April 30, 2021

ADB ព្យាករណ៍​ថា​​គ្រួសារនិង​​ក្រុមហ៊ុន​ឯកជន​នឹង​​បន្តជួប​វិបត្តិ​បើទោះបី​សេដ្ឋកិច្ចជាតិ​​អាច​​ងើប​ឡើង​វិញ​​ក្នុង​ឆ្នាំ​២០២១ក្តី

អ្នកស្រី សន្យា ដុរ៉ានី ចាម៉ាល (Sunniya Durrani-Jamal) នាយិកាប្រចាំកម្ពុជា​របស់​ធនាគារ ADB ប្រចាំនៅកម្ពុជា។  រូប៖ ADB


ដោយ អាស៊ីសេរី RFA 2021-04-28

ធនាគារ​​​អភិវឌ្ឍន៍​​អាស៊ី ហៅ​កាត់​ថា ADB ព្យាករណ៍​​ថា ​គ្រួសារ និង​ក្រុមហ៊ុន​ឯកជន​​នានា​​នឹង​​​បន្តជួប​វិបត្តិ​ ឬ​សម្ពាធ​​ផ្នែក​​សេដ្ឋកិច្ច បើទោះបីសេដ្ឋកិច្ចជាតិ​​អាច​​ងើប​ឡើង​វិញ​​ក្នុងឆ្នាំ​២០២១ នេះក៏ដោយ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី ដែល​ចេញ​​ផ្សាយ​​កាលពីថ្ងៃទី២៨ ខែមេសា អោយ​ដឹង​ថា បើតាម​​ការព្យាករណ៍ ​​សេដ្ឋកិច្ច​កម្ពុជា​​អាច​​នឹង​​កើន​ឡើង​វិញ​​ចំនួន ៤% ក្នុង​ឆ្នាំ២០២១ និង​ជាង ៥% ​ក្នុង​ឆ្នាំ​២០២២។

នាយិកាប្រចាំកម្ពុជា​របស់​ធនាគារ ADB អ្នកស្រី សន្យា ដុរ៉ានី ចាម៉ាល (Sunniya Durrani-Jamal) លើកឡើង​ថា ​កំណើន​នេះ​នឹង​ជួយបង្កើន​ប្រាក់ចំណូល​គ្រួសារ ប៉ុន្តែ​​មិនមែន​គ្រប់វិស័យ និង​តំបន់​ទាំងអស់​នឹង​ទទួល​បាន​ផលប្រយោជន៍​ស្មើគ្នា​នោះទេ។ អ្នកស្រីព្រមានថា ល្បឿន​មិនស្មើគ្នានៃការងើបឡើងវិញ​នៃ​វិស័យ​នានា​​នឹង​បន្ត​ជាសម្ពាធ​លើគ្រួសារ និង​ក្រុមហ៊ុន​មួយចំនួន ហើយ​បញ្ហានេះ​នឹងធ្វើឱ្យការងើបឡើង​សេដ្ឋកិច្ច​ជារួមមានការយឺតយ៉ាវ។ អ្នកស្រី​បន្តថា ​ចាំបាច់ណាស់​ដែលរដ្ឋ​ត្រូវ​តាមដាន​មើលជីវភាព​គ្រួសារ​ទាំងឡាយ ក៏ដូចជាផ្តល់ការគាំទ្រ​បន្ថែមដល់ពួកគេឱ្យបាន​ដិតដល់។

តាមការព្យាករណ៍​របស់​ធនាគារ ADB ក្នុង​ឆ្នាំ២០២១ ​ផលិតកម្មឧស្សាហកម្ម​អាចនឹង​កើនឡើងជាង ៧% ក្នុង​ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃវិស័យ​កាត់ដេរសម្លៀកបំពាក់​ ស្បែកជើង និង​ទំនិញសម្រាប់ការធ្វើដំណើរ ព្រមទាំង​កំណើន​នៃ​ឧស្សាហកម្ម​ធនស្រាលផ្សេងទៀត ដូចជាផលិតផល​អេឡិចត្រូនិច និង​កង់។ វិស័យកសិកម្ម​អាច​នឹង​កើនឡើងជាង១% ដោយសារ​មាន​កំណើន​ផលិតផលកសិកម្ម វារីវប្បកម្ម និងការនាំផលិតផល​ទៅប្រទេសចិន។ រីឯវិស័យ​សេវាកម្ម​នឹង​ងើបឡើង​ក្នុង​ល្បឿនយឺត​ប្រមាណ​៣%​ នៅឆ្នាំ២០២១ និងជាង៦%​ក្នុង​ឆ្នាំ២០២២។ ប៉ុន្តែ​វិធានការទប់ស្កាត់ជំងឺកូវីដ-១៩​ ដែល​ចាប់​ផ្តើមពីខែ​កុម្ភៈ​កំពុង​ធ្វើអោយ​វិស័យ​នេះ​ធ្លាក់ចុះ។ រីឯការរឹតបន្ដឹង​ការធ្វើដំណើរ​នៅ​ទូទាំង​ប្រទេស​នឹង​ធ្វើ​អោយ​វិស័យ​ទេសចរណ៍ប៉ះពាល់​ និង​មិនអាច​ជួយ​ទៅ​ដល់​វិស័យ​សេវាកម្ម​ឡើយ។ ជាមួយគ្នា​នេះ​វិស័យ​អចលនទ្រព្យអាចនឹង​ងើបឡើងវិញ​ដែរ ដោយ​មាន​និន្នាការស្រដៀងគ្នា​នឹង​វិស័យឧស្សាហកម្ម​សំណង់៕

No comments: