March 31, 2021

គណៈកម្មាធិការ​អាស៊ាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ទប់ស្កាត់​ករណី​ហិង្សា​លើ​ពលរដ្ឋ​អាស៊ី​និង​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី

គណៈកម្មាធិការ​អាស៊ានស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ទប់ស្កាត់​ករណី​អំពើហិង្សា និង​ការ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​អាស៊ី និង​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី។ រូប៖ ASEAN Information Center


ដោយ អាស៊ីសេរី 2021-03-30

ស្ថានទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​រស់នៅ​សហរដ្ឋអាមេរិក​ឱ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​សុវត្ថិភាព​ខ្លួន​និង​គ្រួសារ​ ខណៈ​អំពើ​ហិង្សា​ប្រឆាំង​ជនជាតិ​អាស៊ី​ពី​សំណាក់​បុគ្គល​រើសអើង​មួយចំនួន កំពុងកើតមានឡើង។

ប្រធាន​ប្ដូរ​វេន​នៃ​គណៈកម្មាធិការ​អាស៊ានស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ទប់ស្កាត់​ករណី​អំពើហិង្សា និង​ការ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​អាស៊ី និង​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​អាស៊ី ដែល​បាន​កើត​ឡើង​នៅ​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ។

ឯកអគ្គរាជទូត រដ្ឋទូត​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន រួមមាន​ប្រទេសកម្ពុជា ប្រុយណេ (Brunei) ឥណ្ឌូនេស៊ី (Indonesia) ឡាវ (Lao) ម៉ាឡេស៊ី (Malaysia) មីយ៉ាន់ម៉ា ឬ​ភូមា (Myanmar) ហ្វីលីពីន (Philippians) សឹង្ហបុរី (Singapore) ថៃ (Thailand) និង​ប្រទេសវៀតណាម (Vietnam) បាន​ប្រជុំ​ពិភាក្សា​គ្នា​លើ​បញ្ហា​នេះ​នៅ​ថ្ងៃទី២៤ ខែមីនា។ កិច្ចប្រជុំ​សម្រេច​ឲ្យ​ឯកអគ្គរាជទូត​នៃ​ប្រទេស​ម៉ាឡេស៊ី ជា​ប្រធាន​ប្ដូរ​វេន​នៃ​គណៈកម្មាធិការ​អាស៊ាន នៅ​ទីក្រុង​វ៉ាស់ស៊ីនតោន (Washington) ជា​អ្នក​លើក​ឡើង​បញ្ហា​នេះ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក ផ្សព្វផ្សាយ​នៅ​ថ្ងៃទី៣០ ខែមីនា ឲ្យ​ដឹង​ថា ក្នុង​ជំនួប​តាម​ប្រព័ន្ធ​អនឡាញ កាល​ពី​ថ្ងៃទី២៩ ខែមីនានោះ គណៈកម្មាធិការ​អាស៊ាន នៅ​ទីក្រុង​វ៉ាស់ស៊ីនតោន រួមជាមួយវេជ្ជបណ្ឌិត អេលីហ្សាប៊ិត ខាមឺរ៉ូន (Dr. Elizabeth Cameron) នាយក​ជាន់ខ្ពស់​ផ្នែក​សុខភាព​សាកល និង​ការ​ការពារ​ផ្នែក​ជីវសាស្រ្ត នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បាន​លើក​ឡើង​ពី​ក្ដី​ព្រួយបារម្ភ​ចំពោះ​អំពើហិង្សា​ដែល​បាន​កើត​មាន​ឡើង។ កិច្ច​ជំនួប​នេះ ក៏​បាន​សំណូមពរ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខជាតិ​អាមេរិក ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​បញ្ឈប់​ការ​រើសអើង​និង​អំពើហិង្សា​ទាំង​នេះ៕

No comments: