January 6, 2021

អង្គការសុខភាព​ពិភពលោក​ ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក​ ​និង​អាល្លឺម៉ង់

អង្គការសុខភាព​ពិភពលោក​ ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក​ ​និង​អាល្លឺម៉ង់ ស្លាកសញ្ញារបស់អង្គការសុខភាពពិភពលោក និង​វ៉ាក់សាំង​របស់ក្រុមហ៊ុន Pfizer និង BioNTech រូបភាពពីគេហទំព័រ WHO និង Pfizer


ដោយ​លោក មួង ណារ៉េត RFA 2021-01-05


អង្គការសុខភាព​ពិភពលោក​ (​WHO​) ​កាល​ថ្ងៃ​ដាច់ឆ្នាំ​ ​២​០​២​០​ ​បាន​ផ្តល់​ភាព​ស្រប​ច្បាប់​ ​ដល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក​ ​និង​អាល្លឺម៉ង់​ឈ្មោះ​ ហ្វៃហ្ស៊ើ ​បៃ​អូ​អិ​ន​ថិ​ក​ (​P​f​i​z​e​r/B​ioN​T​e​c​h​) ​ដើម្បី​ប្រើប្រាស់​សម្រាប់​ករណី​បន្ទាន់​។​

​នេះ​ជា​លើកទីមួយ​ហើយ​ ​ដែល​អង្គការសុខភាព​ពិភពលោក​ ​ទទួលស្គាល់​វ៉ាក់សាំង​ជាសាកល​ដំបូង​គេ​ ​ទោះបីជា​កន្លងមក​ ​មាន​វ៉ាក់សាំង​ជាច្រើន​ ​ត្រូវ​បាន​រក​ឃើញ​។​ ​វាក់​សាំង​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​ៗ​គេ​ ​គឺ​វ៉ាក់សាំង​ចិន​ ​និង​រុស្ស៊ី ​ប៉ុន្តែ​វ៉ាក់សាំង​ទាំងនោះ​ ​រង​ការរិះគន់​ថា​ ​ប្រញាប់​ធ្វើឲ្យ​តែ​បាន​ៗ​ ​ដោយ​មិន​ឆ្លងកាត់​ដំណាក់កាល​ ​និង​នីតិវិធី​ត្រឹមត្រូវ​ផ្នែក​វេជ្ជ​សា​ស្រ្ត​។​

ម​ន្រ្តី​អង្គការសុខភាព​ពិភពលោក​ ​ថា​ការ​ទទួលស្គាល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អាមេរិក​ ​និង​អា​ល្លឺម៉ង​នេះ​ ​គឺជា​ជំហាន​វិជ្ជមាន​មួយ​ ​ដើម្បី​ឈាន​ទៅ​ផ្តល់​វ៉ាក់សាំង​ ​ឲ្យបាន​ទូលំទូលាយ​ ​ដល់​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក​ ​ក្នុងពេលដែល​ពិភពលោក​ ​កំពុង​ត្រូវការ​វា​ជាចាំបាច់​នេះ​។​

​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​នៅ​ឯ​កម្ពុជា​ ​រដ្ឋាភិបាល​មិនទាន់​ ​ប្រកាស​ថា​នឹង​ចរចា​សុំ​ទិញ​វាក់​សាំង​ពី​ក្រុមហ៊ុន​ណាមួយ​ឲ្យ​ប្រាកដ​នៅឡើយ​ទេ​ ​ទោះបី​ប្រទេស​ក្នុង​តំបន់​អា​ស៊ាន​ជាច្រើន​ ​បាន​ចាប់ផ្តើម​ទទួល​វ៉ាក់សាំង​ ​និង​បញ្ជាទិញ​វ៉ា​ក​សាំង​រាប់​លាន​ដូ​ស​ ​ពី​ក្រុមហ៊ុន​ល្បី​ៗ​ ​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន​។​

​ក្នុងពេលជាមួយគ្នា​នេះ​ ​ករណី​ពលករ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ប្រទេស​ថៃ​វិញ​ ​ហើយ​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​កើន​ដល់​ ​១​៧​ ​នាក់​កាលពី​ថ្ងៃ​ទី​ ​០​៤​ ​ខែ​ ​មករា​។​ ​នៅ​ពេល​ប្រទេស​ថៃ​ ​គ្រាន់តែ​ថ្ងៃទី ០៣ ខែ មករា ​មាន​ករណី​ចម្លង​ថ្មី​ក្នុង​សហគមន៍​ ​នៅ​ខេត្ត​សា​មុត​សា​ខន​ ​រហូតដល់​ ​៥​៤​១​ ​នាក់​ ​ដែល​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក​។​ ​ពលករ​ចំណាកស្រុក​ខ្មែរ​ជាច្រើន​ ​ធ្វើការ​នៅ​ខេត្ត​នេះ​ ​ក្នុងចំណោម​ពលករ​ខ្មែរ​ចំណាកស្រុក​ ​នៅ​ថៃ​មាន​ជិត​ ​២​ ​លាន​នាក់​។​ ​ប្រទេស​ថៃ​ ​បាន​បង្កើន​ការ​រឹត​បន្តឹង​ ​ដើម្បី​បង្ការ​ជំងឺ​នេះ​ ​ប៉ុន្តែ​នៅ​កម្ពុជា​ ​រដ្ឋាភិបាល​ចាប់ផ្តើម​បើក​សាលារៀន​ ​និង​សារមន្ទីរ​ឡើងវិញ​ ​បន្ទាប់​បិទ​អស់​ ​៦​ ​ស​ប្តាហ៍​៕

No comments: