January 6, 2021

ស្ថានទូត​វៀតណាម​ថ្លែង​សារ​ឱ្យ​ប្រជាជន​ខ្មែរ​ដឹងគុណ​វៀតណាម​កៀក ទិវា ៧ មករា

ស្ថានទូតវៀតណាម​នៅ​ភ្នំពេញ និង​ផ្ទាំងផ្សព្វផ្សាយ​អំពី​ខួប​​លើក​ទី៤២ នៃ​ជ័យ​ជម្នះ​របស់​កងទ័ពវៀតណាម​ និង​គណបក្ស​ប្រជាជន​កម្ពុជា ផ្ដួលរំលំ​របប​ខ្មែរក្រហម កាល​ពី​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ២០២១។ រូប៖ ស្ថានទូត​វៀតណាម និង​​ហ្វេសប៊ុក​សាខា​សកម្មជន​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ


ដោយ ខែ សុណង RFA 2021-01-06

ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​ថ្លែង​សារ រំឭក​ឱ្យ​ប្រជាជន​ខ្មែរ​ដឹងគុណ​វៀតណាម នៅ​កៀក​ខួប​ទី ៤២ឆ្នាំ នៃ​ថ្ងៃ ៧ មករា។ ពលរដ្ឋ និង​ក្រុម​និស្សិត​ខ្មែរ​មួយ​ចំនួន ចាត់​ទុក​ថ្ងៃ ៧ មករា​នេះ ជា​ថ្ងៃ​ដែល​ប្រទេស​វៀតណាម​លើក​កងទ័ព​ឈ្លានពាន​ប្រទេស​កម្ពុជា និង​បំពាន​ច្បាប់​អន្តរជាតិ។

ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី៥ ធ្នូ បង្ហាញ​ពី​គុណសម្បត្តិ​វៀតណាម​ជា​ច្រើន​មក​លើ​កម្ពុជា នៅ​រយៈ​ពេល ៤២ឆ្នាំ​កន្លងទៅ​នេះ។ ស្ថានទូត​អះអាង​ថា កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម បាន​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩ ដើម្បី​រំដោះ​ពលរដ្ឋ​ខ្មែរ​ឱ្យ​មាន​សេរីភាព។

ទាក់ទង​នឹង​ការ​លើក​ឡើង​នេះ និស្សិត​បញ្ញវន្ត និង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ពួក​គេ​ចាត់​ទុក​ទង្វើ​របស់​វៀតណាម​ថា មិន​បាន​ជួយ​កម្ពុជា​ដោយ​ស្មោះត្រង់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វៀតណាម​បាន​បញ្ជូន​កងទ័ព​ដាក់​អាណានិគម​ខ្មែរ​រយៈ​ពេល ១០ឆ្នាំ ក្នុង​ទសវត្សរ៍​ទី៨០ និង​បាន​បង្កើត​សន្ធិសញ្ញា​ខុស​ច្បាប់​មួយ​ចំនួន បំណង​រំលោភ​ទឹកដី​កម្ពុជា​តាម​ព្រំដែន កាត់​ឆ្វៀល​យក​កោះត្រល់ និង​ចង្កោម​កោះ​ក្រចក​សេះ តាម​រយៈ​កិច្ចព្រមព្រៀង​ខុសច្បាប់​នានា ស្ដីពី​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​ព្រំដែន​ទឹក​ប្រវត្តិសាស្ត្រ​ ​ឆ្នាំ១៩៨២។

សមាជិក​ក្រុម​ការងារ ១០០រាត្រី លោក ឃីម សុខុម សង្កេត​ឃើញ​ថា ក្រោយ​ពី​កងទ័ព​វៀតណាម បាន​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម នៅ​ឆ្នាំ១៩៧៩ វៀតណាម បាន​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ជា​ច្រើន ចូល​មក​រស់នៅ​ខុស​ច្បាប់ ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា ពលរដ្ឋ​ខ្លះ​ចាត់​ទុក​ថ្ងៃ ៧ មករា ជា​ការ​ឈ្លានពាន​ទឹក​ដី​កម្ពុជា ដោយ​កងទ័ព​វៀតណាម៖ «ប្រសិនជា​ការ​ចូល​មក​រំដោះ​ ​ប្រទេស​កម្ពុជា​ ​ដោយ​សុចរិត​ដោយ​ស្មោះត្រង់​មែន​ ​អ៊ីចឹង​វៀតណាម​អត់​ទាមទារ​ពី​កម្ពុជា​វិញ​ ​មាន​ពី​ការ​បញ្ចូល​ពលរដ្ឋ​វៀតណាម​ ​មក​រស់នៅ​កម្ពុជា។ ទាមទារ​ឱ្យ បែន សុវណ្ណ ធ្វើ​ខ ប៉ុន្មាន​ខ ដែល​វៀតណាម​ទាមទារ​ហ្នឹង​ទេ។ បើសិនជា​ការ​ជួយ​ហ្នឹង​ទៀត​សោត ប្រកប​ដោយ​សប្បុរស​មែន វា​មិនមែន​ជា​ទាមទារ​ចំណុច​សំខាន់ៗ ដើម្បី​បំផ្លាញ​ជាតិ​កម្ពុជា​ទេ»។

អ្នក​សិក្សា​ផ្នែក​ច្បាប់ កញ្ញា ហឿន ស្រីនិច យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​រើស​យក​ថ្ងៃ​ទី៧ មករា ជា​ខួប​បុណ្យជាតិ​ជា​រៀងរាល់​ឆ្នាំ​ ​មិន​ឆ្លុះបញ្ចាំង​ពី​ស្មារតី​ឆន្ទៈ​នយោបាយ​រួម​ ​និង​ឯកភាព​ផ្ទៃក្នុង​ជាតិ​នោះ​ទេ។ កញ្ញា​ថា ការ​សម្រេច​ឯកតោ​ភាគី​ ​របស់​បក្ស​កាន់​អំណាច​បែប​នេះ មិន​ផ្តល់​ផល​ចម្រើន​ដល់​សង្គមជាតិ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ វៀតណាម​ ​នៅ​មាន​ល្បិច​ឈ្លានពាន​ទឹក​កម្ពុជា​គ្រប់រូប​ភាព៖ «លើ​រឿង ៧ មករា​ហ្នឹង ចំណុច​សំខាន់ ត្រូវ​សិក្សា​ឱ្យ​ជ្រៅ ឬ​ក៏​យល់​ពី​ចំណុច​ស្នូល​សំខាន់​ហ្មង​គឺ​ទៅ​លើ​របប ប៉ុល ពត។ សួរ​ថា មូលហេតុ​អី​ដែល​រដ្ឋាភិបាល​យើង​មិន​ឱ្យ​តុលាការ​ឯករាជ្យ​អន្តរជាតិ ម្ត៉េច​ក៏​យក​មក​កាត់​ក្នុង​ប្រទេស​កម្ពុជា​ខ្លួន​ឯង? ដែល​គ្រាន់តែ​វា​កាត់​ខ្សែ​ស្រឡាយ​អន្តរជាតិ​បន្តិចបន្តួច​គ្រាន់តែ​វា កាត់​ខ្សែ​ស្រឡាយ​អន្តរជាតិ​បន្តិចបន្តួច។ អ៊ីចឹង​សួរ​សួរ​ថា ឃាតក​ពិត​ប្រាក​ជា​នរណា​គេ?»។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ​លោក​ ​សុខ​ ​ឥ​សាន​ ​និង​ ​លោក ឈឹម ផលវរុន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​ ​គ្មាន​អ្នកទទួល​ ​នៅ​ថ្ងៃ​ទី៦ មករា។ ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​ក៏​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​បាន​ដែរ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ ​គ្មាន​អ្នកលើ​ក​ ​នៅ​ថ្ងៃ​ដដែល​នេះ។ ទោះ​បី​ជា​យ៉ាង​ណា កូន​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​បង្ហោះ​សារ ទំព័រ​ហ្វេសប៊ុក Facebook របស់​ខ្លួន​ថា ថ្ងៃ​ទី៧ ខែ​មករា ជា​ថ្ងៃកំណើត​ទីពីរ​ ​របស់​ប្រជាជាតិ​កម្ពុជា ហើយ​ក្នុងនាម​ជា​អ្នក​បន្ត​វេន ត្រូវតែ​ចងចាំ​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​កម្ពុជា ដាស់​ស្មារតី កុំ​ឱ្យ​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ច្រំដែល​ទៀត។

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី៦ មករា​នេះ ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល ត្រូវ​លុប​ចោល​ទិវា​បុណ្យ​ជាតិ​ថ្ងៃ​ទី៧ មករា ហើយ​ជំនួស​មក​វិញ ទិវា​បុណ្យ​ជាតិ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ថ្ងៃ​ទី២៣ តុលា ឆ្នាំ១៩៩១។ ចលនា​និស្សិត ចាត់​ទុក​ថ្ងៃ ៧ មករា ជា​ថ្ងៃ​ដែល​ប្រទេស​វៀតណាម​លើក​កងទ័ព​ប្រមាណ ២០ម៉ឺន​នាក់ ឈ្លានពាន​ប្រទេស​កម្ពុជា រំលោភ​ច្បាប់​អន្តរជាតិ​ ​។​

ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល ចលនា​និស្សិត ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត សង្កេត​ឃើញ​ថា កងទ័ព​វៀតណាម​បាន​ដាក់​អាណានិគម ក្នុង​ប្រទេស​កម្ពុជា រយៈ ១០ឆ្នាំ និង​បង្ខំ​ឱ្យ​កម្ពុជា​ចុះហត្ថលេខា​ទទួលស្គាល់​សន្ធិសញ្ញា​ខុសច្បាប់​ជា​ច្រើន ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​កោះត្រល់ បាត់​ទឹកដី​តាម​ព្រំដែន និង​ចង្កោម​កោះ​ក្រចក​សេះ​ជា​ដើម។ លោក​ថា រដ្ឋាភិបាល​ត្រូវ​តែ​ប្រកាស​មោឃភាព​សន្ធិសញ្ញា​ព្រំដែន​ទាំង​អស់​ក្នុង​ទសវត្សរ៍​ទី៨០ នៅ​គ្រា​ដែល​កម្ពុជា​នៅ​ក្រោម​ការ​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម៖ «របប​ក្រុងភ្នំពេញ​ដឹកនាំ​ដោយ ហ៊ុន សែន ហេង សំរិន និង ជា ស៊ីម ជំនាន់​ហ្នឹង​ថា យួន​យក​កងទ័ព​ប្រទេស​វៀតណាម​មក​ត្រួតត្រា​ប្រទេស​កម្ពុជា ហើយ​ឈ្លានពាន​កម្ពុជា​ហើយ​បង្ខំ​ឱ្យ​លោក ហ៊ុន សែន ជំនាន់​ហ្នឹង​ចុះ​សន្ធិសញ្ញា ដែល​មិន​ស្រប​នឹង​គោលការណ៍​អន្តរជាតិ​ព្រោះ​ក្នុង​ឯកសារ​ប្រទេស​ណា​ក៏​ដោយ​ត្រួតត្រាលើ​គេ ហើយ​បង្ខំ​ឱ្យ​គេ ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា វា​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​ហើយ»។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា ទិវា ៧ មករា ឆ្នាំ២០២១ នេះ គណបក្ស​កាន់​អំណាច ពុំ​បាន​រៀបចំ​អង្គ​មិទ្ទិញ​ឱ្យ​បាន​ធំ​ដុំ​ដូច​សព្វ​ដង​នោះ​ទេ ដោយសារតែ​ការ​រីក​រាលដាល​ជំងឺ​កូវីដ១៩ ដែល​បន្ត​ពី​ឆ្នាំមុន៕

1 comment:

Vanna said...

"January 7" was a day Vietnam illegally invaded our country, Cambodia with the help of a bunch of traitors lead by Hun Sen. It was the day that Hun Sen opened the border to allow Vietnamese to flow freely into our country. We will NEVER recognize "January 7" ever.