January 6, 2021

តុលាការ​ខេត្ត​បាត់ដំបង​សម្រេច​ឃុំ​ខ្លួន​លោក​ ចាន់ យ៉េត​ ពី​បទ​ឆបោក

តុលាការ​ខេត្ត​បាត់ដំបង​សម្រេច​ឃុំ​ខ្លួន​លោក​ ចាន់ យ៉េត​ ពី​បទ​ឆបោក លោក​ ចាន់ យ៉េត​ ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ​ ​ត្រូវ​តុលាការ​ខេត្ត​បាត់​ដំបង​ សម្រេច​​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ ៣១​ ធ្នូ​ ២០២០​ នៅ​ក្នុង​ពន្ធនាគារ​ពី​បទ​ ឆបោក។ រូបថត​៖​ គេហទំព័រ​គណបក្ស​នគរ​ប្រជាធិបតេយ្យ


ហេង រស្មី RFA 2021-01-05

តុលាការ​​ខេត្ត​បាត់​ដំបង​ បាន​សម្រេច​ឃុំ​ខ្លួន​ លោក​ ចាន់ យ៉េត​ ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ​ នៅ​ក្នុង​ពន្ធនាគារ​ពី​បទ​ ឆបោក​​ និង​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

អ្នក​នាំពាក្យ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​លោក​ ឆាយ គឹមឃឿន​ មាន​ប្រសាសន៍​ថា​ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក​ ចាន់ យ៉េត​ កាល​ពី​ថ្ងៃ​ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២០​ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ ដោយ​សារ​តែ​ជនសង្ស័យ​ បាន​បោក​ប្រាស់​លុយ​ប្រជាពលរដ្ឋ​ប្រមាណ​៣០​ គ្រួសារ​​ និង​ញុះញង់​ ពលរដ្ឋ​ទន្ទ្រាន​ដី​ដោយ​ខុស​ច្បាប់៖«ចៅ​ក្រម​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ ហើយ​បទ​ចោទ​ប្រកាន់​របស់​គាត់​ពី​បទ​ ឆបោក​ ទៅ​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​កាន់​កាប់​ដី​ធ្លី បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ គេ​ចោទ​ចឹង។​ តែ​ជាក់​ស្ដែង​ គាត់​ដើរ​ប្រមូល​លុយ​ ប្រជាពលរដ្ឋ​ ៣០​ គ្រួសារ។»

សមត្ថកិច្ច​ខេត្ត​បាត់​ដំបង​កាល​ពី​ថ្ងៃ​ទី​ ៣០​ ធ្នូ​ ឆ្នាំ​ ២០២០​ បាន​ចាប់​ខ្លួន​លោក​ ចាន់ យ៉េត​ ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ​ និង​ជា​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់ ក្រោយ​ពី​មាន​ការ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

លោក​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៣០​ ខែ​ធ្នូ​ បាន​បញ្ជា​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បើក​ការ​ស៊ើប​អង្កេត​ករណី​ឆបោក​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង និង​ស្រុក​ម៉ាឡៃ​​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​លោក​ ហ៊ុន សែន​ ក៏​បាន​បញ្ជា​ឱ្យ​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ប្រញាប់​ដក​ខ្លួន​ចេញ​ ពី​លោក​ ចាន់​ យ៉េត​ ផង​ដែរ។​

លោក​ ចាន់ យ៉េត​ ត្រូវ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​មួយ​កាល​ពី​ថ្ងៃ ០៩​ ធ្នូ​ ​បញ្ចប់​មុខ​ដំណែង​ជា​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។​ ក្រោយ​ពី​ការ​ដក​ហូត​ពី​តួនាទី​មិន​ដល់​មួយ​ខែ​ផង​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក​តែ​ម្ដង៕

No comments: