ពលរដ្ឋថា ការបង្ក្រាបគ្រឿងញៀននៅទីជនបទ គ្មានប្រសិទ្ធភាពនោះទេ ព្រោះថា បញ្ហានេះ ចេះនៅតែកើតមានពេញភូមិឃុំដដែល។ ពួកគាត់ចង់ឲ្យអាជ្ញាធរមូលដ្ឋាន បង្កើនសកម្មភាព និង ឆន្ទៈ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមភូមិ ឃុំ ទើបអាចទប់ស្កាត់បាន និងមានប្រសិទ្ធភាពខ្ពស់។
ពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ លោក ស្ដើង សុខុម លើកឡើងថា បញ្ហាគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់លោក មិនបានថយចុះនោះទេ ដោយសារគ្មានការបង្ក្រាបជាក់លាក់ ឲ្យមានប្រសិទ្ធភាព។ ពលរដ្ឋរូបនេះ បញ្ជាក់ថា អ្នកសេពគ្រឿងញៀន នៅតាមមូលដ្ឋានភាគច្រើន គឺជាយុវជន ហើយគ្រឿងញៀនបានហូរចូល ដល់ក្នុងភូមិ តាមរយៈអ្នកជួញដូរ និងអ្នកជក់គ្រឿងញៀន។
លោក ស្ដើង សុខុម សង្ស័យថា ការបង្ក្រាបគ្រឿងញៀននោះទៀតសោត អាចមានអំពើពុករលួយ ព្រោះប៉ូលិស ចុះចាប់អ្នកជក់ និងអ្នកលក់ បានច្រើនដែរ តែប្រហែល២សប្ដាហ៍ក្រោយមកអាជ្ញាធរបានដោះលែងជនសង្ស័យមកវិញ។ លោកថា អ្នកភូមិ មិនហ៊ានរាយការណ៍ ករណីគ្រឿងញៀនទេ ព្រោះខ្លាចអ្នកពាក់ព័ន្ធគ្រឿងញៀនគុំកួន៖ «អ្នកបន្តហ្នឹង ឃើញលក់នៅក្នុងភូមិ។ ខែមុនហ្នឹង ឃើញចាប់ទៅហើយ ស្រាប់តែប្រជាពលរដ្ឋក្នុងភូមិ គិតថា ប្រហែលគ្រាន់បើហើយ ប៉ុន្តែប្រហែលមិនបានកន្លះខែ ឃើញអ្នកហ្នឹងត្រឡប់មកវិញ។ ពេលដែលចាប់ អ្នកភូមិសប្បាយចិត្ត កុំឲ្យមានគ្រឿងញៀន ប៉ុន្តែការសង្ឃឹមរបស់គាត់បែរជាខកចិត្តទៅវិញ បែរជាបុគ្គលដដែលហ្នឹងត្រឡប់មកវិញ អ៊ីចឹង!»។
ពលរដ្ឋម្នាក់ទៀត រស់នៅស្រុកបាទី ខេត្តតាកែវ ស្នើសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ប៉ុន្មានខែចុងក្រោយនេះប៉ូលិសបានចុះចាប់ និងណែនាំអ្នកភូមិ បានច្រើន អំពីករណីគ្រឿងញៀន។ លោកស្រី ចង់ឲ្យអាជ្ញាធរបង្កើនការបង្ក្រាប និងណែនាំពលរដ្ឋថែមទៀត ដើម្បីលុបបំបាត់គ្រឿងញៀន នៅក្នុងភូមិឃុំនោះ។
ពលរដ្ឋលើកឡើងពីកង្វល់ និងសំណើបែបនេះ ក្រោយពេលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវឲ្យអាជ្ញាធរទូទាំងប្រទេស ពង្រឹងសមត្ថភាពទប់ស្កាត់បញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលបំណង ឲ្យភូមិ ឃុំ គ្មានគ្រឿងញៀន។
អាស៊ីសេរីមិនអាចទាក់ទងអគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ ដើម្បីសុំការឆ្លើយតបទៅនឹងកង្វល់ និងសំណើរបស់ពលរដ្ឋនេះបានទេ នៅថ្ងៃទី០៩ មករា ដោយសារទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោក យង់ គឹមអេង សង្កេតឃើញថា បញ្ហាគ្រឿងញៀនដែលរីករាលដាលដល់ទីជនបទនោះ គ្មានសញ្ញាថយចុះទេ បើទោះមានការបង្ក្រាប ជាបន្តបន្ទាប់ក៏ដោយ។ លោកថា បញ្ហានេះបណ្ដាលមកពីអាជ្ញាធរមូលដ្ឋានបើកការបង្ក្រាបតែមួយប្រាវ នៅពេលមានបទបញ្ជាពីថ្នាក់លើ។
លោកយល់ថា ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាព អាជ្ញាធរត្រូវតែអនុវត្តបទបញ្ជាឲ្យសកម្មក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ហើយអាជ្ញាធរត្រូវលើកទឹកចិត្ត និងមិនត្រូវយកទោសពលរដ្ឋ ដែលរាយការណ៍បញ្ហាគ្រឿងញៀននោះទេ៖ «គ្នាបញ្ចេញយោបល់ ត្រូវមានបញ្ហា។ គេចោទប្រកាន់អីចឹងទៅ ធ្វើឲ្យគ្នាខ្លាចរអាបញ្ចេញមតិយោបល់ទៀត។ នេះជារឿងមួយសំខាន់។ បើចង់ឲ្យគ្រឿងញៀនបង្ក្រាបបានដោយប្រសិទ្ធភាពត្រូវតែបើកជំហរការនិយាយពីគ្រឿងញៀនឲ្យបានច្រើន។ ឲ្យមានការតាមដានត្រួតពិនិត្យពីក្រសួងហ្នឹង ឲ្យបានដិតដល់ ហើយមន្ត្រីជំនាញត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ហើយ មានរចនាសម្ព័ន្ធនៃការអនុវត្តច្បាប់ឲ្យបានខ្លាំងក្លា ហើយចុះជាប្រចាំ នឹងបានអាចទៅបាន»។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា បទល្មើសគ្រឿងញៀនក្នុងឆ្នាំ២០២០ បានកើនឡើងជាងឆ្នាំ២០១៩។ ក្នុងឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនជាងមួយម៉ឺនករណី ដោយឃាត់ខ្លួនមនុស្សបានជាងពីរម៉ឺននាក់ (២១ ៥៦៦នាក់)។ ចំណែកកាលពីឆ្នាំ ២០១៩ សមត្ថកិច្ចបង្ក្រាបបានជិតមួយម៉ឺនករណី (៩ ៨០៦) និងឃាត់ខ្លួនជនសង្ស័យបានប្រមាណពីរម៉ឺននាក់(២០ ៤៩០)។
លោក ស ខេង ធ្លាប់បំផុសចលនាឲ្យអាជ្ញាធរ និងពលរដ្ឋចូលរួមទប់ស្កាត់គ្រឿងញៀន ដោយលើកទ្រឹស្ដី “៣កុំ ១រាយការណ៍” គឺ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវផ្ដល់ព័ត៌មានឲ្យសមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃ ផលិត និងទីតាំងស្ដុកគ្រឿងញៀន។
ទោះបីជាយ៉ាងណា ពលរដ្ឋយល់ថា វិធានការរបស់រដ្ឋមន្ត្រីមហាផ្ទៃរូបនេះ មិនមានប្រសិទ្ធភាពទេ ព្រោះសមត្ថកិច្ចខ្លះ មានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន មានអំពើពុករលួយ ក្នុងការចាប់ និងដោះលែងមកវិញ ជាពិសេសមិនអាចបង្ក្រាបមេក្លោង ជាឈ្មួញគ្រឿងញៀនធំៗបាន៕
No comments:
Post a Comment