January 31, 2021

តំណាងរាស្ត្រ​អាមេរិកាំង គ្រោង​ដាក់​សេចក្ដី​ព្រាង​ច្បាប់​កុំឲ្យ​អាមេរិក​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដល់​កម្ពុជា

តំណាងរាស្ត្រ​អាមេរិកាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋកាលីហ្វ័រញ៉ា (California) លោក អាលែន ឡូវែនថល (Alan Lowenthal)  រូប៖ សន ចាន់រដ្ឋា/RFA


ដោយ មាន ឫទ្ធិ RFA 2021-01-29

តំណាងរាស្ត្រ​អាមេរិកាំង គ្រោង​ដាក់​សេចក្ដីព្រាង​ច្បាប់​ ស្នើ​កុំឲ្យ​រដ្ឋាភិបាល​អាមេរិក​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដល់​កម្ពុជា។ ចំណាត់​ការ​នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋសភា​អាមេរិក នៅ​មិន​ទាន់​បន្ត​ផ្តល់​សុពលភាព​នៃ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដល់​កម្ពុជា​នៅ​ឡើយ ក្រោយ​ពី​បាន​ផុត​សុពលភាព​ទៅ​កាល​ពី​ចុងឆ្នាំ២០២០។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​ប្រតិកម្ម​ថា ចំណាត់​ការ​របស់​តំណាងរាស្ត្រ​អាមេរិកាំង​រូប​នេះ ហាក់​ដូច​ជា​កំពុង​មាន «គំនុំ» ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា។

តំណាងរាស្ត្រ​អាមេរិកាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋកាលីហ្វ័រញ៉ា (California) លោក អាលែន ឡូវែនថល (Alan Lowenthal) គូស​បញ្ជាក់​ថា រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​ប្រវត្តិ​គ្រប់គ្រង​ប្រទេស​ដោយ​ការ​គៀប​សង្កត់ និង​អំពើ​ហិង្សា បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រំលោភ​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ព្រម​ទាំង​ការ​រម្លាយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង។ លោក​ប្រាប់​អាស៊ី​សេរី តាម​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​ទី២៨ មករា​ថា លោក​កំពុង​ត្រៀម​រៀបចំ​ឡើងវិញ​ ដាក់​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី «ពាណិជ្ជកម្ម​កម្ពុជា» ឲ្យ​រដ្ឋសភា​អាមេរិក​បច្ចុប្បន្ន ពិនិត្យ​សើរើ​មើល​ឡើងវិញ​ ដើម្បី​កុំ​ឲ្យ​សហរដ្ឋអាមេរិក​បន្ត​ផ្តល់​ប្រព័ន្ធ​ពន្ធ​ទូទៅ GSP ដល់​កម្ពុជា។

លោក អាលែន ឡូវែនថល (Alan Lowenthal) គឺ​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​សភា​តំណាង​រាស្ត្រ​​អាមេរិក​​ស្ដីពី​បញ្ហា​កម្ពុជា (Congressional Cambodia Caucus-CCC)។ លោក​អះអាង​ដូច្នេះ​ស្រប​ពេល​ដែល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដែល​អាមេរិក​ផ្តល់​ឲ្យ​កម្ពុជា បាន​ផុត​សុពលភាព​កាល​ពី​ចុង​ឆ្នាំ២០២០។ គិត​រហូត​មកទល់​ពេលនេះ រដ្ឋសភា​អាមេរិក​បច្ចុប្បន្ន​នៅ​ពុំ​ទាន់​បន្ត​ឲ្យ​នៅ​ឡើយ។ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ អាច​ឲ្យ​កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ អាច​នាំ​ចេញ​ទំនិញ​មួយ​ចំនួន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ដោយ​ពុំ​ចាំបាច់​បង់​ពន្ធ។

អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​គម្រោង​របស់​លោក អាលែន ឡូវែនថល ថា ជា «គំនុំ» ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ លោក​ថា ផែនការ​ស្នើ​ច្បាប់​នេះ នឹង​ត្រូវ​ឆ្លងកាត់​ដំណាក់​កាល​ជាច្រើន​ទៀត​មុន​នឹង​ត្រូវ​អនុម័ត៖ «ការណ៍​ដែល​តំណាងរាស្ត្រ​ម្នាក់​គាត់​លើក​ឡើង​ពី​បញ្ហា​ហ្នុង ខ្ញុំ​យល់​ថា វា​នៅ​ឆ្លង​នីតិវិធី​ច្រើន​តទៅ​មុខ​ទៀត។ ខ្ញុំ​យល់​ថា លោក​ប្រធានាធិបតី បៃឌិន លោក​មិន​ធ្វើតាម​ការ​ចង់​បាន​របស់​សមាជិក​សភា​ណាមួយ​នោះ​ទេ»។

យ៉ាងណា លោក សុខ ឥសាន បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​មិន​ចង់​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហរដ្ឋ​អាមេរិក​នេះ​ទេ ព្រោះ​លោក​ថា វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​កម្មករ​និយោជិត​ខ្មែរ​មួយ​ចំនួន។

ផ្ទុយ​ពី​ការយល់​ឃើញ​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទ្វីប​អាមេរិក​ខាងជើង លោក អ៊ុង ឬទ្ធី សាទរ​ចំពោះ​ជំហរ​របស់​តំណាងរាស្ត្រ​អាមេរិកាំង​ លោក អាលែន ឡូវែនថល នេះ។ លោក​ជឿជាក់​ថា​សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ប្រាកដជា​ទទួល​បាន​ការ​អនុម័ត​ដោយ​រដ្ឋសភា​អាមេរិក​នា​ពេល​ខាង​មុខ៖ «ចំពោះ​រឿង​ដែល​លោក​សភា អាលែន ឡូវែនថល បម្រុង​នឹង​ដាក់​សំណើ​ច្បាប់​ឡើងវិញ​ទៅ​សភា ខ្ញុំ​ថា គឺ​ជា​កិច្ចការ​ល្អ។ ជាពិសេស កិច្ចការ​ហ្នុង​បាន​ជាប់​នៅ​ក្នុង​សភា​ម្តង​ហើយ​ ប៉ុន្តែ​ដោយសារ​ថា មាន​កិច្ចការ​មួយ​ចំនួន​នៅ​ទូទាំង​ពិភពលោក​ទៅ គេ​ផ្ដោត​អារម្មណ៍​ទៅលើ​រឿង​ផ្សេង។ ក៏ប៉ុន្តែ ឥឡូវ​នេះ ស្ថានភាព​បាន​នឹង​ ហើយ​ការ​ដំណើរ​លើក​នេះ គឺ​ជា​ការត្រឹមត្រូវ។ ខ្ញុំ​សង្ឃឹម និង​ជឿជាក់​ថា លើក​នេះ​ប្រាកដ​ជា​នឹង​បាន​ជាប់​ដោយ​រលូន ដោយ​សុវត្ថិភាព​នៅ​ក្រោម​ការដឹកនាំ​ថ្មី​របស់​ប្រធានាធិបតី ចូ បៃឌិន»។

កាល​ពី​ថ្ងៃ​ទី២៧ មករា មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច លោក វង្ស៊ី វិសុទ្ធ បាន​ថ្លែង​ទទួល​ស្គាល់​ពី​កំណើន​នៃ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ ក្រោយ​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ចំនួន ២០%។ លោក​គូស​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​ក្លាយ​ជា​ទីផ្សារ​ដ៏​ធំ​របស់​កម្ពុជា។ លោក​អះអាង​ថា ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​អាមេរិក​នេះ នឹង​មិន​មាន​បញ្ហា​ដល់​កម្ពុជា​ឡើយ៖ «GSP នេះ​មិនមែន​ឲ្យ​តែ​កម្ពុជា​មួយ​ទេ គឺ​ឲ្យ​ប្រទេស ៩០ជាង​ឯ​ណោះ។ ដូច្នេះ បើ​អត់​យើង អត់​ទាំងអស់​គ្នា​ទេ។ ដូច្នេះ​គូ​ប្រជែង​យើង​ក៏​បង់​ដូច​យើង​ដែរ។ ដូច្នេះ បង់​ទាំងអស់​គ្នា។ អ្នកណា​អ្នក​បង់​ថ្លៃ​ចុងក្រោយ? គឺ​ប្រជាជន​អាមេរិក​ទេ។ ឡើង​ថ្លៃ​ទៅ! បើ​យើង​បង់ គេ​អត់​បង់ អា​ហ្នុង​យើង​ងាប់ រឿង​នាំ​ចេញ​នេះ។ ប៉ុន្តែ បើ​បង់​ទាំងអស់​គ្នា​ទេ ខ្ញុំ​ថា ដូច​ជា​មិន​អី​ប៉ុន្មាន​ទេ»។

ផ្ទុយ​ពី​ការ​បក​ស្រាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​រូប​នេះ ការ​ស្នើ​ច្បាប់​សើរើ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដោយ​តំណាងរាស្ត្រ​អាមេរិក​ លោក អាលែន ឡូវែនថល នេះ ធ្វើឡើង​សំដៅ​ដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​ជាក់លាក់​តែ​ទៅ​លើ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។ កន្លង​ទៅ បើ​ទោះ​ជា​មន្ត្រី​កម្ពុជា​រួម​ទាំង​លោក ហ៊ុន សែន ផង​បាន​អួតអាង​ពី​ការ​មិន​ព្រួយ​បារម្ភ ក្រោយ​តំណាងរាស្ត្រ​អាមេរិក​នាំ​គ្នា​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​មន្ត្រី​កម្ពុជា រដ្ឋាភិបាល​លោក ហ៊ុន សែន ពី​ក្រោយ​ឆាក​ឯណោះ​វិញ បាន​លួច​ចំណាយ​លុយ​ដល់ទៅ​ជាង ១,២២ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ទៅ​ជួល​ក្រុមហ៊ុន​អាមេរិក ឲ្យ​ជួយ​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល និង​សភា​អាមេរិក​កុំឲ្យ​អនុម័ត​ច្បាប់​ទាំង​នោះ។

អ្នក​ជំនាញ​វិស័យ​សិទ្ធិ​ការងារ និង​ជា​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ព្រមាន​ថា សេដ្ឋកិច្ច​កម្ពុជា ពិបាក​នឹង​រស់​បាន​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ នៅ​ពេល​ដែល​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP របស់​សហរដ្ឋ​អាមេរិក​នេះ​មួយ​ទៀត៖ «អ៊ីចឹង ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​តែ​រងគ្រោះ​ រង​វិបត្តិ​ដោយ​សារ​ករណី​កូវីដ-១៩ ផង ហើយ​នឹង​រង​នូវ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ផង បើ​សិន​ជា​កម្ពុជា​បាត់​បង់ GSP មួយ​ទៀត ខ្ញុំ​មើល​ទៅ​សេដ្ឋកិច្ច​កម្ពុជា​ពិបាក​ណាស់ ពិបាក​នឹង​លោត។ ហើយ​បើ​ងាក​ទៅ​ពឹង​រឿង​ប្រេងកាត​វិញ ខ្ញុំ​អត់​មាន​សង្ឃឹម​ថា កម្ពុជា​អាច​យក​ចំណូល​ពី​ប្រេង​មក​គ្រប់គ្រង​មក​ទប់​នូវ​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​ទេ»។

ជុំវិញ​នឹង​លទ្ធភាព​ដែល​សហរដ្ឋអាមេរិក​អាច​នឹង​មិន​បន្ត ឬ​លុបចោល​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ដល់​កម្ពុជា​នេះ លោក អាលែន ឡូវែនថល មាន​ប្រសាសន៍​ថា លោក​ពុំ​មាន​ជំនឿ​ថា «របប​ពុក​រលួយ និង​ផ្ដាច់ការ» របស់​លោក ហ៊ុន សែន អនុវត្ត​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ដែល​ប្រព័ន្ធ GSP បាន​ផ្តល់​ឲ្យ​នោះ​ទេ។ លោក​បន្ត​ថា សហគមន៍​អន្តរជាតិ ត្រូវតែ​ពិនិត្យ​មើល​ឲ្យ​បាន​ល្អិតល្អន់​ពី​ប្រវត្តិ​រំលោភ​សិទ្ធិ​ការងារ និង​សិទ្ធិ​មនុស្ស​នា​រយៈ​ពេល​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ ដែល​ប្រព្រឹត្តិ​ដោយ​រដ្ឋាភិបាល​កម្ពុជា។ ក្រៅពី​សាទរ​សហភាព​អឺរ៉ុប​ដែល​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា តំណាងរាស្ត្រ​អាមេរិក​រូប​នេះ​សង្កត់​ធ្ងន់​ថា ទាំង​អស់​គ្នា សហរដ្ឋ​អាមេរិក និង​សហគមន៍​អន្តរជាតិ ត្រូវ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទណ្ឌកម្ម​ជាក់លាក់​ដទៃ​ទៀត​មក​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ឲ្យ​លោក ហ៊ុន សែន ងាក​មក​គោរព​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP ​របស់​សហរដ្ឋ​អាមេរិក​នេះ បង្កើត​ឡើង​ក្នុង​គោលដៅ​ជួយ​អភិវឌ្ឍន៍ និង​ពង្រឹង​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រីក្រ។ សហរដ្ឋ​អាមេរិក​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ឲ្យ​ក្រោម​លក្ខខណ្ឌ​ដែល​ប្រទេស​ទទួល ត្រូវ​ធានា​គោរព​សិទ្ធិ​ការងារ និង​លប់​បំបាត់​នូវ​គ្រប់​ទម្រង់​នៃ​ពលកម្ម​កុមារ ព្រម​ទាំង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត។ បច្ចុប្បន្ន មាន​ប្រទេស​អភិវឌ្ឍន៍​តិចតួច ៤៤ប្រទេស រួម​ទាំង​កម្ពុជា​ផង ក្នុង​ចំណោម ១១៩ប្រទេស ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋ​អាមេរិក​នេះ ចំពោះ​មុខ​ទំនិញ ៥ពាន់ (៥.០០០) មុខ​ដោយ​ឥត​បង់ពន្ធ៕

No comments: