March 31, 2021

ម្ចាស់​អាជីវកម្ម​ខ្មែរ​ក្រោម​អះអាង​ថា អាជ្ញាធរ​វៀតណាម​រើសអើង និង​បង្ក​ការ​រំខាន​ដល់​អាជីវកម្ម​ខ្មែរ​ក្រោម

ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម។ រូប៖ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម


ដោយ យន់ សាមៀន RFA 2021-03-31

ម្ចាស់​អាជីវកម្ម​ខ្មែរ​ក្រោម​បោះ​ពុម្ព​អាវ​យឺត អះអាង​ថា អាជ្ញាធរ​វៀតណាម​ រើសអើង និង​បង្ក​ការ​រំខាន​ដល់​អាជីវកម្ម​ខ្មែរ​ក្រោម។ ការ​លើក​ឡើង​នេះ ដោយសារ​តែ​អាជ្ញាធរ​វៀតណាម ខេត្ត​ព្រះ​ត្រពាំង បាន​បង្ខំ​ឲ្យ​ម្ចាស់​អាជីវកម្ម​​ខ្មែរ​ក្រោម​ម្នាក់ ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ ប៉ុន្តែ​មិន​ឲ្យ​លោក​អាន ក្រោយ​ពេល​លោក​បាន​បោះ​ពុម្ព​អាវ​យឺត ដែល​ដាក់​អក្សរ​ថា “ខ្មែរ​ក្រោម សាទរ​ទិវា​​ សិទ្ធិ​នារី​អន្តរជាតិ ៨មីនា”។

ម្ចាស់​រោង​ពុម្ព លោក ថាច់ សាង កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍ និង​យុត្តិធម៌​ពី​អង្គការ​សង្គម​ស៊ីវិល​នានា ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ពី​សំណាក់​អាជ្ញាធរ​វៀតណាម។ កាល​ពី​ថ្ងៃ​ទី២៩ មីនា អាជ្ញាធរ​ចម្រុះ​វៀតណាម​ជា​ច្រើន​នាក់ បាន​ចុះ​មក​ដល់​ផ្ទះ និង​ជា​រោង​បោះ​ពុម្ព​របស់​លោក ថាច់ សាង ហើយ​សាក​សួរ​លោក​ករណី​បោះ​ពុម្ព​អាវ​យឺត​ឲ្យ​ស្ត្រី​ខ្មែរ​ក្រោម ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨មីនា។ លោក ថាច់ សាង ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​វៀតណាម​បាន​បង្ខំ​ឲ្យ​លោក​ចុះ​ហត្ថលេខា​លើ​លិខិត​មួយ ដោយ​មិន​ឲ្យ​ពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​លោក​អាន និង​យល់ ខ្លឹមសារ​នៃ​លិខិត​នោះ​ទេ។ អាជ្ញាធរ​វៀតណាម​ក៏​បាន​បង្ខំ​ឲ្យ​លោក​លុប​វីដេអូ និង​ព័ត៌មាន​ទាំង​ឡាយ​ស្តីពី​សកម្មភាព​ដែល​អាជ្ញាធរ​វៀតណាម​រឹប​អូស​អាវ​យឺត ដែល​មាន​អក្សរ​ថា “ខ្មែរ​ក្រោម ​សាទរ​ទិវា​​ សិទ្ធិ​នារី​អន្តរជាតិ​ ​៨​ ​មីនា​” ចេញ​ពី​ទំព័រ​ហ្វ៊េសប៉ុក​លោក និង​មិត្តភ័ក្ដិ​របស់​លោក។ លោក ថាច់ សាង ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម​​ថា ជា​ការ​រើសអើង​នឹង​អាជីវករ​ខ្មែរ​ក្រោម និង​ជា​ការ​សងសឹក ដោយសារ​តែ​លោក​ហ៊ាន​បោះ​ពុម្ព​អាវ​យឺត​លើក​ស្ទួយ​សិទ្ធិ​របស់​នារី​ខ្មែរ​ក្រោម៖ «ខ្ញុំ​ជា​អ្នក​រក​ស៊ី​ម្នាក់ បោះ​ពុម្ព​លើ​អាវ​យឺត​ហ្នឹង។ ខ្ញុំ​ឃើញ​បង​ប្អូន​ចុះ​ឡើង ខ្ញុំ​មាន​ការ​ធុញ​ទ្រាន់​ដែរ ដូច​ជា ការ​គំរាម​កំហែង ឬ​ក៏​ជា​ការ​បង្ខិតបង្ខំ​ឲ្យ​ខ្ញុំ​ទទួល​ទោស​កំហុស»។

លោក ថាច់ សាង បន្ត​ទៀត​ថា បន្ទាប់​ពី​លោក​បដិសេធ​មិន​ចុះ​ហត្ថលេខា​លើ​លិខិត​របស់​អាជ្ញាធរ​វៀតណាម​នោះ លោក​ក៏​បាន​ថត​រូបភាព​វីដេអូ​បន្ត​ផ្ទាល់​តាម​បណ្ដាញ​សង្គម (Facebook) ពី​សកម្មភាព​អាជ្ញាធរ​វៀតណាម ទើប​ពួក​គេ​នាំ​គ្នា រត់​ជាន់​ជើង​គ្នា​ចេញ​ពី​ផ្ទះ​របស់​លោក​វិញ។

ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ​វៀតណាម​នេះ ក្រោយពេល អាជ្ញាធរ​កាល​ពី​ថ្ងៃ​ទី៤ មីនា បាន​រឹប​អូស​អាវ​យឺត​ជាង១០ ពី​រោង​ពុម្ព​របស់ លោក ថាច់ សាង។ យុវជន​ខ្មែរ​ក្រោម បាន​ជួល​លោក ថាច់ សាង ឲ្យ​បោះ​ពុម្ព​អាវ​យឺត ដើម្បី​​ប្រារព្ធ​​ទិវា​​សិទ្ធិ​នារី​អន្តរជាតិ ៨នាទី​។​ ទោះ​បី​អាជ្ញាធរ​វៀតណាម​បាន​ព្យាយាម​ទប់​ស្កាត់​មិន​ឲ្យ​ខ្មែរ​ក្រោម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​ក៏​ដោយ ក៏​យុវជន​ខ្មែរ​ក្រោម​បាន​ជោគជ័យ​រៀបចំ​ទិវា​សិទ្ធិ​នារី ៨មីនា ដោយ​បាន​ពាក់​អាវ ដែល​ដាក់​ពាក្យ​ថា “ខ្មែរ​ក្រោម​សាទរ​ទិវា​​​សិទ្ធិ​នារី​អន្តរជាតិ ៨មីនា”។ យុវជន​ខ្មែរ​ក្រោម​អះអាង​ថា ពួក​គេ​ចង់​ប្រារព្ធ​ទិវា​សិទ្ធិ​នារី ៨មីនា ​ដោយសារតែស្រ្តី​ខ្មែរ​ក្រោម​មិន​ទទួល​បាន​សិទ្ធិ​ស្មើ​ភាព​គ្នា​ដូច​ស្ត្រី​ជន​ជាតិ​វៀតណាម ហើយ​ស្ត្រី​ខ្មែរ​ក្រោម​កំពុង​តែ​ទាមទារ​ជា​ជន​ជាតិ​ដើម​កំណើត​ផង​ដែរ។

(ឆ្វេង) អាវ​យឺត​មាន​សរសេរ​​អក្សរ​ថា "ខ្មែរក្រោម​អបអរទិវានារីអន្តរជាតិ" ដែល​​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​បោះ​សម្រាប់​ពាក់​​ប្រារព្ធ​ទិវា​សិទ្ធិ​នារីអន្តរជាតិ ៨ មីនា​ និង​ (ស្ដាំ) យុវនារី​ពាក់អាវ​យឺត​នេះ​​​ប្រារព្ធ​ទិវា​សិទ្ធិ​នារីអន្តរជាតិ ៨ មីនា នៅ​លើ​ទឹក​កំណើត នៅឯ​ខេត្ត​ព្រះត្រពាំង។ រូប៖ ហ្វេសប៊ុក To Hoang Chuong



ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នេះ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា បាន​ថ្កោល​ទោស​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម ដែល​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​ម្ចាស់​ស្រុក៖ «អាជ្ញាធរ​វៀតណាម គឺ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​ហ្នឹង​ព្រោះ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ខំ​រក​ស៊ី​ប្រចាំ​ថ្ងៃ​ធ្វើ​អាជីវកម្ម​បន្តិច​នៅ​តាម​ផ្ទះ​ហ្នឹង​អាជ្ញាធរ​នៅ​តែ​រារាំង ហាម​ឃាត់ សម្លុត​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​បន្ត​បន្ទាប់​ហ្នឹង ជា​ពិសេស គឺ​ករណី​ថ្មីៗ នេះ យុវជន​ខ្មែរ​ក្រោម​គ្រាន់​តែ​បោះ​ពុម្ព​អាវ​យឺត​វៀតណាម​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រើ​ពាក្យ​ខ្មែរ​ក្រោម​នៅ​អាវ​យឺត​នោះ»។

ព្រះ​អង្គ​មាន​ថេរ​ដីកា​បន្ត​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ជា​ជន​ជាតិ​ដើមកំណើត ដូច្នោះ​ពួក​គេ​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង ដើម្បី​បញ្ចេញ​មតិ​ដោយ​អហិង្សា រួម​ទាំង​ការ​ធ្វើ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​ជា​ដើម៕

No comments: