January 6, 2021

ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​តំបន់​អង្គរ​ធ្លាក់​ចុះ​ជិត​៨២​ភាគរយ​ក្នុង​ឆ្នាំ​២០២០

ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​តំបន់​អង្គរ​ធ្លាក់​ចុះ​ជិត​៨២​ភាគរយ​ក្នុង​ឆ្នាំ​២០២០ ភ្ញៀវទេសចរ​ទស្សនាប្រាសាទអង្គរវត្ត កាល​ពីថ្ងៃ​ទី៩ មិថុនា ឆ្នាំ​២០១៩។ RFA


ដោយ ម៉ៅ សុធានី RFA 2021-01-06

ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​តំបន់​អង្គរ ក្នុង​ខេត្ត​សៀមរាប ធ្លាក់​ចុះ​យ៉ាង​គំហុក ជិត ៨២% ក្នុង​អំឡុង​ឆ្នាំ​២០២០ ដោយសារ​ការ​រាតត្បាត​សកល​នៃ​ជំងឺ​កូវិត១៩ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៩​កន្លង​មក​នេះ។

អាជ្ញាធរ​អប្សរា​បង្ហាញ​របាយការណ៍​ថា ចំនួន​ទឹកប្រាក់​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ នៅ​ឆ្នាំ​២០២០ មាន​ចំនួន ជិត ១៩​លាន​ដុល្លារ គឺ​ធ្លាក់​ចុះ​៨១% បើ​ធៀប​កាលពី​ឆ្នាំ​២០១៩ ដែល​ទទួល​បាន​ប្រាក់ចំណូល​ចំនួន​៩៩​លាន​ដុល្លារ ពី​ការ​លក់​សំបុត្រ។ ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នេះ ដោយសារ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍-អាស៊ាន បិទ​ជើង​ហោះហើរ ចាប់​ពី​ខែ​មីនា ឆ្នាំ​២០២០ មក ដោយសារ បារម្ភ​ពី​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ (Covid-19)។

អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក្ត្រ ប្រាប់​កាសែត​ចិន​ស៊ីនហួរ (Xinhua) ថា កម្ពុជា​រំពឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន នឹង​អាច​ចាប់ផ្ដើម​មក​ទស្សនា​តំបន់​អង្គរ​ឡើងវិញ ក្រោយ​ដែល​មាន​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​កូវីដ១៩ ដ៏​កាច​សាហាវ​មួយ​នេះ។ លោក​បន្ត​ថា មុន​ការ​ផ្ទុះឡើង​នៃ​ការ​រាតត្បាត​សកល​នេះ តំបន់​អង្គរ​មាន​ភ្ញៀវ​ទេសចរ​បរទេស​យ៉ាងតិច ក៏​៩​ពាន់​នាក់ ក្នុង​មួយថ្ងៃ ប៉ុន្តែ​បច្ចុប្បន្ន​នេះ គឺ​មាន​ប្រមាណ ៧០​នាក់​ប៉ុណ្ណោះ ដែល​ជា​ភ្ញៀវ​បរទេស​កំពុង​រស់នៅ និង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ធ្លាប់​អះអាង​ថា កម្ពុជា​បាត់បង់​ប្រាក់ចំណូល​ពី​វិស័យ​ទេសចរណ៍ ចំនួន​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២០​នេះ។ វិស័យ​ទេសចរណ៍ ជា​វិស័យ​ចម្បង​មួយ ដែល​គាំទ្រ​សេដ្ឋកិច្ច​កម្ពុជា ដោយ​រក​បាន​ប្រាក់ចំណូល​ប្រមាណ​ជិត ៥​ពាន់​លាន​ដុល្លារ (៤.៩ Billion) ពី​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦​លាន ៦​សែន​នាក់ កាល​ពី​អំឡុង​ឆ្នាំ​២០១៩៕

No comments: