April 30, 2021

ADB ព្រមាន​ពី​ហានិភ័យ​នៃ​វិស័យ​មួយ​ចំនួន និង​ការកើនឡើង​បំណុល​រដ្ឋ​ជំពាក់​បរទេស ដោយសារ​ការអូសបន្លាយ​វិបត្តិ​ជំងឺកូវីដ១៩

ព្រះបរមរាជវាំងនៃរាជធានីភ្នំពេញ។  រូប៖ ADB


ដោយ មាន ឫទ្ធិ RFA 2021-04-29

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ថ្មីៗនេះ​បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​កើនឡើង​មក​វិញ​ក្នុង​រង្វង់ ៤% នៅ​ក្នុង​ឆ្នាំ២០២១​នេះ ក្រោយ​ដាំក្បាល​ចុះ​មិនធ្លាប់​មាន​ពីមុនមក​រហូតដល់​ជាង -៣% ដោយសារ​តែ​វិបត្តិ​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩។ ក៏ប៉ុន្តែដោយសារតែវិបត្តិ​នេះ​កំពុង​អូសបន្លាយ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ក៏​បាន​ព្រមាន​ទុកជាមុន​ពី​ហានិភ័យ​នៃ​វិស័យ​មួយ​ចំនួន​ និង​ព្យាករណ៍​ពី​ការកើនឡើង​នៃ​ការជំពាក់​បំណុល​បរទេស​របស់​រដ្ឋ​ជាដើម។

ការព្យាករណ៍​សេដ្ឋកិច្ច​កម្ពុជា និង​សេដ្ឋកិច្ច​ក្នុង​តំបន់បានប្រសើរជាងមុន​នេះ មួយភាគ​ធំ​ គឺ​ដោយ​សារតែ​ចរន្ត​ងើបឡើង​វិញ​នៃ​សុខភាព​សេដ្ឋកិច្ច​ជាសាកល និង​ដំណើរ​វិវឌ្ឍន៍​ជំហាន​ដំបូង​នៃ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩។

ធនាគារ ADB ព្យាករណ៍​ក្នុង​របាយការណ៍​ទើប​នឹង​ចេញ​ផ្សាយ​ចុងក្រោយ​របស់​ខ្លួន​កាលពី​ថ្ងៃទី២៨ ខែមេសា ថាសេដ្ឋកិច្ចកម្ពុជា អាច​នឹង​កើនឡើង​ដល់ ៤% ក្នុង​ឆ្នាំ២០២១ និង​ដល់ជាង ៥% (៥,៥%) នៅ​ក្នុង​ឆ្នាំ២០២២​ខាងមុខ។ ក៏ប៉ុន្តែ ទន្ទឹម​នឹង​ការព្យាករណ៍​នេះ ប្រធាន​សេដ្ឋវិទូ​របស់​ធនាគារ ADB លោក យ៉ាស៊ូយូគី សាវាដា (Yasuyuki Sawada) ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី២៨ ខែមេសា ដោយ​ព្រមាន​ថា ការផ្ទុះ​ឡើង​វិញ​នៃ​ជំងឺរាតត្បាត​សាកល​កូវីដ១៩ កំពុង​បង្ក​ជា​ការគំរាមកំហែង​ដល់​ការងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងនោះដែរ។ លោក​ពន្យល់​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ ត្រូវ​បាន​កំណត់​ដោយ​ទំហំ​នៃ​កត្តាផ្ទុះ​ជំងឺរាតត្បាត​កូវីដ១៩ ល្បឿន​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង និង​ពី​កត្តា​ថា តើ​ប្រទេស​នីមួយៗ​អាច​ទទួល​ផលប្រយោជន៍​បាន​ប៉ុណ្ណា​ពី​ការងើបឡើងវិញ​នៃ​សេដ្ឋកិច្ច​ជាសាកល។

ជុំវិញរបាយការណ៍ ធនាគារ ADB នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជាលោក ប៉ិច ពិសី មើលឃើញ​ថា អាច​នឹង​ប្រែប្រួល​ខុសពី​ស្ថានភាព​ធ្លាក់ចុះ​​ធ្ងន់ធ្ងរ​នាពេល​បច្ចុប្បន្ន ដោយសារ​តែ​ធនាគារ ADB ប្រើប្រាស់​ទិន្នន័យ​ប្រមូល​បាន​នៅ​មុន​ពេល​មាន​វិបត្តិ​បិទខ្ទប់​ក្រុង និង​នៅតាម​បណ្តា​ខេត្តមួយ​ចំនួន ក្រោយ​ការផ្ទុះ​ជំងឺរាតត្បាត​កូវីដ១៩​ចូលក្នុង​សហគមន៍​ជាលើកទី៣៖ «ខ្ញុំ​រំពឹង​ថា​ សេដ្ឋកិច្ច​របស់​យើង​កំពុង​តែ​ធ្លាក់ចុះ​ប្រហែល​ជា​អាច​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ២០២០​ទៅទៀត​ ទោះបី​យើង​ឃើញ​ថា ថ្មីៗ​នេះ យើង​ឃើញ​ខាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី គាត់​បាន​ទាយទុក​ថា​ សេដ្ឋកិច្ច​កម្ពុជា​យើង​អាចឡើង​ដល់ ៤%។ ប៉ុន្តែ យើង​បាន​ដឹង​ហើយ​ថា ធម្មតា​អ្នកជំនាញ​សេដ្ឋកិច្ច​គាត់​ប្រើ​ទិន្នន័យ ហើយ​ទិន្នន័យ​ដែល​គាត់​ប្រើ​យក​បាន​នោះ គឺ​មុន​ដើម​ខែ​មីនា។ អញ្ចឹង​បាន​ន័យ​ថា មុន​យើង​មាន​ព្រឹត្តិការណ៍​ថ្ងៃទី២០ ហ្នុង។ ដូច្នេះ ការទស្សន៍ទាយ​នេះ​អាច​ផ្អែក​លើ​ទិន្នន័យ​ចាស់។ យើង​នឹង​រំពឹង​មើលទៅទៀត​ថា តើ​នៅ​ក្នុង​ត្រីមាស​ក្រោយ​ការប៉ាន់ស្មាន​របស់​ធនាគារ​ពិភពលោក​ក្តី ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ក្តី ថាតើ​សេដ្ឋកិច្ច​កម្ពុជា​យើង​ធ្លាក់ចុះ​ប៉ុណ្ណា?»។

យ៉ាងណា ទន្ទឹម​នឹង​ការព្យាករណ៍​វិជ្ជមាន​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នេះ ធនាគារ​ ADB ក៏​បាន​លើកឡើង​ពី​ចំណុច​គួរ​ឲ្យ​កត់សម្គាល់​មួយចំនួន ដែល​អាច​បង្ក​ជា​ហានិភ័យ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ។ ក្នុងនោះ ធនាគារ​នេះ​ព្យាករណ៍​ថា នឹង​មាន​ការកើនឡើង​នូវ​អតិផរណា ឬ​តម្លៃ​លក់​ទំនិញ និង​សេវាកម្ម​នានា​ ក្នុង​កម្រិត​ជាមធ្យម​ដល់ទៅ​ជាង ៣% (៣,១%) នៅ​ក្នុង​ឆ្នាំ២០២១ ដែល​កាល​ពី​ឆ្នាំ២០១៩ មាន​ជិត ២% (១,៩%)។ រីឯ វិស័យ​ហិរញ្ញវត្ថុ​វិញ បើទោះ​បី​វិស័យ​នេះ​នៅ​មាន​ប្រភពទុន​ប្រសើរ​ក៏ដោយ ក៏ប៉ុន្តែ ធនាគារ​ ADB ព្រមាន​ថា ការកើនឡើង​នៃ​កម្ចី​មិន​ដំណើរការ និង​កម្ចី​ដែល​ពិបាក​ប្រមូល​ការប្រាក់​ អាច​នឹង​ដាក់​សម្ពាធ​ដល់​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នីមួយៗ ដែល​អាច​គំរាមកំហែង​ដល់​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន។

ដោយឡែក​ ជុំវិញ​បំណុល​រដ្ឋ​ជំពាក់​បរទេស​វិញ ធនាគារ​ ADB ព្យាករណ៍​ថា នៅ​ក្នុង​ឆ្នាំ២០២២​ខាងមុខ ​កំណើន​នៃ​បំណុល​រដ្ឋជំពាក់​បរទេស​អាច​នឹងកើន​ដល់​ជិត ៣៦% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ឬ GDP ឬ​ស្មើនឹង​ប្រមាណ ១ម៉ឺន​លាន​ដុល្លារ។ គិតត្រឹម​ដំណាច់​ឆ្នាំ២០២០ កម្ពុជា​ជំពាក់​បំណុល​បរទេស​សរុប​ប្រមាណ​ជាង ៩ពាន់៦រយ​លានដុល្លារ (៩.៦០១,៩៣ លាន​ដុល្លារ)។ ក្នុងនោះ​ បំណុល​ស្ទើរតែ​ជិត​ពាក់​កណ្តាល ឬ​ប្រមាណ​ជាង ៤៦% (៤៦,៦៧%) ជា​បំណុល​ដែល​រដ្ឋ​ជំពាក់​ចិន។ យ៉ាងណា ធនាគារ​ ADB វាយតម្លៃ​ជារួម​ថា កម្ពុជា​នៅ​មាន​ហានិភ័យ​ទាប​នៅឡើយ​ចំពោះ​សមត្ថភាព​ក្នុង​ការសង​បំណុល​បរទេស។

ជុំវិញ បញ្ហា​បំណុល​នេះ លោក ប៉ិច ពិសី ពន្យល់​ថា រដ្ឋ​មិន​អាច​រស់​បាន​ដោយ​មិន​ខ្ចីបុល​ពី​បរទេស​នៅឡើយ​ទេ ពិសេស​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​នេះទៀតសោត រដ្ឋ​អាច​នឹង​គ្មាន​លុយ​ជួយ​សង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​តែ​ម្តង៖ «ថវិកា​ជាតិ​យើង​ ទោះបី​ជា​យើង​មាន​សេដ្ឋកិច្ច​ដែល​មាន​សុខភាពល្អ​ ក៏​យើង​នៅ​តែ​ត្រូវការ​ជំនួយ ក៏​យើង​នៅ​តែខ្ចីគេ​ដែរ។ អញ្ចឹង​សួរទៅវិញ ចុះ​ដល់ពេល​ដែល​យើង​មាន​វិបត្តិ​ ថាតើ​យើង​មាន​លុយ​គ្រប់ដែរ​ឬទេ? ចម្លើយ​គឺថា​ប្រហែល​ជា​យើង​មាន​លុយ​មិនគ្រប់ទេ»។

ក្រៅពី​ព្យាករណ៍​ពី​លទ្ធភាព​នៃ​ការកើនឡើង​បំណុល​រដ្ឋ​ជំពាក់​បរទេស ធនាគារ ADB ក៏​បាន​ព្រមាន​ផងដែរ​ពី​ការធ្លាក់ចុះ​ចំណូល​ប្រចាំគ្រួសារ​របស់​ពលរដ្ឋ។ ធនាគារ​នេះ​ថា ជា​លទ្ធផល​នៃ​វិបត្តិ​ជំងឺ​កូវីដ១៩ ដោយសារ​ការធ្លាក់ចុះ​ចំណូល ផ្អែក​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ យូនីសេហ្វ (UNICEF) ជាង ៥០% នៃ​ពលរដ្ឋ​នៅតាម​គ្រួសារ​នីមួយៗ កាលពី​ខែតុលា ឆ្នាំ២០២០ ​បាន​នាំគ្នា​ជ្រើសរើស​យក​វិធី​កាត់បន្ថយ​ចំណាយ​លើ​មុខចំណាយ​​ដែល​មិនមែន​ជា​ម្ហូបអាហារ។

ជុំវិញ​បញ្ហា​ធ្លាក់ចុះ​ចំណូល​នៅ​តាមគ្រួសារ​នេះ អ្នកជំនាញ​សេដ្ឋកិច្ច​នយោបាយ បណ្ឌិត យ៉ង់ សុភា ថា អ្នកដែល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​គឺ​ពលរដ្ឋ​អ្នក​រស់​នៅ​ក្នុង​ទីក្រុង៖ «ខ្ញុំ​គិតថា អាហ្នុង​ជា​ការពិត​បើសិន​ជា​បញ្ហា​នៅ​តែ​អូសបន្លាយ​ ប៉ុន្តែ អ្វី​ដែល​ប៉ះពាល់​ខ្លាំង​ជាងគេ គឺ​អ្នក​នៅ​តាម​ទីក្រុង។ ជាពិសេស​អ្នកនៅ​តាម​ជាយៗ​ក្រុង​ហ្នុង គឺ​អ្នកដែល​ធ្វើ​ការតាម​រោងចក្រ ឬអ្នក​ដែល​ពឹងផ្អែក​ទៅលើ​សេដ្ឋកិច្ច​ក្រៅផ្លូវការ នឹង​មាន​បញ្ហា​ច្រើន​ជាងគេ​ ដោយសារ​តែ​ទីក្រុង​ត្រូវ​បាន​គេ​បិទ គាត់​អត់​មាន​លទ្ធភាព​ក្នុង​ការរកស៊ី។ តែ​បើសម្រាប់​អ្នក​នៅ​តាម​ជនបទ​តាមខេត្ត​មួយចំនួន​ធំ គឺ​ហាក់​ដូចជា​មិន​សូវ​មាន​ការប៉ះពាល់​ច្រើន​ទេ​ដោយសារ​ដំណើរការ​ របៀប​ធ្វើការ​របស់​ពួកគាត់​នៅ​ដដែល...»។

ផលប៉ះពាល់​នៃ​ការធ្លាក់​ចុះ​ចំណូល​តាមគ្រួសារ​នេះ ត្រូវ​ធនាគារ ADB ​វាយតម្លៃថា អាច​នឹង​ធ្វើ​ឲ្យ​មាន​ការធ្លាក់​ចុះ​ចំណាយ​លើ​ការប្រើប្រាស់​ប្រចាំ​គ្រួសារ​នីមួយៗ ហើយ​អាច​បង្កើត​ជា​ផលប៉ះពាល់​រយៈពេល​យូរ​អង្វែង​ដល់​សុខុមាលភាព និង​ផលិតភាព​របស់​ប្រទេស​ជារួម​នៅ​ក្នុង​ឆ្នាំ២០២១នេះ។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថ មិនទាន់​ឆ្លើយតប​នឹង​របាយការណ៍​របស់​ធនាគារ ADB នៅឡើយទេ មកទល់នឹងថ្ងៃទី២៩ ខែមេសា៕

No comments: