March 31, 2021

សកម្មជន​បក្ស​ប្រឆាំង អ្នកស្រី ខន ទន ធ្លាក់ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ខេត្ត​ត្បូង​ឃ្មុំ

លោកស្រី ខន ទន អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី២៦ ខែមករា ឆ្នាំ២០២១។  រូប៖ ហ្វេសប៊ុកលោកស្រី ខន ទន


ដោយ សុជីវី RFA 2021-03-30

កូន​ប្រុស​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ដែល​កំពុង​ជាប់​ឃុំ លោកស្រី ខន ទន កំពុង​ព្រួយ​បារម្ភ​ការ​វិវឌ្ឍ​អាការៈ​ជំងឺ​របស់​ម្ដាយ បន្ទាប់​ពី​លោក​បាន​ទទួល​ដំណឹង​ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​ត្បូង​ឃ្មុំ បាន​បញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាងក្រៅ ក្រោយ​គាត់​ធ្លាក់ខ្លួន​ឈឺ​ជាច្រើន​ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា រដ្ឋាភិបាល​​គួរតែ​​ដោះ​លែង​គាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ទទួល​បាន​ការ​ថែទាំ និង​ព្យាបាល​បាន​ដិតដល់​ពី​ក្រុម​គ្រួសារ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ គឺ​លោកស្រី ខន ទន បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ពន្ធនាគារ​មាត់​ឃ្មង់ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ជា​ច្រើន​ថ្ងៃ​មក​ហើយ។

កូនប្រុស​របស់​លោកស្រី ខន ទន គឺលោក ស៊ាង ឆៃយ៉ាង ប្រាប់​អាស៊ី​សេរី​ថា ម្ដាយ​របស់​លោក​មាន​ជំងឺ​ប្រចាំ​កាយ​ជា​យូរ​ម​ក​ហើយ ដែល​ត្រូវ​ការ​លេប​ថ្នាំ​ព្យាបាល​ជា​ប្រចាំ ប៉ុន្តែ​ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូវីដ​ក្នុង​សហគមន៍​ជា​លើក​ទី៣ មក មន្ត្រី​ពន្ធនាគារ​មិន​​អនុញ្ញាត​ឱ្យ​លោក​ចូល​សួរ​សុខទុក្ខ និង​ពុំ​អាច​យក​សម្ភារៈ និង​ថ្នាំ​ព្យាបាល​ជំងឺ​ឱ្យ​ម្ដាយ​នៅ​ក្នុង​ពន្ធនាគារ​បាន​ទេ។ លោក​ព្រួយ​បារម្ភ​ពី​សុខ​ទុក្ខ និង​ស្ថានភាព​ជំងឺ​ម្ដាយ​យ៉ាង​ខ្លាំង ក្រោយ​ពេល​ទទួល​ដំណឹង​ថា ម្ដាយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ។ លោក​បញ្ជាក់​ថា មន្ត្រី​ពន្ធនាគារ​មិន​បាន​ផ្តល់​ដំណឹង​លម្អិត​អំពី​អាការៈ​ម្ដាយ​យ៉ាងណា​នោះ​ទេ។ កូន​ប្រុស​របស់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ស្នើសុំ​អាជ្ញាធរ​ឱ្យ​ដោះ​លែង​ម្ដាយ​មាន​សេរីភាព​វិញ ដើម្បី​ជួប​ជុំ​និង​ទទួល​បាន​ការ​​យក​ចិត្ត​ទុក​ដាក់​ថែទាំ​ពី​ក្រុម​គ្រួសារ ព្រោះ​ការ​ចាប់​ឃុំ​ខ្លួន​ម្ដាយ គឺ​ជា​រឿង​អយុត្តិធម៌​បំផុត៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ ព្រោះ​អី​គាត់​នៅ​ក្នុង​ពន្ធនាគារ​ហ្នឹង​អត់​មាន​អ្នក​មើលថែ និង​អត់មាន​ថ្នាំ​លេប​ជា​ប្រចាំ​កាយ សូម​សំណូម​ពរ​ឱ្យ​ខាង​សមត្ថកិច្ច​ហ្នឹង​ដោះលែង​គាត់​ព្រោះ​អី​គាត់​អត់​មាន​កំហុស ណា​មួយ​ចាប់​ឃុំ​គាត់​អត់​បាន​កាត់​ទោស ឬក៏​អត់​ធ្វើអ្វី​ត្រឹមត្រូវ​ដែរ គឺ​ឃុំ​បណ្ដោះអាសន្ន គឺ​ឃុំ​មនុស្ស​អត់​មាន​ទោស​រហូត​ដល់​ពីរ​ខែ»។

លោកស្រី ខន ទន ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់ខ្លួន កាល​ពី​ថ្ងៃ​ទី២៦ ខែមករា។ តុលាការ​ខេត្ត​ត្បូង​ឃ្មុំ​ចោទ​ប្រកាន់​លោកស្រី​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ហើយ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​មាត់​ឃ្មង់។ ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​នេះ គឺ​បន្ទាប់​ស្ត្រី​សកម្មជន​បក្ស​ប្រឆាំង​វ័យ ៤៨ឆ្នាំ​រូប​នេះ តែង​​ចូលរួម​តវ៉ា​សម្ដែង​មតិ​ជា​មួយ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដើម្បី​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម។

ក្រៅ​ពី​ករណី​នេះ ក្រុម​គ្រួសារ​សាច់ញាតិ​របស់​សកម្មជន​បក្ស​ប្រឆាំង​ផ្សេងទៀត​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដែរ​នោះ ពួក​គេ ក៏​កំពុង​ព្រួយ​បារម្ភ​អំពី​អ្នក​ជាប់ឃុំ​នយោបាយ​ជួប​ការ​លំបាក​ជា​ច្រើន​ដូចជា​រស់​នៅ​ក្នុង​ស្ថាន​ភាព​ចង្អៀត​ណែន មិន​មាន​ចំណី​អាហារ​ហូប​ចុក​គ្រប់​គ្រាន់ ខ្វះ​អនាម័យ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​របស់​ពួកគាត់។

ប្រពន្ធ​របស់​សកម្មជន​បក្ស​ប្រឆាំង​លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចន្ថា ថ្លែង​ថា មន្ត្រី​ពន្ធនាគារ បាន​អញ្ញាត​ឱ្យ​ពួក​លោកស្រី យក​ម្ហូប​អាហារ សម្ភារៈ​ផ្ញើ​ប្ដី​នៅ​ក្នុង​ពន្ធនាគារ​បាន​វិញ​ហើយ នៅ​ថ្ងៃ​ទី២៩ មីនា ប៉ុន្តែ​សម្ភារៈ​ទាំង​នោះ​ត្រូវ​ផ្ញើ​តាម​រយៈ​មន្ត្រី​ពន្ធនាគារ។ ជា​មួយ​គ្នា​នេះ​ដែរ លោកស្រី​ស្នើ​ឱ្យ​មន្ត្រី ពន្ធនាគារ​ជួយ​រក​មធ្យោបាយ​សម្របសម្រួល ឱ្យ​លោកស្រី អាច​ទំនាក់ទំនង និង​សួរ​សុខ​ទុក្ខ​គ្រួសារ​ផង​ដែរ៖ «ខ្ញុំ​ចង់​សុំ​ឱ្យ​មាន​ទូរស័ព្ទ​ដើម្បី​ទំនាក់ទំនង​មក​ពួក​ខ្ញុំ​ចង់​ដឹក ឮ​សួរ​សុខ​ទុក្ខ​គាត់ តើ​ខាង​ក្នុង​នោះ​យ៉ាង​មិច? គាត់​ក៏​ចង់​ដឹង​សុខ​ទុក្ខ​ពួក​ខ្ញុំ ហើយ​ខ្ញុំ​ចង់​ដឹង​សុខ​ទុក្ខ​គាត់​ដែរ គាត់​ចេះ​ព្រួយ​បារម្ភ​ក្រុម​គ្រួសារ​គាត់ កូន​គាត់ ប្រពន្ធ​គាត់ ចៅ​គាត់ រឿង​អី​ខ្ញុំ​មិន​ចេះ​បារម្ភ​ក្រុម​គ្រួសារ​ខ្ញុំ​ដូច​គ្នា គាត់​មាន​អាសូរ​ដល់​ទ្រូង​ជា​ប្រពន្ធ ទ្រូង​ជា​ម្ដាយ ជា​ភរិយា​ទេ រាល់​ថ្ងៃ​ដើរ​តួ​ជា​ប្រុស​ផង ម្ដាយ​ផង ឪពុក​ផង វេទនា​ចង់​ងាប់​ហើយ សួរ​គាត់​មាន​គិត​អត់​ថា​ប្រជារាស្ត្រ​វេទនា​ប៉ុណ្ណា​ទេ រាល់​ថ្ងៃ​ហ្នឹង»។

ជុំវិញ​រឿង​នេះ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​អ្នក​ជាប់​អាច​យក​សម្ភារៈ ចូល​ក្នុង​ពន្ធនាគារ​ជា​ផ្នែក​មួយ​ជួយ​ដល់​អ្នក​ជាប់​ឃុំ​ទទួល​បាន​សម្ភារៈ ថ្នាំពេទ្យ ម្ហូបអាហារ​គ្រាប់​គ្រាន់ ដើម្បី​ទ្រទ្រង់​សុខភាព ព្រមទាំង​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ស្កាត់ ព្រោះ​ម្ហូប​អាហារ​នៅ​ក្នុង​ពន្ធនាគារ​ពុំ​មាន​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​អ្នក​ជាប់​ឃុំ​នោះ​ទេ។ លោក​ថា មន្ត្រី​ពន្ធនាគារ​គួរ​រក​មធ្យោបាយ​សមស្រប​បន្ថែម​ទៀត​ដូច​ជា​ដំឡើង​ប្រព័ន្ធ​ទូរស័ព្ទ ដើម្បី​ពួក​គាត់​អាច​និយាយ​សួរ​សុខ​ទុក្ខ​គ្នា។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​ទទូច​ឱ្យ​តុលាការ​ពិនិត្យ​មើល​សំណុំ​រឿង​ណា ដែល​ចាំបាច់​ដើម្បី​អាច​អនុញ្ញាត​ឱ្យ​ពួក​គាត់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​ពួក​គាត់​អាច​ជួប​ជុំ​គ្រួសារ ហើយ​អ្នក​មាន​ជំងឺ​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ៖ «អ្នក​ជំនាញ​សិទ្ធិមនុស្ស​ថា ការ​អនុវត្តន៍​ច្បាប់​នេះ ប្រាសចាក​អំពី​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​កម្ពុជា​យើង​បាន​ទទួល​ស្គាល់ មាន​ចែង​​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ អ៊ីចឹង​ក្នុង​ករណី​ទាំង​នេះ យើង​ឃើញ​ថា​រហូត​មក​ដល់​ឥឡូវ បញ្ហា​យើង​គិត​ជា​សកល​ជា​បញ្ហា​កូវីដ-១៩ តែ​អ្វី​ដែល​ជា​សំខាន់ គឺ​ប៉ះពាល់​ដល់​សេរីភាព នៃ​សិទ្ធិ​របស់​គាត់​ដែល​ជាប់​ឃុំ​បន្ត​ទៀត»។

ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០២០ រហូត​ដល់​ខែ​ចុង​ខែ​កុម្ភៈ ឆ្នាំ២០២១ នេះ របប​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​មន្ត្រី​បក្ស​សង្រ្គោះ​ជាតិ អ្នក​នយោបាយ សកម្មជន យុវជន ព្រះសង្ឃ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជិត ៨០នាក់​ហើយ ដោយ​សារ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ខ្លួន។ តុលាការ បាន​ចោទ ប្រកាន់​ពួក​គេ​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ឬ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ទោះ​ជា​យ៉ាង​ណា សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ចាត់​ទុក​ករណី​នេះ ជា​រឿង​នយោបាយ និង​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​សកម្មជន​ទាំង​នេះ​ឡើង​វិញ៕

No comments: