែង​រក​ដំណោះស្រាយ​តាម​ច្បាប់។

ប្ដី​ស្ត្រី​រង​គ្រោះ លោក សល់ ច្រូច រៀបរាប់​ថា លោក សឿន ខង បាន​បញ្ជា​ឱ្យ​កូនចៅ​សាច់ញាតិ​របស់​ខ្លួន​មាន​គ្នា ១១នាក់ ព្រួត​គ្នា​វាយដំ​បងថ្លៃ​ស្រី និង​ប្រពន្ធ​របស់​លោក​ឈ្មោះ វី ដួង បណ្ដាល​ឱ្យ​រង​របួស។ លោក​ថា ក្រោយ​ពី​កើត​មាន​អំពើ​ហិង្សា​នេះ ប្រពន្ធ​របស់​លោក​តែងតែ​ឈឺ​ចុកចាប់​ក្នុង​ពោះ​រហូត​ដល់​រលូត​កូន​ទម្ងន់ ២ខែ។ រីឯ​បងថ្លៃ​ស្រី​របស់​លោក​វិញ​មាន​ផ្ទៃពោះ ៦ខែ គាត់​ក៏​រង​របួស​ដែរ ប៉ុន្តែ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទាន់​ពេល​វេលា៖ «គាត់​បញ្ជា​កូន​គាត់​ថា វ៉ៃ​ឱ្យ​ងាប់​ស្រួល​អញ​បង់​លុយ បើ​នៅ​រស់​ពិបាក​បង់លុយ ដល់​ពេល​អ៊ីចឹង​គាត់​ទាញ​អន្លូង​ភ្លាមៗ ១១នាក់​ទាំង​គាត់ ហើយ​គាត់​ទាញ​អន្លូង​ប្រុង​វ៉ៃ បាន​អ្នកស្រុក​ចាប់​អន្លូង​ចេញពី​ដៃ​ហ្នឹង​មេឃុំ​ហ្នឹង។ មេឃុំ​គាត់​ហ្នឹង​គាត់​និយាយ​គាត់​ថា ត្រឹម​ពួកវា​ហ្នឹង​ធ្វើ​អី​អញ​មិន​ចេញ​ទេ អញ​មិន​សារភាព​ទេ»។

បុរស​ដដែល​បន្ថែម​ថា ក្នុង​ពេល​កើត​ហេតុ មេឃុំ​តា​ឡាត​លោក សឿន ខង បាន់​ដំបង​គំរាម​វាយ​ប្រពន្ធ​របស់​លោក និង​ស្រែក​ឡូឡា​បញ្ជា​ឱ្យ​កូនចៅ​វាយ​ប្រពន្ធ​លោក​ឱ្យ​ខ្លាំងៗ ដោយ​មិន​ដឹង​មូលហេតុ។ លោក​ថា មកទល់​ពេល​នេះ ប្រពន្ធ​របស់​លោក​បាន​វះកាត់​យក​កូន​ចេញ​ហើយ។

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ មេឃុំ​តា​ឡាត លោក សឿង ខង បដិសេធ​ថា លោក​ពុំ​បាន​ប្រើ​ហិង្សា​វាយ​ស្ត្រី​ទាំង​នេះ​ទេ។ លោក​ថា ក្នុង​ពេល​កើត​ហេតុ​ស្ត្រី​ពីរ​នាក់​នោះ បាន​មក​ជេរ​លោក​ដល់​ផ្ទះ ក្នុង​រឿង​លួច​ធុង​បាញ់​ថ្នាំ​ផ្លែ​ស្វាយ​ចន្ទី ហើយ​គ្រានោះ​លោក​នៅ​លើ​ផ្ទះ​មិន​បាន​វាយ​ដំ​ស្ត្រី​ទាំង​នោះ​ទេ៖ «ខ្ញុំ​កំពុង​ហូប​បាយ​នៅ​លើ​ផ្ទះ វា​ជេរ​ខ្ញុំ​អា​កញ្ចាស់​ថា ខ្ញុំ​ហ្នឹង​ទៅ​លួច​យក​ធុង​បាញ់​ថ្នាំ​វា តាម​ពិត​វា​ទៅ​ដុត​ចម្ការ​កូន​ខ្ញុំ​វិញ​ទេ។ ខ្ញុំ​មិនបាន​ទៅ​វាយ​ណា មិន​បាន​ទៅ​ប៉ះ​ដល់​ខ្លួន​វា​តិច»។

ចំណែក​អធិការ​រង​ស្រុក​សេសាន​លោក កាន់ ប៊ុន​សួយ វិញ ​ថ្លែង​ថា សំណុំ​រឿង​នេះ​សមត្ថកិច្ច​មិន​ទាន់​ចាត់​វិធានការ​នោះ​ទេ ព្រោះ​មេ​ឃុំ​បាន​ប្រកែក​ថា ខ្លួន​ពុំបាន​ប្រព្រឹត្ត​ដូច​ការ​​ចោទ​ប្រកាន់​​នោះ​​ឡើយ។ តែ​ទោះ​យ៉ាង​ណា​ក្ដី លោក​បញ្ជាក់​ថា បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ ដើម្បី​ដោះ​ស្រាយ​នីតិវិធី​បន្ត៖ «ភាគី​សង​ខាង​បាន​ប្រកែក ប្រកែក​ទាំង​អស់​គ្នា​ថា បើ​ខាង​ជន​រង​គ្រោះ​គេ​ថា អ្នក​បង្ក​ខាង​ភាគី​មេឃុំ​គេ​ថា គាត់​អត់​បាន​ប្រព្រឹត្ត​ទេ។ អ៊ីចឹង​ខ្ញុំ​អត់​មាន​វិសាលភាព​ដំណោះស្រាយ​រឿង​ហ្នឹង​ដែរ​អ៊ីចឹង​ខ្ញុំ​កសាង​សំណុំ​រឿង​នេះ ឱ្យ​តុលាការ​គាត់​ចំណាត់​ការ»។

ទាក់ទង​នឹង​ករណី​ហិង្សា​នេះ គ្រួសារ​ជន​រង​គ្រោះ​បាន​ពឹង​ឱ្យ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​នេះ ជួយ​រក​យុត្តិធម៌​ដល់​ពួក​គាត់។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ប៊ី វ៉ាន់នី ថ្លែង​ថា អំពើ​ហិង្សា​គឺ​ជា​បទ​ល្មើស​ជាក់​ស្ដែង ដែល​ទាមទារ​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌ និង​ព្រះរាជ​អាជ្ញា ត្រូវ​អនុវត្ត​ច្បាប់​ជា​ធរមាន។ លោក​ស្នើ​ឱ្យ​សមត្ថកិច្ច​ត្រូវ​ចាត់​វិធានការ​រឿង​នេះ​ឱ្យ​គ្រប់​ជ្រុងជ្រោយ ដើម្បី​រក​យុត្តិធម៌ ជូន​ជន​រង​គ្រោះ។ លោក​ពន្យល់​ថា ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​ស្ត្រី ជា​ទង្វើ​ល្មើស​ច្បាប់ និង​រំលោភ​សិទ្ធិ​ស្ត្រី៖ «ព្រះរាជអាជ្ញា​ដំណាង​ឱ្យ​រដ្ឋ មាន​ន័យ​ថា តំណាង​ឱ្យ​បណ្ដឹង​អាជ្ញា។ បណ្ដឹង​របស់​រដ្ឋ គឺ​គាត់​ការពារ​ផល​ប្រយោជន៍​រដ្ឋ និង​ផល​ប្រយោជន៍​សាធារណៈ ហើយ​ជា​បទ​ល្មើស ដែល​មាន​ចែង​ក្នុង​ច្បាប់។ អ៊ីចឹង​គាត់​ត្រូវ​ចាត់ការ​តាម​ច្បាប់ ទោះ​បី​ជា​មិន​មាន​ពាក្យ​បណ្ដឹង​ប្រជាពលរដ្ឋ ឬ​ជនរងគ្រោះ​ក៏​ដោយ»។

អាស៊ី​សេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​ ​ខេត្ត​ស្ទឹង​ត្រែង លោក គឹម ហុង​សាន និង​ព្រះរាជ​រង លោក វង្ស សាវាត បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី២៩ មេសា ព្រោះ​ពួក​លោក​មិន​លើក​ទូរស័ព្ទ។

ក្រមព្រហ្មទណ្ឌ​មាត្រា ២១៧ និង​មាត្រា ២២១ ចែង​ថា អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា​លើ​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ១ឆ្នាំ ទៅ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២លាន​រៀល​ដល់ ៦លាន​រៀល។ រីឯ​អំពើ​ហិង្សា​ដែល​ប្រព្រឹត្ត​ឡើង ដោយ​អ្នករាជការ​សាធារណៈ ឬ​អាជ្ញាធរ​ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤លាន​រៀល ទៅ ១០លាន​រៀល។

លោក សឿន ខង បាន​កាន់​ដំណែង​ជា​មេឃុំ​តា​ឡាត រយៈ​ពេល ៤អាណត្តិ​ជាប់ៗ គ្នា។ មេឃុំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ ធ្លាប់​ជា​ដើម​បណ្តឹង ប្តឹង​ជំទប់​ទី២ នៃ​ឃុំ​តា​ឡាត លោក ណ ឡិត មក​ពី​គណបក្ស សម រង្ស៊ី។ ក្រោយ​មក លោក ណ ឡិត ត្រូវ​បាន​សាលាដំបូង​ខេត្ត​ស្ទឹង​ត្រែង កាត់​ទោស​ឲ្យ​ជាប់​គុក ៥ឆ្នាំ​ពី​បទ​កាប់​ព្រៃ​ទំហំ ១ហិកតារ៕

No comments: