April 29, 2021

ចិន​អនុញ្ញាត​​ជា​​ផ្លូវ​ការ​​​​​​ឲ្យ​​កម្ពុជា​នាំ​​ចេញ​​ស្វាយ​​ស្រស់​ ទៅ​​ប្រទេស​​ខ្លួន​

(ស្តាំ) លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ចុះហត្ថលេខាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាជុំវិញការនាំផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។  រូប៖ ហ្វេសប៊ុកលោក វេង សាខុន។


ដោយ ម៉ៅ សុធានី RFA 2021-04-27

​​ប្រជាកសិករ​ខ្មែរបារម្ភថា ទោះ​បី​ជា​​មាន​​ការ​​អនុញ្ញាត​​ឲ្យ​​នាំ​ស្វាយ​ស្រស់​​​ចេញ​​​ទៅ​ចិន​​ជា​ផ្លូវ​ការ​​មែន​ តែ​​ទំនង​​​​មិន​​​បាន​​ច្រើន​​ទេ ​ព្រោះ​គុណភាព​​​​​ផ្លែ​ស្វាយ​មិន​​​ត្រូវ​​តាម​​ស្តង់ដារ​​របស់​​ចិនច​ង់​បាន​​។

កសិករ​​ដាំ​ស្វាយ​​កែវ​រមៀត​នៅ​ខេត្ត​​កំពង់ចាម​លោក វន សំបូរ ​ឲ្យ​ដឹង​ថា ទិន្នផល​​​ស្វាយ តាម​​ចម្ការ​​​ទាំង​អស់​មិន​​​អាច​​ទទួល​​បាន​​ទំហំ​ធំ ​ដូច​ការ​​​ចង់​​បាន​​​របស់​​​ខាង​​ក្រសួង​​កសិកម្មទេ​​។ លោកថា ​បញ្ហា​នេះដោយសារ​កសិករដាំ​ស្វាយ​​​ត​គ្នា ដោយ​មិន​​បាន​​សិក្សា​​ពី​​បច្ចេកទេស​​ និង​ពូជ​ស្វាយអ្វី​ទេ​៖ «និយាយ​ទៅ​បើ​សិន​​ជា​​មាន​​ខាង​​ក្រសួង​​ខាង​ណា​​មក​​ចុះ​ប្រាប់​ថា ធ្វើ​ម្ដេច​​តាម​​ស្តង់ដារ កសិករ​គាត់​ធ្វើ​​បាន​។ សំខាន់​តម្លៃរាល់​ថ្ងៃ​នេះ ធ្វើ​ផ្សង​សំណាង​​ហ្នឹង។ បើ​បាន​​ស្វាយ​​មក​​ថោក អត់​មាន​​ស្វាយ​ថ្លៃ។ ឥឡូវបើ​​បាន​​គេ​ចុះ​ទិញ តម្លៃ​គ្រាន់​បើ​ទៅមិន​​អ្វី​ទេ។ ទាក់​ទង​​នឹង​បច្ចេកទេស​ ទាក់ទង​ជាមួយ​​អ្វីហ្នឹង ប្រហែល​ជា​​មាន​​ក្រុមហ៊ុន​​ជី ថ្នាំ អាច​ប្រាប់​​ឬ​​ក៏​​មាន​​ការ​ខាង​​ក្រសួង​គាត់​ជួយ​​បណ្ដុះ​បណ្ដាល​​អ្វី​ទៅ វា​ល្អ»។​​

នៅ​ថ្ងៃ​ទី​២៦ ខែមេសា អាជ្ញាធរ​​កសិកម្មប្រកាស​ថា​ រដ្ឋាភិបាល​ចិន ​​អនុញ្ញាត​ជា​​ផ្លូវការ​​ឲ្យ​​កម្ពុជាអាច​នាំ​ចេញ​​ផ្លែ​ស្វាយ​ស្រស់ដោយ​ផ្ទាល់ ចូល​ទៅ​​ប្រទេស​​ចិន។ សារព័ត៌មាន​​ក្នុង​​ស្រុក (Fresh​news) ចុះ​ផ្សាយ​ថា​ រដ្ឋ​មន្ត្រី​​លោក វេង សាខុន ​នឹង​​សហការ​​ជាមួយ​​អគ្គ​រដ្ឋ​ទូត​​ចិន​​ប្រចាំ​​កម្ពុជា នឹង​​រៀបចំ​ពិធី​ប្រកាស​​​ផ្លូវ​ការនៃ​​ការ​​នាំ​ចេញ​​ស្វាយ ​​ក្នុង​​សប្ដាហ៍​នេះ​។

យ៉ាង​ណា ​លោក​រដ្ឋ​មន្ត្រី​មិន​បាន​បញ្ជាក់ពី​ចំនួន​ស្វាយ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​​នាំ​ចេញ​ជា​ផ្លូវ​ការ​នេះ​ទេ។​ អាស៊ី​សេរី ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទលោក ស្រី វុឌ្ឍី បាន​ទេ នៅ​ថ្ងៃ​ទី​២៧ ខែមេសា​។

កាល​ពី​ចុង​ឆ្នាំ​២០២០ កម្ពុជាធ្លាប់​សាក​ល្បង​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់​​ចំនួន​​មួយ​​កុងតឺន័រ តាម​រយៈ​ក្រុមហ៊ុន​ឯកជន (ហ៊ុន ទី) ដឹក​​តាម​​​សមុទ្រ​ទៅ​ប្រទេស​ចិន ម្ដង​ហើយ​។

ពាក់ព័ន្ធ​ការ​នាំ​​ចេញ​​ស្វាយ​នេះ រដ្ឋាភិបាល​ចិនបាន​​ចុះ​យល់​ព្រម​ឲ្យ​កម្ពុជានាំ​ចេញ​ស្វាយ​កាល​​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២០ ​ដោយ​ភ្ជាប់​​លក្ខខណ្ឌ​មួយ​ចំនួនដូចជា​ ​គ្រប់​ចម្ការ​​ស្វាយ​​នាំ​ចេញ ត្រូវ​​ចុះ​បញ្ជីនៅ​នាយកដ្ឋាន​កសិកម្ម ហើយ​​ត្រូវ​​អនុវត្តន៍​ការ​ដាំដុះតាម​​គោលការណ៍​​​​ឲ្យ​​បាន​​​​ល្អ​។

ជាង​នេះ​​ទៅ​ទៀត ផ្លែ​ស្វាយ ដែល​ត្រូវ​​នាំ​ចេញត្រូវ​​តែ​ឆ្លង​កាត់ការ​ធ្វើ​ប្រព្រឹត្តិ​កម្ម​​កម្ចាត់​ពង​​រុយ​​ចោះ​​ ដោយ​​ប្រើ​​ចំហាយ​​ទឹកក្តៅ​ (Vapor Heat Treatment - VHT) ​ឬ​ ​ប្រព្រឹត្តិកម្ម​​ទឹក​ក្តៅ​ (Hot Water Treatment - HWT) ដើម្បី​ធានា​​ថា ផ្លែ​ស្វាយ​ស្រស់​​ទាំង​អស់​គ្មាន​​មេរោគ​។

តែ​អ្នក​​ជំនាញ​កសិកម្ម ​​មិន​​រំពឹង​ខ្ពស់​ថា ​កម្ពុជា​​អាច​នាំ​ចេញ​​ស្វាយ​បាន​​ច្រើន​​ទេ​។ អ្នក​នាំ​​ពាក្យ​​សមាគម​​​ស្វាយ​កែវ​រមៀតលោក ហេង វុទ្ធា ​ស្នើសុំ​ឲ្យ​ក្រសួង​​បញ្ជូន​​មន្ត្រី​​កសិកម្ម ចុះ​​ពន្យល់​​របៀប​ចុះ​បញ្ជី និង​​បង្រៀន​បច្ចេកទេស​ដាំ​ដុះ​​ដល់​​កសិករ ទើប​អាច​​ទទួល​​បាន​​ទិន្នផល​​តាម​​ស្តង់ដារ៖ «សុំ​ឲ្យ​ខាង​ក្រសួង​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​​ទូលាយជាប់​​​ជា​ប្រចាំ​ ហើយ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​​តាម​តំបន់ ដែល​មាន​​ស្វាយ​ច្រើនៗ ឲ្យ​ដូច​យើង​​ផ្សព្វផ្សាយ​​កូវីដ​អ្វី​អ៊ីចឹង​​ទៅ​ណា។ មាន​​ការ​​ចាក់​​មេក្រូ ណែនាំ​​ប្រជា​ពលរដ្ឋ​ ឲ្យ​ទៅ​​ចូល​រួម​ទាក់ទង​សួរ​​ព័ត៌មាន​​នៅ​ក្រសួងនៅ​អ្វី អ៊ីចឹង​ទៅ​ណា»។​​

របាយការណ៍​​អគ្គនាយកដ្ឋាន​​កសិកម្មបង្ហាញ​ថា​ ​​​ក្នុង​ឆ្នាំ​២០២០ កម្ពុជាបាន​​នាំ​ចេញ​ផ្លែ​ស្វាយ​ស្រស់ទៅ​ក្រៅ​ប្រទេស​​ជិត​មួយ​លាន​ (៩៥៧.៦៨០)តោន។ ក្នុង​នោះ​ ​ស្វាយ​ជាង​មួយ​សែន (​១០៧.៦៨០) តោន បាន​នាំ​ចេញ ដោយ​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ត្រឹមត្រូវ​ ឯ​ស្វាយ​ជាង​ប្រាំបី​សែន​ (៨៥០.០០០)​តោន​ផ្សេង​ទៀត​ ​នាំចេញ​ក្រៅ​ប្រទេស​​ ដោយ​​គ្មាន​​វិញ្ញាបនបត្រ ​ភូតគាម​អនាម័យ។

ទោះជាយ៉ាងណា ប៉ុន្មានឆ្នាំចុងក្រោយ​នេះ កសិករដាំស្វាយ​តែងត្អូញត្អែថា ពួកគាត់នៅតែ​ប្រឈមមុខ​ខ្វះទីផ្សារ ហើយលក់​បានត​ម្លៃទាបជា​ដើម ដែល​ធ្វើ​ឲ្យ​ពួក​​គាត់​ខាត់​បង់ដើមទុន្ន ឬមិនទទួលបាន​ ប្រាក់ចំណេញ។ នៅរដូ​វប្រមូល​ផលឆ្នាំនេះ មានកសិករមួយ​ចំនួន បានបង្ខំចិត្ត​ដឹកស្វាយ​ទាំង​ឡានៗ យកទៅចាក់ចោល​ ដោយ​សារ​គ្មាន​ទីផ្សារលក់ចេញ​៕​

No comments: