March 31, 2021

លោក សម រង្ស៊ី បន្ត​ចោទ​លោក ហ៊ុន សែន ថា ជា​មេ​ភេរវករ​សម្លាប់​បាតុករ​នៅ​មុខ​រដ្ឋសភា​ចាស់

លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​ (ស្ដាំ) ទិដ្ឋភាពនៅ​សួន​មុខ​រដ្ឋសភាចាស់ នារាជធានី​ភ្នំពេញ ក្រោយពី​គេ​គប់គ្រាប់បែកចូល​ហ្វូង​បាតុកម្ម​ដឹកនាំដោយ​លោក សម រង្ស៊ី ​បណ្ដាល​ឱ្យ​ផ្ទុះ​សម្លាប់​បាតុករជា​ច្រើន​នាក់​ស្លាប់ និង​របួស កាល​ពី​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ១៩៩៧។  រូប៖ RFA និង Reuters


ដោយ ខែ សុណង RFA 2021-03-30

មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បន្ត​ចោទ​ប្រកាន់​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ហ៊ុន សែន ថា ជា​មេ​ភេរវករ​ដែល​បញ្ជា​ឲ្យ​បោក​គ្រាប់​បែក​សម្លាប់​ក្រុម​បាតុករ​នៅ​មុខ​រដ្ឋសភា​ចាស់ ក្បែរ​ព្រះ​បរម​រាជវាំង​ កាល​ពី​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ១៩៩៧។ គ្រួសារ​ជន​រង​គ្រោះ​នៅ​តែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌ ទោះ​បី​ជា​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី។ សង្គម​ស៊ីវិល​យល់​ថា ​ប្រសិន​បើ​សំណុំ​រឿង​ដ៏​រសើប​នេះ នៅ​តែ​បន្ត​ជាប់​គាំង​មិន​អាច​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​បាន​ទេ នឹង​នាំ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ​លើ​អាជ្ញាធរ និង​ប្រព័ន្ធ​តុលាការ។

គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២១ គឺ​ជា​ខួប ២៤ឆ្នាំ​នៃ​ព្រឹត្តិការណ៍​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​ទៅ​លើ​ហ្វូង​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់​ ក្បែរ​ព្រះ​បរម​រាជវាំង ដែល​កាល​ណោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ១៦នាក់ និង​រង​របួស​ប្រមាណ ២០០នាក់។ មក​ទល់​បច្ចុប្បន្ន​នេះ ឃាតក​គប់​គ្រាប់​បែក​នេះ ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ។

គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​បាតុករ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​កាល​ពី​ឆ្នាំ១៩៩៧ នោះ ជា​អ្នក​ដែល​លះ​បង់​ជីវិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម។ គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី៣០ មីនា​ថា រយៈពេល ២៤​ឆ្នាំ​មក​នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ មិន​បាន​ស្វែង​រក​ចាប់​ជន​ដៃ​ដល់ និង​អ្នក​បញ្ជា មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ទេ។

គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ នៅ​តែ​ប្ដេជ្ញា​ចិត្ត​ស្វែងរក​យុត្តិធម៌​ជូន​រង​គ្រោះ​ជា​និច្ច ហើយ​អ្វី​ដែល​គណបក្ស​កំពុង​ធ្វើ​នៅ​ពេល​នេះ គឺ​យុទ្ធនាការ “បញ្ចប់​និទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា”។

ជាមួយ​គ្នា​នេះ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ដោយ​ចោទ​ត្រង់ៗ តែ​ម្ដង​ថា មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន គឺ​ជា​មេ​ភេរវករ​បញ្ជា​ឲ្យ​រៀបចំ​អំពើ​ភេរវកម្ម​ដោយ​បោក​គ្រាប់បែក​ចំនួន ៤គ្រាប់​ទៅ​លើ​ហ្វូង​បាតុករ ដែល​បាន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ស្លាប់​យ៉ាង​តិច ១៦នាក់ និង​របួស​ធ្ងន់​រាប់​សិប​នាក់។ លោក សម រង្ស៊ី ដែល​ជា​ជន​រង​គ្រោះ​ម្នាក់​ដែរ​នោះ បន្ត​ថា បើ​ទោះ​បី​ជា​លោក បាន​ចោទ​ប្រកាន់​ជាច្រើន​លើក​ច្រើន​សា​ថា ​លោក ហ៊ុន សែន ​ជា​មេ​ភេរវករ​ក្នុង​រឿង​នេះ​ក្ដី ក៏​លោក​លោក ហ៊ុន សែន មិន​ដែល​ហ៊ាន​ប្តឹង​លោក​ពី​បទ​បរិហារកេរ្តិ៍​នៅ​ចំពោះ​មុខ​តុលាការ​ឯករាជ្យ​ណា​មួយ​ទេ។ មេ​បក្ស​ប្រឆាំង​រូប​នេះ ជឿ​ជាក់​ថា ថ្ងៃ​ណា​មួយ តុលា​ការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នឹង​យក​លោក ហ៊ុន សែន ​ទៅ​កាត់​ទោស​ឲ្យ​ទាល់​តែ​បាន។

ទាក់ទង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ថា ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី មិន​អាច​យកជាការ​បាន​ឡើយ ព្រោះ​កាល​ពី​ឆ្នាំ​២០១៦ លោក សម រង្ស៊ី ធ្លាប់​សរសេរ​លិខិត​សុំទោស​លោក ហ៊ុន សែន ​និង​សន្យា​ឈប់​ចោទ​ប្រកាន់​តទៅ​ទៀត។ លោក​បន្ត​ថា ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​រក​យុត្តិធម៌​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​គ្រាន់តែ​ជា​សារ​នយោបាយ​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​មិន​ហ៊ាន​សន្យា​ថា រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​អាច​អាច​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​នេះ​បាន​ឡើយ៖ «អា​ហ្នឹង​ជា​ការ​និយាយ​ជា​ឯកជន​របស់​ទណ្ឌិត មេ​ឧទ្ទាម ក្រៅច្បាប់​ អ្នក​និយាយ​តើ។ ខ្ញុំ​សួរ​ថា អ្នក​ណា​ជឿ បើ​និយាយ​គេ​អត់​ជឿ​ផង អ្នកឯង​និយាយ​ប៉ុន្មាន​ដង ប៉ុន្មាន​ឆ្នាំ ក៏​គ្មាន​អ្នក​ណា​ជឿ​ដដែល​ហ្នឹង យក​ជា​ការ​វា​មិន​បាន»។

កាល​ពី​ឆ្នាំ​១៩៩៧ លោក សម រង្ស៉ី ធ្វើ​ជា​ប្រធាន​គណបក្ស​ជាតិ​ខ្មែរ។ លោក​បាន​ដឹក​នាំ​កម្មករ និង​សិស្ស​និស្សិត ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​មុខ​រដ្ឋសភា​ចាស់ នៅ​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ១៩៩៧ ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម ​លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​។ បាតុកម្ម​ពេល​នោះ ​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​ជន​មិន​ស្គាល់​មុខ​គប់​គ្រាប់​បែក​ចំនួន​៤គ្រាប់​បណ្ដាល​ឲ្យ​មនុស្ស​១៦ស្លាប់​នាក់ និង​រង​របួស​ប្រមាណ ២០០នាក់​ផ្សេង​ទៀត ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​នៅ​តែ​ឋិត​ក្នុង​ទី​ងងឹត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅ​តែ​ប្រ​កាស​ទាមទារ​រក​យុត្តិធម៌ និង​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​បើក​ការ​ស៊ើបអង្កេត​ដោយ​ស្មោះ​ត្រង់ ដើម្បី​នាំ​យក​អ្នកបញ្ជា និង​ឃាតក​ពិត​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់។

ម្ដាយ​ជន​រងគ្រោះ​មួយ​រូប គឺ​លោកស្រី លី នារី អាយុ ៧៨ឆ្នាំ ថ្លែង​ថា លោកស្រី​បាត់បង់​កូន​ប្រុស​បង្កើត​ម្នាក់ ជា​វេជ្ជបណ្ឌិត​ក្នុង​វ័យ ២៩ឆ្នាំ​នៅ​ក្នុង​ហេតុការណ៍​បោក​គ្រាប់​បែក​នោះ។ លោកស្រី​រៀបរាប់​ថា លោកស្រី នៅ​តែ​នឹក​ដល់​កូន​ជានិច្ច និង​ខក​ចិត្ត​យ៉ាង​ខ្លាំង ក្នុង​គ្រា​ដែល​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នៅ​តែ​ពុំ​មាន​លទ្ធ​ផល។ លោកស្រី​ឲ្យ​ដឹង​ថា​អាជ្ញាធរ ​មិន​ដែល​ជូន​ដំណឹង​ង​ដល់​គ្រួសារ​ជន​រង​គ្រោះ​អំពី​ដំណើរ​ការ​ស៊ើបអង្កេត​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​នោះ​ទេ៖ «២៤ឆ្នាំ​កន្លង​ផុត​ទៅ​វា​ដូច​ជា​យូរ​ណាស់​ អ្នក​ផ្សេងៗ គេ អាច​ភ្លេច​បាន ប៉ុន្តែ​ចំពោះ​យើង​ខ្ញុំ​ទាំង​អស់​គ្នា ហាក់​ដូច​ជា​ព្រឹត្តិការណ៍​វា​នៅ​ថ្មីៗ នៅ​នឹង​ភ្នែក​ខ្លួន​ឯង នៅ​នឹង​ខួរក្បាល​នៅ​គិត នៅ​ក្ដុកក្ដួល ទៅ​ជួត​រូបថត​កូន មើល​ទៅ​អាឡោះ អាល័យ​កូន​ជា​ទី​បំផុត»។

ម្ដាយ​របស់​ជន​រង​គ្រោះ​រូប​នេះ ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល ពន្លឿន​បើក​ការ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​ច្បាស់លាស់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​ជន​រង​គ្រោះ​ទាំងអស់៖ «ទោះ​បី​ជា ២៤ ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​ យុត្តិធម៌​ នឹង​មាន​សម្រាប់​ក្រុម​គ្រួសារ​របស់​យើង​ខ្ញុំ តែ​ឥឡូវ​នេះ​មិន​អាច​រក​អី​ឃើញ​ទេ។ ខ្ញុំ​ចង់​បាន​យុត្តិធម៌​ឆាប់ៗ ដែរ ​ទាន់​ខ្ញុំ​នៅ​រស់»។

ពាក់ព័ន្ធ​បញ្ហា​នេះ អាស៊ី​សេរី ​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​ទាំង​លោក ខៀវ សុភ័គ និង​លោក ជិន ម៉ាលីន ធ្លាប់​ប្រាប់​អ្នក​កាសែត​ជា​ដដែលៗ ថា សំណុំ​រឿង​នេះ​ មិន​ទាន់​បិទ​ទេ ប៉ុន្តែ​អះអាង​ថា ការ​ស៊ើប​អង្កេត​រក​ឃាតក​ត្រូវ​បាន​ជាប់​គាំង ព្រោះ​បាត់​តម្រុយ។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​ និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​អង្គការ​ផ្នែក​សិទ្ធិមនុស្ស គឺ​ចង់​ឱ្យ​យុត្តិធម៌​កើត​មាន​សម្រាប់​ជន​រង​គ្រោះ​គ្រប់​រូប។ លោក​ចាត់​ទុក​ថា សំណុំរឿង​គប់​គ្រាប់​បែក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​និទ្ទណ្ឌភាព​ ដោយសារ​ឃាតក​នៅ​តែ​មាន​សេរីភាព មិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​យក​មក​អនុវត្ត​ទោស​តាម​ច្បាប់​នៅ​ឡើយ៖ «បើ​យើង​មើល​ទៅ​លើ​ការ​ទទួល​ខុសត្រូវ​ ​គឺ​រដ្ឋាភិបាល ត្រូវ​ស៊ើប​អង្កេត ​ស្រាវជ្រាវ​លើ​រឿង​ហ្នឹង ហើយ​ស្វែងរក​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ដោយ​អំពើ​នៃ​ការ​គប់​គ្រាប់​បែក​នោះ។ អ្វី​ដែល​សំខាន់​ បើ​សិន​ជា​យើង​មិន​បាន​ស្វែងរក​យុត្តិធម៌​លើ​រឿង​នេះ​ទេ​ យើង​ក៏​បារម្ភ​ដែរ​ ព្រោះ​នេះ​ជា​មេរៀន​ប្រវត្តិសាស្ត្រ មួយ​ដែរ គឺ​ការ​ដែល​ស្វែង​រក​យុត្តិធម៌​នៅ​ក្នុង​សង្គម ការ​ដែល​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ គឺ​ជា​ការ​បំបាត់​និទណ្ឌភាព ឬ​ជា​ការ​ទប់​ស្កាត់ ដើម្បី​កុំ​ឲ្យ​មានអំពើ​និង​ព្រឹត្តិការណ៍​ត​ទៅ​ទៀត»។

ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​លើ​ក្រុម​បាតុករ​កាល​ណោះ ក៏​ធ្លាប់​ត្រូវ​ការិយាល័យ​សហ​ព័ន្ធ​ស៊ើប​អង្កេត​របស់​អាមេរិក ឬ អេហ្វ.ប៊ី.អាយ (FBI) មក​ធ្វើ​ការ​ស៊ើប​អង្កេត​ដែរ តែ​បាន​បញ្ឈប់​បេសកកម្ម​របស់​ខ្លួន​វិញ​មុន​កាល​កំណត់ ក្រោម​ហេតុផល​ថា អាជ្ញាធរ​កម្ពុជា​មិន​សហការ​ស្វែងរក​ភស្តុតាង​ទាំង​នោះ​ឡើយ។

ករណី​បោក​គ្រាប់​បែក​នេះ លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ ក៏ប៉ុន្តែ​ដោយសារ​កត្តា​នយោបាយ​មិន​អំណោយ​ផល​សម្រាប់​បុគ្គល លោក សម រង្ស៊ី ដក​ពាក្យ​បណ្ដឹង​នេះ​វិញ ដែល​គេ​ដឹង​ថា ការ​ដក​ពាក្យ​បណ្ដឹង​របស់​លោក សម រង្ស៊ី កាល​ណោះ គឺ​ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​របស់​លោក ហ៊ុន សែន ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ខណៈ​លោក​កំពុង​និទ្ទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​នោះ។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) មាន​ចំណង​ជើង​ថា ឧក្រិដ្ឋជន​ពី​ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​លើ​ក្រុម​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ១៩៩៧ នៅ​មិន​ទាន់​ផ្ដន្ទាទោស​បង្ហាញ​ថា នៅ​ថ្ងៃ​បោក​គ្រាប់​បែក​នោះ កម្លាំង​មក​ពី​កងពល "ង៧០" ដែល​ជា​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ។

របាយការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ សរសេរ​ទៀត​ថា មេ​បញ្ជាការ​កង​អង្គរក្ស​នៃ​កងពល "ង៧០" លោក ហ៊ុយ ពិសិដ្ឋ ជា​អ្នក​បញ្ជា​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​កង​អង្គរក្ស​នៅ​ថ្ងៃ​កើត​ហេតុ ហើយ​លោក ហ៊ីង ប៊ុនហៀង ដែល​ជា​មេ​បញ្ជាការ​រង​នៃ​កង​អង្គរក្ស​ពេល​នោះ ធ្លាប់​បាន​គំរាម​បាញ់​សម្លាប់​អ្នក​កាសែត​ណា​ដែល​ចោទ​ប្រកាន់​ថា កង​អង្គរក្ស​លោក ហ៊ុន សែន មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គប់​គ្រាប់​បែក​នោះ​ថែម​ទៀត​ផង។

យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​បន្ត​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​ទៅ​លើ​ក្រុម​បាតុករ​នៅ​ពេល​នោះ គឺ​ក្រុម​ប៉ូលិស​ដែល​ឋិត​នៅ​ទី​នោះ​ពី​ដំបូង បាន​រារាំង​មិន​ឲ្យ​សង្គ្រោះ​អ្នក​រង​គ្រោះ។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ កត់​សម្គាល់​ថា ក្រោយ​ការ​វាយ​ប្រហារ​នេះ លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ត្រូវ​បាន​លោក ហ៊ុន សែន ដំឡើង​តួនាទី​ជា​បន្ត​បន្ទាប់។

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ ហៅ​ការ​បណ្ដែតបណ្ដោយ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​ក្នុង​ករណី​គប់​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​កាល​ពី ២៤ឆ្នាំ​មុន​នោះ គឺ​ជា​ការ​ព្យាយាម​ការពារ និង​លើក​ទឹក​ចិត្ត​ដល់​ជន​ប្រព្រឹត្តិ​បទ​ល្មើស ដែល​ធ្វើ​ឱ្យ​អំពើ​និទណ្ឌភាព​បន្ត​ញាំញី​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

No comments: