January 27, 2021

អ្នក​សង្កេតការណ៍​ជំរុញ​ឱ្យ​របប​ភ្នំពេញ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះឆ្នោត ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​អន្តរជាតិ

លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន។ រូប​ពី​ហ្វេសប៊ុក


ដោយ មាន ឫទ្ធិ RFA 2021-01-27


ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ប្រញាប់​គិតគូរ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ឱ្យ​បាន​មុន​ការបោះឆ្នោត​ខាងមុខ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​។ ការ​អំពាវនាវ​បែបនេះ កើត​មាន​ឡើង បន្ទាប់​ពី​សហគមន៍​អន្តរជាតិ ជាពិសេស សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក នៅតែ​បញ្ជាក់​ជំហរ​ចង់​ឱ្យ​កម្ពុជា​មាន​ឯកភាព​ជាតិ និង​ដំណោះស្រាយ​វិបត្តិ​នយោបាយ ដើម្បី​បន្ត​ទទួល​បាន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ។

អង្គការ​សង្គម​ស៊ីវិល និង​គណបក្សប្រឆាំង​លើកឡើង​ថា ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​គិតគូរ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ជាពិសេស​ដោះស្រាយ​វិបត្តិ​នយោបាយ​ទេ នោះ​ទណ្ឌកម្ម​ពី​អន្តរជាតិ​នឹង​ធ្លាក់​មក​ជា​បន្តបន្ទាប់ ទាំង​ទៅលើ​រដ្ឋាភិបាល​ជា​រួម និង​មន្ត្រី​ជាន់ខ្ពស់​ជា​លក្ខណៈ​បុគ្គល។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា កត់សម្គាល់​ថា មក​ដល់​ពេល​នេះ វិបត្តិ​នយោបាយ​មិន​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ ជាហេតុ​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅតែ​យ៉ាប់យ៉ឺន​។ លោក​ព្រួយបារម្ភ​ថា បើ​ស្ថានភាព​បែបនេះ​នៅតែ​បន្ត នោះ​កម្ពុជា​នឹង​រង​សម្ពាធ និង​ទណ្ឌកម្ម​កាន់តែ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រញាប់​ដោះស្រាយ​វិបត្តិ​នយោបាយ និង​បញ្ហា​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ឱ្យ​បាន​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​២០២៣ ខាងមុខ៖ «រដ្ឋាភិបាល​យើង​គួរតែ​រូតរះ​ក្នុង​ការ​ធ្វើ​ម៉េច​រក​មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ សម្របសម្រួល​បញ្ហា​នយោបាយ​ហ្នឹង​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ឈាន​ទៅ​បង្ហាញ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ មើល​ឃើញ​អំពី​ការ​លើក​កម្ពស់​សេរីភាព និង​ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​ឱ្យ​បាន​ត្រឹមត្រូវ យុត្តិធម៌ ដើម្បី​បង្ហាញ​ទៅដល់​សហគមន៍​អន្តរជាតិ​ហ្នឹង ដើម្បី​ឱ្យ​គេ​មាន​ជំនឿ​លើ​រដ្ឋាភិបាល​យើង​ឡើងវិញ»។

ស្រដៀង​គ្នា​នេះ តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក លោក អ៊ុំ សំអាន ថ្លែង​ថា កម្ពុជា​នឹង​បាត់បង់​អត្ថប្រយោជន៍​ជាច្រើន​ទៀត ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​ព្រម​កែ​លម្អ​ស្ថានការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ​នោះ​។ លោក​បន្ត​ថា ការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ត្រូវ​ធ្វើ​ឡើង​ឱ្យ​បាន​មុន​ការបោះឆ្នោត​នា​ពេល​ខាងមុខ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ទាំងឡាយ​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប៖ «​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​ហ្នឹង គេ​ចង់​ឱ្យ​លោក ហ៊ុន សែន ងាក​មក​ផ្លូវ​ប្រជាធិបតេយ្យ ហើយ​ចង់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ដែល​ធ្វើឡើង​ក្នុង​ឆ្នាំ​២០២២ ខាងមុខ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​ផង​ដែរ​។ ដូច្នេះ បើ​លោក ហ៊ុន សែន មិន​ងាក​មក​ផ្លូវ​ប្រជាធិបតេយ្យ ខ្ញុំ​ជឿ​ថា ទាំង​សហភាព​អឺរ៉ុប ទាំង​សហរដ្ឋអាមេរិក និង​ប្រទេស​ប្រជាធិបតេយ្យ​ដទៃ​ទៀត គេ​នឹង​ដាក់​សម្ពាធ​បន្ថែម​ទៀត​ទៅលើ​រដ្ឋាភិបាល​លោក ហ៊ុន សែន»។

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៧ មក សហគមន៍​អន្តរជាតិ​ដែល​ដឹក​មុខ​ដោយ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ និង​ការ​គាស់​រំលើង​គ្រឹះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ទណ្ឌកម្ម​ទាំងនោះ មាន​ជាអាទិ៍ ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន​២០% ការ​ដាក់​កម្ពុជា​ចូល​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ ការ​កាត់ផ្ដាច់​ជំនួយ​ជាច្រើន​ដែល​គ្រោង​ផ្តល់​ឱ្យ​កម្ពុជា​លើកលែង​ជំនួយ​ផ្នែក​អភិវឌ្ឍន៍ និង​មនុស្សធម៌ ព្រមទាំង​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​គ្រាក់ៗ ឈ្មួញ​រកស៊ី​ធំៗ និង​ក្រុមហ៊ុន​ចិន​ដែល​មាន​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​អំពើពុករលួយ​នៅ​កម្ពុជា។

ទណ្ឌកម្ម​ពី​អន្តរជាតិ មិនមែន​បញ្ឈប់​ត្រឹម​នេះ​ទេ។ សហភាព​អឺរ៉ុប​បាន​ព្រមាន​របប​លោក ហ៊ុន សែន រួច​ហើយ​អំពី​លទ្ធភាព​នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង ប្រសិនបើ​របប​នេះ​នៅតែ​បន្ត​បង្ក្រាប​ដោយ​ឥត​ស្រាកស្រាន្ត​លើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​តទៅ​ទៀត​។ ក្រៅ​ពី​នេះ សហរដ្ឋអាមេរិក​មិនទាន់ បន្ត​សុពលភាព​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដែល​បាន​ផុត​កំណត់ នៅ​ដំណាច់​ឆ្នាំ​២០២០ នោះ​នៅ​ឡើយ​ទេ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​ឆ្លើយតប​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី​២៦ មករា​។ ក៏ប៉ុន្តែ ពួក​លោក​ធ្លាប់​លើកឡើង​កាល​ពី​ពេល​កន្លងទៅ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បារម្ភ​ចំពោះ​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ឡើយ ហើយ​ការ​ដាក់​ទណ្ឌកម្ម​ណាមួយ គឺជា​សិទ្ធិ​របស់​ប្រទេស​ទាំងនោះ​។ ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​ទី​១៨ មករា រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ទទួល​ស្គាល់​ថា ការបាត់បង់​EBA ២០​ភាគរយ​នេះ គឺជា​អម្រែក​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា ខណៈ​កម្ពុជា កំពុង​រងគ្រោះ​ដោយ​វិបត្តិ​ជំងឺ​កូវីដ​-១៩ ផង​​​​​នោះ។

ចំណែក លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន វិញ លោក​បាន​ប្រកាស​កាលពី​ចុង​ឆ្នាំ​២០២០​ថា នឹង​គ្មាន​ការ​ចរចា​នយោបាយ​ណាមួយ​កើតឡើង​នោះ​ទេ ហើយ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជាប់​ក្ដីក្ដាំ ត្រូវ​ប្រឈមមុខ​នឹង​ទោស​ទណ្ឌ​តាម​ផ្លូវ​ច្បាប់​ជា​មុន​សិន៖ «ខ្ញុំ​មិន​ត្រូវ​ការចរចា​ជាមួយ​អ្នកណា​ទាំងអស់​។ អ្នក​ដែល​ធ្វើ​ខុសច្បាប់ គឺ​មានតែ​តុលាការ​មួយ​គត់ ហើយ​អ្នក​ដែល​បាន​តុលាការ​កាត់ទោស​ហើយ ត្រូវ​មក​ជាប់គុក​សិន​។ បន្ទាប់ពី​ជាប់គុក​ហើយ អាហ្នឹង​ចាំ​និយាយ​គ្នា​។ អ្នកឯង​រួចផុត​ពី​គុក បង្កើត​បក្ស​នយោបាយ អាហ្នឹង​ជា​សិទ្ធិ​របស់​អ្នកឯង​។ អ៊ីចឹង​មនុស្ស​មួយ​ចំនួន​ថា រង់ចាំ​ដំណោះស្រាយ​នយោបាយ ខ្ញុំ​ប្រកាស​ថា អត់​មាន​។ ស៊ីសង​លើ​អា​សែន មិន​និយាយ​រក ចប់»។

ក្រោយ​ការ​ប្រកាស​បែបនេះ​របស់​លោក ហ៊ុន សែន តុលាការ​បាន​ម្នីម្នា​ចាត់ការ​បណ្ដឹង​ប្រឆាំង​នឹង​មន្ត្រី​ជាន់ខ្ពស់ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ហាក់​មិន​ខ្វល់​ពី​ភាព​ត្រឹមត្រូវ​នៃ​នីតិវិធី និង​យុត្តិធម៌​សម្រាប់​ជនជាប់ចោទ​នោះ​ឡើយ​។ សំណុំរឿង​ដែល​មាន​ជនជាប់ចោទ​រាប់​សិប​នាក់ ត្រូវ​បាន​លើក​យក​មក​ជម្រះ​ក្នុង​ថ្ងៃ​តែមួយ ហើយ​ចុង​បញ្ចប់ សវនាការ​ត្រូវ​ពន្យារ​ទៅ​ពេល​ក្រោយ ម្តង​ហើយ​ម្ដងទៀត​។ ក្រៅ​ពី​នេះ អាជ្ញាធរ​បាន​រាំង​ខ្ទប់​មិន​ឱ្យ​ពលរដ្ឋ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅមុខ​តុលាការ ដើម្បី​តាមដាន​សវនាការ​ទាំង​នេះ​ទេ ស្រប​ពេល​អំពើ​ហិង្សា និង​ការ​លួច​វាយ​អ្នក​ដែល​ទៅ​ឃ្លាំមើល​សវនាការ បាន​កើត​ឡើងជា​បន្តបន្ទាប់ ដោយ​គ្មាន​ចំណាត់ការ​ពី​អាជ្ញាធរ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក គៀន ពន្លក លើកឡើង​ថា ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ដាក់​លើ​កម្ពុជា មាន​ឫសគល់​ចេញពី​ការ​បង្ក្រាប​របស់​អាជ្ញាធរ​ទៅលើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ចំណាត់ការ​ទាំងឡាយ​ដែល​ប្រាសចាក​ពី​គន្លង​ប្រជាធិបតេយ្យ​។ លោក​ជឿ​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ទុក​បណ្ដោយ​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ផ្ដាច់ការ​នោះ​ឡើយ ហើយក៏​មិន​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ក្រសោប​យក​អំណាច​រដ្ឋ​ទាំងអស់ មក​ក្ដោបក្ដាប់​តែ​ម្នាក់​ឯង ដូច​កាលពី​ឆ្នាំ​២០១៨ នោះ​ដែរ៖ «​អន្តរជាតិ​បាន​ជួយ​ប្រទេស​កម្ពុជា​តាំងពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ មក​ម្ល៉េះ ដើម្បី​អ្វី​? គឺ​ដើម្បី​ចង់​ឃើញ​ប្រទេស​កម្ពុជា​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​។ ក៏ប៉ុន្តែ ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​មិន​ព្រម​ស្ដាប់​អន្តរជាតិ​ទៀត នោះ​ទណ្ឌកម្ម​ជាច្រើន​នឹង​បន្ត​ធ្លាក់​មក ទាំង​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទណ្ឌកម្ម​ផ្នែក​នយោបាយ​ទៅលើ​បុគ្គល​សំខាន់ៗ​ដែល​សម្លាប់​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

កាលពី​ចុង​ឆ្នាំ​២០២០ កន្លង​ទៅ សហភាព​អឺរ៉ុប​បាន​អនុម័ត​ជា​ផ្លូវការ​នូវ​សេចក្តី​សម្រេច​មួយ ដែល​បើកផ្លូវ​ឱ្យ​បណ្ដុំ​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនេះ ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ និង​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ នៅ​ទូទាំង​ពិភពលោក​។ ក្រុម​អ្នកសង្កេតការណ៍​ជឿថា នៅ​ពេល​ខាងមុខ ក្របខ័ណ្ឌ​ថ្មី​របស់​សហភាព​អឺរ៉ុប​នេះ​អាច​នឹង​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ ស្រប​ពេល​ទណ្ឌកម្ម​ក្រោម​ច្បាប់​គ្លូបល មែគនីតស្គី (Global Magnitsky Act) របស់​សហរដ្ឋអាមេរិក អាច​នឹង​ត្រូវ​បាន​ពង្រីក​បន្ថែម​ទៀត ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​ព្រម​កែ​លម្អ​កំណត់ត្រា​អាក្រក់​ផ្នែក​សិទ្ធិមនុស្ស​ទេ​នោះ។

ក្នុង​បរិបទ​បែបនេះ របប​លោក ហ៊ុន សែន ទំនងជា​ពឹង​ពាក់​ឥទ្ធិពល​ចិន​ដើម្បី​ទប់ទល់​នឹង​សម្ពាធ​របស់​ក្រុម​ប្រទេស​លោក​ខាងលិច ក៏ប៉ុន្តែ​ក្រុម​អ្នកសង្កេតការណ៍​គូស​បញ្ជាក់​ថា ការ​ធ្វើ​បែបនេះ​មាន​ន័យ​ស្មើនឹង​ការ​ដាក់​កម្ពុជា​ឱ្យ​ក្លាយ​ជា​ប្រទេស​រណប​របស់​ចិន ឬ​អាច​និយាយ​បាន​ថា កម្ពុជា​នឹង​បាត់បង់​ឯករាជ្យ​របស់​ខ្លួន៕

No comments: